Wednesday, January 27, 2016

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអន្តរាគមន៍ ដោះស្រាយបញ្ហា ជូនពលករខ្មែរដែលធ្វើការនៅបរទេស

នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៦នេះ ឯកឧត្តម   ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានឲ្យដឹងថា ក្រសួងការ​បរទេស និងសហប្រតិបត្តិ​ការអន្តរជាតិ បានចុះ ទៅអន្តរាគមន៍​ដោះស្រាយបញ្ហា​តម្លើងប្រាក់​ឈ្នួល ជូនពលករខ្មែរ​ទៅធ្វើការនៅបរទេសដែលទទួល​​រងនូវការរំលោភបំពាន​ពីសំណាក់និយោជកនៃ​ក្រុមហ៊ុន និងអន្តរាគមន៍ជួយស្រ្តីខ្មែររង​គ្រោះ ដែលត្រូវប្ដី​ធ្វើបាប។
ក្រសួងការបរ​ទេស និងសហប្រតិបត្តិការ​អន្តរជាតិ បានចុះជួយ​ដោះស្រាយបញ្ហាជូន​ពលករខ្មែរទៅធ្វើការនៅ​បរទេសរួម​មាន រាជាណាចក្រ​ថៃ  ប្រទេស​ចិន និងប្រទេសម៉ា​ឡេស៊ី តបតាម​ការតវ៉ាពីស្ថាន​ទូតនី​មួយៗ។ ដែលអន្តរាគមន៍​ទាំងនោះមាន​ដូចជា៖
អនុវត្តតាមការ​ណែនាំរបស់ក្រសួង​ការបរទេស និងសហប្រតិបត្តិ​ការអន្តរជាតិ ស្ថាន-        ឯកអគ្គរាជទូតកម្ពុជា​ប្រចាំព្រះរាជាណាច​ក្រថៃ កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៦ បាន​ចុះ ទៅអន្តរាគមន៍ដោះ​ស្រាយបញ្ហាតម្លើង​ប្រាក់ឈ្នួល ជូនពលករខ្មែរ​ស្របច្បាប់ចំនួន​២៦០នាក់ ដែល​ធ្វើការនៅការដ្ឋានសាង​សង់់ក្នុងឃុំបាងវួរ ស្រុកបាងស្ម័គ្រ ខេត្តឆាក់ឆឹង​សៅ(Chachoengsao) ប្រទេសថៃ ហើយ​ទទួល​រងនូវការរំលោភបំពានពីសំណាក់​និយោជកនៃ​ក្រុមហ៊ុន          សំណង់ឈ្មោះ POTEAM BUILDER CO., LTD  ។ បន្ទាប់ពីមានជំនួបប្រជុំរវាងតំណាងស្ថាន​ទូត តំណាង​មន្ទីរការងារខេត្តឆាក់​ឆឹងសៅ តំណាងនិយោ​ជក និងតំណាង​ពលកររួចមក ជាលទ្ធផល​តំណាងនិយោជក​បានឯក​ភាព តម្លើងប្រាក់​ឈ្នូល ៣០០ បាត ក្នុង​មួយថ្ងៃស្មើៗគ្នាសំរាប់​បុរសនិង​ស្រ្តី និងយល់​ព្រមប្រគល់ លិខិតឆ្លង​ដែនជូនពលក​រវិញ។
ឯកឧត្តម ជុំ សុន្ទរី បានបន្ថែម​ថាស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំ​ទីក្រុងក្វាងចូវ ប្រទេស​ចិន បានអន្តរាគមន៍ជួយស្រ្តីខ្មែរ រងគ្រោះចំនួន​០២នាក់ ដែលត្រូវប្ដី​ធ្វើបាប មានឈ្មោះ ហួន ស្រីតូច អាយុ ២៨ ឆ្នាំ រស់នៅភូមិ​ពង្រ ឃុំពង្រ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងសេង សា អាយុ ២៨ ឆ្នាំ រស់នៅភូមិសណ្ដាន់ ឃុំបាជ័យ ខេត្តកំពង់ធំ។
ស្រ្ដីខ្មែររងគ្រោះទាំងពីរនាក់ ហួន ស្រីតូច និង សេង សា នឹងមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៦ វេលាម៉ោង ១៣:៣០ នាទី  រសៀល តាមជើងយន្តហោះ CZ 6059
អ្នកនាំពាក្យ ក្រសួងការបរទេស​ក៏បានឲ្យដឹងផង​ដែរថា ស្ថានឯកអគ្គរាជ​ទូតកម្ពុជាប្រចាំប្រទេសម៉ាឡេ​ស៊ី បានអន្តរាគមន៍ជួយពលការិនី​ខ្មែរចំនួន០១នាក់  ឈ្មោះ សុខ សាន អាយុ ២៤ ឆ្នាំ នៅភូមិកំប៉ី ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ  ដែលបានទៅធ្វើ​ការជាអ្នក​បោសសំអាតនៅ​ប្រទេសម៉ាឡេ​ស៊ី តាំងពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៤  ហើយជួប​ប្រទះនឹងកា​រលំបាកក្នុងការងារ អោយបាន​ត្រឡប់មក​កម្ពុជាវិញ ។
តាមការតវ៉ាពី​ស្ថានទូតនៅ​ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៦ ថៅកែបាន​យល់ព្រមបើក​ប្រាក់ខែ គ្រប់ចំនួន​អោយពល​ការិនី  សុខ  សាន។
កំឡុងពេលរង់ចាំ​ការត្រឡប់មកកម្ពុជា​វិញ ស្ថានទូតបាន​ផ្តល់កន្លែងស្នាក់​នៅ និងហូប ចុកជូនដល់ពលការិនី រូបនេះ ។

