Thursday, May 07, 2015

សម្តេច​តេជោ ហ៊ុន សែន ជួប​សំ​ណេះ​​​សំ​ណាល និង​​ពិភាក្សា​ការងារ​​ជា​មួយ​​ប្រធាន​​សភា​សិង្ហបុរី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រតិភូរដ្ឋសភាសិង្ហបូរី ជាព្រឹត្តិការណ៍ ថ្មី មួយទៀត នៃទំនាក់ទំនងទ្វេភាគី ដែលជាចំណែកមួយយ៉ាងសំខាន់ ក្នុងការរឹតបន្តឹងចំណងមិត្ត ភា ទ្វេភាគី ក៏ដូចជាក្នុងក្របខណ្ឌអាស៊ាន​។

សម្តេចតេជោ លើកឡើងបែបនេះ ក្នុងឱកាស​ទទួល​ជួបពិភាក្សា​ការ​ងារជាមួយ​លោក​ជំទាវ Halimah Yacob ប្រធានរដ្ឋសភា នៃប្រទេសសឹង្ហបូរី នៅវិមាន​សន្តិភាព​នាព្រឹក ថ្ងៃ​ទី​៧​ ខែឧសភា ឆ្នាំ​២០១៥​នេះ។

ឯកឧត្តម ស៊្រី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់​អ្នក​យក​ព័ត៌​មាន​នៅ​ក្រោយ​ជំនួបនេះថា៖ ក្នុងជំនួបនេះសម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ​វត្តមាន​គណៈប្រ​តិ​ភូ​សភាសិង្ហបូរី និងបានសំដែងនូវសេចក្តីសង្ឃឹមថាទស្សនកិច្ចនេះ​នឹង ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

សម្តេចតេជោបានចាត់ទុកថាដំណើរទស្សនកិច្ចរបស់លោកជំទាវ នៅកម្ពុជា មិនមាន​ការ​លំ​បាកទេ ដោយសារប្រទេសយើង មានជើងហោះហើរត្រេង់ ពីសិង្ហបូរី មកភ្នំពេញ​រហូត​ដល់​៣៥ជើង ក្នុង១សប្តាហ៍។

ជាមួយនឹងអំណរគុណដល់សម្តេចតេជោដែលបានអនុញ្ញាតឱ្យលោកជំទាវនិងប្រតិភូចូល  ជួបសវនាការនេះ លោកជំទាវ Halimah Yacob បានជំរាបជូនសម្តេច​អំពី​ជំនួប​រវាង​លោក​ជំទាវ ជាមួយនឹង សម្តេច​ពញាចក្រី ហេង សំរិន ក្នុងព្រឹកនេះផងដែរ ។ ទន្ទឹមនេះ សម្តេចតេជោ បានចាត់ទុកថា ដំណើរ​ទស្សនកិច្ច របស់ប្រតិភូសភា សិង្ហបូរី ជាព្រឹត្តិ​ការណ៍​ថ្មីមួយទៀត នៃ​ទំនាក់ទំនងទ្វេភាគី របស់​ប្រទេសយើងទាំងពីរ​ដែលជាចំណែក​មួយយ៉ាងសំខាន់ ក្នុងការ​រឹត​បន្តឹង​ចំណងមិត្ត​ភាព​ទ្វេភាគី ក៏ដូចជាក្នុងក្រប​ខណ្ឌ​អាស៊ា​ន​ផងដែរ។ ​

សម្តេចតេជោ បាន​ថ្លែងអំណរ​គុណដល់​ភាគីសិង្ហបូរី ដែលបាន​ជួយ​សហការ​យ៉ាង​ច្រើន ជាពិសេស​នៅក្នុង​វិស័យ​ហ្វឹក​ហ្វឺន​ធន​ធាន​មនុស្ស ដែលជាកត្តាសំខាន់​រួម​ចំណែ​ក​​ដល់ការអភិវឌ្ឍប្រទេស ដោយសារបច្ចុប្បន្នប្រទេស​សិង្ហបូរីបានក្លាយ​ជា​មជ្ឈ​មណ្ឌល​ដ៏មានសមត្ថភាព ក្នុងការបណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស និងសេវា​កម្ម​ផ្សេងៗទៀត ។

