Thursday, May 07, 2015

ឯកឧត្តម​ សាយ​ សំអាល់៖ ​ក្រសួង​មិន​មាន​គោល​នយោបាយ ​បង្ខិត​បង្ខំ​ រឺប្រើអំ​ពើហិង្សា​លើប្រជាពលរដ្ឋ​ដើម្បី​យកដី​ឡើយ​

រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ឯកឧត្តម សាយ សំអាល់ បាន​មាន​ប្រសាសន៍ថា  ក្រសួង​បរិសា្ថន នឹងខិតខំ​ធ្វើយ៉ាង​ណាដោះ​ស្រាយបញ្ហា​ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ ស្រុក​បុទុមសាគរ​ និង​គីរីសាគរ​ ក្នុងខេត្ត​ កោះកុង ជាមួយ​ក្រុមហ៊ុនចិន​ យូញៀន ឌីវើល​ឡុបមែនគ្រុប (Union Development Group) ដោយ​តម្លាភាព និង​យុត្តិធម៌ ហើយដាច់​ខាតនឹង​មិនមានការ​ប្រើអំពើហិង្សា​លើប្រជាពលរដ្ឋ​ក្នុងការដោះ​ស្រាយជម្លោះ​ដីធ្លីនេះឡើយ។​
កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៥ បន្ទាប់​ពីចេញ ពីបក​ស្រាយបំភ្លឺ​ នៅចំពោះមុខ​គណៈកម្មការទី១ នៃ​រដ្ឋសភា គឺគណៈកម្មការ ទទួល​ពាក្យ​បណ្តឹង​អង្កេត និង​ទំនាក់​ទំនង​រដ្ឋសភា ព្រឹទ្ធស​ភា ពាក់ព័ន្ធនឹង​បញ្ហាទំនាស់​ដីធ្លី​នៅក្នុង​ខេត្តកោះកុង ឯកឧត្តម សាយ សំអាល់ បាន​មានប្រសាសន៍​ទៅ​កាន់​អ្នក​សារព័ត៌​មាន​ថា «ជាគោល​ការណ៍​រួម​យើង​មិន​មាន​គោលនយោបាយបង្ខិត​បង្ខំ រឺមួយ​រុញ​ឲ្យបង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នោះ​ចាក​ចេញ រឺមួយ​ប្រើអំពើ​ហិង្សាលើ​បងប្អូន​នោះ​ទេ»
ឯកឧត្តម សាយ សំអាល់ បាន​លើក​ឡើងផង​ដែ​រថា «យើង ​ខ្ញុំ​គិត​ថា ការ​ឆ្លើយឆ្លង​គ្នា ផ្លាស់​ប្តូរនូវ​ព័ត៌​មាន​គ្នា និង​ការជជែកគ្នា រវាង​ក្រសួង​បរិស្ថាន និងគណៈកម្មកា​រទី១នៃ​រដ្ឋសភានេះ ក៏ជារឿង​ល្អ​មួយ ដើម្បី​ឲ្យ​គណៈ​កម្មាការទី១ បាន​យល់​ច្បាស់​អំពីបញ្ហារបស់​ក្រសួង​បរិស្ថាននៅក្នុងការដោះស្រាយ​បញ្ហាដី​ ធ្លីនៅ​ស្រុក​បុទុម​សាគរ និង​គីរីសាគរ​នេះ។»