ពលការិនី សុខ សាន  បានមកដល់​អាកាសយានដ្ឋានអន្តរ​ជាតិភ្នំពេញ កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៦ វេលាម៉ោង ០៤: ០០  រសៀល តាមជើង​យន្តហោះ AK ៥៣៤៕

គ្រូពេទ្យស្ម័គ្រជាង ១០០នាក់ ព្យាបាលជម្ងឺនៅពោធិសាត់

   គ្រូ​ពេទ្យ​ ​១១០​នាក់ បាន​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ នៅ​ខេត្ត​ពោធិ៍សាត់ ​នៅ​ថ្ងៃទី​២៦​ខែ​មក​រា​នេះ ​។ ការ​ព្យាបាល​ប្រជាជន​ក្នុង​ខេត្ត​ពោធិ៍សាត់ ​នោះ​ រៀប​ចំ​ឡើង​ដោយ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​កម្ពុជា​… ហើយ​​ការ​ព្យាបាល​នោះ​បាន​ធ្វើ​ឡើង​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក ស្រុក​សំពៅ​មាស​ ។

     រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ ឯកឧត្ដម​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បាន​អញ្ជើញ​ចូល​រួម​​ពិនិត្យ​មើល​ការ​ព្យាបាល​ជម្ងឺ​នោះ​ផង​ដែរ​នៅ​ថ្ងៃ​ទី​២៦​ ខែ​មករា​នេះ​ ។ របាយ​ការណ៏​របស់​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​សំពៅ​មាស លោក​វេជ្ជបណ្ឌិត  ចាន់សុខា បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ព្យាបាល​នេះ​មាន​រយៈ​ពេល​ ១០​ថ្ងៃ ​ចាប់​ផ្តើម​ពី​ថ្ងៃទី​២៥ ខែ​​មករា ​ឆ្នាំ​ ២០១៦ រហូត​ដល់​ថ្ងៃទី​៦​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៦​ ។ គ្រូ​ពេទ្យ​ខ្មែរ​ស្ម័គ្រ​ចិត្ត ចំនួន ​១១០​នាក់ នេះ បាន​ចុះ​មក​ព្យាបាល​ជម្ងឺ​ទូទៅ​ជូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ ដែល​ការ​ព្យាលបាល​បាន​ផ្តោត​លើ ច្រមុះ​មាត់ បំពង់​ក …ការ​ព្យាបាល​មាត់​ធ្មេញ និង​ដក​ធ្មេញ​ជា​ដើម ក្នុង​នោះ​ដែរ ការ​ព្យាបាល​ក៏​ទាក់​ទង​លើ​ផ្នែក​សម្ភព​ស្រ្តី…​ ជម្ងឺ​ស្ត្រី…​ជម្ងឺ​ស្ពឹក រលាក​សន្លាក់ ជា​ដើម​ ។  សមាគម​សុខាភិបាល​នៅ​អាមេរិក​ ក៍​នឹង​ផ្តល់​ដៃ​សិប្បនិមិត្ត ជូន​អ្នក​ពិការ​ផង​ដែរ​ ​។

     ឯកឧត្តម​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បាន​សម្តែង​ការ​អបអរ​ចំពោះ ​លោក​វេជ្ជបណ្ឌិត តាន់ សុង  ប្រធាន សមា​គម​សុខាភិបាល​ខ្មែរ​នៅ​សហរដ្ឋ​អាម៉េរិក និង​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​រស់​នៅ​សហរដ្ឋ​អាម៉េរិក ដែល​មាន​សទ្ធា​ជ្រះ​ថ្លា បាន​រៃ​អង្គាស​គ្នា​បាន​ជា​ប្រាក់ ដើម្បី​ទិញ​ជា​ថ្នាំ​ពេទ្យ ចុះ​មក​ជួយ​ព្យាបាល​ជម្ងឺ​ជូន​ប្រជាជន​ខ្មែរ នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ ។ ឯកឧត្ដម​បាន​បន្ត​ថា ខេត្ត​ពោធិ៍សាត់ គឺ​ជា​ខេត្ត​ទី៦ ដែល​ក្រុម​គ្រូ​ពេទ្យ​បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ ដែល​បញ្ជាក់​ឲ្យ​ឃើញ​ថា ទោះ​បី​ជា​ពួក​គេ​បាន​ទៅ​នៅ​សហរដ្ឋ​អាម៉េរិក​ក្តី ប៉ុន្តែ​មិន​ដែល​ភ្លេច​ឈាម​ជ័រ​ជា​អ្នក​មាន​កំណើត​នៅ​កម្ពុជា នោះ​ទេ ។




សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ស្នើឱ្យលោក អាត់ ធន បញ្ឈប់ទង្វើប៉ះពាល់ដល់ប្រជាពលរដ្ឋ

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ លោក ឯ សុភាស់ ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាបាន   សរសេរលិខិតមួយច្បាប់ជូនលោក អាត់ ធន ប្រធានសហភាពការងារកម្ពុជា ដោយបានស្នើសុំឱ្យបញ្ឈប់សកម្មភាពញុះញង់ផ្សេងៗ។

