Monday, August 28, 2023

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលើកដំបូងរបស់ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា


ព្រឹកថ្ងៃទី២៨ ខែ​សីហា ឆ្នាំ​២០២៣ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលើកដំបូងរបស់ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការ និងឯកឧត្តមជាអគ្គនាយកនៃអគ្គនាយកដ្ឋានចំណុះទាំងអស់ទីស្តីការគណៈរដ្ឋមន្រ្តី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានជម្រាប ជូនថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី អំពីបរិការណ៍ទូទៅ, អាទិភាពសំខាន់ៗនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, របៀបរបបការងារក្នុងការបំពេញតួនាទីភារកិច្ច ក៏ដូចការកំណត់បេសកកម្មមុខងារជាអាទិភាពរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមជាសេនាធិការមួយរបស់គណៈរដ្ឋមន្រ្តី និងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល ឱ្យបានល្អ, បានលឿន និងប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានធ្វើការគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នេះស្ថិតនៅក្នុងដំណាក់ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ក្រោយពីបានសម្រេចបានមហាជោគជ័យដ៏ឧត្តុងឧត្តម ដែលជាមរតក មិនអាចកាត់ថ្លៃបានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងរយៈពេល ២៥ឆ្នាំ កន្លងមក ក្នុងការខិតខំស្រោចស្រង់ប្រទេសឱ្យងើបឡើងវិញ ចេញពីភ្លើងសង្គ្រាមរ៉ាំរ៉ៃ រហូតទទួលបានសុខសន្តិភាពពេញលេញ, មានការអភិវឌ្ឍ, មានភាពរីកចម្រើន គួរឱ្យស្ងើចសរសើរ ទាំងកម្រិតជីវភាពប្រជាជន ក៏ដូចជាមុខមាត់កម្ពុជា នៅក្នុងឆាកអន្តរជាតិ និងលើសាកលលោក ក្នុងនាមជាប្រជាជាតិឯករាជ្យមួយ មានឯកភាពជាតិ ជ្រកក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយអង្គ និងរាជរដ្ឋាភិបាលតែមួយ ដែលប្រទេសយើងបានបាត់បង់អស់រយៈពេលប្រមាណ ៥០០ ឆ្នាំមកហើយ។ ទោះជាយ៉ាងនេះក្តី ឯកឧត្តម បានសង្កត់ធ្ងន់ថា បរិការនៃការដឹកនាំប្រទេស សម្រាប់រយៈ ២៥ ឆ្នាំទៅមុខ មានភាពខុសគ្នាពីបរិការកាលពី ២៥ ឆ្នាំមុន ពោលដោយសារតែការផ្លាស់ប្តូរនិន្នាការនៅក្នុងតំបន់ និងនៅលើសាកលលោក ដូចជាភូមិសាស្ត្រនយោបាយ ពីឯកប៉ូល ទៅកាន់ពហុប៉ូល, ការប្រែប្រួលនិន្នាការពាណិជ្ជកម្មពិភពលោក ពីសាកលភាវូបនីយកម្ម មកជាតំបន់ភាវូបនីយកម្ម និងទ្វេភាគីនិយម, កត្តាប្រែប្រួលអាកាសធាតុជាដើម។ ដូចនេះ ចាំបាច់ទាមទារនូវវិធីសាស្ត្រថ្មី, អភិក្រមការងារថ្មី របៀបធ្វើការថ្មី។ ហេតុដូចនេះហើយ ដំណើរឆ្ពោះទៅមុខ ក្នុងការអភិវឌ្ឍន៍ប្រទេស សម្រាប់រយៈពេល ២៥ ឆ្នាំទៀត ស្ថិតនៅលើផ្លូវមួយដែលលំបាក ហើយស្មុគស្មាញខ្លាំងជាងមុន តែទោះបីជាយ៉ាងនេះក្តី ដំណើរនេះក៏ជាបេសកកម្មជាតិមួយ ដែលចាំបាច់ ហើយមានតម្លៃដ៏ឧត្តុងឧត្តមថ្លៃថ្លា របស់អ្នកដឹកនាំជំនាន់ក្រោយ ក្នុងការកសាងបន្ថែមលើមូលដ្ឋានគ្រឹះដែលមានស្រាប់ ក៏ដូចការប្តេជ្ញាបន្តរក្សាឱ្យបានជាដាច់ខាតនូវសន្តិភាព