សម្តេចតេជោបន្តថា យើងមាននិស្សិតជាច្រើនដែលបានស្វះស្វែង រកការ​បណ្តុះ​បណ្តា​ល​​នៅ​សិង្ហ​បូរី តាមរយៈអាហារូបករណ៍ និងដោយផ្ទាល់ខ្លួន ហើយ​ប្រទេស​សិង្ហបូរី ក៏បាន​បង្កើតនូវ មជ្ឈមណ្ឌលហ្វឹកហ្វឺនធនធានមនុស្សនៅកម្ពុជា ក្រៅពីនោះ​ក៏មានវិស័យ​ផ្សេងៗ​ទៀត ដោយ​ប្រទេសសិង្ហបូរី មានចំនុចខ្លាំង ផ្នែកធនធានមនុស្ស និង​ស្ថាប័ន​ផ្សេង​ៗ ។

ក្រៅពីការហ្វឹកហ្វឺនធនធានមនុស្ស ប្រទេសសិង្ហបូរី មានទំនាក់ទំនងជាមួយកម្ពុជា ដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ ដោយមានក្រុមហ៊ុនជាច្រើន បានវិនិយោគនៅ កម្ពុជា ក្នុងនោះ​ក៏​មានសេវាកម្មសុខាភិបាលផងដែរ ដែលសម្តេចចាត់ទុកថា សិង្ហបូរី បាន​ក្លាយ ជាមជ្ឈ​មណ្ឌល​ផ្នែក​សេវាកម្មសុខាភិបាល ដ៏មានប្រសិទ្ធភាព ដោយ​ប្រជា​ជនកម្ពុជា រួមទាំង ប្រជា​ជន​នៅ​ក្នុង​តំបន់ ដូចជាថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ឥណ្ឌា​ និង​ប្រជាជននៅមជ្ឈឹមបូព៌ា ក៏ស្វែង​រកសេវា​សុខាភិបាលនៅសិង្ហបូរីផងដែរ ជាពិសេស​ក្រសួងសុខាភិបាលកម្ពុជា មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការជាមួយគ្នាលើវិស័យវេជ្ជសាស្ត្រ។

ទាក់ទិននឹងរឿងនេះ សម្តេចតេជោបាន សំណូមពរឱ្យ​សិង្ហ​បូរីបង្កើតកិច្ច​សហ​ប្រតិ​បត្តិ​ការ ផ្ទេរចំណេះដឹង ផ្នែកបច្ចេកវិទ្យាមកឱ្យកម្ពុជា។

សម្តេចតេជោ បាន​មាន​ប្រសាសន៍​ថា​ ថ្វីបើសហគមន៍សេដ្ឋកិច្ច​អាស៊ាន​ត្រូវបាន​បង្កើត​នៅចុងឆ្នាំ  ២០១៥ នេះក៏ដោយ ក៏ការងាររបស់យើង គឺនៅ​មានកិច្ចការច្រើន​ណាស់  ដោយ​សម្តេចបាន​សុំឲ្យ​សិង្ហបូរី​បន្តជួយថែមទៀក្នុងការពង្រឹង និងពង្រីក ពាណិជ្ជកម្ម សាយសារក្នុងឆ្នាំកន្លងមក​ទំហំ​ពាណិជ្ជ​កម្ម​រវាងកម្ពុជានិងសិង្ហបូរីមានប្រហែលជាង ២​ពាន់៧​០០លាន​ដុល្លារ គឺ​មិនទាន់សម​ស្របនិង​សក្តានុពលដែលយើងមាននោះទេ  ដូច្នេះ​សុំរិះរកមធ្យោបាយធ្វើយ៉ាងណា ដើម្បីបង្កើនទំហំ​ពាណិជ្ជកម្មឲ្យ​បានកើន​ឡើង​ថែមទៀត  ជំរុញការវិនិយោគថែមទៀត  ក៏ដូចជាការពិនិត្យ ទៅ​លើ​ការជំរុញ​ការ​ហោះ​ហើរ​ត្រង់ឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីបំពេញ​សេចក្តី​ត្រូវ​ការ​របស់​អ្នកទេសចរ  ដោយសារសិង្ហបូរីជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ធំមួយ មានភាព​ងាយ​ស្រួល​ដល់​ការ​បន្តដំណើរពីសិង្ហបូរី មកកម្ពុជា បើសិនជាមានការហោះ​ហើរ​ត្រង់​កាន់តែ​ច្រើន​នោះ​។

