Friday, December 04, 2020

សារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន អំពីការបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ និងវិធានការចាំបាច់ជាបន្ទាន់មួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០)

 

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ កម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះតួនាទីរបស់ UN និង WHO ក្នុងកិច្ចប្រឹងប្រែងជាសកលចំពោះការឆ្លើយតបនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា លោកសូមគូសបញ្ជាក់នូវការគាំទ្រយ៉ាងមុតមាំរបស់កម្ពុជាចំពោះតួនាទីរបស់អង្គការសហប្រជាជាតិនិងអង្គការសុខភាពពិភពលោកក្នុងកិច្ចប្រឹងប្រែងជាសកលចំពោះការឆ្លើយតបនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកបានថ្លែងដូចនេះនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះក្នុងសម័យប្រជុំពិសេស លើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីពី «ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅបុរីញូវយ៉ក (ត្រូវជាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា)។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាលក្ខណៈសកលបែបនេះ ទាមទារនូវការសម្រេចចិត្តរួមគ្នា ប្រកបដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ គោរពអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ ទោះជារដ្ឋនោះធំឬតូច មានឬក្រក៏ដោយដោយមានអង្គការសហប្រជាជាតិនិងអង្គការសុខភាពពិភពលោកជាស្នូល។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា កម្ពុជាក៏សូមគូសបញ្ជាក់អំពីសារៈសំខាន់និងភាពចាំបាច់បំផុតសម្រាប់ការធានាថា វ៉ាក់សាំងដែលត្រូវបានរកឃើញគឺជាទំនិញសាធារណៈនិងមានចរិតសកលដែលនឹងត្រូវបានផ្គត់ផ្គង់ និងចែកចាយក្នុងស្មារតីមនុស្សធម៌ទៅដល់គ្រប់ប្រទេសទាំងអស់ជាពិសេសចំពោះប្រទេសដែលងាយរងគ្រោះបំផុត៕







សុន្ទរកថាគន្លឹះរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងក្នុងសម័យប្រជុំពិសេស លើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិស្ដីពី «ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»

 លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងសុន្ទរកថាគន្លឹះក្នុងសម័យប្រជុំពិសេស លើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីពី «ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩» នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅបុរីញូវយ៉ក (ត្រូវជាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា)។

សូមអានសុន្ទរកថារបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅខាងក្រោម ៖







ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤នាក់ថែមទៀត ជាអ្នកដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ចំនួន៤នាក់ថែមទៀត ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»។

សេចក្តីប្រកាសព័ត៌មាន ដែលទទួលបាននៅមុននេះបន្តិចបានបញ្ជាក់ថា អ្នករកឃើញវិជ្ជមានវីរុសកូវីដ១៩ ទាំង៤នាក់នោះរួមមាន៖

១៖ បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកនៅហាងលក់កុំព្យូទ័រ ឈ្មោះ ឌីម កុំព្យូទ័រ ផ្លូវព្រះសីហនុ រាជធានីភ្នំពេញ ដែលត្រូវជាបងថ្លៃជីដូនមួយរបស់បុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញមានវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

២៖ ស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំ ជាភរិយាបុរសអាយុ ៣៩ឆ្នាំខាងលើ មានអាសយដ្ឋានស្នាក់នៅ បូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាបងប្អូនជីដូនមួយ បុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។

៣៖ កុមារាជនជាតិខ្មែរអាយុ ០៣ឆ្នាំ ត្រូវជាកូនប្រុស បុរសអាយុ ៣៩ឆ្នាំ និងស្ត្រីអាយុ៣២ឆ្នាំ ខាងលើ មានអាសយដ្ឋានស្នាក់នៅបូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាក្មួយប្រុសបុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២០។

៤៖ បុរសជនជាតិខ្មែរអាយុ ២២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺជាស្ត្រីអាយុ២១ឆ្នាំ ដែលបានចូលទៅហាងនោះ។

លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង ៤នាក់ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ចំនួន៩៦នាក់ បូក បន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែម នៅថ្ងៃដដែលពីខេត្ត និងរាជធានីភ្នំពេញ សរុបមានចំនួន ១,០២៧ នាក់ ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០៤នាក់ (ដែលជាអ្នកជំងឺខាងលើនេះ)។ ដោយឡែកមាននៅសល់វត្ថុសំណាកចំនួន ៧៩សំណាកផ្សេងទៀត ដែលត្រូវ វិភាគបន្តនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។

គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់បានចំនួន ៩,៧៩៣នាក់ ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ថ្មី សរុបចំនួន ២៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ដោយសង្កេតឃើញថា មានការកើនឡើងនូវអ្នកជំងឺកូវីដ-១៩ ដែលមានការចម្លងបន្តគ្នាពីកន្លែងមួយ ទៅកន្លែងមួយ ហើយការរុករកស្រាវជ្រាវ កំពុងតែត្រូវបានធ្វើយ៉ាងសកម្មនោះ ក្រសួងសុខាភិបាល សូមអំពាវនាវឱ្យគ្រប់អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ទាំងអស់ ជាពិសេសអ្នកដែលប៉ះពាល់ជាមួយអ្នកជំងឺដែលធ្វើការនៅធនាគារកាថេ (ផ្លូវសម្ដេចប៉ាន) និងធនាគារចិន (អាគារកាណាឌីយ៉ា ផ្លូវព្រះមុនីវង្ស) ក្នុងរាជធានីភ្នំពេញ តម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ឬនៅសណ្ឋាគារ ឬនៅតាមមណ្ឌលចត្តាឡីស័កនៅតាមខេត្ត ឱ្យបានគ្រប់ចំនួន១៤ថ្ងៃ និងអនុវត្តន៍វិធានការការពារខ្លួន កុំឱ្យចម្លងទៅអ្នកដទៃ ឱ្យបានត្រឹមត្រូវជាទីបំផុត ទៅតាមការណែនាំរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងរបស់ក្រសួងសុខាភិបាល ហើយកុំដើរចេញក្រៅផ្ទះ ឬចេញពីមណ្ឌលចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ ឱ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះ ពីម្នាក់ទៅម្នាក់ និងកុំឱ្យមានការរាតត្បាតនៅក្នុងសហគមន៍។

អាជ្ញាធរថ្នាក់ក្រោមជាតិ មានបន្ទុកទទួលខុសត្រូវ លើការចាត់ចែងគ្រប់គ្រង និងតាមដានការធ្វើចត្តាឡីស័កនេះ ដោយបុគ្គលម្នាក់ៗ ត្រូវទទួលខុសត្រូវផ្ទាល់ខ្លួន ក្នុងការរក្សាការពារខ្លួនកុំឱ្យមានការឆ្លងវីរុសកូវីដ-១៩ មកខ្លួនឯង ទៅអ្នកដទៃ និងនៅក្នុងសហគមន៍ ដើម្បីសុខភាពផ្ទាល់ខ្លួនលោកអ្នក ក្រុមគ្រួសារលោកអ្នក និងសហគមន៍ បានចៀសផុតនូវការឆ្លងជំងឺដ៏ កាចសាហាវនេះ។

សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តការរស់នៅធម្មតាតាមបែបគន្លងថ្មី ដោយពាក់ម៉ាស់ (ក្នុងករណីចាំបាច់) ជាពិសេសនៅក្នុងកាលទេសៈនេះ សូមកុំដើរចេញក្រៅផ្ទះ បើមិនចាំបាច់ តែបើអាក់ខានមិនបានពេលចេញដើរ ត្រូវពាក់ម៉ាស់ជាប់ជានិច្ច ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត ឬមួយអាល់ កុល ឬទឹកដែលសម្រាប់លាងដៃ ឱ្យបានញឹកញាប់ កុំយកដៃដែលមិនបានលាងសម្អាត មកប៉ះផ្ទៃមុខមាត់របស់ខ្លួន និងត្រូវរក្សាសុវត្ថិភាពសង្គម។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប៣៣៥នាក់ (ស្ត្រី ៧៦នាក់ និងបុរស ២៥៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣១នាក់ ៕