ដែលជាមរតកបុព្វជន របស់យើងខិតខំស្វែងរកយ៉ាងលំបាកផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរៀបចំ និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សំដៅជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និងរក្សាចីរភាពនៃការអភិវឌ្ឍ ដោយធានារក្សាឱ្យបាននូវចលនការនៃការរក្សាសុខសន្តិភាព និងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច, ការកសាងគ្រឹះរឹងមាំ សម្រាប់រុញច្រានប្រទេសកម្ពុជា ឱ្យឈានទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់, ប្រជាជនមានជីវភាពធូរធារ, ចំណេះដឹងខ្ពស់, សីលធម៌ល្អប្រពៃ និងរស់នៅក្នុងបរិស្ថានដែលមានផាសុខភាព និងមានកិត្យានុភាពលើឆាកអន្តរជាតិ នៅឆ្នាំ២០៥០។ អាទិភាពសំខាន់ៗចំពោះមុខ គឺការបន្តកែទម្រង់ស្ថាប័នសាធារណៈ និងអភិបាលកិច្ច ដើម្បីសំដៅសម្រេចឱ្យបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និងស្អាតស្អំ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដែលជាកត្តាគន្លឹះនៃការអភិវឌ្ឍ និងការកសាងជាតិ ក្នុងរយៈពេលវែង និងការធ្វើទំនើបកម្មសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះទីស្តីការគណៈមន្ត្រីទាំងអស់ ត្រូវពង្រឹងសមត្ថភាពចំណេះដឹង, ជំនាញ, បច្ចេកទេស និងបន្តចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើគ្រប់បេសកកម្មការងារ ដោយផ្តោតជាពិសេសលើការ រៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី និងការងារត្រួតពិនិត្យ និងសម្របសម្រួលការរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ និងជាពិសេសការងារសិក្សាស្រាវជ្រាវ និងត្រួតពិនិត្យឡើងវិញលើឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលកំពុងអនុវត្ត ក្នុងគោលដៅធ្វើឱ្យខ្លឹមសារនៃឯកសារគតិយុត្តិទាំងនោះ មានភាពត្រឹមត្រូវ, មានសង្គតិភាព, មិនជាន់គ្នា, មិនលើស, មិនខ្វះ និងព្រមទាំងឆ្លុះបញ្ចាំងនូវបរិការថ្មី នៃការអភិវឌ្ឍនិងចរន្តនិន្នាការក្នុងប្រទេស និងក៏ដូចជានៅលើសាកលលោក។ ទន្ទឹមនេះ គ្រប់អង្គភាពទាំងអស់ ក៏ត្រូវរៀបចំផែនការ លើកកម្ពស់សមត្ថភាពការងារ និងការទទួលខុសត្រូវរៀងខ្លួន ក្នុងនាមជាអ្នកសម្របសម្រួល រវាងរាជរដ្ឋាភិបាល ជាមួយក្រសួង-ស្ថាប័នសាម៉ី ពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ កំណត់បង្ហាញ និងឯកសាររដ្ឋបាលពាក់ព័ន្ធផ្សេងៗទៀត ដោយធ្វើយ៉ាងណាធានាឱ្យបាននូវភាពច្បាស់លាស់ ការសម្ងាត់ រហ័ស និងគ្រប់ជ្រុងជ្រោយ ដើម្បីលើកជាយោបល់ជូននាយករដ្ឋមន្ត្រី ធ្វើការពិនិត្យ និងសម្រេចបានត្រឹមត្រូវ និងទាន់ពេលវេលា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានឆ្លៀតក្នុងឱកាសថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ឯកឧត្តម លោកជំទាវ និងមន្ត្រីរាជការទាំងអស់ ឱ្យបន្តខិតខំបំពេញភារកិច្ចរៀងៗខ្លួន ដោយប្រកាន់គោលការណ៍ គុណភាព, ប្រសិទ្ធភាព, សមិទ្ធកម្ម និងគុណាធិបតេយ្យ។ បន្ថែមលើនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវ ៖