នៅក្នុងលិខិតនោះផងដែរ ក៏បានបញ្ជាក់ពីកម្មវត្ថុ ដោយបានលើកឡើងថា ស្នើបញ្ឈប់សកម្មភាពញុះញង់គ្រប់រូបភាពនៅពីក្រោយអតីតអ្នកបើកបររថយន្តក្រុមហ៊ុន កាពីតូល ចំនួន៤៥នាក់ ដោយបានបញ្ឈប់ស្របតាមច្បាប់រួចហើយ ដែលបានធ្វើឱ្យប៉ះពាល់ដល់ការប្រកបមុខរបររកស៊ីប្រចាំថ្ងៃរបស់បងប្អូនរឺម៉កម៉ូតូកង់បី-ម៉ូតូឌុបចំនួន១៥០នាក់ ដែលបង្កឡើងដោយសារតែអតីតអ្នកបើកបររថយន្តក្រុមហ៊ុនកាពីតូលមួយក្រុមតូចដឹកនាំដោយសហភាពការងារកម្ពុជាឈរទាមទារទាំងបំពានច្បាប់កន្លងមករហូតដល់បច្ចុប្បន្ន។

យោងតាមខ្លឹមសារនៃលិខិតនោះបានឱ្យដឹងថា សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា តំណាងឱ្យបងប្អូនរក ស៊ីដឹកជញ្ជូនភ្ញៀវតាមម៉ូតូ និងម៉ូតូកង់បី នៅក្រុមហ៊ុនកាពីតូលទាំងអស់ សើ្នឱ្យលោក អាត់ ធន បញ្ឈប់សកម្មភាពញុះញង់គ្រប់រូបភាពនៅពីក្រោយអតីតអ្នកបើកបររថយន្តក្រុមហ៊ុនកាពីតូល ចំនួន ៤៥នាក់ ដោយបានបញ្ឈប់ស្របតាមច្បាប់រួចហើយ បានធ្វើឱ្យប៉ះពាល់ទៅដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបអាជីវកម្មជុំវិញបរិវេណដែលក្រុមរបស់លោក អាត់ ធន ឈរទាមទាររាល់ថ្ងៃ និងប៉ះពាល់ដល់អ្នកបម្រើការងារឱ្យក្រុមហ៊ុនរាប់រយនាក់ ព្រមទាំងអ្នកជិះរថយន្តទៅតាមបណ្តាខេត្តក្រុងនានាជាច្រើននាក់ទៀតផង។

នៅក្នុងលិខិតនោះក៏បានបញ្ជាក់ផងដែរថា ទង្វើឈរទាមទារនៅតាមដងផ្លូវទាំងអស់នេះ បានធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅឆ្លងកាត់តំបន់នេះ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល ដោយគិតតែពីផលប្រយោជន៍របស់បក្សពួកខ្លួនមួយក្រុមតូច។ លិខិតនោះក៏បានបន្ថែមថា ក្នុង នាមលោក អាត់ ធន ជាអ្នកការពារសិទ្ធិស្របច្បាប់ យុត្តិធម៌សង្គម និងការពារនីតិរដ្ឋដោយឥតលំអៀង ផ្ទុយទៅវិញ បែរជាលោកចេញមុខដឹកនាំការពារឱ្យបក្សពួករបស់លោកមករំខាន និងប្រព្រឹត្តអំពើល្មើសរហូតឈានដល់ការបង្ករបួសស្នាម ហើយលោក អាត់ ធន បានធ្វើសេចក្តីថ្លែងការណ៍មួលបង្កាច់ និងបានបង្គាប់បញ្ជាឱ្យក្រុមបក្សពួករបស់លោក ជេរប្រមាថមើលងាយដោយប្រើសម្តីអសុរោះដែលមិនអាចទទួលយកបានឡើយ។


នៅក្នុងលិខិតនេះផងដែរ ក៏បានសំណូមពរឱ្យលោក អាត់ ធន ពិនិត្យលើទង្វើទាំងឡាយរបស់ខ្លួន ដែល បានធ្វើសកម្មភាពកន្លងមករហូតដល់បច្ចុប្បន្នឡើងវិញ ថាតើជាទង្វើការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិទាំងមូល ឬជាសកម្មភាពដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួកមួយក្រុមតូចក្រោមរូបភាពជាឈ្មួញសិទ្ធិមនុស្ស ឬុយ៉ាងណា?


រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ចប់ទស្សនកិច្ច ២ថ្ងៃ នៅកម្ពុជា

  រដ្ឋមន្ត្រី​ក្រសួង​​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​បញ្ចប់​ដំណើរ​ទស្សន​​កិច្ច​២​ថ្ងៃ​នៅ​កម្ពុជា​ក្រោយ​ការ​ជួប​ជជែក​សម្តែង​ការ​គួរ​សម​ចំពោះ​​សម្តេច​នាយក​រដ្ឋមន្ត្រី និង​ពិភាក្សា​ការងារ​ជាមួយ​នឹង​សម​ភាគី​កម្ពុជា ឯកឧត្តម​ឧប​នាយក​រដ្ឋមន្ត្រី​ហោ ណាំហុង ​ផង​ដែរ ​។ នៅ​មុន​ការ​ចាក​ចេញ លោក​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​​មួយ​ដែល​មាន​រយៈ​ពេល​១៣​នាទី​ដោយ​​ប​ញ្ជាក់​អំពី​លទ្ធផល​នៃ​ដំណើរ​ទស្សន​កិច្ច ។