​សម្តេចតេជោ ក៏បានរំលឹកពីធាតុចូលដែលសម្តេចបានទទួលពីអតីតនាយករដ្ឋមន្ត្រី​សិង្ហបូរី ហ្គោ ជុកតុង ដែលបានផ្តល់យោបល់ ទៅនឹងការបើកចំហរជើងមេឃ  សម្រាប់​ទេសចរណ៏ ក្រោយ​មកកម្ពុជាបានអនុវត្តនយោបាយនេះប្រកបដោយជោគជ័យ។

លោកជំទាវប្រធានសភាសិង្ហបូរី បានឯកភាពនូវអ្វីដែល​សម្តេច​បានលើក​ពីទំនាក់​ទំនង​ទ្វេភាគី    ហើយសម្តេច និងលោក​ជំទាវបាន​សំដែង​នូវការពេញ​ចិត្តចំពោះទំនាក់​ទំនង​ដែល​មាន​​​ការ​​រីកចំរើនក្នុងពេលកន្លងមក។ លោកជំទាវ​បានថ្លែង​អំណរគុណសម្តេច​ដែល​​បាន​អញ្ជើញ​ទៅ​ចូលរួមបុណ្យសពអតីតនាយករដ្ឋមន្ត្រីសិង្ហបូរី លីខ្វាន់យូ  កាល​ពីខែ​កន្លង​មក។​ លោកជំទាវបានរំលឹកថាកម្ពុជាគឺជាប្រទេសទី១​ដែលបាន​ទទួល​ស្គាល់​សិង្ហបូរីនៅពេលសិង្ហបូរីបានទទួល  ឯករាជ្យភ្លាម និងបានផ្តើមនូវទំនាក់ទំនង​ការទូត​ជាមួយនាយករដ្ឋមន្ត្រីទី១  លោកលីខ្វាន់យូ ជា​មួយព្រះមហាវីរក្សត្រកម្ពុជា នរោត្តម​សីហនុ។
ឯកឧត្តម ស៊្រី ថាមរ៉ុង្គ  បាន​ឲ្យ​ដឹង​ថា ឆ្នាំនេះ​សម្តេចតេជោ​ក៏គ្រោងអញ្ជើញ​ទៅចូល​រួមបុណ្យឯករាជ្យភាពខួបលើកទី៥០ឆ្នាំរបស់សិង្ហបូរីនាពេលខាងមុខផងដែរ។
លោកជំទាវបានគូសបញ្ជាក់ពីការហ្វឹកហ្វឺនធនធានមនុស្ស ថាជាវិស័យយ៉ាងសំខា​ន់​មួយ​ដែលត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការ   ហើយកម្ពុជាគឺជាប្រទេស​ទី៤ដែល​បាន​ទទួល​ការ​ហ្វឹក​ហ្វឺនពីសិង្ហបូរីក្នុងចំណោមបណ្តាប្រទេសអាស៊ាន។

លោកជំទាវបានសំដែងការពេញចិត្តចំពោះទំនាក់ទំនងខាងវិស័យវិនិយោគ ជាមួយ​សិង្ហបូរីដែលកម្ពុជាជាដៃគូរទី៦ក្នុងវិស័យពាណិជ្ជកម្មជាមួយកម្ពុជា។ លោក​ជំទាវ​សង្ឃឹម​ថា ការវិនិយោគនិងទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្ម នឹងកាន់តែល្អ​ប្រសើរ​ថែមទៀត។ លោកជំទាវ បានលើកឡើងថាយើងគួរមានការផ្លាស់ប្តូរទស្សនកិច្ច​កំរិត​ខ្ពស់​ឲ្យបានច្រើនថែម   ទៀតដើម្បី ផ្លាស់ប្តូរមតិគ្នាលើបញ្ហាពង្រីកទំនាក់ទំនងទ្វេភាគី។

សម្តេចតេជោ បានសំ​ដែង​នូវស្វាគមន៍នូវគំនិតផ្តួចផ្តើមដែលចង់ឲ្យមានសមាគម​សភាកម្ពុជា-សិង្ហបូរី  ហើយសម្តេច មានប្រសាសន៏ថា ក្រៅពីទំនាក់ទំនង​រដ្ឋាភិបាល​ជាមួយរដ្ឋាភិបាល យើងក៏​ត្រូវ​មាន​ទំនាក់ទំនងខាងផ្នែកនិតិបញ្ញាត្តិ  ប្រជាជន និង​ប្រជា​ជន សមាគមនិងសមាគម អង្គការ​និង​អង្គការ ដើម្បីឲ្យយល់ដឹងគ្នាពីគ្រប់មជ្ឈដ្ឋាន  ដែល​និងរួមចំណែក​ដល់ទំនាក់​ទំនងខាង​នយោ​បាយ​ផងដែរ៕​




សេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា ស្តីពី ស្ថិតិភ្ញៀវទេសចរ បរទេស នៅ រមណីយដ្ឋាន អង្គរ ប្រចាំខែមេសា និង៤ ខែដើម ឆ្នាំ២០១៥


សេចក្តីថ្លែងការណ៍ របស់​សហព័ន្ធ​សិទ្ធិមនុស្ស​ និង​អភិវឌ្ឍន៍​កម្ពុជា និងសមាគមន​និស្សិតខ្មែរ


ទិន្នផល​ ពោត​ និងសណ្តែក​ នៅឆ្នាំ២០១​៥ នឹង​ទទួលបានច្រើន​ជាងគេ ​បើតាមការផ្សេងរបស់គោ ​ឧសភរាជ​

ក្នុង​ចំណោម អាហារ​៧មុខ នៅក្នុង​ព្រះ​រាជពិធី ច្រត់​ព្រះនង្គ័ល នាខេត្ត​បាត់​ដំបង កាលពី​ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១៥ កន្លង​ទៅ ដែល​ត្រូវបាន​ដាក់​ផ្សង ជា​លទ្ធផល គឺ ពោត និងសណ្តែក គឺ​ត្រូវបាន​គោឧសភរាជ បរិភោគ​បាន​ច្រើន​ជាង​គេ។
ក្រោយ​បញ្ចប់​ការបរិភោគ លោក​ព្រាហ្មណ៍​ព្រះរាជ​គ្រូ បាន​ប្រកាស​លទ្ធផល ដោយ​បានបង្ហាញថា គោឧសភរាជ បាន​បរិភោគ​អាហារ​ទាំង ៧មុខ​តាម​ព្រះរាជតម្រា ប៉ុន្តែក្នុង​នោះគោឧសភរាជ បាន​បរិភោគ​សណ្តែក និងពោត ច្រើនជាងគេ។
តាមរយៈ​ការបរិភោគ​នេះ សបញ្ជាក់ថា ការបង្ក​បង្កើន​ផល​ពោត និង សណ្តែក របស់​ប្រជាកសិករ​នៅទូទាំង​ប្រទេស​នៅឆ្នាំនេះ នឹងទទួល​បានទិន្នផល​ខ្ពស់។
ព្រះរាជ​ពិធី​ច្រត់​ព្រះនង្គ័ល​នាទឹក​ដីខេត្ត​បាត់ដំបង​ឆ្នាំនេះ ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់​ដំបង ត្រូវ​បាន​ព្រះមហាក្សត្រ ជាទីគោរព​ដ៏​ខ្ពង់​ខ្ពស់​បំផុត រាជានុញ្ញាតឲ្យធ្វើជា​តំណាងរបស់​ព្រះអង្គ​កាន់​នង្គ័លទី២ ឬហៅថា ស្តេច​មាឃ រីឯភរិយា របស់​លោក​ជាព្រះមេហួ។ ដោយឡែកនង្គ័លទី១ តំណាង​ឲ្យវិស័យ​កសិកម្ម កាន់ដោយ ឯកឧត្តម លី ផល្លា រដ្ឋលេខា​ធិការក្រសួងកសិកម្ម ខណៈឯក​ឧត្តម កែវ សិរីបុត្រ អគ្គលេខាធិការ​រង នៃ​គណៈកម្មការបុណ្យជាតិ កាន់នង្គ័លទី៣ តំណាង​ព្រះបរមរាជ​វាំង។
បន្ទាប់ពី ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​ដំបង ដែល​ជាស្តេច មាឃ និងភរិយា ជាព្រះមេហួរ ដឹកនាំភ្ជួររាស់ និង សាប​ព្រោះស្រូវ ពោត សណ្តែក ល្ង ចំនួន៣ ជុំ​រួច​រាល់​នោះ ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹកមន្ដ​ប្រោះ ក្បាល​គោឧសភរាជ​ទាំង​ពីរ ហើយដឹក​យក​ទៅ​បិរភោគ​អាហារទាំង ៧មុខ នៅ​វាល​ព្រះស្រែ ក្នុង​ពហុកី​ឡដ្ឋាន ក្រុង បាត់ដំបង។
ក្រោយបញ្ចប់ការ​បរិភោគ លោក​ព្រាហ្មណ៍ព្រះ​រាជគ្រូ បាន​ប្រកាស​លទ្ធផល ដោយ​បានបង្ហាញថា គោឧសភរាជ បានបរិភោគ​អាហារ​ទាំង ៧មុខតាម​ព្រះរាជតម្រា ប៉ុន្តែ​ក្នុង​នោះគោឧសភរាជ បាន បរិភោគ សណ្តែក និងពោត ច្រើន ជាងគេ។
សូមបញ្ជាក់​ថា ព្រះរាជ​ពិធីបុណ្យ​ច្រត់​ព្រះនង្គ័ល ដែល​បាន​ប្រារព្ធធ្វើ​ឡើង​នាខេត្ត​បាត់​ដំបង ជាខេត្ត​ជង្រុក​ស្រូវ ដ៏ធំ ជាង​គេនៅ​កម្ពុជា នៅព្រឹក​ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥ ត្រូវ​បាន​ប្រព្រឹត្តទៅយ៉ាង​មហោ​ឡារឹក ក្រោម​ព្រះរាជាធិបតី ដ៏ខ្ពង់​ខ្ពស់​របស់​ព្រះមហាក្សត្រខ្មែរ ព្រះ​ករុណា ព្រះបាទសម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី។