១.បំពេញការងារប្រកបដោយវិជ្ជាជីវៈ គោរពវិន័យ គោរពច្បាប់ លិខិតបទដ្ឋាន និងគោរពក្រមសីលធម៌វិជ្ជាជីវៈ។

២.បំពេញការងារជាក្រុម ដោយឈរលើស្មារតីនៃប្រយោជន៍ និងគុណតម្លៃរួម ចេះសម្របសម្រួលគ្នា   ចេះជួយគ្នា និងចេះ​ចែករំលែក។

៣.ប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ច្នៃប្រឌិត និងឈរលើគោលការណ៍ដោះស្រាយបញ្ហា តែមិនបង្កើតបញ្ហា។

៤.ចេះទទួលយកការរិះគន់ដោយស្ថាបនា ចេះស្តាប់ទស្សនៈ ឬគំនិតផ្សេងពីខ្លួន និងចេះធ្វើស្វ័យទិះទៀន។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់របស់ទីស្តីការគណៈរដ្ឋមន្រ្តី កុំឱ្យភ្លេចនូវអភិក្រមទាំង ៥ របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការបំពេញការងារ គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក​ ដុសក្អែល ព្យាបាល និងវះកាត់។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ទីស្តីការគណៈរដ្ឋមន្ត្រីនាអាណត្តិកន្លងមក។

 

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោកជំទាវឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប បញ្ចប់អាណត្តិការទូត ជួបសម្ដែងការគួរសម និងជម្រាបលា

 នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៣, នៅវិមានសន្តិភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ។

នៅក្នុងជំនួបនេះ លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) បាន សម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។ លោកជំទាវក៏បាន សម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះជោគជ័យជាច្រើនកន្លងមករបស់កម្ពុជា តាមរយៈ ការគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩, ការដាក់ចេញនូវកម្មវិធីជំនួយសង្គម ដ៏មានប្រសិទ្ធភាព, និង ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយមោទនភាព។ លោកជំទាវ ក៏បានបង្ហាញនូវជំហរដ៏មុតមាំរបស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជាមួយកម្ពុជា ជាពិសេស ជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត។

ជាកិច្ចឆ្លើយតប, ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទររបស់លោកជំទាវ ក៏ដូចជាកិច្ចសហប្រតិបត្តិការស្អិតរមួតកន្លងមក រវាងកម្ពុជា និងសហភាពអឺរ៉ុប។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានលើកឡើងអំពីនិរន្តរភាពនៃគោលនយោបាយនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបន្តចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តត្រីកោណ និង យុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល, ហើយសម្រាប់អាណត្តិនេះ ឆ្ពោះទៅមុខ រាជរដ្ឋាភិបាលនឹងផ្តោតជាពិសេសបំផុតទៅលើការកសាងមូលធនមនុស្ស, ការកែទម្រង់វិស័យសុខាភិ បាលនៅថ្នាក់មូលដ្ឋាន, និងការកែទម្រង់វិស័យមុខងារសាធារណៈ។

