Monday, December 12, 2016

លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ជួបសំណេះសំណាល និងចែកអំណោយ ជូនប្រជាពលរដ្ឋ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៦ នេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង លោកស្រី ម៉ៅ ម៉ាល័យ ក្រោយពីបានរៀបចំតម្កល់ អដ្ឋិធាតុ ជូនលោកមហាឧបាសក ម៉ៅ មួន ក្នុងមហាចេតិយ៍រួចរាល់ហើយ ក៏បានឆ្លៀតឱកាសដ៏មានតម្លៃ ជួបសំណេះសំណាល ចែកអំណោយ និងសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន៤ភូមិ សង្កាត់ស្រុកយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួនប្រមាណ៨០០នាក់។
នៅក្នុងឱកាសជួបសំណេះសំណាលនោះ ប្រជាពលរដ្ឋដែលមានជីវភាពក្រខ្សត់ចំនួន ៥០នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ២៥គីឡូ, មី ១កេះ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ , នំ១ធុង, សារ៉ុង ១ និងថវិកា ៥ម៉ឺនរៀល ហើយប្រជាពលរដ្ឋចំនួន៧៥០នាក់ទៀត ទទួលបាន ថវិកា ១ម៉ឺនរៀល និងសារ៉ុង និងប្រគេនព្រះសង្ឃចូលរូមកសាងចេតិយ៍ ៦០លានរៀល, ប្រគេនវត្ត ២លានរៀល, ប្រជាការពារ ៤០ម៉ឺនរៀល, PM ៤០ ម៉ឺនរៀល, ប៉ូលីស ៤០ម៉ឺនរៀល, ក្រុមកាយរិទ្ធិ ចំនួន ១០នាក់ក្នុងម្នាក់ទទួលបាន ២ម៉ឺនរៀលផងដែរ៕



អាល្លឺម៉ង់​ប្រកាសបន្ត​ជំនួយ​អភិវឌ្ឍន៍​សមត្ថ​ភាពម​ន្រ្តីព័ត៌​មាន​រដ្ឋសភា ព្រឹទ្ធ​សភា​ នៅ​ឆ្នាំ​២០១៧​

