Friday, July 07, 2023

វិភាគអន្តរជាតិ៖ តើរុស្ស៉ីក្លាយជា «ប្អូនប្រុស» របស់ចិនហើយ មែនឬ?​


(វ៉ាស៊ីនតោន)៖ ចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន ផ្ទុះឡើងកាលខែកុម្ភៈ​ ឆ្នាំ២០២២មក កិច្ចសហប្រតិបត្តិការរវាងរុស្ស៉ី និងចិន បាន រីកធំធាត់លើគ្រប់វិស័យទាំងអស់។ ទីក្រុងមូស្គូមិនបានលាក់បាំងអ្វីនោះទេពីការពិតដែលថាខ្លួនកំពុងពឹងផ្អែកលើចិន នៅក្នុងការប្រឈមមុខជាសកលជាមួយ លោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក ដ្បិតមើលឃើញថាទីក្រុងប៉េកាំងមាន «សត្រូវរួម»។

ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ ដែលបានកើនឡើងដល់ទៅ១៩០ពាន់លានដុល្លារកាលពីឆ្នាំ២០២២ បានបន្តកើនឡើង ៣៩ភាគរយបន្ថែមទៀតក្នុងត្រីមាស ដំបូងនៃឆ្នាំ២០២៣នេះ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចេញរ៉ែកម្ររបស់រុស្ស៉ីទៅកាន់ប្រទេសចិន និងការនាំចូលទំនិញពីចិនក៏បានកើន ឡើងជាលំដាប់ផងដែរ។ ការវិវត្តបែបនេះបានជំរុញឱ្យមានការជជែកវែកញែកថាទីក្រុងប៉េកាំងកំពុងប្រើប្រាស់ «​អនុភាពសេដ្ឋកិច្ច» របស់ខ្លួន និងការប្រេះឆារវាង រុស្ស៉ីជាមួយលោកខាងលិច ដើម្បីប្រែក្លាយរុស្ស៉ីឱ្យក្លាយទៅជា «ប្អូនប្រុស» របស់ខ្លួន ឬអាចនិយាយឱ្យមិនពិរោះស្ដាប់ជាងនេះគឺក្លាយជា «រដ្ឋរណបចិន» សំដៅ កេងចំណេញប្រយោជន៍តែម្ខាងពីរុស្ស៉ី។

ការយល់ឃើញបែបនេះ អាចមកពីការគិតទៅលើសេដ្ឋកិច្ចរបស់ចិនគឺធំជាងរុស្ស៉ី១០ដងឯណោះ។ ក៏ប៉ុន្តែ ទំនាក់ទំនងរវាងមហាអំណាចទាំង២ មិនមែនផ្ដល់ ប្រយោជន៍ឱ្យតែម្ខាង ឬក៏ចិននោះទេ ហើយរុស្ស៉ីខ្លួនឯងក៏នៅតែមានឥទ្ធិពលច្រើនគួរសមផងដែរ។ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមក ចំណែករបស់ចិន នៅក្នុងពាណិជ្ជកម្មរបស់រុស្ស៉ី មានរហូតដល់ទៅជិត ២២ភាគរយ ហើយបែបនេះឯងទើបមានការគិតថារុស្ស៉ីកំពុងធ្លាក់ចូលទៅក្នុងភាពជាចំណុះចិន។ ពិតណាស់ មើលមួយភ្លែត វាអាចដូចជាការគិតដូច្នោះមែន តែបើពិនិត្យឱ្យល្អិតល្អន់ វាក៏មិនមែនជារឿងចម្លែក ឬក៏មិនធ្លាប់កើតមាននោះដែរ។ ជាឧទាហរណ៍ ចិនមានចំណែក រហូតដល់ទៅ ២៦ភាគរយឯណោះនៅក្នុងការធ្វើពាណិជ្ជកម្មបរទេសរបស់អូស្ត្រាលី បើទោះជារដ្ឋាភិបាលអូស្ត្រាលីបានចូលរួមយ៉ាងសកម្មនៅក្នុងសម្ព័ន្ធភាព ប្រឆាំងនឹងចិន ដូចជាក្វាដ (Quad) និង AUKUS ក៏ដោយ។