ជាចុងក្រោយ ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង សហភាពអឺរ៉ុប ឱ្យកាន់ជិតស្និទ្ធបន្ថែមទៀត ក៏ដូចជាការពង្រីកទិសដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗបន្ថែមទៀត ដូចជា៖ វិស័យអប់រំ និង ការអភិវឌ្ឍធនធានមនុស្ស, វិស័យសុខាភិបាល និង វិស័យមុខងារសាធារណៈ ដែលជាកិច្ចការសំខាន់ និងចាំបាច់ក្នុងការចូលរួមកសាងនូវស័ក្ដិសិទ្ធភាព និង ប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានស្នើឱ្យសហភាពអឺរ៉ុបបន្តពិចារណាគាំទ្រ និងផ្តល់ហិរញ្ញប្បទានលើ “កម្មវិធីសូចនាករពហុឆ្នាំ២០២១-២០២៧ ដំណាក់កាលទី២” បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ភ្ជាប់ជាមួយនឹងការជម្រាបលា លោកជំទាវអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានគោរពជម្រាបជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ថាលោកជំទាវនឹងបន្តបេសសកកម្មបន្ទាប់នៅប្រទេសស្រីលង្កា និងពាំនាំនូវកិច្ចដំណើរបង្រួបបង្រួមជាតិដ៏ជោគជ័យរបស់កម្ពុជា ដើម្បីចែករំលែកនៅទីនោះ ។

ជាទីបញ្ចប់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានជូនពរលោកជំទាវ សូមទទួលបានជោគជ័យក្នុងបេសកកម្មរបស់លោកជំទាវបន្តទៀតនៅថ្ងៃអនាគត៕







ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាមួយ ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋ មន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ជួបសម្តែងការគួរសម និងពិភាក្សាការងារ


 

នារសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣​ នៅវិមានសន្តិភាព ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay)ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៨ ដល់ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ ។

 

នៅក្នុងជំនួបនេះ ឯកឧត្តមហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ក៏ដូចជាក្តីមោទនភាព ចំពោះការណ៍ដែលឯកឧត្តមស្ថិតក្នុងចំណោមឥស្សរជនអន្តរជាតិដំបូង ដែលត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ និង កត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ដែលតែងបានជួយ និង ផ្តល់ការគាំទ្រដល់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នាពេលកន្លងមក, ជាពិសេសការជួយឱ្យប្រទេសទីម័រខាងកើត ក្លាយជាប្រទេសអង្កេតការនៅក្នុងអាស៊ានទី១១ និង ការបញ្ចុះបញ្ចូលសមាជិកអាស៊ានផ្សេងទៀតឱ្យគាំទ្រប្រទេសទីម័រខាងកើត សម្រាប់ការចូលរួមជាសមាជិកអាស៊ាន ផងដែរ ។ ឯកឧត្តមក៏បានសម្តែងនូវជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត, ប្រទេសកម្ពុជានឹងកាន់តែអភិវឌ្ឍឈានទៅមុខមួយកម្រិតថែមទៀត ។

 

ជាកិច្ចឆ្លើយតប, ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានគូសរំលេចអំពីទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំង២ ដែលបានចាប់ផ្តើមនាឆ្នាំ២០០២ និង បានសម្រេចជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ជាពិសេស នៅក្នុងឆ្នាំ២០២២ នៅពេលដែលកម្ពុជា ជាប្រធានអាស៊ាន ។