     លោក John Kerry បាន​ថ្លែង​ថា​សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​ទំនាក់​ទំនង​​
និង​ពង្រឹង​ទំនាក់​ទំនង​ជា​មួយ​​កម្ពុជា​លើ វិស័យ​ដែល​សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​ធ្វើ​កន្លង​មក រួម​មាន​វិស័យ​អប់រំ​…វិស័យ​សុខា​ភិបាល​…វិស័យ​អភិរក្ស​វប្បធម៌ ជា​ដើម​។ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​គឺ​មាន​ការ​ជជែក​ឥត​លាក់​​លៀម​រវាង ជំហរ​របស់​សហរដ្ឋ​អាមេរិក​និង​ជំហរ​របស់​កម្ពុជា​លើ​អនាគត​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ រួម​ទាំង​ដំណើរ​ការ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​ផង​ដែរ​។ ក្រៅ​ពី​ជួប​ថ្នាក់​ដឹក​នាំ​រដ្ឋា​ភិបា​ល​​ប្រទេស​កម្ពុជា លោក​នៅ​បាន​ជួប​ជាមួយ​នឹង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​លោក ​កឹម សុខា​…និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត​ផង​ដែរ​ ។

     ​ដំណើរ​របស់​លោក John Kerry ទាំង​នៅ​កម្ពុជា​ និង​នៅ​ក្នុង​ប្រទេស​ឡាវ​កន្លង​មក​នេះ គឺ​ដើម្បី​ការ​ត្រួស​​ត្រាយ​ផ្លូវ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​អាមេរិក​នា​ពាក់​កណ្តាល​ខែ​កុម្ភៈ​ខាង​មុខ​នេះ​នៅ​ក្រុង Sunnylands នៃ​រដ្ឋ​កាលីហ្វញ៉ា​។ លោក John Kerry បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​នេះ​ថា ក្នុង ឱកាស​ជួប​ជាមួយ​នឹង​​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​កម្ពុជា លោក​បាន​លើក​អំពី​​របៀបវារៈ​ខ្លះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាមេ​រិក អាស៊ាន និង​មាន​ការ​ជជែក​អំពី​អនាគត​​គម្រោង​វិនិយោគ​សេដ្ឋកិច្ច​របស់​អាមេរិក​​ក្នុង​ប្រទេស​កម្ពុជា​នៅ​​ខែ​កុម្ភៈ​ក្រោយ​នោះ ​។ លោក​បាន​លើក​មក​ជជែក​​អំពី​​សិទ្ធិ​ធ្វើ​កិច្ច​ការ​នយោបាយ ​របស់​អ្នក​តំណាង​រាស្ត្រ ​ក្នុង​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​ត្រូវ​គោរព​ច្បាប់ និង​មិន​ត្រូវ​រង​ការ​គំរាម និង​ការ​ចាប់​ចង​​ណា​មួយ​នោះ​ឡើយ ជា​ពិសេស​ក្នុង​ដំណាក់​កាល​​ដែល​កម្ពុជា​នឹង​រៀប​ចំ​ធ្វើ​ការ​បោះ​ឆ្នោត​អសកល​​ឆ្នាំ​ ២០១៧ និង​ការ​បោះ​​ឆ្នោត​សកល​ឆ្នាំ​ ២០១៨ ​ជា​បន្ត​បន្ទាប់​​ទៅ​មុខ​ទៀត​នេះ​ ។

     លោក John Kerry បាន​ថ្លែង​រំលឹក​ផង​​ដែរ​នូវ​អតីត​កាល​សោក​​សៅ​របស់​កម្ពុជា ​ដែល​ជួប​ប្រទះ​សង្គ្រាម​នឹង​សោក​នាដ​កម្ម ​ក្នុង​របប​ខ្មែរ​ក្រហម​ដែល​បាន​​សម្លាប់​មនុស្ស​ប្រមាណ​ ២​លាន​នាក់ ហើ​យ​​​​លោក​បាន​ថ្លែង​កត់​សម្គាល់​ ការ​ដែល​កម្ពុជា​​បាន​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​​ប្រទេស​​រីក​ចំរើន​… ការ​ទទួល​ស្គាល់​របស់​អន្តរ​ជាតិ​នូវ​​តួនាទី​កម្ពុជា​ដែល​បាន​ចូល​រួម​​ក្នុង​កិច្ច​ប្រតិបត្តិ​ការ​រក​សន្តិភាព​ជូន​ពិភព​លោក​ និង​លោក​ស្ញប់​ស្ញែង​កា​រ​​អភិវឌ្ឍន៍​បច្ចុប្បន្ន​របស់​កម្ពុជា​ ​។ លោក​បាន​រំលឹក​​អំពី​កិច្ច​ប្រឹង​ប្រែង​របស់​លោក​ជាមួយ​នឹង​ សម្តេច​តេជោ​សែន​ នា​អតីត​កាល​ក្នុង​ការ​​រៀបចំ​ឱ្យ​មាន​ការ​កាត់​ទោស​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ​ដែល​មាន​មក​ទល់​នឹង​បច្ចុប្បន្ន​។ លោក​បាន​រំលឹក​នូវ​​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នា​អតីត​កាល​​មួយ​នៅ​ឆ្នាំ​ ១៩៩៩​ នៅ​កម្ពុជា​ ដែល​ពេល​នោះ​លោក​បញ្ជាក់​ថា​ភ្នំពេញ​ទើប​បាន​ងើប​រួច​ពី​សង្គ្រាម​ស៊ីវិល​។ លោក​បាន​និយាយ​​ប្រជាជន​នា​ពេល​នោះ ​មាន​ចំនួន​តិច​ក្នុង​ក្រុង​​ភ្នំពេញ​ ដោយ​សារ​តែ​កម្ពុជា​ឆ្លង​កាត់​សង្គ្រាម ហើយ​ក៏​មិន​ទាន់​មាន​ការ​រីក​ចម្រើន​ដូច​ពេល​នេះ​ដែរ ​។ លោក John Kerry បាន​កោត​សរសើរ​ភាព​រីក​​ចម្រើន​​នា​ពេល​បច្ចុប្បន្ន​ ​ដែល​មាន​អគារ​ខ្ពស់ៗ​ជា​ច្រើន​… និង​ទី​ក្រុង​មាន​ប្រជាជន​​ច្រើន​រហូត​ដល់​ ២លាន​ ២សែន​នាក់ ជាមួយ​នឹង​សំណង់​អភិវឌ្ឍន៍​ជា​ច្រើ់ន​ទៀត​ខុស​ប្លែក​ពី​ឆ្នាំ​ ១៩៩៩ ​ដែល​លោក​បាន​មក​ដល់​លើក​ដំបូង​ ។

     ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ​ លោក John Kerry នៅ​បាន​ជជែក​លើ​ការងារ​​អន្តរ​ជាតិ​របស់​តំបន់​ និង​ពិភព​លោក​ថែម​ទៀត​ ។ លោក John Kerry បាន​ចាក​ចេញ​ពី​កម្ពុជា ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ចិន​ នៅ ថ្ងៃ​ដដែល​នេះ​ ។ នៅ​ថ្ងៃទី​២៧​ ខែ​មករា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​រូប​នេះ គ្រោង​នឹង​ជួប​ជាមួយ​មេ​ដឹក​នាំ​ប្រទេស​ចិន ដើម្បី​ការ​ពិភាក្សា​បញ្ហា​តំបន់​ និង​បញ្ហា​ទ្វេភាគី​ដែល​រួម​មាន​ទាំង​បញ្ហា​អាវុធ​នុយ​ក្លេ​អ៊ែរ នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​ផង​ដែរ​ ៕

ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបានផលវិជ្ជមាន

នៅក្នុងជំនួបថ្ងៃម្សិលមិញរវាងសម្តេចតេជោ ហ៊ុន សែន និង John Kerry រដ្ឋមន្រ្តីការបរទេសអា​មេរិក ដែលមានរយៈពេលជាង១ម៉ោង នៅវិមានសន្តិភាពគឺបានទទួលលទ្ធផលវិជ្ជមានល្អជាច្រើនសម្រាប់កម្ពុជា។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុង Facebook ផ្លូវការរបស់សម្ដេចតេជោ ដែលមានឈ្មោះថា Samdach Hun Sen, Cambodian Prime Minister នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ។
នៅក្នុងជំនួបនោះផងដែរសម្តេចតេជោ ក៏បានស្នើទៅអាមេរិកអោយបើកទីផ្សារសម្រាប់ផលិតផលកម្ពុជាអោយបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋ និងពាណិជ្ជករខ្មែរកាន់តែងាយស្រួលក្នុងការនាំចេញផលិតផលពីកម្ពុជាចេញទៅទីផ្សារអាមេរិក។ ក្រៅពីនោះសម្តេច ក៏បានបញ្ជាក់អំពីគោលជំហរកម្ពុជា ក្នុងការរួមដៃសហការជាមួយអាមេរិកដើម្បីទប់ស្កាត់អំពីភេរវកម្ម ក៏ដូចជាជំហរកម្ពុជាគាំទ្រដំណោះស្រាយបញ្ហា លើការចរចារពិភាក្សាដែលនាំមកនូវសន្តិភាពសម្រាប់តំបន់ទាំងមូល។ ជារួម ជំនួបនេះគឺបានផ្តល់នូវផលប្រយោជន៍យ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋ​អាមេរិក និងរវាងអាស៊ានជាមួយសហរដ្ឋអាមេរិកផងដែរ។
លោក John Kerry ក៏បានសន្យាថានឹងកសាងទំនាក់ទំនងជាមួយកម្ពុជា ក្នុងការលើកកម្ពស់វិស័យនានាដូចជា ការអប់រំ សុខាភិបាល និងវប្បធម៌ជាដើម។ 

ជាចុងក្រោយលោក John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងកោតសរសើរដល់ប្រទេស​កម្ពុជា ដែលបានក្លាយជាប្រទេសមួយដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយប្រជាពលរដ្ឋកម្ពុជា​ ជាច្រើនអាចរំដោះខ្លួនចេញពីស្ថានភាពលំបាក ពោលគឺអាចមានចំណូលមធ្យម និងជីវភាពរស់នៅល្អប្រសើរជាងមុន៕


លទ្ធផលសំខាន់ៗក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់ លោក John Kerry រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក

