នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥នេះ គណបក្សប្រជាជនកម្ពុជា
បានបើកមហាសន្និបាតវិសាមញ្ញទូទាំងប្រទេស រយៈពេល ៣ថ្ងៃ នៅមណ្ឌលសន្និបាតកោះពេជ្រ
ដោយមានអ្នកចូលរួមប្រមាណ ១.៣០០នាក់ ក្រោមអធិបតីភាព សម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តិយស និង សម្តេចតេជោ ហ៊ុន សែន អនុប្រធាន។ របៀបវារៈ នៃមហាសន្និបាតរយៈពេល៣ថ្ងៃនេះ
នឹងលើកឡើងពីរបាយការណ៍ ស្តីពីស្ថានការទូទៅឆ្នាំ២០១៣-២០១៤ ការបោះឆ្នោត អាណត្តិទី៥
និងការលើកទិសដៅ និងផែនការបន្ត ២០១៣-២០១៨។
សម្តេចពញ្ញាចក្រី ហេង សំរិន បានឡើងអានសន្ទរកថា បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស
របស់គណបក្សប្រជាជនកម្ពុជា ដោយបានបង្ហាញថា "ជាការពិតណាស់ថា
ចូលដល់នីតិកាលទី៥ នៃរដ្ឋសភា គណបក្សប្រជាជនកម្ពុជា ត្រូវឋិតនៅក្នុងបរិបទនយោបាយថ្មីមួយ
ព្រោះថា
ថ្វីបើគណបក្សយើងនៅទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋ ដោយសំឡេងភាគច្រើនដាច់ខាត នៅទូទាំងប្រទេសក៏ដោយ
ក៏យើងទទួលស្គាល់ថា គណបក្សយើងបានថយអាសនៈមួយចំនួននៅក្នុងរដ្ឋសភា ទន្ទឹមនឹងអាសនៈគណបក្ស ប្រឆាំងមានការកើនឡើង។ ប្រការនេះ តម្រូវឲ្យយើងត្រូវសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយអំពីមូលហេតុ ដែលនាំឲ្យកើតមានស្ថានភាពដូច្នេះ ទន្ទឹមនឹងការវាយតម្លៃឲ្យបានម៉ត់ចត់ពីចំណុចខ្លាំង
ចំណុចខ្សោយ និងមេរៀនពិសោធន៍ថ្មីៗ របស់គណបក្ស សំដៅជំរុញការធ្វើកំណែទម្រង់ឲ្យបានខ្លាំងក្លាទាន់ពេលវេលា និងមានប្រសិទ្ធភាព។
គណបក្សយើង ត្រូវតែប្តូរផ្តាច់ ដើម្បីធ្វើការងារនេះ
ហើយជាក់ស្តែងយើងបានធ្វើជាបន្តបន្ទាប់រួចមកហើយ ហើយក៏ទទួលបានលទ្ធផលជាវិជ្ជមានផងដែរ"។
សម្តេចពញ្ញាចក្រី ហេង សំរិន បានមានប្រសាសន៍បន្តថា
ស្ថិតនៅក្នុងបរិយាកាសនយោបាយនៃសភាពការណ៍ថ្មី គណបក្សប្រជាជនកម្ពុជា គ្មានអ្វីក្រៅពីការប្តេជ្ញាចិត្តឲ្យកាន់តែប្រសើរឡើងនូវការដឹកនាំ របស់ខ្លួនឲ្យបានត្រឹមត្រូវ
សមស្របតាមលក្ខណៈពិសេសរបស់កម្ពុជា ដើម្បីឲ្យគណបក្សនៅតែជាតំណាងផលប្រយោជន៍របស់ជាតិ និងប្រជាជននៅគ្រប់កាលៈទេសៈ។
តាមស្មារតីនេះ
អង្គមហាសន្និបាទលើកនេះ មានប្រធានបទសំខាន់គឺ "ការកែទម្រង់ គឺជាអាយុជីវិតរបស់ជាតិ និងរបស់គណបក្សប្រជាជនកម្ពុជា"
ហើយជាក់ស្តែង មហាសន្និបាតនឹងធ្វើនូវកិច្ចការមួយចំនួន ដូចតទៅ៖
១/ ឆ្លង និងអនុម័តលើសេចក្តីព្រាង
របាយការណ៍ ស្តីពីសភាពការណ៍ទូទៅ ឆ្នាំ ២០១៣ - ឆ្នាំ២០១៤ សភាពការណ៍ជ្រើសតាំង
តំណាងរាស្ត្រនីតិកាលទី៥ និងទិសដៅភារកិច្ចរបស់គណបក្សរយៈពេលបន្ត
២/
ស្តាប់របាយការណ៍ ស្តីពី កំណែទម្រង់នៃការបោះឆ្នោត
៣/
បោះឆ្នោតបំពេញបន្ថែម សមាជិកគណៈកម្មាធិការ កណ្តាលមួយចំនួន។
នៅក្នុងមហាសន្និបាតនេះ
ក៏បានរំលេចឡើងនូវការធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅ គឺការជំរុញឲ្យសមាជិករបស់គណបក្សប្រជាជនកម្ពុជា
ពង្រឹងប្រសិទ្ធភាពការងារជូនប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត ក្រោមទិសស្លោក «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល» ជាទិសស្លោកមួយ
ដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
និង ជាអនុប្រធាន គណបក្សប្រជាជនកម្ពុជា បានប្រើក្នុងការដាស់តឿនក្រើនរំលឹក មន្រ្តីរាជរដ្ឋាភិបាលកម្ពុជានាអាណត្តិថ្មីនេះផងដែរ។