ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំស្ដីពីការហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដាក់បញ្ចាំសម្រាប់ធានាលើការផ្ដល់ឥណទាន និងបានបញ្ជាដល់គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់បញ្ហានេះឱ្យបានប្រសិទ្ធភាព ដើម្បីធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋ ជាពិសេសការប្រើបា្រស់អត្តសញ្ញាណប័ណ្ណសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ នេះបើតាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៦ ខែកក្កដានេះ។
ការចេញសេចក្ដីណែនាំនេះ គឺដោយសារកន្លងមក ក៏ដូចជាបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនបានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្ដល់ឥណទាន ឬកម្ចីជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេសប្រតិបត្តិករកម្ចីជនបទទាំងក្នុងនិងក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬជាមួយហាងលក់ទំនិញប្រើប្រាស់នានា។ ប្រការនេះគឺមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និងការណែនាំរបស់ធនាគារជាតិនៃកម្ពុជានោះឡើយ។
ក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋខ្មែរ ជាពិសេសការប្រើបា្រស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់យកទៅបោះឆ្នោត ក្រសួងមហាផ្ទៃបានណែនាំដល់គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាប្រធានគណៈកម្មការដឹកនាំជំរុញផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងនោះ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់បញ្ហានេះឱ្យបានប្រសិទ្ធភាព៕
ខាងក្រោមនេះជាសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ៖
No comments:
Post a Comment