ចិន បច្ចុប្បន្នគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត សម្រាប់ប្រទេសជាង ១២០ ហើយក្នុងចំណោមប្រទេសទាំងនេះមានភាគច្រើនពឹងផ្អែកខាងសេដ្ឋកិច្ចទៅលើចិនខ្លាំង ជាងរុស្ស៉ីទៅទៀត។ ប៉ុន្តែ អតុល្យភាព ឬភាពមិនស្មើគ្នានេះ មិនអាចហាមឃាត់ប្រទេសមួយចំនួន ដកខ្លួនចេញពីកិច្ចព្រមព្រៀងវិនិយោគជាមួយចិននោះទេ ហើយ មានខ្លះថែមទាំងហ៊ានប្រឈមមុខជាមួយទីក្រុងប៉េកាំង ក្នុងជម្លោះព្រំដែន និងងាកទៅរកសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបវិញទៀតផង។ នៅក្នុងករណីរុស្ស៉ី អ្វីដែល ជាបញ្ហាចោទ គឺនៅត្រង់ការនាំចេញឧស្ម័ន ដោយសារតែភាពបត់បែនក្នុងការនាំចេញឧស្ម័នរបស់រុស្ស៉ីមានដែនកំណត់ដោយសារហេដ្ឋារចនាសម្ព័ន្ធ និងការប្រេះឆា ជាមួយអឺរ៉ុប។ តែទោះជាបែបនេះក្ដី នៅពេលនិយាយពីប្រេង ជម្រើសរើសដៃគូរបស់រុស្ស៉ីគឺមានភាពទូលំទូលាយ ដោយគិតត្រឹមម៉ោងនេះ ទំហំនាំចេញប្រេងពីរុស្ស៉ី ទៅឥណ្ឌា មាន ១.៧លានបារ៉ែលក្នុងមួយថ្ងៃ និងនាំចេញទៅកាន់ប្រទេសកំពុងអភិវឌ្ឍតូចៗ ១.៦លានបារ៉ែលក្នុងមួយថ្ងៃ ដែលនេះអាចស៊ីសងគ្នាបានជាមួយ ការនាំចេញប្រេងទៅចិនដែលមានទំហំ ២.២លានបារ៉ែលក្នុងមួយថ្ងៃ។

រុស្ស៉ីក៏មិនមែននាំចូលទំនិញមកពីចិនតែមួយគត់នោះដែរ ដោយមានប្រទេសជាច្រើនទៀតជាប្រភពនាំចូលរបស់រុស្ស៉ី រួមមានតួកគី អេមីរ៉ាតអារ៉ាប់រួម និងបណ្ដា ប្រទេសក្នុងតំបន់អាស៊ីកណ្ដាលជាដើម។ នេះអាចធានាបានថារុស្ស៉ីនៅតែនាំចូលទំនិញសំខាន់ៗសម្រាប់ប្រជាជនរបស់ខ្លួន ក្នុងករណីដែលទំនាក់ទំនងជាមួយចិន មានភាពរកាំរកូសដោយប្រការណាមួយ។ ដូច្នេះវាលឿនពេកហើយ ដែលត្រូវនាំគ្នានិយាយថារុស្ស៉ីកំពុងក្លាយជារដ្ឋចំណុះរបស់ចិន។ រុស្ស៉ីមិនទាន់បានចូលរួមក្នុង គំនិតផ្ដួចផ្ដើមសេដ្ឋកិច្ចដ៏សំខាន់របស់ចិន នោះគឺគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវនោះទេ ហើយក៏មិនបានទទួលស្គាល់ការអះអាងពីអធិបតេយ្យរបស់ចិន ក្នុងតំបន់ ជម្លោះសមុទ្រចិនខាងត្បូងនោះដែរ។ លើសពីនេះទៅទៀត កាលពីពេលថ្មីៗនេះ ទីក្រុងមូស្គូបាននិយាយប្រយោលពីឯករាជ្យភាពរបស់ខ្លួន ជុំវិញការចាប់ខ្លួនមនុស្ស ដែលត្រូវបានចោទថាបានលួចលក់ព័ត៌មាន ឬបច្ចេកវិទ្យាសម្ងាត់ឱ្យចិន។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៉ីត្រូវបានគេមើលឃើញថាមានចេតនាផ្សព្វផ្សាយព័ត៌មាន នេះ ជាសាធារណៈ បើទោះជាពួកគេអាចបិទបាំងរឿងនេះដើម្បីកុំឱ្យចិនខឹងសម្បារក៏ដោយ។