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ក៏បានបង្ហាញអំពីការបន្តរក្សាជំហរក្នុងការគាំទ្របេក្ខភាពរបស់ប្រទេសទីម័រខាងកើតនៅក្នុងអាស៊ាន, អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជានិម្មាបនកម្មតំបន់ និង សកល ដទៃទៀត ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានលើកឡើងអំពីបទពិសោធន៍នៃដំណើរការនៃការកសាងជាតិរបស់កម្ពុជា ដែលជាដំណើរមួយដ៏លំបាក ហើយបរិការណ៍របស់ប្រទេសទីម័រខាងកើតនាបច្ចុប្បន្ន ក៏មិនខុសពីអ្វីដែលកម្ពុជាបានឆ្លងកាត់កន្លងមកនោះដែរ ។ ក្នុងន័យនេះ, ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានថ្លែងអំណរគុណចំពោះការលើកឡើងយ៉ាងជ្រាលជ្រៅ របស់ ឯកឧត្តមហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ហើយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏សូមផ្តាំផ្ញើរសួរសុខទុក្ខចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត និង សូមអរគុណចំពោះលិខិតដ៏មានអត្ថន័យ ដែលឯកឧត្តមនាយករដ្ឋមន្រ្តី បានអបអរសាទរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដោយត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។  ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត សង្ឃឹមថា នឹងអាចជួបដោយផ្ទាល់ជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តី នៅទីក្រុងហ្សាកាតា នាកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខនេះ ។

 

ជាចុងក្រោយ ឯកឧត្តមហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) បានស្ញើចសរសើរចំពោះមិត្តភាពរវាងប្រទេសទីម័រខាងកើត និង កម្ពុជា ព្រោះនៅក្នុងស្ថានភាពដ៏លំបាកបំផុត ទើបអាចស្វែងរកមិត្តភ័ក្រ្តដ៏ពិតប្រាកដបាន ។ ដោយផ្អែក ទិដ្ឋភាពសេដ្ឋកិច្ច, ទិដ្ឋភាពវប្បធម៌ និង ទិដ្ឋភាពប្រវត្តិសាស្រ្ត, ប្រជាជន និង រដ្ឋាភិបាលនៃប្រទេសទីម័រខាងកើត នឹងចងចាំមិនភ្លេចឡើយនូវមិត្តភាពដ៏ប្រពៃនេះ ។ ក្នុងនាមប្រជាជន និង រដ្ឋាភិបាលទីម័រខាងកើត, ឯកឧត្តម បានគោរពអញ្ជើញ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ធ្វើដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នាពេលខាងមុននេះ ។

 

ជាទីបញ្ចប់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានជូនពរ ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មបន្តទៀតនាថ្ងៃអនាគត និង សូមធ្វើដំណើរមាតុភូមិនិវត្តប្រកបដោយសុខសុវត្ថិភាព។ 


#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia




ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញអំពីជំហរគាំទ្ររបស់កម្ពុជា ចំពោះបេក្ខភាពកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន


 នារសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រីកសិកម្ម, ស្បៀង និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ លើកទី១ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣។ ទស្សនកិច្ចនេះបង្ហាញអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ នៅក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត។

នៅក្នុងជំនួបនេះ ឯកឧត្តម ឆុង វ៉ាងគឺន បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត និង បានសម្តែងនូវការអបអរសាទរដល់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីភាពជាដៃគូដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ទាំងក្នុងន័យកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានផ្សារភ្ជាប់ឡើងវិញចាប់ពីចុងទសវត្សរ៍៩០។ ឯកឧត្តមក៏បានកត់សម្គាល់ផងដែរអំពីសក្តានុពលដ៏ធំធេងរបស់កម្ពុជា ដូចជាកត្តាធនធានធម្មជាតិ, កត្តាប្រជាសាស្រ្ត និងជាពិសេស ការដឹកនាំរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ដែលនឹងធ្វើឱ្យវិស័យកសិកម្ម ក៏ដូចជាវិស័យសំខាន់ៗដទៃទៀត មានវឌ្ឍនភាពល្អប្រសើរ នាពេលអនាគតខាងមុខ។