លោក John Kerry បានបង្ហាញនូវក្តី​សោមនរីករាយជាខ្លាំង ដែលបានបំពេញ​ទស្សនកិច្ចផ្លូវការនៅរាជធានី​ភ្នំពេញក្នុងនាមជារដ្ឋ​មន្ត្រីការបរទេសសហ​រដ្ឋអាមេរិកជាលើកដំបូង នៅថ្ងៃទី ២៥-២៦ ​ខែមករា ឆ្នាំ២០១៦ ​កន្លងទៅនេះ ហើយលោក​ក៏ធ្លាប់ធ្វើដំណើរមក​កាន់ប្រទេស​កម្ពុជា​ កាលពីរយៈ​ពេលប៉ុន្មានឆ្នាំមុន ក្នុងលក្ខណៈជា​ឯកជនផងដែរ។ លោកក៏បាន​សម្តែងនូវសេចក្តីរីករាយជាខ្លាំង សម្រាប់ការទទួលស្វា​គមន៍យ៉ាងកក់ក្តៅ​ពីសំណាក់រដ្ឋាភិបាលកម្ពុជា និងការធ្វើ​​​ជា​ដៃគូ ដើម្បីដោះស្រាយបញ្ហា​រួមគ្នាដែល​យើងធ្លាប់បានជួបប្រទះ​នាពេលកន្លងមក។