ក្រសួងសុខាភិបាល ធ្វើការសន្និដ្ឋានបឋមចំពោះប្រភពដើម នៃការចម្លងជំងឺកូវីដ១៩ នាំឲ្យមានព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»

 ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសមួយដោយធ្វើការសន្និដ្ឋានបឋម ចំពោះប្រភពដើមនៃមេរោគកូវីដ១៩ ដែលបង្កើតបានជាព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបាន។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា តាមការណែនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្រុមការងារអន្តរក្រសួង ទទួលបន្ទុករុករកស្រាវជ្រាវរួមគ្នាជាមួយ នឹងក្រុមការងាររបស់ក្រសួងសុខាភិបាល បានខិតខំធ្វើការស្រាវជ្រាវរកប្រភព នៃការចម្លងវីរុសក្ខវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» និងតាមការពិភាក្សាក្នុងក្រុមការងារថ្នាក់ ដឹកនាំក្រសួងសុខាភិបាល ជាមួយនឹងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ដោយយោងតាមព័ត៌មាន ដែលទទួលបានត្រឹមម៉ោង ១១:៤៥នាទីយប់ នៃថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ និងការសិក្សាផ្នែកមន្ទីរពិសោធន៍ តាមបែបវិទ្យាសាស្ត្រ លើប្រភេទវីរុសកូវីដ-១៩ ដែលអាចចម្លងមកកម្ពុជា សម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រុមការងារអាចទាញការសន្និដ្ឋានជាបឋម មានដូចតទៅ៖

១៖ ប្រភពមេរោគដែលពាក់ព័ន្ធទៅនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» អាចជាក្រុមវីរុស clad 19B ដែលអាចមក ពីតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី ដែលបានចរាចរចូលមកកម្ពុជាក្នុងអំឡុងពេលពីខែតុលា ឆ្នាំ២០២០ មកទល់នឹងពេលមានផ្ទុះករណីឆ្លងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

២៖ តាមការពិចារណាដោយហ្មត់ចត់លើលទ្ធផលនៃការសិក្សាវត្ថុសំណាកអ្នកជំងឺបំបែកបន្តៗគ្នារកភាពដូចគ្នានៃ វីរុសកូវីដ-១៩ (Sequencing Covid-19 virus sample) ទៅនឹងសំណាករូបរាងវីរុសកូវីដ-១៩ ពីតំបន់ផ្សេងៗគ្នា បានបង្ហាញថា គឺមិនមានការទាក់ទងនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា នោះទេ។

៣៖ ជំហានបន្ទាប់ ក្រុមការងារកំពុងស្រាវជ្រាវបន្ថែមអំពីប្រភពចម្លងវីរុសកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។

ក្រសួងសុខាភិបាល ក៏បានស្នើដល់សាធារណជន មេត្តាជ្រាបនិងសូមរក្សាសភាពហ្នឹងនរចូល រួមអនុវត្តវិធានការការពារខ្លួនឱ្យបានត្រឹមត្រូវ (ពាក់ម៉ាស លាងដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះ ឡើងទៅ) បើមិនមានការចាំបាច់ សុំនៅក្នុងផ្ទះ មើលការឃុំគ្រងកូនចៅសមាជិកគ្រួសារខ្លួនឱ្យបានល្អ និងមិនត្រូវ មានការជួបជុំគ្នាច្រើនកុះករ (លើសពី ២០នាក់) នោះឡើយ។

ប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យករណីជំងឺ កូវីដ-១៩ សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដោយឥតគិតថ្លៃ ឬទូរស័ព្ទលេខ ៖ ០១២ ៨២៥ ៤២៨ ឬ ០១២ ៨៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