ឯកឧត្តម​ សាយ​ សំអាល់៖ ​ក្រសួង​មិន​មាន​គោល​នយោបាយ ​បង្ខិត​បង្ខំ​ រឺប្រើអំ​ពើហិង្សា​លើប្រជាពលរដ្ឋ​ដើម្បី​យកដី​ឡើយ​

រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ឯកឧត្តម សាយ សំអាល់ បាន​មាន​ប្រសាសន៍ថា  ក្រសួង​បរិសា្ថន នឹងខិតខំ​ធ្វើយ៉ាង​ណាដោះ​ស្រាយបញ្ហា​ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ ស្រុក​បុទុមសាគរ​ និង​គីរីសាគរ​ ក្នុងខេត្ត​ កោះកុង ជាមួយ​ក្រុមហ៊ុនចិន​ យូញៀន ឌីវើល​ឡុបមែនគ្រុប (Union Development Group) ដោយ​តម្លាភាព និង​យុត្តិធម៌ ហើយដាច់​ខាតនឹង​មិនមានការ​ប្រើអំពើហិង្សា​លើប្រជាពលរដ្ឋ​ក្នុងការដោះ​ស្រាយជម្លោះ​ដីធ្លីនេះឡើយ។​
កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៥ បន្ទាប់​ពីចេញ ពីបក​ស្រាយបំភ្លឺ​ នៅចំពោះមុខ​គណៈកម្មការទី១ នៃ​រដ្ឋសភា គឺគណៈកម្មការ ទទួល​ពាក្យ​បណ្តឹង​អង្កេត និង​ទំនាក់​ទំនង​រដ្ឋសភា ព្រឹទ្ធស​ភា ពាក់ព័ន្ធនឹង​បញ្ហាទំនាស់​ដីធ្លី​នៅក្នុង​ខេត្តកោះកុង ឯកឧត្តម សាយ សំអាល់ បាន​មានប្រសាសន៍​ទៅ​កាន់​អ្នក​សារព័ត៌​មាន​ថា «ជាគោល​ការណ៍​រួម​យើង​មិន​មាន​គោលនយោបាយបង្ខិត​បង្ខំ រឺមួយ​រុញ​ឲ្យបង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នោះ​ចាក​ចេញ រឺមួយ​ប្រើអំពើ​ហិង្សាលើ​បងប្អូន​នោះ​ទេ»
ឯកឧត្តម សាយ សំអាល់ បាន​លើក​ឡើងផង​ដែ​រថា «យើង ​ខ្ញុំ​គិត​ថា ការ​ឆ្លើយឆ្លង​គ្នា ផ្លាស់​ប្តូរនូវ​ព័ត៌​មាន​គ្នា និង​ការជជែកគ្នា រវាង​ក្រសួង​បរិស្ថាន និងគណៈកម្មកា​រទី១នៃ​រដ្ឋសភានេះ ក៏ជារឿង​ល្អ​មួយ ដើម្បី​ឲ្យ​គណៈ​កម្មាការទី១ បាន​យល់​ច្បាស់​អំពីបញ្ហារបស់​ក្រសួង​បរិស្ថាននៅក្នុងការដោះស្រាយ​បញ្ហាដី​ ធ្លីនៅ​ស្រុក​បុទុម​សាគរ និង​គីរីសាគរ​នេះ។»