លោក John Kerry បានសម្តែងនូវការភ្ញាក់​ផ្អើលជាខ្លាំង​
នៅពេលវិលត្រឡប់មក​​ទីនេះម្តងទៀតក្នុងឆ្នាំ​២០១៦នេះ ​ដោយកម្ពុជា​​បច្ចុប្បន្នបានក្លាយ​ជា​ប្រទេសមួយដែលមាន​ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយប្រជាពលរដ្ឋ​កម្ពុជាជាច្រើនអាចរំដោះ​ខ្លួនចេញពីស្ថានភាពលំ​បាក ដោ​យ​កា​​ល​​ពីមុន ពួកគេអាច​ប្រាក់ចំណូលបានទាប​បំផុត។ ខុសពីពេលមុន ​រាជធានីភ្នំពេញមាន​ប្រជាព​ល​រដ្ឋប្រមាណត្រឹមតែ​៣៥០ពាន់​នាក់ប៉ុណ្ណោះ ​ស្ថានភាព​សេដ្ឋ​កិច្ច​ស្ថិតក្នុងភាព​លំបាកដោយ​សា​រ​សង្គ្រាមរ៉ាំរ៉ៃ។​ ​តែបច្ចុប្បន្នភ្នំពេញមាន​ប្រជាពលរដ្ឋ​រហូត​ដល់២,២លាននាក់ ទីក្រុងទាំង​មូល​ពោរពេញដោយមន្ទីរ​ពេទ្យទំនើបៗ អគារខ្ពស់ៗ ថាមពល​ប្រើប្រាស់គ្រប់គ្រាន់ និងមានភ្ញៀវទេ​សចរណ៍ច្រើនសន្ធឹក​សន្ធាប់មកទស្សនា​កំសាន្ត។
លោក​រដ្ឋមន្រ្តីការបរទេ​សអាមេរិក ក៏បានសម្តែងការភ្ញាក់ផ្អើ​លផងដែរ ចំពោះការវិវឌ្ឍ និងការបោះជំហានទៅមុខក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សហរដ្ឋអាមេរិកក៏សូមប្តេជ្ញាផងដែរថា នឹងកសាងទំនាក់​ទំនងជាមួយកម្ពុជា​ក្នុងការកម្ពស់លើវិស័យ​នានាដូចជា
ការអប់រំ សុខាភិបាល និងវប្បធ​ម៌ជាដើម។
ពាក់ព័ន្ធ​នឹងបញ្ហាលទ្ធិ​ប្រជាធិប​តេយ្យវិញ លោ​ក​រដ្ឋមន្រ្តីការប​រទេសក្នុងនាមសហ​រដ្ឋអា​មេ​រិក​ ក៏ដូចជា​ពិភពលោកទាំងមូល​សង្ឃឹ​មថា កម្ពុជានឹង​​បានស្គាល់​ច្បាស់ពីអត្ថ​ប្រយោជន៍នៃការរីក​ចម្រើន​ទៅមុខនៃលទ្ធិ​ប្រជាធិបតេយ្យ ដែលជាអ្វី​ដែលអាមេរិកកំ​ពុងផ្តោតការ​យកចិត្តទុ​កដាក់ខ្ពស់ ​​ទៅលើការគោរពសិទ្ធមនុស្ស សេរីភាព និង​​ភាពជាអ្នកដឹកនាំល្អ។ ការបោះជំហានទៅមុខក្នុង​ផ្នែកនីមួយៗខាងលើ ពិត​ជាមានសា​រៈ​​​សំខាន់យ៉ាងខ្លាំង​ក្នុងទំនាក់ទំនងទ្វេរ​ភាគីរវាងប្រទេស​ទាំងពីរ ហើយក៏​ជាក្តីសង្ឃឹម និងបំណង​ប្រាថ្នារបស់ប្រជាពលរ​ដ្ឋកម្ពុជាផងដែរ។
ពាក់ព័ន្ធ​នឹងបញ្ហាភេ​រវកម្ម ភាគីកម្ពុជា និងអា​មេរិក បានយល់​ឃើញស្របគ្នាថា នេះគឺ​ជាបញ្ហាអា​ទិភាព​​មួយក្នុងទំនាក់​ទំនងរ​វាងបណ្តាប្រ​ទេសទាំងអស់លើពិភព​លោកក្នុងពេលបច្ចុប្បន្ននេះ។​ សហរដ្ឋអាមេរិកនឹង​បន្តធ្វើការជ​ម្រុញយុទ្ធនាការទប់ទល់ភេរវករ​ តាមរយៈ​ការលើក​មកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល​ជាមួយថ្នាក់ដឹកនាំ​អាស៊ាន ហើយប្រធានា​ធិបតីសហរដ្ឋអាមេរិក នឹងចូលរួមពិ​ភា​ក្សា​បញ្ហានេះ​ឲ្យកាន់តែស៊ីជម្រៅថែមទៀត​ក្នុងពេលខាងមុខ។
សហរដ្ឋអាមេរិក​ក៏នឹងប្តេជ្ញាផងដែរ​ក្នុងការអភិវឌ្ឍន៍ទំនាក់​ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរ។ កន្លងមក​ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទុន​បានដើរតួនាទីយ៉ាងសំខាន់​ក្នុងការជម្រុញទំនាក់ទំនងរវាង​សហរដ្ឋអាមេរិក និងកម្ពុជា។ យើងមានទស្សនៈ​ស្របគ្នាថា វាពិតជា​មានសារៈសំខាន់ស​ម្រា​ប់​កម្ពុជា​ក្នុងការមានដៃគូពាណិជ្ជ​កម្មជាច្រើនហើយ​សហរដ្ឋអាមេរិកបាន​ក្លាយជាទីផ្សារនាំចេញធំជាង​គេរបស់កម្ពុជា ក្នុងពេលបច្ចុប្បន្ន។ អាមេរិកក៏កំពុង​ត្រៀមរៀបចំកិច្ចចរចារដោយផ្តោតទៅ​​លើបញ្ហាពាណិជ្ជកម្ម និងវិនិយោគទុនដែលនឹងធ្វើឡើងនៅខែកុម្ភៈខាងមុខ​​ ដោយស្វែងរកម​ធ្យោ​បាយដើម្បី​លុបបំបាត់អំពើពុករលួយ និងពង្រឹងការគោរ​ពច្បាប់ក្នុងប្រទេសកម្ពុជា ដែលវាក៏ជាផ្នែកមួយក្នុង​ការជម្រុញ វិស័យសេដ្ឋកិច្ចផងដែរ។
កន្លងមកសហរដ្ឋអា​មេរិក​បានធ្វើការយ៉ាងជិត​ស្និតជាមួយកម្ពុជា ដើម្បីអភិវឌ្ឍន៍ វិស័យ​សុខា​ភិបា​ល ​​និងស្បៀងអាហារ។​ សហរដ្ឋអាមេរិក បានបញ្ជូនក្រុមអ្នក​ស្ម័គ្រចិត្ត Peace Corps ​មកកាន់ប្រ​ទេ​ស​​ក​ម្ពុជា​ដើម្បីពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ​រវាងប្រជាពលរដ្ឋនៃប្រ​ទេសទាំងពីរ និងចូលរួមអភិវឌ្ឍន៍ប្រកប​ដោយចេរភាពទៅលើបញ្ហាទន្លេមេគង្គ។
លោក John Kerry ក៏បានលើកឡើងផង​ដែរពីបញ្ហាសំណល់​ពីសង្គ្រាមដូចជា អាវុធយុទ្ធភ័ណ្ឌផ្សេង​ៗ ​បានបង្កក្តីបារម្ភជា​ខ្លាំងដល់ប្រជាពលរដ្ឋកម្ពុជា ដោយសារវានៅតែ​បន្តឆក់យកអាយុជីវិត​ឬធ្វើឲ្យ​ម​នុ​ស្សពិការអស់​ជាច្រើននាក់នាពេលកន្លង​មកដែល​បញ្ហានេះ បានក្លាយជាប្រ​ធាន​​បទដ៏សំ​ខាន់​​ក្នុង​របៀបវារៈរបស់សហរដ្ឋអាមេ​រិកសម្រាប់លើកយកមកពិភាក្សា ​ខណៈដែ​ល​​បេសកកម្មរប​ស់​ មិ​ន​​ទាន់រួចរាល់នៅឡើយ​និងបន្តប្តេជ្ញាដោះស្រាយ​បញ្ហានេះ ក្នុងពេលណាមួយជាក់​ជាមិន​ខា​ន់​។
ដោយហេតុនេះហើយ​ បានជាសហរដ្ឋអាមេរិក បន្តធ្វើការសហកា​រ​ណ៍ជាមួយកម្ពុជា ដើម្បីបញ្ឈប់បញ្ហាទាំងនេះ និងដើម្បីស្វែង​រកអនាគតដ៏ល្អប្រសើរ ខុសស្រឡះពី​សម័យសង្គ្រាម។ វាក៏ជាហេ​តុ​ផលដែលជម្រុញស​ហរដ្ឋអាមេរិក បន្តធ្វើទំនាក់ទំនងជាមួយក​ម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លង​មក ព្រមទាំង​បានជម្រុញឲ្យភាគីទាំ​ងពីរឲ្យប្រឹងប្រែងរួមគ្នាផងដែរ។

សហរដ្ឋអាមេរិក​ក៏បានប្តេជ្ញាយ៉ាង​មុតមាំ​ក្នុងការបន្តកិច្ចសហការក្នុងភាព​ដៃគូជាមួយប្រទេស​កម្ពុ​ជា​​​ក៏ដូចជាប្រទេសជាសមាជិក​អាស៊ានទាំងអស់ លើបញ្ហាជាមូល​ដ្ឋានទាំងក្នុងថ្នាក់តំបន់ និង​សក​ល៕

សេចក្តីថ្លែងការណ៍របស់លោក John Kerry រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា (ប្រភពពី GNN)

