Monday, December 12, 2016

អាល្លឺម៉ង់​ប្រកាសបន្ត​ជំនួយ​អភិវឌ្ឍន៍​សមត្ថ​ភាពម​ន្រ្តីព័ត៌​មាន​រដ្ឋសភា ព្រឹទ្ធ​សភា​ នៅ​ឆ្នាំ​២០១៧​

ការប្រកាសបន្តជំនួយគំាទ្រលើការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យព័ត៌មាននៃសភាទំាងពីររបស់ប្រទេសអាល្លឺម៉ង់ បានធ្វើឡើងនៅ ក្នុងពិធីសម្ពោធគម្រោងសហប្រតិបត្តិការអាល្លឺម៉ង់គាំទ្រសភាកម្ពុជា និងការផ្សព្វផ្សាយវីដេអូព័ត៌មានពីសភាចំនួន៤ ឯកសារ ដែលសិក្ខាកាមទទួលការ បណ្តុះបណ្តាល ក្នុងឆ្នាំ២០១៦ បានផលិតឡើង។ ពិធីនេះបានប្រារព្ធធើ្វឡើង នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាព លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។
សូមជម្រាបផងដែរថា ប្រកាសបន្តជំនួយអភិវឌ្ឍន៍សមត្ថភាពមន្រ្តីព័ត៌មាន ជាផ្នែកមួយ ជួយជំរុញការងារសភា ដល់ពលរដ្ឋបានដឹង តាមរយៈវិស័យព័ត៌មាន មូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ(KAS) និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GIZ) នៃប្រទេសអាល្លឺម៉ង់ បានជួយបណ្តុះបណ្តាលមន្រ្តីព័ត៌មាន នៃអគ្គខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា លើជំនាញ សរសេរព័ត៌មាន និងការផលិតវីដេអូក្នុងឆ្នាំ២០១៦។ វគ្គបណ្តុះបណ្តាលទំាងពីរនេះ បានបញ្ចប់នៅចុងឆ្នាំ២០១៦នេះ ប៉ុន្តែអាល្លឺម៉ង់ តាមរយៈអង្គការ របស់ខ្លួននៅកម្ពុជា បានប្រកាសបន្តជួយបណ្តុះបណ្តាលមន្រ្តីព័ត៌មាន នៃអគ្គលេខាធិការដ្ឋានសភាទំាងពីររបស់កម្ពុជាបន្តទៀតនៅឆ្នាំ២០១៧ខាងមុខ ដើម្បីជំរុញព័ត៌មានពីរដ្ឋសភា និងព្រឹទ្ធសភា បានទៅដល់ពលរដ្ឋឲ្យបានកាន់តែច្រើន និងសម្បូរបែប។
លោក អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះជំនួយ និងកិច្ចសហប្រតិបត្តិការ របស់ប្រទេសអាល្លឺម៉ង់ ដែលបានជួយមកដល់ សភាកម្ពុជាទំាងពីរនៅគ្រប់រូបភាព ដែលមានគម្រោងជាច្រើន។ ការបណ្តុះបណ្តាល ធនធានមនុស្សផ្នែកព័ត៌មាននេះ លោកអគ្គលេខាធិការគូសបញ្ជាក់ថា គឺការចូលរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពសភាកម្ពុជា ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពព្រមទំាង ចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
លោក ឈាង វុន បានវាយតម្លៃខ្ពស់ចំពោះវគ្គ បណ្តុះបណ្តាល និងជំនួយនានា ដែលប្រទេសអាល្លឺម៉ង់ បានជួយដល់សភាកម្ពុជា តាមរយៈអង្គការរបស់ខ្លួន។ លោកបានលើកឡើងថា នេះជាផ្នែក មួយនៃដំណើរលទ្ធិប្រជាធិបតេយ្យ ហើយក្នុងដំណើរលទ្ធិប្រជាធិបតេយ្យនេះ ព័ត៌មានជាកក្តាសំខាន់ សម្រាប់ពលរដ្ឋធ្វើការវិនិច្ឆ័យ ថាតើតំណាងរាស្រ្ត បានធ្វើអ្វីខ្លះដល់ពួកគាត់។
ក្នុងឱកាសផងដែរ ក៏មានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាមដែលបាន   បញ្ចប់វគ្គ   បណ្តុះបណ្តាល ខាងសរសេរព័ត៌មាន និងការផលិតវីដេអូនោះដែរ។ ជាមួយគ្នានេះវីដេអូចំនួន៤ ឯកសារស្តីពីការងារ និងភារកិច្ចរបស់រដ្ឋសភា និងព្រឹទ្ធសភា ដែលចំនួន២ឯកសារជាស្នាដៃ របស់សិក្ខាកាមជាមន្រ្តីព័ត៌មានរដ្ឋសភា និង២ឯកសារទៀត ជាស្នាដៃសិក្ខាកាមមន្រ្តីព័ត៌មានព្រឹទ្ធសភា បានចាក់បញ្ចាំង ជូនអ្នកចូលរួមទស្សនា និងវាយតម្លៃផងដែរ៕



No comments:

Post a Comment