Thursday, May 07, 2015

សម្តេច​តេជោ ហ៊ុន សែន ជួប​សំ​ណេះ​​​សំ​ណាល និង​​ពិភាក្សា​ការងារ​​ជា​មួយ​​ប្រធាន​​សភា​សិង្ហបុរី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រតិភូរដ្ឋសភាសិង្ហបូរី ជាព្រឹត្តិការណ៍ ថ្មី មួយទៀត នៃទំនាក់ទំនងទ្វេភាគី ដែលជាចំណែកមួយយ៉ាងសំខាន់ ក្នុងការរឹតបន្តឹងចំណងមិត្ត ភា ទ្វេភាគី ក៏ដូចជាក្នុងក្របខណ្ឌអាស៊ាន​។

សម្តេចតេជោ លើកឡើងបែបនេះ ក្នុងឱកាស​ទទួល​ជួបពិភាក្សា​ការ​ងារជាមួយ​លោក​ជំទាវ Halimah Yacob ប្រធានរដ្ឋសភា នៃប្រទេសសឹង្ហបូរី នៅវិមាន​សន្តិភាព​នាព្រឹក ថ្ងៃ​ទី​៧​ ខែឧសភា ឆ្នាំ​២០១៥​នេះ។

ឯកឧត្តម ស៊្រី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់​អ្នក​យក​ព័ត៌​មាន​នៅ​ក្រោយ​ជំនួបនេះថា៖ ក្នុងជំនួបនេះសម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ​វត្តមាន​គណៈប្រ​តិ​ភូ​សភាសិង្ហបូរី និងបានសំដែងនូវសេចក្តីសង្ឃឹមថាទស្សនកិច្ចនេះ​នឹង ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

សម្តេចតេជោបានចាត់ទុកថាដំណើរទស្សនកិច្ចរបស់លោកជំទាវ នៅកម្ពុជា មិនមាន​ការ​លំ​បាកទេ ដោយសារប្រទេសយើង មានជើងហោះហើរត្រេង់ ពីសិង្ហបូរី មកភ្នំពេញ​រហូត​ដល់​៣៥ជើង ក្នុង១សប្តាហ៍។

ជាមួយនឹងអំណរគុណដល់សម្តេចតេជោដែលបានអនុញ្ញាតឱ្យលោកជំទាវនិងប្រតិភូចូល  ជួបសវនាការនេះ លោកជំទាវ Halimah Yacob បានជំរាបជូនសម្តេច​អំពី​ជំនួប​រវាង​លោក​ជំទាវ ជាមួយនឹង សម្តេច​ពញាចក្រី ហេង សំរិន ក្នុងព្រឹកនេះផងដែរ ។ ទន្ទឹមនេះ សម្តេចតេជោ បានចាត់ទុកថា ដំណើរ​ទស្សនកិច្ច របស់ប្រតិភូសភា សិង្ហបូរី ជាព្រឹត្តិ​ការណ៍​ថ្មីមួយទៀត នៃ​ទំនាក់ទំនងទ្វេភាគី របស់​ប្រទេសយើងទាំងពីរ​ដែលជាចំណែក​មួយយ៉ាងសំខាន់ ក្នុងការ​រឹត​បន្តឹង​ចំណងមិត្ត​ភាព​ទ្វេភាគី ក៏ដូចជាក្នុងក្រប​ខណ្ឌ​អាស៊ា​ន​ផងដែរ។ ​

សម្តេចតេជោ បាន​ថ្លែងអំណរ​គុណដល់​ភាគីសិង្ហបូរី ដែលបាន​ជួយ​សហការ​យ៉ាង​ច្រើន ជាពិសេស​នៅក្នុង​វិស័យ​ហ្វឹក​ហ្វឺន​ធន​ធាន​មនុស្ស ដែលជាកត្តាសំខាន់​រួម​ចំណែ​ក​​ដល់ការអភិវឌ្ឍប្រទេស ដោយសារបច្ចុប្បន្នប្រទេស​សិង្ហបូរីបានក្លាយ​ជា​មជ្ឈ​មណ្ឌល​ដ៏មានសមត្ថភាព ក្នុងការបណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស និងសេវា​កម្ម​ផ្សេងៗទៀត ។

