Monday, December 12, 2016

ចិន យកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរខាងវិស័យអប់រំ ដែលនឹងផ្តល់ផលប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ

លោក ស្យូង ប៉ូ អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថាភាគីចិន តែងតែយកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរខាងវិស័យអប់រំរវាងកម្ពុជា-ចិន ដែលនឹងផ្តល់ផលប្រយោជន៍ សម្រាប់មនុស្សជំនាន់ក្រោយ។ លោកអគ្គរដ្ឋទូតចិន បានថ្លែងដូចនេះ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីពិសាភោជនាហារមិត្តភាព នៃសមាគមអតីតនិស្សិតខ្មែរពីប្រទេសចិនឆ្នាំ២០១៦ នៅសណ្ឋាគារ Intercontinental រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ លោកអគ្គរដ្ឋទូតចិន បានសម្តែងសេចក្តីរីករាយ ហើយបានថ្លែងថា សមាគមអតីតនិស្សិតខ្មែរពីប្រទេសចិន គឺជាវេទិកាមួយ សម្រាប់និស្សិតខ្មែរ ដែលធ្លាប់និងកំពុងតែបន្តការសិក្សានៅប្រទេសចិន ផ្លាស់ប្តូរមតិ និងទាក់ទងគ្នាទៅវិញទៅមក។ សមាគមនេះ កើតឡើង ដោយសារការផ្លាស់ប្តូរគ្នា និងកិច្ចសហប្រតិបត្តិការខាងវិស័យអប់រំ របស់ប្រទេសទាំងពីរ កម្ពុជា-ចិន ដែលពង្រីក និងពង្រឹងឥតឈប់ឈរ ដែលបានបង្ហាញឱ្យឃើញថា ការផ្លាស់ប្តូរខាងការអប់រំ របស់ប្រទេសទាំងពីរបានកើនឡើងដល់កម្រិតខ្ពស់មួយ។
លោក ស្យូង ប៉ូ បានបញ្ជាក់ថា ការផ្លាស់ប្តូរខាងការអប់រំ គឺជាចំណែកមួយដ៏សំខាន់ក្នុងការផ្លាស់ប្តូរ មនុស្សធម៌របស់ចិន និងកម្ពុជា។ ការអប់រំ គឺជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហេតុដូច្នេះ នៅប្រទេសណាក៏ដោយ ក៏សុទ្ធតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់វិស័យអប់រំដែរ។       រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន បានចាត់ទុកការកសាងធនធានមនុស្ស គឺជាសរសរទ្រូងដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈយុទ្ធសាស្រ្តចតុកោណ ក្នុងការពង្រឹងផ្នែកវិស័យអប់រំនេះហើយ។
លោកអគ្គរដ្ឋទូតចិន ក៏បានបញ្ជាក់ថា ភាគីចិន តែងតែយកចិត្តទុកដាក់ចំពោះការផ្លាស់ប្តូរខាង វិស័យអប់រំ រវាងកម្ពុជា-ចិន ដែលនឹងផ្តល់ផលប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។ តាមស្ថិតិឱ្យឃើញថា រហូតដល់ពេលបច្ចុប្បន្ននេះ ចំនួននិស្សិតកម្ពុជាបន្តការសិក្សានៅប្រទេសចិន មានសរុបជាងពីរពាន់នាក់ ដែលក្នុងនោះ ចាប់ពីឆ្នាំ២០១០-២០១៥ ប្រទេសចិនបានផ្តល់ឱកាសឱ្យនិស្សិតខ្មែរ បន្តការសិក្សានៅប្រទេសចិន មានចំនួន៧០២នាក់ នៅខែ         កក្កដា ឆ្នាំ២០១៦ មាននិស្សិតកម្ពុជាចំនួន ៤៨១នាក់កំពុងបន្តការសិក្សានៅប្រទេសចិន ស្ថិតក្រោមអាហារូបករណ៍របស់រដ្ឋាភិបាលចិន។
លោកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា កាលពីខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ នៅក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានប្រកាសថា រយៈពេល៥ឆ្នាំខាងមុខនេះ ប្រទេសចិន នឹងបន្ថែមអាហារូបករណ៍រដ្ឋាភិបាលចិន ចំនួន៥០០នាក់ទៀត ដល់និស្សិតកម្ពុជា ដែលធ្វើឱ្យចំនួននិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន អាចនឹងកើនឡើងដល់មួយពាន់នាក់ ក្នុងរយៈពេល៥ឆ្នាំក្រោយ។
ថ្លែងក្នុងឱកាសនោះផងដែរ លោក ស្យូង ប៉ូ បានសម្តែងសុទិដ្ឋិនិយមថា សេដ្ឋកិច្ច និងសង្គមកម្ពុជា អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយចិនជឿជាក់ថា នៅពេលខាងមុខនេះ ពិតជាមាននិស្សិតកម្ពុជា ចេញលុយរបស់ខ្លួនកាន់តែច្រើន ដើម្បីបន្តការសិក្សានៅប្រទេសចិន ហេតុនេះបានជា សមាគមអតីតនិស្សិតខ្មែរ ពីប្រទេសចិន ក៏នឹងទទួលសមាជិកកាន់តែច្រើនឡើងៗផងដែរ។ សមាជិកសមាគមអតីតនិស្សិតខ្មែរពីប្រទេសចិន ដែលទទួលបានផលប្រយោជន៍ពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការខាងការអប់រំ រវាងចិន-កម្ពុជា គឺជាស្ពានតភ្ជាប់រវាង ចិន និងកម្ពុជា ក្នុងការទាក់ទងគ្នាទៅវិញទៅមក ការផ្លាស់ប្តូរមតិ និងការធ្វើកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ។
លោក ស្យូង ប៉ូ អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានសម្តែងក្តីសង្ឃឹមថា សមាជិកទាំងអស់ នឹងយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលបានពីប្រទេសចិន ផ្សាភ្ជាប់នឹងសភាពការណ៍ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា រួមចំណែកយ៉ាងសកម្មនៅក្នុងការជំរុញឱ្យកិច្ចការគ្រប់វិស័យរបស់ប្រទេសកម្ពុជាអភិវឌ្ឍទៅមុខជាលំដាប់៕





No comments:

Post a Comment