Friday, August 24, 2018

សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ប្រកាសផ្តល់រង្វាន់ដល់សិស្សឆ្នើម ក្នុងការប្រឡងបាក់ឌុប នៅភ្នំពេញ

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ប្រកាសផ្តល់រង្វាន់ជ័យលាភីដល់សិស្សឆ្នើមៗទាំងអស់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨ នៅទូទាំងរាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងរបស់ ស.ស.យ.ក ដែលទទួលបាននៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា ស.ស.យ.ក នឹងរៀបចំផ្តល់រង្វាន់ដូចខាងក្រោម៖
– រង្វាន់សម្រាប់សិស្សានុសិស្ស ដែលទទួលបានជ័យលាភីក្នុងកម្រិតវិទ្យាល័យ រួមមាន៖ លេខ១. ទទួលបានថវិកា ៨០ម៉ឺនរៀល, លេខ២ ទទួលបានថវិកា ៦០ម៉ឺនរៀល, និងលេខ៣ ទទួលបានថវិកា ៤០ម៉ឺនរៀល។
– រង្វាន់សម្រាប់សិស្សានុសិស្ស ដែលទទួលបានជ័យលាភីក្នុងកម្រិតរាជធានីភ្នំពេញ រួមមាន៖ លេខ១ ទទួលបាន Ipad Pro. 9.7 ១គ្រឿង, លេខ២ ទទួលបាន Ipad 9.7 ១គ្រឿង និងលេខ៣ ទទួលបាន Ipad Mini 4 ១គ្រឿង។
– រង្វាន់សម្រាប់វិទ្យាល័យ ដែលសិស្សានុសិស្សទទួលបានជ័យលាភីចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ក្នុងកម្រិតរាជធានី រួមមាន៖ លេខ១ ទទួលបានកុំព្យូទ័រ Dell Desktop ១គ្រឿង និង Printer HP, លេខ២ ទទួលបានកុំព្យូរទ័រ Dell Desktop ១គ្រឿង និង Printer HP, និងលេខ៣ ទទួលបានកុំព្យូទ័រ Dell Desktop ១គ្រឿង និង Printer HP ផងដែរ ៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ៖

ក្រសួងធនធានទឹក បញ្ជាក់ពីស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រប្រចាំថ្ងៃទី២៤ ខែសីហានេះ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹកប្រចាំថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានារួមមាន ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេមេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល, ស្ថានីយទន្លេសាប -ព្រែកក្តាម និងបឹងទន្លេសាប-កំពង់លួង ៕

សូមអានព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក៖

លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បន្តដឹកនាំគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ ចុះត្រួតពិនិត្យដំណើរការសាងសង់

នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ អមដំណើរដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អនុប្រធានគណៈកម្មការសាងសង់ និងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ មាស សាវ៉ន ជាអគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានដឹកនាំក្រុមករងារជំនាញចុះត្រួតពិនិត្យការសាងសង់វិមានឈ្នះ-ឈ្នះ។
វិមានឈ្នះ ឈ្នះ ដែលជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា ហើយកំពុងសាងសង់ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនេះ គ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែល រាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ។
រហូតមកដល់ពេលនេះ វិមានឈ្នះ ឈ្នះ បានសាងសង់ផ្នែកតួវិមានជិតរួចរាល់ហើយ ហើយគ្រោងនឹង សម្ពោធជាផ្លូវការ នៅចុងខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។
សូមរំឭកថា វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ថវិកាដែលយកមកសាងសង់ គឺជាថវិកាបដិភាគរបស់ រាជរដ្ឋាភិបាល ពុំមានទាក់ទងនឹងថវិការដ្ឋនោះឡើយ។ យ៉ាងណាក៏ដោយ គេមិនបានបញ្ជាក់ថា ការចំណាយ នូវការសាងសង់ អស់ថវិកាប៉ុន្មាននោះឡើយ។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីកន្លងទៅ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានលើកឡើងថា ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបាន លះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀត វិមាននេះ ក៏ជានិម្មិតរូបនៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយ ជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ ៕





អគ្គិសនីកម្ពុជា បើកដំណើរការសាខាថ្មីចំនួន២កន្លែងទៀត ក្នុងរាជធានីភ្នំពេញ

អគ្គិសនីកម្ពុជា នឹងបើកឲ្យដំណើរការសាខាថ្មីចំនួន២បន្ថែម គឺសាខាអូរដឹម និងសាខាទួលពង្រ នៅក្នុងរាជធានីភ្នំពេញ ដែលនឹងចាប់ផ្តើមបើកឲ្យដំណើរការ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។

ការបើកដំណើរការនេះ ត្រូវបានអគ្គិសនីកម្ពុជា ចាត់ទុកថាដើម្បីជួយសម្រួលដល់ការផ្តល់សេវាជូនអតិថិជន ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធិភាពបន្ថែមទៀត ៕