ឯកឧត្តម សាយ សំអាល់ ក៏បាន​បន្ថែម​ទៀតថា ជា​ធម្មតាគណៈកម្មាការទី១ មាន​ពាក្យ​បណ្តឹងផ្សេងៗ​ពីបញ្ហា​ដី​ធី្ល ដែល​យក​មក​ក្នុង​ពេលនេះ ដូច្នេះ​យើង​មក​នេះ គឺដើម្បី​បកស្រាយ និង​បំភ្លឺជូន​គាត់។ ដោយ​ឡែកករណី​មួយ​ចំនួន ដែល​ខាងគណៈកម្មការ​ទី១ ក៏ដូចជា ឯកឧត្តម អេង ឆៃអ៊ាង បានលើក​ឡើង​ចំនួន​៤ចំណុចនោះ ដែល​ក្នុង​នោះនិយាយ​អំពី ភាព​មិន​ប្រក្រតីក្នុង​ការដោះស្រាយ​បញ្ហាជម្លោះ​ដីធ្លី​នេះ «ខ្ញុំបាន ​ជម្រាប​ជូន​លោក ក៏បាន​ជម្រាប​ទៅដល់​សមាជិក នៃសមាជិក​ប្រជុំទាំង​អស់ថា បើមាន​ភាពមិន​ប្រក្រតី ប្រហែលជាមាន នៅក្នុងកំរិត​បុគ្គល មិនមានជា​កំរិត​ប្រព័ន្ធទេ នេះបើ​តាម​អ្វីដែល​យើងខំ​ប្រឹង​ប្រែង​ធ្វើរាល់​ថ្ងៃគឺយើង​ចៀសវាង​ ណាស់ត្រង់ចំណុច​នេះ»
ឯកឧត្តម សាយ សំអាល់ បន្តថា បច្ចុប្បន្ន​ក្រសួង​គឺចៀស​វាង​ណាស់នៅ​បញ្ហាមិន​ប្រក្រតី​នេះ ព្រោះការ​ដោះស្រាយ​បញ្ហាយើង​ចង់​ឲ្យមាន​តម្លាភាព និងមាន​ភាព​យុត្តិធម៌ជូន អ្នក​ដែលមាន​ការពាក់ព័ន្ធ​ទាំងអស់​គ្នា។ ដោយ​ឡែក ចំពោះ​សំណើរ​ផ្សេងៗទៀត​ដែល​គណៈកម្មាការ​ទី១បានលើក​មក គឺយើង​ខ្ញុំទទួល​យក ដើម្បី​សិក្សា​និងពិភាក្សា​គ្នាបន្ត ថាតើ​យើង​អាច​ដោះស្រាយរបៀប​ម៉េច? ជូន​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ទាំង នៅក្នុង​ស្រុកបុទុម​សាគរ ទាំង​នៅគីរីសាគរ។
គួរបញ្ជាក់​ថា ក្រោយ​ជំនួប​បិទ​ទ្វាររយៈពេល​ប្រមាណ ៣ម៉ោង​កន្លះ​រួចមក ឧត្តម អេង ឆៃអ៊ាង ប្រធានគណៈ​កម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត និងទំនាក់​ទំនង​នៃរដ្ឋសភា ក៏បាន​ស្នើរដ្ឋ​មន្ត្រីក្រសួង​បរិស្ថាន ចំនួន ៤ចំណុច រួមមាន ពិនិត្យ​លទ្ធភាព​ក្នុង​ការឆ្វៀល​ដីជូនប្រជាពលរដ្ឋ​ដែល​នៅសេសសល់​ប្រមាណ ៣១៨គ្រួសារ នៅ​ក្នុងស្រុក​ទាំង​ពីរ ដែល​មិន​ព្រមទទួល​យក​សំណង។ ទី២ ស្នើអោយ​ក្រសួង​កុំ​មាន​វិធាន​ការគំរាម​កំហែង ឬ​ប្រើប្រាស់​វិធានតុលា​ការចំពោះ​ពលរដ្ឋ​ទាំង​នោះ។ ទី៣ ស្នើអោយ​ស៊ើប​អង្កេត​អំពីភាព​មិន​ប្រក្រតីនៃការដោះស្រាយផល​ប៉ះពាល់ កន្លងមក និងទី៤ គណៈ​កម្មការ​នេះ បាន​ស្នើសុំ​របាយការណ៍ និងឯកសារពាក់​ព័ន្ធ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​យក​សំណង​ពី ក្រុម​ហ៊ុន៕



No comments:

Post a Comment