Wednesday, March 16, 2022

វិភាគអន្តរជាតិ៖ សណ្ដាប់ធ្នាប់ពិភពលោក នៅក្រោមទស្សនវិស័យរបស់លោក វ្ល៉ាឌីមៀ ពូទីន


(វ៉ាស៊ីនតោន)៖ ប្រតិបត្តិការយោធារបស់លោក វ្ល៉ាឌីមៀ ពូទីននៅអ៊ុយក្រែន ដែលលោកខាងលិចហៅថាជាទង្វើឈ្លានពាន នឹងជះឥទ្ធិពលជាមូលដ្ឋានដល់ សន្តិសុខសណ្ដាប់ធ្នាប់ពិភពលោក និងនៅក្នុងតំបន់អឺរ៉ុបទាំងមូល។ សង្រ្គាមអ៊ុយក្រែន បានឈានចូលដល់សប្ដាហ៍ទី៣ហើយ ដោយរុស្ស៊ីនៅតែបង្កើន ការវាយប្រហារ រី ឯអ៊ុយក្រែននៅតែមិនព្រមចុះញ៉ម ខណៈកិច្ចចរចាក៏បានឈានចូលដល់ជុំទី៤ផងដែរ។


នៅក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ, នយោបាយការបរទេសរបស់លោក ពូទីន បានផ្ដោតជាសំខាន់លើការលើកមុខមាត់របស់រុស្ស៊ីឱ្យក្លាយជា មហាអំណាចមួយដែលគេមិនអាចមើលរំលង នៅក្នុងការប្រជែងដណ្ដើមឥទ្ធិពលធ្វើជាកំពូលមហាអំណាចពិភពលោកក្នុងស.វទី២១នេះ។ នៅក្រោម ទស្សនវិស័យរបស់វិមានក្រឹមឡាំង, សណ្ដាប់ធ្នាប់ពិភពលោកនៅក្រោយសម័យសង្គ្រាមត្រជាក់ និងសណ្ដាប់ធ្នាប់នៅក្នុងតំបន់អឺរ៉ុប វាមិនត្រឹមតែផ្អៀងទៅ រកលោកខាងលិចខ្លាំងពេកនោះទេ ប៉ុន្តែថែមទាំងមិនស្របទៅតាមផលប្រយោជន៍សន្តិសុខ និងសេដ្ឋកិច្ចរបស់រុស្ស៊ីទៀតផង។


ដូច្នេះហើយ ចាប់តាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ២០០០មក, រុស្ស៊ីបានព្យាយាមបញ្ចុះបញ្ចូលឱ្យលោកខាងលិចទទួលស្គាល់ថាខ្លួនជាដៃគូសន្តិសុខមួយ ស្មើមុខស្មើមាត់ ដែលអាចអនុញ្ញាតឱ្យទីក្រុងម៉ូស្គូបង្កើតដែនឥទ្ធិពលផ្ទាល់ខ្លួន ឬត្រូវតែមានតំបន់ខ្សែក្រវាត់សន្តិសុខ ឬក៏តំបន់ទ្រនាប់ការពារមួយដ៏សំខាន់ ហើយដែលទាំងនេះជាហេតុផលនៅពីក្រោយការសម្រេចចិត្តសំខាន់ៗនាពេលកន្លងទៅមករបស់លោក ពូទីន។ ក្នុងនោះរួមមានសង្រ្គាមនៅហ្ស៊កហ្ស៊ី កាលពីឆ្នាំ២០០៨, ក្រសោបយកតំបន់គ្រីមេពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤, ការធ្វើអន្តរាគមន៍យោធានៅស៊ីរីកាលពីឆ្នាំ២០១៥ ព្រមទាំងការទទួលស្គាល់ តំបន់ផ្ដាច់ខ្លួនពីរនៅភាគខាងកើតអ៊ុយក្រែនជារដ្ឋឯករាជ្យកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ និងចុងក្រោយបំផុតគឺការប្រកាសសង្រ្គាមលើអ៊ុយក្រែន នៅ៣ថ្ងៃក្រោយមកទៀត។