ការអះអាងថារុស្ស៉ីកំពុង ឬនឹងក្លាយជារដ្ឋចំណុះរបស់ចិន មិនទាន់អាចឆ្លើយបាននៅឡើយទេនូវសំណួរមួយដ៏សំខាន់ នោះគឺហេតុអ្វីប៉េកាំងចង់បង្កើតទំនាក់ទំនង មិនមានតុល្យភាពជាមួយមូស្គូ? មែនទែនទៅ វាពិតជាពិបាកខ្លាំងណាស់ ក្នុងការកំណត់ពីបញ្ហា ឬវិស័យដែលរុស្ស៉ីអាចនឹងបដិសេធការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយចិន ក្នុងលក្ខណធម្មតា។ ទីផ្សាររុស្ស៉ីមានភាពបើកចំហចំពោះទំនិញចិន ហើយរុស្ស៉ីមានបំណងផ្គត់ផ្គង់ឱ្យចិននូវធនធានដែលប៉េកាំងត្រូវការជាចាំបាច់។

តែការប៉ុនប៉ងដាក់សម្ពាធណាមួយពីចិន លើរុស្ស៉ីអាចនឹងបង្កហានិភ័យជះត្រឡប់ទៅចិនវិញដូចគ្នា ព្រោះថាថ្នាក់ដឹកនាំរុស្ស៉ី រួមទាំងលោក ពូទីន ប្រាកដជាមិនព្រម ឱ្យរុស្ស៉ីក្លាយជារដ្ឋចំណុះប្រទេសណាមួយឡើយ កុំថាឡើយចិន។ សង្រ្គាមនៅអ៊ុយក្រែនមិនត្រឹមតែពង្រឹងគោលជំហររបស់ចិនក្នុងទំនាក់ទំនងជាមួយរុស្ស៉ី ប៉ុណ្ណោះទេ តែវាក៏ផ្ដល់ផលប្រយោជន៍សំខាន់ៗមួយចំនួនសម្រាប់រុស្ស៉ីដែរ តួយ៉ាងរបៀប ឬវិធីសាស្ត្រទប់ទល់នឹងទណ្ឌកម្ម ក៏ដូចជាការប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងនឹងអាវុធរបស់ លោកខាងលិច ដែលវិធីសាស្ត្រទាំងនេះចិនមិនអាចរកបានពីនរណាផ្សេង ក្រៅពីរុស្ស៉ីនោះឡើយ។ ទីក្រុងប៉េកាំងមានទស្សនៈវិស័យជាយូរណាស់មកហើយថា ការប្រឈមមុខជាមួយលោកខាងលិច ជារឿងចៀសមិនរួច ដូច្នេះទណ្ឌកម្មប្រឆាំងនឹងចិន គឺវាអាស្រ័យទៅលើពេលវេលាតែប៉ុណ្ណោះ។

ម្លោះហើយ កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយវិមានក្រឹមឡាំង និងក្រុមមន្ត្រីរុស្ស៉ី នឹងអនុញ្ញាតឱ្យចិនស្វែងរកបាននូវមេរៀន និងការស្វែងយល់ថាតើត្រូវទប់ទល់នឹង ទណ្ឌកម្មលោកខាងលិចដោយវិធីណា? ថាតើត្រូវចាត់វិធានការបែបណា ទើបមានប្រសិទ្ធភាព ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួន? កាន់តែសំខាន់ជាងនេះ អាវុធរបស់ ចិនមួយផ្នែកគឺបានមកពីការទិញពីរុស្ស៉ី ឬក៏ការអភិវឌ្ឍអាវុធរុស្ស៉ី និងសូវៀតបញ្ចូលគ្នា។ ដូច្នេះសង្រ្គាមនៅអ៊ុយក្រែន វាបាន និងកំពុងក្លាយជាការធ្វើតេស្ដសមត្ថភាព លើអាវុធទាំងនេះប្រឆាំងនឹងអាវុធលោកខាងលិចនៅក្នុងសង្រ្គាមជាក់ស្ដែង ហើយចិនអាចរង់ចាំអង្គុយស្រង់មេរៀន និងចំណុចខ្សោយនៃអាវុធទាំងនេះ។