សម្តេចតេជោបន្តថា យើងមាននិស្សិតជាច្រើនដែលបានស្វះស្វែង រកការ​បណ្តុះ​បណ្តា​ល​​នៅ​សិង្ហ​បូរី តាមរយៈអាហារូបករណ៍ និងដោយផ្ទាល់ខ្លួន ហើយ​ប្រទេស​សិង្ហបូរី ក៏បាន​បង្កើតនូវ មជ្ឈមណ្ឌលហ្វឹកហ្វឺនធនធានមនុស្សនៅកម្ពុជា ក្រៅពីនោះ​ក៏មានវិស័យ​ផ្សេងៗ​ទៀត ដោយ​ប្រទេសសិង្ហបូរី មានចំនុចខ្លាំង ផ្នែកធនធានមនុស្ស និង​ស្ថាប័ន​ផ្សេង​ៗ ។

ក្រៅពីការហ្វឹកហ្វឺនធនធានមនុស្ស ប្រទេសសិង្ហបូរី មានទំនាក់ទំនងជាមួយកម្ពុជា ដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ ដោយមានក្រុមហ៊ុនជាច្រើន បានវិនិយោគនៅ កម្ពុជា ក្នុងនោះ​ក៏​មានសេវាកម្មសុខាភិបាលផងដែរ ដែលសម្តេចចាត់ទុកថា សិង្ហបូរី បាន​ក្លាយ ជាមជ្ឈ​មណ្ឌល​ផ្នែក​សេវាកម្មសុខាភិបាល ដ៏មានប្រសិទ្ធភាព ដោយ​ប្រជា​ជនកម្ពុជា រួមទាំង ប្រជា​ជន​នៅ​ក្នុង​តំបន់ ដូចជាថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ឥណ្ឌា​ និង​ប្រជាជននៅមជ្ឈឹមបូព៌ា ក៏ស្វែង​រកសេវា​សុខាភិបាលនៅសិង្ហបូរីផងដែរ ជាពិសេស​ក្រសួងសុខាភិបាលកម្ពុជា មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការជាមួយគ្នាលើវិស័យវេជ្ជសាស្ត្រ។

ទាក់ទិននឹងរឿងនេះ សម្តេចតេជោបាន សំណូមពរឱ្យ​សិង្ហ​បូរីបង្កើតកិច្ច​សហ​ប្រតិ​បត្តិ​ការ ផ្ទេរចំណេះដឹង ផ្នែកបច្ចេកវិទ្យាមកឱ្យកម្ពុជា។

សម្តេចតេជោ បាន​មាន​ប្រសាសន៍​ថា​ ថ្វីបើសហគមន៍សេដ្ឋកិច្ច​អាស៊ាន​ត្រូវបាន​បង្កើត​នៅចុងឆ្នាំ  ២០១៥ នេះក៏ដោយ ក៏ការងាររបស់យើង គឺនៅ​មានកិច្ចការច្រើន​ណាស់  ដោយ​សម្តេចបាន​សុំឲ្យ​សិង្ហបូរី​បន្តជួយថែមទៀក្នុងការពង្រឹង និងពង្រីក ពាណិជ្ជកម្ម សាយសារក្នុងឆ្នាំកន្លងមក​ទំហំ​ពាណិជ្ជ​កម្ម​រវាងកម្ពុជានិងសិង្ហបូរីមានប្រហែលជាង ២​ពាន់៧​០០លាន​ដុល្លារ គឺ​មិនទាន់សម​ស្របនិង​សក្តានុពលដែលយើងមាននោះទេ  ដូច្នេះ​សុំរិះរកមធ្យោបាយធ្វើយ៉ាងណា ដើម្បីបង្កើនទំហំ​ពាណិជ្ជកម្មឲ្យ​បានកើន​ឡើង​ថែមទៀត  ជំរុញការវិនិយោគថែមទៀត  ក៏ដូចជាការពិនិត្យ ទៅ​លើ​ការជំរុញ​ការ​ហោះ​ហើរ​ត្រង់ឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីបំពេញ​សេចក្តី​ត្រូវ​ការ​របស់​អ្នកទេសចរ  ដោយសារសិង្ហបូរីជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ធំមួយ មានភាព​ងាយ​ស្រួល​ដល់​ការ​បន្តដំណើរពីសិង្ហបូរី មកកម្ពុជា បើសិនជាមានការហោះ​ហើរ​ត្រង់​កាន់តែ​ច្រើន​នោះ​។

​សម្តេចតេជោ ក៏បានរំលឹកពីធាតុចូលដែលសម្តេចបានទទួលពីអតីតនាយករដ្ឋមន្ត្រី​សិង្ហបូរី ហ្គោ ជុកតុង ដែលបានផ្តល់យោបល់ ទៅនឹងការបើកចំហរជើងមេឃ  សម្រាប់​ទេសចរណ៏ ក្រោយ​មកកម្ពុជាបានអនុវត្តនយោបាយនេះប្រកបដោយជោគជ័យ។