ការប្រកាសបន្តជំនួយគំាទ្រលើការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យព័ត៌មាននៃសភាទំាងពីររបស់ប្រទេសអាល្លឺម៉ង់ បានធ្វើឡើងនៅ ក្នុងពិធីសម្ពោធគម្រោងសហប្រតិបត្តិការអាល្លឺម៉ង់គាំទ្រសភាកម្ពុជា និងការផ្សព្វផ្សាយវីដេអូព័ត៌មានពីសភាចំនួន៤ ឯកសារ ដែលសិក្ខាកាមទទួលការ បណ្តុះបណ្តាល ក្នុងឆ្នាំ២០១៦ បានផលិតឡើង។ ពិធីនេះបានប្រារព្ធធើ្វឡើង នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាព លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។
សូមជម្រាបផងដែរថា ប្រកាសបន្តជំនួយអភិវឌ្ឍន៍សមត្ថភាពមន្រ្តីព័ត៌មាន ជាផ្នែកមួយ ជួយជំរុញការងារសភា ដល់ពលរដ្ឋបានដឹង តាមរយៈវិស័យព័ត៌មាន មូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ(KAS) និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GIZ) នៃប្រទេសអាល្លឺម៉ង់ បានជួយបណ្តុះបណ្តាលមន្រ្តីព័ត៌មាន នៃអគ្គខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា លើជំនាញ សរសេរព័ត៌មាន និងការផលិតវីដេអូក្នុងឆ្នាំ២០១៦។ វគ្គបណ្តុះបណ្តាលទំាងពីរនេះ បានបញ្ចប់នៅចុងឆ្នាំ២០១៦នេះ ប៉ុន្តែអាល្លឺម៉ង់ តាមរយៈអង្គការ របស់ខ្លួននៅកម្ពុជា បានប្រកាសបន្តជួយបណ្តុះបណ្តាលមន្រ្តីព័ត៌មាន នៃអគ្គលេខាធិការដ្ឋានសភាទំាងពីររបស់កម្ពុជាបន្តទៀតនៅឆ្នាំ២០១៧ខាងមុខ ដើម្បីជំរុញព័ត៌មានពីរដ្ឋសភា និងព្រឹទ្ធសភា បានទៅដល់ពលរដ្ឋឲ្យបានកាន់តែច្រើន និងសម្បូរបែប។
លោក អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះជំនួយ និងកិច្ចសហប្រតិបត្តិការ របស់ប្រទេសអាល្លឺម៉ង់ ដែលបានជួយមកដល់ សភាកម្ពុជាទំាងពីរនៅគ្រប់រូបភាព ដែលមានគម្រោងជាច្រើន។ ការបណ្តុះបណ្តាល ធនធានមនុស្សផ្នែកព័ត៌មាននេះ លោកអគ្គលេខាធិការគូសបញ្ជាក់ថា គឺការចូលរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពសភាកម្ពុជា ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពព្រមទំាង ចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
លោក ឈាង វុន បានវាយតម្លៃខ្ពស់ចំពោះវគ្គ បណ្តុះបណ្តាល និងជំនួយនានា ដែលប្រទេសអាល្លឺម៉ង់ បានជួយដល់សភាកម្ពុជា តាមរយៈអង្គការរបស់ខ្លួន។ លោកបានលើកឡើងថា នេះជាផ្នែក មួយនៃដំណើរលទ្ធិប្រជាធិបតេយ្យ ហើយក្នុងដំណើរលទ្ធិប្រជាធិបតេយ្យនេះ ព័ត៌មានជាកក្តាសំខាន់ សម្រាប់ពលរដ្ឋធ្វើការវិនិច្ឆ័យ ថាតើតំណាងរាស្រ្ត បានធ្វើអ្វីខ្លះដល់ពួកគាត់។
ក្នុងឱកាសផងដែរ ក៏មានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាមដែលបាន   បញ្ចប់វគ្គ   បណ្តុះបណ្តាល ខាងសរសេរព័ត៌មាន និងការផលិតវីដេអូនោះដែរ។ ជាមួយគ្នានេះវីដេអូចំនួន៤ ឯកសារស្តីពីការងារ និងភារកិច្ចរបស់រដ្ឋសភា និងព្រឹទ្ធសភា ដែលចំនួន២ឯកសារជាស្នាដៃ របស់សិក្ខាកាមជាមន្រ្តីព័ត៌មានរដ្ឋសភា និង២ឯកសារទៀត ជាស្នាដៃសិក្ខាកាមមន្រ្តីព័ត៌មានព្រឹទ្ធសភា បានចាក់បញ្ចាំង ជូនអ្នកចូលរួមទស្សនា និងវាយតម្លៃផងដែរ៕



រាជធានីភ្នំពេញ បើកយុទ្ធនាការចលនាប្រឡងប្រណាំងសាលារៀនស្អាតនៅវិទ្យាល័យព្រះស៊ីសុវត្ថិ

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ លោក មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ  បានចូលរួមជាគណៈអធិបតីក្នុងពិធីបើកយុទ្ធនាការចលនាប្រឡងប្រណាំងសាលារៀនស្អាត ក្រោមវត្ដមាន លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។
យុទ្ធនាការចលនាប្រឡងប្រណាំងសាលារៀនស្អាត គឺជាការជ្រើសរើសយកសាលារៀនដែលមានបរិស្ថានល្អ អនាម័យស្អាត និងបណ្ដុះផ្នត់គំនិតរបស់សិស្សានុសិស្ស និងបុគ្គលិកអប់រំ ឱ្យមានការយល់ដឹងពីបរិស្ថាន ស្រឡាញ់បរិស្ថាន ចេះថែរក្សា និងការពារបរិស្ថានជុំវិញខ្លួនឱ្យបានស្អាត។
លោកអភិបាលរងរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ពីផលប៉ះពាល់ដែលបណ្ដាលមកពីបរិស្ថានមិនល្អ ការទុកដាក់សំរាម ការប្រើប្រាស់ថង់ផ្លាស្ទីក និងត្រូវបណ្ដុះស្មារតីទទួលខុសត្រូវ ដើម្បីឈានទៅរកសាលារៀនស្អាត ទីក្រុងស្អាត ដែលត្រូវផ្ដើមចេញពីយើងម្នាក់ៗ៕