តែទោះជាបែបនេះក្ដី បើតាមក្រុមអ្នកជំនាញមួយចំនួន, លោក ពូទីន ហាក់ដូចជាប្រញាប់ប្រញាលពេក ក្នុងការប្រកាសធ្វើសង្រ្គាមនៅអ៊ុយក្រែន ដែលជា កំហុសឆ្គងមួយផ្នែកយុទ្ធសាស្ត្រ ដ្បិតវាអាចចំណេញរយៈពេលខ្លី តែប៉ះពាល់ដល់ផលប្រយោជន៍នយោបាយការបរទេសរយៈពេលវែងរបស់រុស្ស៊ី។ ព្រោះ ជម្រើសយោធាវាហាក់ដូចជាជាជម្រើសសាមញ្ញពេកសម្រាប់មហាអំណាចដូចជារុស្ស៊ី។ ម្យ៉ាង សង្រ្គាមនៅអ៊ុយក្រែននឹងកាន់តែធ្វើឱ្យអ្នកនយោបាយ និងប្រជាជនអ៊ុយក្រែនកាន់តែមានសាមគ្គីភាព, ពង្រឹងគំនិតប្រឆាំងរុស្ស៊ី, ធ្វើឱ្យ NATO ដែលដេកលង់លក់នៅក្រោមអាណត្តិលោក ដូណាល់ ត្រាំភ្ញាក់ពីដេក ឡើងវិញ, បណ្ដាប្រទេសអឺរ៉ុបបង្កើនការប្រុងប្រយ័ត្នចំពោះរុស្ស៊ី ហើយទាំងនេះសុទ្ធតែជារឿងដែលរុស្ស៊ីផ្ទាល់ប្រឹងប្រែងរារាំងមិនឱ្យវាកើតឡើង។


ដោយឡែក បើនិយាយពីផលវិបាកនៅក្នុងតំបន់អឺរ៉ុបវិញ, ការសម្រេចចិត្តធ្វើសង្រ្គាមនៅអ៊ុយក្រែនរបស់លោក ពូទីន បានជួយពន្លឿនការដួលរលំទាំង សណ្ដាប់ធ្នាប់នៅក្រោយអតីតសហភាពសូវៀត និងប្រព័ន្ធសន្តិសុខអឺរ៉ុបនៅក្រោយសម័យសង្រ្គាមត្រជាក់។ រុស្ស៊ី មិនបានទទួលការគំាទ្រភាគច្រើនពីបណ្ដា ប្រទេសដែលធ្លាប់ជាអតីតដែនដីសហភាពសូវៀតឡើយ លើកលែងតែប្រទេសបេឡារុសមួយប៉ុណ្ណោះដែលគេស្គាល់ថារដ្ឋរណបរុស្ស៊ីចាប់តាំងពីមាន វិបត្តិនយោបាយកាលពីឆ្នាំ២០២០មក។


នៅក្នុងសុន្ទរកថាពន្យល់ថាតើហេតុអ្វីលោកសម្រេចចិត្តធ្វើសង្រ្គាមនៅអ៊ុយក្រែន, លោក ពូទីន បានហៅអ៊ុយក្រែនថាជារដ្ឋសម្បនិម្មិត ដែលនេះបានបង្ក ការសង្ស័យដល់ឯករាជ្យភាពរបស់បណ្ដាប្រទេសជាច្រើនទៀត ដែលធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងនៃអតីតសហភាពសូវៀត ហើយចង់ ឬមិនចង់ 

ទៅថ្ងៃក្រោយ បណ្ដាប្រទេសទាំងនេះក្នុងនោះរួមមានកាហ្សាក់ស្ថាន និងបេឡារុស ក៏អាចនឹងប្រឆាំងនឹងគំនិតជាតិនិយមបែបនេះរបស់រុស្ស៊ីផងដែរ។ បានន័យថាវាអាចនឹងក្លាយជាការចូលរួមចំណែកមួយ នៃការបិទបញ្ចប់គម្រោងធ្វើសមាហរណកម្មនៅក្រោយសម័យសូវៀតរបស់រុស្ស៊ី។