ជាការឆ្លើយតប ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានស្វាគមន៍នូវដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឆុង វ៉ាងគឺន និងបានសម្តែងនូវអំណរគុណចំពោះឯកឧត្តម និងជាពិសេស ឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដែលបានផ្ញើលិខិតអបអរសាទរចំពោះការណ៍ដែល ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃនីតិកាលទី ៧ នៃរដ្ឋសភា។ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ក៏បានអរគុណចំពោះភាគីកូរ៉េ ដែលតែងផ្តល់ការគាំទ្រ និងយកអាសារដល់ពលករកម្ពុជានៅកូរ៉េ តាមរយៈមណ្ឌលគាំពារការងារ ដែលផ្តល់សេវាគាំពារដល់កម្មករគ្រប់ប្រទេស ដោយរាប់ទាំងពលករកម្ពុជាផងដែរ។ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ក៏បានបង្ហាញផងដែរអំពីជំហរគាំទ្ររបស់កម្ពុជា ចំពោះបេក្ខភាពកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន។

ជាចុងបញ្ចប់ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានស្នើភាគីកូរ៉េជំរុញការវិនិយោគមកកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម ដែលសម្រាប់បម្រើឱ្យការនាំចេញ។ ភាគីទាំងពីរ ក៏បានឯកភាព ក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយឯកឧត្តម ឆុង វ៉ាងគឺន មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំជាប្រវត្តិសាស្រ្តរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត កម្ពុជានឹងកាន់តែរីកចម្រើនលើគ្រប់វិស័យ ។

ជាទីបញ្ចប់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានសំដែងនូវអំណរគុណចំពោះប្រធានាធិបតីកូរ៉េ ដែលបានផ្ញើលិខិតអបអរសាទរ និងបានជូនពរ ឯកឧត្តម ឆុង វ៉ាងគឺន សូមទទួលបានជោគជ័យផ្លែផ្កា ក្នុងដំណើរទស្សនកិច្ចនេះ និង ជូនពរឱ្យការវិលត្រឡប់ទៅវិញ ប្រកបដោយសុវត្ថិភាព។






ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សា និងជំនួយការ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ចំនួន ៤២រូប

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សា និងជំនួយការ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ចំនួន ៤២រូប។

ខាងក្រោមនេះជាព្រះរាជក្រឹត្យ៖

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ចេញសេចក្តីសម្រេច ស្តីពី របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ

 







ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរបង្កេីត “មជ្ឈមណ្ឌលបរិវត្តកម្មឌីជីថលកម្ពុជា” ដំណាក់កាលទី១

 រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបង្កេីត “មជ្ឈមណ្ឌលបរិវត្តកម្មឌីជីថលកម្ពុជា” រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអង្គការ GIZ ប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានអង្គការ GIZ ប្រចាំកម្ពុជា វិស័យឯកជន ធុរកិច្ចថ្មី និងភាគីពាក់ព័ន្ធ។​

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ត្រូវបានដាក់ចេញដោយផ្តល់អាទិភាពលើការធ្វើបរិវត្តកម្ម និងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ដូចបានកំណត់ក្នុងបញ្ចកោណទី៥។ កិច្ចព្រមព្រៀងនៅថ្ងៃនេះ ជាផ្នែកសំខាន់​មួយនៃការគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ជាពិសេស​កិច្ចការអាទិភាពក្នុងការកសាងរដ្ឋាភិបាលឌីជីថលនិងពលរដ្ឋឌីជីថល,​ ការបង្កើតធុរកិច្ចថ្មីឌីជីថល​ (Digital Startup), ការកសាងនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័នឌីជីថល, និងការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ដល់អង្គការ GIZ ក្នុងការចូលរួមអនុវត្តគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។




សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលជំនួបរវាងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវ ម៉ារីយ៉ា ដែល ខាមែន ម៉ូរេណូ

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ  (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣












ព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន


(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ទ្រង់យាងបានចាកចេញពីរាជធានីភ្នំពេញ ដើម្បីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។

នៅក្នុងឱកាសព្រះរាជអវត្តមានរបស់ព្រះអង្គនៅក្នុងប្រទេសនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ប្រគល់ភារកិច្ចជូន សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួលជួយព្រះអង្គបំពេញតួនាទីជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងឱកាសនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់បានថ្វាយព្រះពរសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូម បានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