លោកជំទាវប្រធានសភាសិង្ហបូរី បានឯកភាពនូវអ្វីដែល​សម្តេច​បានលើក​ពីទំនាក់​ទំនង​ទ្វេភាគី    ហើយសម្តេច និងលោក​ជំទាវបាន​សំដែង​នូវការពេញ​ចិត្តចំពោះទំនាក់​ទំនង​ដែល​មាន​​​ការ​​រីកចំរើនក្នុងពេលកន្លងមក។ លោកជំទាវ​បានថ្លែង​អំណរគុណសម្តេច​ដែល​​បាន​អញ្ជើញ​ទៅ​ចូលរួមបុណ្យសពអតីតនាយករដ្ឋមន្ត្រីសិង្ហបូរី លីខ្វាន់យូ  កាល​ពីខែ​កន្លង​មក។​ លោកជំទាវបានរំលឹកថាកម្ពុជាគឺជាប្រទេសទី១​ដែលបាន​ទទួល​ស្គាល់​សិង្ហបូរីនៅពេលសិង្ហបូរីបានទទួល  ឯករាជ្យភ្លាម និងបានផ្តើមនូវទំនាក់ទំនង​ការទូត​ជាមួយនាយករដ្ឋមន្ត្រីទី១  លោកលីខ្វាន់យូ ជា​មួយព្រះមហាវីរក្សត្រកម្ពុជា នរោត្តម​សីហនុ។
ឯកឧត្តម ស៊្រី ថាមរ៉ុង្គ  បាន​ឲ្យ​ដឹង​ថា ឆ្នាំនេះ​សម្តេចតេជោ​ក៏គ្រោងអញ្ជើញ​ទៅចូល​រួមបុណ្យឯករាជ្យភាពខួបលើកទី៥០ឆ្នាំរបស់សិង្ហបូរីនាពេលខាងមុខផងដែរ។
លោកជំទាវបានគូសបញ្ជាក់ពីការហ្វឹកហ្វឺនធនធានមនុស្ស ថាជាវិស័យយ៉ាងសំខា​ន់​មួយ​ដែលត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការ   ហើយកម្ពុជាគឺជាប្រទេស​ទី៤ដែល​បាន​ទទួល​ការ​ហ្វឹក​ហ្វឺនពីសិង្ហបូរីក្នុងចំណោមបណ្តាប្រទេសអាស៊ាន។

លោកជំទាវបានសំដែងការពេញចិត្តចំពោះទំនាក់ទំនងខាងវិស័យវិនិយោគ ជាមួយ​សិង្ហបូរីដែលកម្ពុជាជាដៃគូរទី៦ក្នុងវិស័យពាណិជ្ជកម្មជាមួយកម្ពុជា។ លោក​ជំទាវ​សង្ឃឹម​ថា ការវិនិយោគនិងទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្ម នឹងកាន់តែល្អ​ប្រសើរ​ថែមទៀត។ លោកជំទាវ បានលើកឡើងថាយើងគួរមានការផ្លាស់ប្តូរទស្សនកិច្ច​កំរិត​ខ្ពស់​ឲ្យបានច្រើនថែម   ទៀតដើម្បី ផ្លាស់ប្តូរមតិគ្នាលើបញ្ហាពង្រីកទំនាក់ទំនងទ្វេភាគី។

សម្តេចតេជោ បានសំ​ដែង​នូវស្វាគមន៍នូវគំនិតផ្តួចផ្តើមដែលចង់ឲ្យមានសមាគម​សភាកម្ពុជា-សិង្ហបូរី  ហើយសម្តេច មានប្រសាសន៏ថា ក្រៅពីទំនាក់ទំនង​រដ្ឋាភិបាល​ជាមួយរដ្ឋាភិបាល យើងក៏​ត្រូវ​មាន​ទំនាក់ទំនងខាងផ្នែកនិតិបញ្ញាត្តិ  ប្រជាជន និង​ប្រជា​ជន សមាគមនិងសមាគម អង្គការ​និង​អង្គការ ដើម្បីឲ្យយល់ដឹងគ្នាពីគ្រប់មជ្ឈដ្ឋាន  ដែល​និងរួមចំណែក​ដល់ទំនាក់​ទំនងខាង​នយោ​បាយ​ផងដែរ៕​




No comments:

Post a Comment