លើសពីនេះទៅទៀត, សង្រ្គាមនៅអ៊ុយក្រែន ក៏ជាការធ្វើតេស្ដមួយលើប្រព័ន្ធសន្តិសុខអឺរ៉ុបផងដែរ ដែលជាប្រព័ន្ធពឹងផ្អែកហួសហេតុលើសហរដ្ឋអាមេរិក និងត្រូវបានគេមើលឃើញថាចាស់ហួសសម័យ, បង្កការបែកបាក់ផ្ទៃក្នុងនៅក្នុងប្លុកលោកខាងលិច នៅចំពោះមុខការលេចមុខឡើងនូវមហាអំណាចថ្មីៗ នៅក្នុងតំបន់ដូចជាតួកគីនៅក្រោមការដឹកនាំរបស់លោក អឺដូហ្កាន់ និងរុស្ស៊ីរបស់លោក ពូទីន។ នេះឯងជាការផ្លាស់ប្ដូរតុល្យភាពអំណាចដែលមួយផ្នែកធំ ពឹងផ្អែកលើជ័យជម្នះលទ្ធិប្រជាធិបតេយ្យនៅក្រោយសម័យកាលសង្រ្គាមត្រជាក់ដឹកនាំដោយសហរដ្ឋអាមេរិក។ កាលពីឆ្នាំ២០១៤ អន្តរាគមន៍យោធារបស់ រុស្ស៊ីនៅអ៊ុយក្រែន វាបានកែប្រែជាបណ្ដើរៗ ទៅហើយនៃប្រព័ន្ធសន្តិសុខអឺរ៉ុប។ ដូច្នេះ ទោះជាសង្រ្គាមនៅអ៊ុយក្រែនមានលទ្ធផលបែបណាក៏ដោយ ឬក៏រុស្ស៊ីជាឈ្នះ ឬចាញ់ ក៏ប្រព័ន្ធសន្តិសុខអឺរ៉ុបនឹងមិនដូចមុនទៀតទេ។ ពោលគឺ អឺរ៉ុបអាចនឹងក្លាយជាតំបន់យុទ្ធសាស្ត្រពណ៌ប្រផេះរវាងរុស្ស៊ី និងលោកខាងលិច ឬក៏និយាយបានថាវាជាសង្រ្គាមត្រជាក់ថ្មីមួយនៅតំបន់អឺរ៉ុប។


គួរបញ្ជាក់ថា ក្នុងសប្ដាហ៍ទី៣នៃសង្រ្គាមអ៊ុយក្រែន, លោក ពូទីន ត្រូវបានគេមើលឃើញថាកំពុងស្ថិតនៅក្នុងស្ថានភាពបន្ទាន់ ដោយត្រូវធ្វើយ៉ាងណាត្រូវ បញ្ចប់សង្រ្គាមឱ្យបានឆាប់រហ័ស តាមរយៈការដណ្ដើមយកទឹកដី, ការឡោមព័ទ្ធទីក្រុងធំៗរបស់អ៊ុយក្រែន ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលលោក ហ្សេលេនស្គីទទួលយកការស្នើរបស់រុស្ស៊ី។ ប៉ុន្តែ បើសង្រ្គាមនៅតែអូសបន្លាយតទៅទៀត រុស្ស៊ីអាចនឹងប្រឈមមុខនឹងការខាតបង់ រីឯលោក ពូទីន អាចនឹង ប្រឈមមុខនឹងវិបត្តិផ្ទៃក្នុង នោះគឺថាតើលោកអាចបញ្ចុះបញ្ចូលឱ្យពួកមហាសេដ្ឋីរុស្ស៊ីលះបង់ទ្រព្យសម្បតិ្តរបស់ពួកគេបានដែរឬទេ ខណៈទណ្ឌកម្មត្រូវបាន គេរំពឹងថាអាចទប់ស្កាត់មិនឱ្យរុស្ស៊ីប្រមូលធនធានសម្រាប់ធ្វើសង្រ្គាម។ ដូច្នេះពេលវេលាប៉ុន្មានថ្ងៃខាងមុខគឺពិតជាសំខាន់ខ្លាំងណាស់ បើរុស្ស៊ីមិនអាចធ្វើឱ្យ អ៊ុយក្រែនចុះចាញ់ តាមរយៈការធ្វើសង្រ្គាមធម្មតា តើលោក ពូទីននឹងធ្វើអ្វីបន្តទៀត៕


ប្រភព៖ Wilson Center (ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២២)

ដោយៈ  Fresh News