ចិន យកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរខាងវិស័យអប់រំ ដែលនឹងផ្តល់ផលប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ

លោក ស្យូង ប៉ូ អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថាភាគីចិន តែងតែយកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរខាងវិស័យអប់រំរវាងកម្ពុជា-ចិន ដែលនឹងផ្តល់ផលប្រយោជន៍ សម្រាប់មនុស្សជំនាន់ក្រោយ។ លោកអគ្គរដ្ឋទូតចិន បានថ្លែងដូចនេះ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីពិសាភោជនាហារមិត្តភាព នៃសមាគមអតីតនិស្សិតខ្មែរពីប្រទេសចិនឆ្នាំ២០១៦ នៅសណ្ឋាគារ Intercontinental រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ លោកអគ្គរដ្ឋទូតចិន បានសម្តែងសេចក្តីរីករាយ ហើយបានថ្លែងថា សមាគមអតីតនិស្សិតខ្មែរពីប្រទេសចិន គឺជាវេទិកាមួយ សម្រាប់និស្សិតខ្មែរ ដែលធ្លាប់និងកំពុងតែបន្តការសិក្សានៅប្រទេសចិន ផ្លាស់ប្តូរមតិ និងទាក់ទងគ្នាទៅវិញទៅមក។ សមាគមនេះ កើតឡើង ដោយសារការផ្លាស់ប្តូរគ្នា និងកិច្ចសហប្រតិបត្តិការខាងវិស័យអប់រំ របស់ប្រទេសទាំងពីរ កម្ពុជា-ចិន ដែលពង្រីក និងពង្រឹងឥតឈប់ឈរ ដែលបានបង្ហាញឱ្យឃើញថា ការផ្លាស់ប្តូរខាងការអប់រំ របស់ប្រទេសទាំងពីរបានកើនឡើងដល់កម្រិតខ្ពស់មួយ។
លោក ស្យូង ប៉ូ បានបញ្ជាក់ថា ការផ្លាស់ប្តូរខាងការអប់រំ គឺជាចំណែកមួយដ៏សំខាន់ក្នុងការផ្លាស់ប្តូរ មនុស្សធម៌របស់ចិន និងកម្ពុជា។ ការអប់រំ គឺជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហេតុដូច្នេះ នៅប្រទេសណាក៏ដោយ ក៏សុទ្ធតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់វិស័យអប់រំដែរ។       រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន បានចាត់ទុកការកសាងធនធានមនុស្ស គឺជាសរសរទ្រូងដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈយុទ្ធសាស្រ្តចតុកោណ ក្នុងការពង្រឹងផ្នែកវិស័យអប់រំនេះហើយ។
លោកអគ្គរដ្ឋទូតចិន ក៏បានបញ្ជាក់ថា ភាគីចិន តែងតែយកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរខាង វិស័យអប់រំ រវាងកម្ពុជា-ចិន ដែលនឹងផ្តល់ផលប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។ តាមស្ថិតិឱ្យឃើញថា រហូតដល់ពេលបច្ចុប្បន្ននេះ ចំនួននិស្សិតកម្ពុជាបន្តការសិក្សានៅប្រទេសចិន មានសរុបជាងពីរពាន់នាក់ ដែលក្នុងនោះ ចាប់ពីឆ្នាំ២០១០-២០១៥ ប្រទេសចិនបានផ្តល់ឱកាសឱ្យនិស្សិតខ្មែរ បន្តការសិក្សានៅប្រទេសចិន មានចំនួន៧០២នាក់ នៅខែ         កក្កដា ឆ្នាំ២០១៦ មាននិស្សិតកម្ពុជាចំនួន ៤៨១នាក់កំពុងបន្តការសិក្សានៅប្រទេសចិន ស្ថិតក្រោមអាហារូបករណ៍របស់រដ្ឋាភិបាលចិន។
លោកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា កាលពីខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ នៅក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានប្រកាសថា រយៈពេល៥ឆ្នាំខាងមុខនេះ ប្រទេសចិន នឹងបន្ថែមអាហារូបករណ៍រដ្ឋាភិបាលចិន ចំនួន៥០០នាក់ទៀត ដល់និស្សិតកម្ពុជា ដែលធ្វើឱ្យចំនួននិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន អាចនឹងកើនឡើងដល់មួយពាន់នាក់ ក្នុងរយៈពេល៥ឆ្នាំក្រោយ។
ថ្លែងក្នុងឱកាសនោះផងដែរ លោក ស្យូង ប៉ូ បានសម្តែងសុទិដ្ឋិនិយមថា សេដ្ឋកិច្ច និងសង្គមកម្ពុជា អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយចិនជឿជាក់ថា នៅពេលខាងមុខនេះ ពិតជាមាននិស្សិតកម្ពុជា ចេញលុយរបស់ខ្លួនកាន់តែច្រើន ដើម្បីបន្តការសិក្សានៅប្រទេសចិន ហេតុនេះបានជា សមាគមអតីតនិស្សិតខ្មែរ ពីប្រទេសចិន ក៏នឹងទទួលសមាជិកកាន់តែច្រើនឡើងៗផងដែរ។ សមាជិកសមាគមអតីតនិស្សិតខ្មែរពីប្រទេសចិន ដែលទទួលបានផលប្រយោជន៍ពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការខាងការអប់រំ រវាងចិន-កម្ពុជា គឺជាស្ពានតភ្ជាប់រវាង ចិន និងកម្ពុជា ក្នុងការទាក់ទងគ្នាទៅវិញទៅមក ការផ្លាស់ប្តូរមតិ និងការធ្វើកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ។
លោក ស្យូង ប៉ូ អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានសម្តែងក្តីសង្ឃឹមថា សមាជិកទាំងអស់ នឹងយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពីប្រទេសចិន ផ្សាភ្ជាប់នឹងសភាពការណ៍ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា រួមចំណែកយ៉ាងសកម្មនៅក្នុងការជំរុញឱ្យកិច្ចការគ្រប់វិស័យរបស់ប្រទេសកម្ពុជាអភិវឌ្ឍទៅមុខជាលំដាប់៕





