Monday, June 14, 2021

BREAKING: សម្ដេចតេជោ ហ៊ុន សែន ចេញសេចក្ដីសម្រេចតែងតាំងសមាសភាពគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩, ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ជាប្រធាន

 
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពីការ តែងតាំងសមាសភាពគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងនោះមាន លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន។ ក្នុងសេចក្ដីសម្រេចបញ្ជាក់ថា គណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ក៏មានអនុប្រធានចំនួន២រូបទៀតផងដែរ រួមមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងលោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ព្រមទាំងសមាជិកចំនួន២១រូប។ ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន៖

BREAKING: សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចតែងតាំង សមាសភាពគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩

 
 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចតែងតាំង សមាសភាពគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។

សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ លើកទី៤ (មានវីដេអូ)


 
 សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៤ ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ ក្រោមប្រធានបទ "TVET ធ្វើឱ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់"។

អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ចាម និងសប្បុរសជន ផ្តល់ថវិកា ជូនគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម

កំពង់ចាម៖ អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ចាម និងសប្បុរសជននានា នៅព្រឹកថ្ងៃទី១៤  ខែមិថុនា ឆ្នាំ២០២១នេះ  បាននាំយកថវិកាផ្តល់ជូន គណៈកម្មការប្រយុទ្ធប្រឆាំង នឹងជំងឺ កូវីដ-១៩ ខេត្តកំពង់ចាម ក្រោមការស្វាគមន៍របស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងអភិបាលរង នៃគណៈអភិបាលខេត្ត សម្រាប់យកទៅប្រើប្រាស់ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ -១៩ និងផ្គត់ផ្គង់ ដល់ប្រជាពលរដ្ឋ ដែល កំពុងធ្វើចត្តាឡីស័ក ក្នុងខេត្តកំពង់ចាមផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ចាម និងសប្បុរសជននានា ដែលបាននាំយកថវិកាសរុបចំនួន ២១៨០ដុល្លារ  និង៨លានរៀល ប្រគល់ជូនគណៈកម្មការ  ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម សម្រាប់យកទៅប្រើប្រាស់ ជាប្រយោជន៍ក្នុង យុទ្ធនាការនានា ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ដែលជាការចូលរួមរំលែកចំពោះទុក្ខលំបាក និងការខ្វះខាត របស់បងប្អូន ពលករ ចំណូល ស្រុក ក៏ដូចជា អ្នកពាក់ព័ន្ធ នឹងព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័កខណៈកម្ពុជា កំពុង ស្ថិតក្នុងដំណាក់កាលរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងជាមួយ នឹងវីរុសកូរ៉ូណា ដ៏កាចសាហាវ នេះផងដែរ ៕





រដ្ឋបាលខេត្តបាត់ដំបង ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញអ្នកជំងឺកូវីដ១៩ ជាពលករត្រលប់មកពីប្រទេសថៃ ចំនួន៩នាក់

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មានដល់ប្រជាពលរដ្ឋឲ្យបានដឹងថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ១៩ ជាពលករត្រលប់មកពីប្រទេសថៃចំនួន៩នាក់ និងករណីព្យាបាលជាសះស្បើយចំនួន៣នាក់ដែលមានរាយនាមដូចខាងក្រោម÷




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យលោក Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រី ។

នៅក្នុងជំនួបនោះ លោក Martin Vávra បានគោរពជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា បេសកកម្មរបស់ លោក មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែធំធាត់ឡើងបន្ថែមទៀត។ លោកឯកអគ្គរដ្ឋទូតបានបន្ថែមទៀតថា សាធារណរដ្ឋឆែកមានមនោសញ្ចេតនាចំពោះកម្ពុជា ឈរលើមូលដ្ឋាននេះ លោកបានសន្យាចំពោះលោកនាយករដ្ឋមន្ត្រីថា នឹងប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យវិនិយោគ។ ជាមួយគ្នានោះផងដែរ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានគោរពជម្រាបជូនលោកនាយករដ្ឋមន្រ្តី សាធារណរដ្ឋឆែកនឹងជួយដល់កម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ លោក Martin Vávra ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ដែលបានជួយដល់កម្ពុជាពីអតីតកាលលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច លើសពីនេះទៅទៀតក៏បានលុបបំណុលមួយចំនួនធំ ហើយបំណុលដែលនៅសេសសល់បានយកមកជួយកម្ពុជាវិញ តាមរយៈការសាងសង់សាលារៀន វិស័យសង្គមកិច្ចជាដើម។

ពាក់ព័ន្ធទៅនឹងបេសកកម្មកាទូតរបស់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យលោក Martin Vávra យកចិត្តទុកដាក់ទៅលើការជំរុញសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍន៍ធនធានមនុស្ស។ លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា កម្ពុជាកំពុងតែជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ប្រជាពលរដ្ឋកម្ពុជា ហើយអាចនឹងចាក់រហូតដល់១០លាននាក់ នៅត្រឹមខែវិច្ឆិកាខាងមុខនេះ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជូនពរឲ្យឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់នាពេលខាងមុខ៕





 

រដ្ឋបាលខេត្តស្វាយរៀង ជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់លេខទូរស័ព្ទសម្រាប់ទទួលព័ត៌មាន និងស្វែងរកសួរព័ត៌មានករណីសង្ស័យបុគ្គល៊មានពាក់ព័ន្ធនឹងជំងឺកូវីដ-១៩

 នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្ដីជូនដំណឹងស្ដីពីការ ដាក់ឱ្យប្រើប្រាស់លេខទូរស័ព្ទសម្រាប់ទទួលព័ត៌មាន និងស្វែងរកសួរព័ត៌មានករណីសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ១៩ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ខេត្ត ។

សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង មានដូចតទៅ៖



ពិធីប្រគល់-ទទួលផ្ទះ រួមទាំងសម្ភារៈបរិក្ខារ និងគ្រឿងឧបភោគបរិភោគ ជូនអតីតយុទ្ធជនក្រីក្រ និងពិការភាព

 ពោធិ៍សាត់÷ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រគល់-ទទួលផ្ទះ ចំនួន៥០ខ្នង រួមទាំងសម្ភារៈបរិក្ខារ និងគ្រឿងឧបភោគបរិភោគ ជាង៣០មុខ ជូនអតីតយុទ្ធជនក្រីក្រ និងពិការភាព (ក្នុងជំហាន១) នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិប៊ុនរ៉ាសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់៕





សេចក្តីជូនដំណឹងដល់បងប្អូនកម្មករ កម្មការិនីដែលធ្វើការផ្នែកផលិតខ្សែគ្រឿងបង្គុំ អគ្គិសនី និងតំឡើងត្រង់ស្វរ តូក្យូ ផាតស៍ អ៊ិនដាសស្ទ្រៀល ត្រូវតាមដានសុខភាព

 សេចក្តីជូនដំណឹងដល់បងប្អូនកម្មករ កម្មការិនីដែលធ្វើការនៅក្នុងផលិតខ្សែគ្រឿងបង្គុំ អគ្គិសនី និងតំឡើងត្រង់ស្វរ តូក្យូ ផាតស៍ អ៊ិនដាសស្ទ្រៀល (ខេមបូឌា) ស្ថិតនៅក្រុងបាវិត តំបន់សេដ្ឋកិច្ចពិសេស តាយសេង កន្លងមកមានកម្មករ-កម្មការិនីរោងចក្រមួយចំននតូច វិជ្ជមានកូវីដ-១៩ ដូច្នេះបងប្អូនត្រូវតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩​​ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