Friday, December 09, 2022

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាប្រគល់ និងទទួលប្រាក់កម្ចីពីកូរ៉េខាងត្បូង ១,៥ពាន់លានដុល្លារ

 

នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលប្រាក់កម្ចីសរុប ១,៥ពាន់លានដុល្លារអាមេរិក សម្រាប់គាំទ្រការអភិវឌ្ឍនៅកម្ពុជា។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។ 

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ពិធីចុះហេត្ថលេខានេះមានចំនួនពីររួមមាន៖

១-ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន  នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦  ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារអាមេរិក។ ឯកសារនេះ ត្រូវចុះហត្ថលេខារវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង ឯកឧត្តម

ប៉ាក ហឹងឃ្យង  (PARK Heung-kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។ 

២-ការចុះហត្ថលេខាលើគម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ  ដែលមានទឹកប្រាក់ចំនួន ៧០,០០០,០០០ដុល្លារអាមេរិក និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ  (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥,៩០៩,០០០ដុល្លារអាមេរិក។

គម្រោងទាំងពីរនេះ ចុះហត្ថលេខាដោយឯកឧត្តម

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា។ 

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ ឥណទានសម្បទានដែលផ្ដល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងល្អ ដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ៕


វិភាគអន្តរជាតិ៖ របៀបដែលចិន ឈ្នះអាមេរិក ដោយមិនបាច់ច្បាំង


(វ៉ាស៊ីនតោន)៖ «យុទ្ធសាស្ត្រការទូតអ្នកចចកចម្បាំង» របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទទួលរងការរិះគន់យ៉ាងខ្លាំងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់អឺរ៉ុប។ នេះមិនមែនជារឿងចម្លែកអ្វីនោះទេ ពីព្រោះចិនត្រូវបានរដ្ឋបាលលោក ចូ បៃដិន ចាត់ទុកថាជាគូប្រជែងដ៏ធំ បំផុតរបស់សហរដ្ឋអាមេរិក ក្នុងស.វទី២១នេះ ហើយអ្វីដែលមនុស្សភាគច្រើនមិនបានដឹងទៀតនោះ គឺចិនបាន និងកំពុងអនុវត្តនយោបាយការទូត យ៉ាងមានប្រសិទ្ធភាពនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដែលនេះបានបង្កជាបញ្ហាប្រឈមពិតប្រាកដមួយដល់ភាពជាមេដឹកនាំពិភពលោករបស់ សហរដ្ឋអាមេរិក។

ជាការពិតណាស់ «យុទ្ធសាស្ត្រការទូតអ្នកចចកចម្បាំង» របស់លោក ស៊ី ជិនពីង បានបង្កើតបញ្ហាជាច្រើននៅក្នុងទំនាក់ទំនងរបស់ទីក្រុងប៉េកាំង ជាមួយបណ្ដាប្រទេសអភិវឌ្ឍន៍ ដោយសូម្បីតែប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ចិន ក៏កាន់តែងាកទៅរកសហរដ្ឋអាមេរិកដែរ។ បើមើលមួយភ្លែត គេអាចថាវាជាកម្សោយនៃនយោបាយការទូតរបស់លោក ស៊ី ជិនពីង។ ប៉ុន្តែ​ បើនិយាយពីមាត្រដ្ឋានសកលលោកវិញ វាគឺជារឿងផ្សេងមួយទៀត។

នៅក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង ចិនបានកែប្រែយុទ្ធសាស្ត្រការទូតគួរឱ្យកត់សម្គាល់ ដោយងាកមកផ្ដោតលើបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ជាមួយក្ដីសង្ឃឹមថាអាចនឹងកែប្រែសណ្ដាប់ធ្នាប់ពិភពលោកតាមរបៀបលោកខាងលិច បន្តិចម្ដងៗ។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក គោលដៅចម្បង នៃនយោបាយការទូតចិន គឺបញ្ចុះបញ្ចូលឱ្យសហរដ្ឋអាមេរិក ​និងសម្ព័ន្ធមិត្តអាមេរិកយល់ថាការកើនឡើងឥទ្ធិពលចិន ក៏ផ្ដល់ផលប្រយោជន៍ដល់ ប្រព័ន្ធអន្តរជាតិដែលមានស្រាប់ផងដែរ។ នយោបាយនេះបានទទួលជោគជ័យពិតមែន ដោយដំបូងឡើយសហរដ្ឋអាមេរិកមិនត្រឹមតែមិនប្រឆាំងនឹង ការកើនឡើងឥទ្ធិពលចិនប៉ុណ្ណោះទេ ហើយថែមទាំងជួយឱ្យចិនធ្វើកំណែទម្រង់សេដ្ឋកិច្ចហក់ចូលទីផ្សារសេរីទៀតផង។