សមត្ថភាពដូចដែលបានរៀបរាប់នេះ វាប្រហែលជាមិនអាចយកទៅប្រើការបានទាំងស្រុងនោះ នៅក្នុងករណីចិនសម្រេចចិត្តធ្វើសង្រ្គាមនៅតៃវ៉ាន់។ ក៏ប៉ុន្តែ ការទទួល បានព័ត៌មាន និងបទពិសោធន៍តែ ២ ឬ៣ភាគ វាក៏អាចផ្ដល់ផលចំណេញដ៏ច្រើនដល់ចិនដែរ។ ពីព្រោះថាបើចិនចង់បានបទពិសោធន៍ ឬមេរៀនបែបនេះចិនមិនអាច យកវាបានដោយទទេៗនោះទេ ពោលគឺត្រូវតែពលីអាយុជីវិតកងទ័ពរបស់ខ្លួន។ ជាសំណាងល្អ ការបង្កើតទំនាក់ទំនងយោធាជិតស្និទ្ធជាមួយរុស្ស៉ី នឹងផ្ដល់ឱកាសឱ្យ ចិនអាចទទួលបានព័ត៌មានដែលខ្លួនចង់បាន ដោយមិនចាំបាច់ចំណាយគ្រាប់កាំភ្លើង ឬកងទ័ពសូម្បីតែម្នាក់។

នៅលើពិភពលោកនេះ គ្មានឡើយទំនាក់ទំនងល្អឥតខ្ចោះសូម្បីតែរុស្ស៉ី និងចិនក៏ដោយ។ ប៉ុន្តែការកំណត់ឱ្យបាននូវប្រយោន៍រួម និងយុទ្ធសាស្ត្រប្រឈមមុខជាមួយ លោកខាងលិចអាចនឹងបង្កើតបានជាមូលដ្ឋានមួយយ៉ាងរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការដោយស្មើភាព។ នៅក្នុងអន្តរកម្មបែបនេះ ចិនអាចមានឱកាសធ្វើឱ្យរុស្ស៉ី ក្លាយជារដ្ឋចំណុះរបស់ខ្លួន តែក្នុងបរិបទជាក់ស្ដែង ចិនគ្មានហេតុផលត្រូវតែបង្ខំចិត្តធ្វើដូច្នេះនោះទេ ហើយស្ថានភាពដូចនេះទំនងជានឹងមិនមានការប្រែប្រួលឡើយ ក្នុងរយៈពេល ៥ ទៅ១០ឆ្នាំខាងមុខ៕

សម្ដេចក្រឡាហោម ស ខេង អំពាវនាវពលរដ្ឋនៅខេត្តព្រៃវែង កុំភ្លេចចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយបោះជូនគណបក្សប្រជាជនកម្ពុជា

 (ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង កុំភ្លេចទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ថ្លែងក្នុងឱកាសដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកពារាំង ស្រុកសុីធរកណ្ដាល, ស្រុកកញ្ច្រៀច​ និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅពេញមួយថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ឲ្យប្រជាពលរដ្ឋនៅពេលអញ្ជើញទៅបោះឆ្នោត ត្រូវបោះជូនគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និយាយជារួម និងនិយាយដោយឡែកក្នុងស្រុកពារាំង ស្រុកសុីធរកណ្ដាល ស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ ដែលបានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ធ្វើឲ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ១៩ និងចូលរួមគាំទ្រការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣នេះ។

សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ការអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង សុីវិល័យ និងឈរស្មើមុខលើឆាកអន្តរជាតិ។

សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឲ្យខ្លួនឯង។ គណបក្សប្រជាជនកម្ពុជា បាននាមកនូវសុខសន្តិភាព និងធានាការពារសុខសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ សម្ដេចបន្ថែមថា នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា មានតែរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជាទេ ដែលការពារបានសុខសន្តិភាព បូរណភាពទឹកដី និងអភិវឌ្ឍន៍ជាតិរីកចម្រើនយ៉ាងច្រើនអនេក បើធៀបនឹងរបបដឹកនាំកន្លងមក៕





លោកបណ្ឌិត ថោង ខុន សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ

 (ព្រះសីហនុ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដែលជាកំពង់ផែដ៏ធំមួយដែលអាចចេញចូលអូប័រទេសចរណ៍តូចធំ ២០គ្រឿងក្នុងពេលតែមួយ និងជាទីចំណតដ៏សុវត្ថិភាពតែមួយគត់ សក្កិសមជាកំពង់ផែទេសចរណ៍ដ៍មានសក្តានុពលប្រចាំខេត្តព្រះសីហនុ និងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេចរទាំងជាតិ និងអន្តរជាតិ។

ពិធីនេះដែរបានធ្វើឡើងដោយមានការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា, អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.អីមផតអិចផត ខូអិលធីឌី (G.T.V.C Import Export Co., Ltd.) និងជាប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ រួមទាំងមាន លោក លោកស្រី ប្រតិបត្តិករទេសចរណ៍ និងវិនិយោគិនជាច្រើនរូបទៀតផងដែរ។

បើតាមអ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ដោយមានការជំរុញនិងលើកទឹកចិត្តពីរដ្ឋបាលខេត្ត លើវិស័យទេសចរណ៍ផ្លូវទឹក និងទទួលបានការអនុញ្ញាតពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ក្រុមហ៊ុន G.T.V.C IMPORT EXPORT CO.LTD បានទទួលសិទ្ធវិនិយោគពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលស្ថិតនៅច្រកទី១ លើផ្ទៃដី ប្រមាណ ២២,០០០ម៉ែត្រការេ និងមានកំពង់ផែដែលអាចចេញចូល អូប័រទេសចរណ៍តូចធំ ២០គ្រឿងក្នុងពេលតែមួយ។ កំពង់ផែមួយនេះគឺជាទីចំណតដ៏សុវត្ថិភាពតែមួយគត់ ដែលមានលក្ខណៈសម្បត្តិពេញលេញ សក្កិសមជាកំពង់ផែទេសចរណ៍ដ៍មានសក្តានុពលប្រចាំខេត្តព្រះសីហនុ។

អ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងទៀតថា ការវិនិយោគដ៏មានតម្លៃមួយនេះ និងធ្វើឱ្យមានភាពល្អប្រសើរឡើងក្នុងការទទួល បដិសណ្ឋារកិច្ចភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលបានធ្វើដំណើរមកពីបណ្តាប្រទេស នានាទូទាំងសកលលោក។ កំពង់ផែទេសចរណ៍នេះគឺជាផ្នែកមួយដើតួយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍តាមបណ្តាកោះក្នុងខេត្តព្រះសីហនុផងដែរ។

លើកឡើងនាឱកាសនោះដែរលោក គួច ចំរើន ក៏បានស្នើសុំការគាំទ្រពីលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកការរៀបចំកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ទៅជាកំពង់ផែទេសចរណ៍អន្តរជាតិ ដើម្បីធ្វើការផ្លាស់ប្តូរភ្ញៀវទេសចរមកពី ថៃ និងវៀមណាម និងលំហូរពីបណ្តាប្រទេសដ៏ទៃទៀតឱ្យមានការផ្លាស់ប្តូរទេសចរទៅមកផងដែរ។ ដោយលោកអះអាងថា នាពេលកន្លងមកខេត្តព្រះសីហនុ មិនទាន់មានកំពង់ផែទេសចរណ៍ខ្នាតអន្តរជាតិនៅឡើយទេ ដោយលោកគ្រោងស្នើសុំរាជរដ្ឋាភិបាល ដើម្បីរៀបចំកំពង់ផែនេះឱ្យក្លាយជាកំពង់ផែខ្នាតអន្តរជាតិនាទឹកដីក្រុងព្រះសីហនុនាពេលខាងមុខផងដែរ។