ក្រសួងទេសចរណ៍ បង្កើតកម្មវិធីប្រកួតប្រជែងរូបថតក្នុងពិធីបុណ្យសមុទ្រ

ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងដល់ភ្ញៀវទេសចរ និងសាធារណជនមេត្តាជ្រាបថា ដើម្បីចូលរួមជំរុញពិធីបុណ្យសមុទ្រឱ្យមានភាពកាន់តែអធិកអធម និងមានភាពទាក់ទាញ ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធីប្រកួតប្រជែងរូបថត “Selfie Photo Contest” ក្នុងពិធីបុណ្យសមុទ្រ ក្រោម ប្រធានបទ “ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៥ ខែធ្នូ ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ។
នៅក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ បេក្ខជនទាំងអស់ត្រូវ ធ្វើការថតរូប និងយករូបមកប្រគល់ជូនគណៈកម្មការនៅក្នុងស្តង់កម្មវិធីបុណ្យសមុទ្រត្រឹមម៉ោង ៧ យប់ ឬបេក្ខភាពអាចផ្ញើរូបមកកាន់ Inbox Facebook Page របស់ក្រសួងទេសចរណ៍ ដែលមានឈ្មោះថា ក្រសួងទេសចរណ៍ Ministry of Tourism។ បន្ទាប់មកនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ គណៈកម្មការនឹងធ្វើការវិនិច្ឆ័យលើរូបភាពដែលបានបញ្ជូនមក។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទលេខៈ ០១៥ ៥០៤ ៤៤៤!
សូមចូលរួមពិធីបុណ្យសមុទ្រទាំងអស់គ្នា និងចូលរួមថតរូបដើម្បីប្រកួតប្រជែងយករង្វាន់!!!



កម្ពុជា នឹងក្លាយជាប្រធានបន្តវេន គណៈកម្មាធិការរបស់អនុសញ្ញាឆ្នាំ១៩៥៤ដើម្បីការពារសម្បត្តិវប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ សម្រាប់អណត្តិឆ្នាំ២០១៦-២០១៧

សូមអាននូវខ្លឹមសារទាំងស្រុងនូវសេចក្តីប្រកាសព័ត៌មានដូចតទៅ៖