ក្រោយមកទៀត នៅឆ្នាំ២០១៧ លោក ស៊ី ជិនពីង បានបែរចេញពីពាក្យបណ្ដាំរបស់អតីតមេដឹកនាំចិន លោក តេង ស៊ាវពីង ដែលបានផ្ដាំកូនចៅចិននូវ ពាក្យមួយឃ្លា «លាក់បាំងសមត្ថភាពពិត រង់ចាំឱកាសល្អមកដល់» ដោយលោក ស៊ី ជិនពីង ផ្ទាល់ចាប់ផ្ដើមលើកមុខមាត់ចិនជាសាធារណៈក្នុងនាមជា មហាអំណាចពិភពលោកមួយដែលពឹងលើកម្លាំងខ្លួនឯង។ នៅក្នុងគំនិតការទូតរបស់លោក ស៊ី មានគោលបំណងធ្វើកំណែទម្រង់ប្រព័ន្ធអន្តរជាតិ និងបង្កើតសណ្ដាប់ធ្នាប់ថ្មីមួយដឹកនាំដោយចិន ដែលជាទូទៅត្រូវបានគេហៅនៅក្នុងភាសាចិនថា «សហគមន៍ជោគវាសនាតែមួយ» សម្រាប់មនុស្សជាតិ ដែលកំពុងធ្វើឱ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍មើលចិនក្នុងផ្លូវល្អ។

សម្រាប់ចិន, ចិនដឹងខ្លួនឯងច្បាស់ថាមិនអាចប្រជែងជាមួយ «អនុត្តរភាព» របស់សហរដ្ឋអាមេរិក តាមមធ្យោបាយយោធាបាននោះឡើយ។ ផ្ទុយទៅវិញ នៅក្នុងយុទ្ធសាស្ត្រដែលទាញចេញពីបទសោធន៍ដែលគណបក្សកុម្មុយនិស្ដចិន បានប្រើកម្លាំងកម្មករ និងកសិករ ដើម្បីផ្ដួលរំលំអតីតរដ្ឋាភិបាលជាតិនិយម របស់លោក ជាំង ខៃជៀក (Chiang Kai-shek) ទីក្រុងប៉េកាំងរំពឹងថាអាចនឹងកៀងគរបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ឱ្យមកឈរនៅខាងខ្លួន និងគាំទ្រ តួនាទីជាមេដឹកនាំពិភពលោករបស់ចិន ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ជាឧទាហរណ៍ ដោយផ្អែកលើប្រព័ន្ធអង្គការសហប្រជាជាតិ ដែលកំណត់ ដោយគោលការណ៍ «ប្រទេសមួយ, មានសំឡេងបោះឆ្នោតមួយ» ប្រទេសណាដែលមានអ្នកគាំទ្រច្រើនជាងគេ នោះគឺជាអ្នកឈ្នះ ហើយអ្វីដែលគេមិនអាច ប្រកែកបាន គឺចំនួនប្រទេសកំពុងអភិវឌ្ឍន៍ មានច្រើនជាងប្រទេសអភិវឌ្ឍន៍។

ម្លោះហើយ ទើបសព្វថ្ងៃ គេឃើញថាចិន បាន និងកំពុងបង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមិនសូវមានទំនាក់ទំនងល្អ ឬក៏ប្រឆាំងនឹងសហរដ្ឋអាមេរិកតែម្ដងដូចជាអ៉ីរ៉ង់ និងរុស្ស៉ីជាដើម។ មិនតែប៉ុណ្ណោះ តាមរយៈអំណាចសេដ្ឋកិច្ច និងការផ្ដល់ជំនួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ចិនទទួលបានការគាំទ្រពីបណ្ដាប្រទេសកាន់តែច្រើនក្នុងតំបន់អាហ្វ្រិក អាមេរិកឡាទីន និងប៉ាស៊ីហ្វិកខាងត្បូង។ មួយវិញទៀត ទោះបីជាប្រទេសទាំងនេះ មានការព្រួយបារម្ភចំពោះការពឹងផ្អែកខ្លាំងពេកលើទីក្រុងប៉េកាំងក៏ពិតមែន ប៉ុន្តែកិច្ចសហប្រតិបត្តិការជាមួយចិន ជាមធ្យោបាយមួយដ៏ល្អដែលមេដឹកនាំ នៃប្រទេសទាំងនេះយល់ថាអាចបំពេញតម្រូវការបន្ទាន់នៃប្រជាជនរបស់ពួកគេ។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ នយោបាយការទូតរបស់ចិនជាមួយបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍បានបង្ហាញផ្លែផ្ការួចទៅហើយ នៅក្នុងការបោះឆ្នោត នៅឯអង្គការសហប្រជាជាតិ ដោយចិនទទួលបានជោគជ័យ ក្នុងការប្រមូលបានការគាំទ្រគ្រប់គ្រាន់ ដើម្បីខ្ទប់ទណ្ឌកម្ម ការថ្កោលទោស ឬសកម្មភាព UN ដែលប្រឆាំងនឹងផលប្រយោន៍របស់ខ្លួន។ ជាក់ស្ដែង ដូចជាសំណុំរឿងសិទ្ធិមនុស្សដែលលើកឡើងដោយសហរដ្ឋអាមេរិកនៅ UN ហើយនេះគឺជាគ្រាន់តែ ជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាច្រើនដែលបង្ហាញពីរបៀបដែលចិនប្រើប្រាស់ឥទ្ធិពលលើបណ្ដាប្រទេសកំពុងអភិវឌ្ឍ និងលើកកម្ពស់ ផលប្រយោជន៍របស់ខ្លួនប្រឆាំងនឹងសណ្ដាប់ធ្នាប់ពិភពលោកដឹកនាំដោយសហរដ្ឋអាមេរិក៕ Fresh News