ឯកឧត្តម សាយ សំអាល់ ក៏បាន​បន្ថែម​ទៀតថា ជា​ធម្មតាគណៈកម្មាការទី១ មាន​ពាក្យ​បណ្តឹងផ្សេងៗ​ពីបញ្ហា​ដី​ធី្ល ដែល​យក​មក​ក្នុង​ពេលនេះ ដូច្នេះ​យើង​មក​នេះ គឺដើម្បី​បកស្រាយ និង​បំភ្លឺជូន​គាត់។ ដោយ​ឡែកករណី​មួយ​ចំនួន ដែល​ខាងគណៈកម្មការ​ទី១ ក៏ដូចជា ឯកឧត្តម អេង ឆៃអ៊ាង បានលើក​ឡើង​ចំនួន​៤ចំណុចនោះ ដែល​ក្នុង​នោះនិយាយ​អំពី ភាព​មិន​ប្រក្រតីក្នុង​ការដោះស្រាយ​បញ្ហាជម្លោះ​ដីធ្លី​នេះ «ខ្ញុំបាន ​ជម្រាប​ជូន​លោក ក៏បាន​ជម្រាប​ទៅដល់​សមាជិក នៃសមាជិក​ប្រជុំទាំង​អស់ថា បើមាន​ភាពមិន​ប្រក្រតី ប្រហែលជាមាន នៅក្នុងកំរិត​បុគ្គល មិនមានជា​កំរិត​ប្រព័ន្ធទេ នេះបើ​តាម​អ្វីដែល​យើងខំ​ប្រឹង​ប្រែង​ធ្វើរាល់​ថ្ងៃគឺយើង​ចៀសវាង​ ណាស់ត្រង់ចំណុច​នេះ»
ឯកឧត្តម សាយ សំអាល់ បន្តថា បច្ចុប្បន្ន​ក្រសួង​គឺចៀស​វាង​ណាស់នៅ​បញ្ហាមិន​ប្រក្រតី​នេះ ព្រោះការ​ដោះស្រាយ​បញ្ហាយើង​ចង់​ឲ្យមាន​តម្លាភាព និងមាន​ភាព​យុត្តិធម៌ជូន អ្នក​ដែលមាន​ការពាក់ព័ន្ធ​ទាំងអស់​គ្នា។ ដោយ​ឡែក ចំពោះ​សំណើរ​ផ្សេងៗទៀត​ដែល​គណៈកម្មាការ​ទី១បានលើក​មក គឺយើង​ខ្ញុំទទួល​យក ដើម្បី​សិក្សា​និងពិភាក្សា​គ្នាបន្ត ថាតើ​យើង​អាច​ដោះស្រាយរបៀប​ម៉េច? ជូន​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ទាំង នៅក្នុង​ស្រុកបុទុម​សាគរ ទាំង​នៅគីរីសាគរ។
គួរបញ្ជាក់​ថា ក្រោយ​ជំនួប​បិទ​ទ្វាររយៈពេល​ប្រមាណ ៣ម៉ោង​កន្លះ​រួចមក ឧត្តម អេង ឆៃអ៊ាង ប្រធានគណៈ​កម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និងទំនាក់​ទំនង​នៃរដ្ឋសភា ក៏បាន​ស្នើរដ្ឋ​មន្ត្រីក្រសួង​បរិស្ថាន ចំនួន ៤ចំណុច រួមមាន ពិនិត្យ​លទ្ធភាព​ក្នុង​ការឆ្វៀល​ដីជូនប្រជាពលរដ្ឋ​ដែល​នៅសេសសល់​ប្រមាណ ៣១៨គ្រួសារ នៅ​ក្នុងស្រុក​ទាំង​ពីរ ដែល​មិន​ព្រមទទួល​យក​សំណង។ ទី២ ស្នើអោយ​ក្រសួង​កុំ​មាន​វិធាន​ការគំរាម​កំហែង ឬ​ប្រើប្រាស់​វិធានតុលា​ការចំពោះ​ពលរដ្ឋ​ទាំង​នោះ។ ទី៣ ស្នើអោយ​ស៊ើប​អង្កេត​អំពីភាព​មិន​ប្រក្រតីនៃការដោះស្រាយផល​ប៉ះពាល់ កន្លងមក និងទី៤ គណៈ​កម្មការ​នេះ បាន​ស្នើសុំ​របាយការណ៍ និងឯកសារពាក់​ព័ន្ធ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​យក​សំណង​ពី ក្រុម​ហ៊ុន៕