លើកឡើងនាឱកាសនោះលោកបណ្ឌិត ថោង ខុន បានឱ្យដឹងថា កំពង់ផែទេសចរណ៍នេះគឺជាសម្បទាទេសចរណ៍ដ៏សំខាន់មួយដែលនឹងផ្តល់នូវភាពងាយស្រួល សន្តិសុខសណ្តាប់ធ្នាប់ល្អជូនដល់ភ្ញៀវទេសចរ មកពីគ្រប់ទិសទី ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតឱកាសការងារ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍ តាមបណ្តាកោះក្នុងខេត្តព្រះសីហនុ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្តកាន់តែច្រើនថែមទៀត។ វិស័យទេសចរណ៍«ទេសចរណ៍វប្បធម៌ និងធម្មជាតិ» ជាវិស័យអាទិភាពមួយយ៉ាងសំខាន់ក្នុងការជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម សំដៅជំរុញការធ្វើពិពិធកម្ម សេដ្ឋកិច្ច និងធ្វើឱ្យមានការប្រែប្រួលផ្នែកហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ពិសេសជំរុញឱ្យមានការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។

លោកបណ្ឌិត ថោង ខុន បានឱ្យដឹងទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, កម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមយ៉ាងពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទនៈ ដោយត្រូវបានចាត់ទុកថាជា «មាសបៃតង» ដែលបានដើរតួនាទីជាចន្ទល់គន្លឹះមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនចំណូលជូនជាតិ ព្រមទាំងការបង្កើតការងារ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

លោក ថោង ខុន ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា កំពង់ផែទេសចរណ៍ និងសម្បទាទ្រទ្រង់នៅទីនេះនឹងមិនត្រឹមតែជាសម្បទាទេសចរណ៍ដ៏សំខាន់មួយ ដែលនឹងផ្តល់នូវភាពងាយស្រួល សុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ល្អជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី រួមចំណែកលើកស្ទួយដល់វិស័យទេសចរណ៍តភ្ជាប់ទៅតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការបម្រើនិងផ្តល់សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព និងសុវត្ថិភាព, បង្កើតឱកាសការងារជូនប្រជាពលរដ្ឋ, និងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់កម្ពុជានិយាយជារួម និងមកកាន់ខេត្តព្រះសីហនុ និយាយដោយឡែកឱ្យមកលេងកំសាន្តកាន់តែច្រើន និងពន្យាការស្នាក់នៅកាន់តែយូរថ្ងៃថែមទៀតផងដែរ៕







ក្រសួងមហាផ្ទៃ ប្រកាសហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្ដល់ឥណទាន

  ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំស្ដីពីការហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដាក់បញ្ចាំសម្រាប់ធានាលើការផ្ដល់ឥណទាន និងបានបញ្ជាដល់គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់បញ្ហានេះឱ្យបានប្រសិទ្ធភាព ដើម្បីធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋ ជាពិសេសការប្រើបា្រស់អត្តសញ្ញាណប័ណ្ណសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែកក្កដានេះ។

ការចេញសេចក្ដីណែនាំនេះ គឺដោយសារកន្លងមក ក៏ដូចជាបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនបានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្ដល់ឥណទាន ឬកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសប្រតិបត្តិករកម្ចីជនបទទាំងក្នុងនិងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាងលក់ទំនិញប្រើប្រាស់នានា។ ប្រការនេះគឺមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និងការណែនាំរបស់ធនាគារជាតិនៃកម្ពុជានោះឡើយ។

ក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋខ្មែរ ជាពិសេសការប្រើបា្រស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់យកទៅបោះឆ្នោត ក្រសួងមហាផ្ទៃបានណែនាំដល់គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាប្រធានគណៈកម្មការដឹកនាំជំរុញផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងនោះ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់បញ្ហានេះឱ្យបានប្រសិទ្ធភាព៕

ខាងក្រោមនេះជាសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ៖