អត្ថបទបកប្រែក្រៅផ្លូវការ ពីគេហទំព័រក្រសួងការបរទេស សហរដ្ឋអាមេរិក, (ភ្នំពេញ)៖ សាយ័ន្តសួស្តីអ្នកទាំងអស់គ្នា ! ខ្ញុំពិតជាមានក្តីសោមនរីករាយជាខ្លាំង ក្នុងការវិលត្រឡប់​មកកាន់រាជធានីភ្នំពេញសារជាថ្មី ក្នុងនាមជារដ្ឋមន្ត្រី ការបរទេស សហរដ្ឋអាមេរិកជាលើកដំបូង។ យ៉ាងនេះក្តី ខ្ញុំក៏ធ្លាប់​ធ្វើដំណើរ​មកកាន់ប្រទេស កម្ពុជា កាលពីរយៈពេលប៉ុន្មានឆ្នាំមុន ក្នុងលក្ខណៈជាឯកជនផងដែរ។ ខ្ញុំពិតជាមានក្តីរីករាយជាខ្លាំង សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់រដ្ឋាភិបាលកម្ពុជា និងការធ្វើជាដៃគូ ដើម្បីដោះស្រាយបញ្ហា​រួមគ្នា ដែលយើងធ្លាប់បានជួបប្រទះនាពេលកន្លងមក។
កាលពីប៉ុន្មានឆ្នាំមុន គឺក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ១៩៩០ ខ្ញុំធ្លាប់បានធ្វើដំណើរមកកាន់​ប្រទេសកម្ពុជាជាច្រើនលើកផងដែរ ក្នុងនាមជាសមាជិក​នៃគណកម្មាធិការទំនាក់ទំនង ការបរទេស សភាសហរដ្ឋអាមេរិក ក្នុងគោលបំណងជួយស្វែងរកមធ្យោបាយដើម្បីឲ្យ មេដឹកខ្មែរក្រហមទទួលខុសត្រូវចំពោះ​ការស្លាប់បាត់បង់ជីវិត​មនុស្ស អស់ជិតពីរលាននាក់។ ​
នៅក្នុងពេលនោះ ខ្ញុំបានធ្វើការរួមគ្នាជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងអង្គការសហប្រជាជាតិ ដើម្បីបង្កើតរចនាសម្ព័ន្ធអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា។ ហើយនៅបំផុតអាចឲ្យយើងស្វែងដំណោះស្រាយទៅលើភាពជាប់គាំង ក្នុងស្វែងរកអ្នកទទួលខុសត្រូវ​ចំពោះបទឧក្រិដ្ឋក្នុងសម័យប៉ុលពត។ យ៉ាងនេះក្តីមិនមែនមានន័យថា ជនបង្កគ្រប់រូបសុទ្ធតែ​បានទទួលខុសត្រូវ​ ចំពោះមុខតុលាការទៅលើបទឧក្រិដ្ឋទាំងនោះឡើយ។ 
ជាក់ស្តែងលោក ប៉ុលពត និងបុគ្គលសំខាន់ៗជាច្រើនរូបបានស្លាប់បាត់បង់ជីវិត តាំងពីមុន​កាត់ទោសទៅទៀត។ ប៉ុន្តែសម្រាប់អ្នកដែលនៅរស់រានមាន ជីវិត និងកំពុងជាប់ឃុំឃាំងក្នុងពេលបច្ចុប្បន្ន នឹងទទួលខុសត្រូវចំពោះបញ្ហានេះ។
ខ្ញុំពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលវិលត្រឡប់មកទីនេះម្តងទៀតក្នុងឆ្នាំ២០១៦នេះ ដោយកម្ពុជាបច្ចុប្បន្ន បានក្លាយជាប្រទេសមួយ ដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយប្រជាពលរដ្ឋកម្ពុជាជាច្រើន អាចរំដោះខ្លួនចេញពីស្ថានភាពលំបាក ដោយកាលពីមុន ពួកគេអាចប្រាក់ចំណូលបានទាបបំផុត។
គួររំលឹកថា ខណៈដែលខ្ញុំធ្វើដំណើរមកទីនេះជាលើកដំបូង រាជធានីភ្នំពេញ​មានប្រជាពលរដ្ឋប្រមាណត្រឹមតែ ​៣៥០ពាន់នាក់ប៉ុណ្ណោះ ស្ថានភាព សេដ្ឋកិច្ច ស្ថិតក្នុងភាពលំបាកដោយសារសង្គ្រាមរ៉ាំរ៉ៃ។ តែបច្ចុប្បន្ន ភ្នំពេញមានប្រជាពលរដ្ឋរហូតដល់២,២លាននាក់ ទីក្រុងទាំងមូលពោរពេញ ដោយមន្ទីរពេទ្យទំនើបៗ អាគារខ្ពស់ៗ ថាមពលប្រើប្រាស់គ្រប់គ្រាន់ និងមានភ្ញៀវទេសចរណ៍ច្រើនសន្ធឹកសន្ធាប់មកទស្សនាកំសាន្ត។
ខ្ញុំក៏មានការភ្ញាក់ផ្អើលផងដែរ ​ចំពោះការវិវឌ្ឍ និងការបោះជំហានទៅមុខក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នៅក្នុងថ្ងៃនេះ (ថ្ងៃទី២៦ ខែមករា) ខ្ញុំបានធ្វើកិច្ចជំនួបជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេស ហោ ណាំហុង។ ជាមួយគ្នា្ននេះដែរ ខ្ញុំក៏បានជួបជាមួយ​លោក កឹម សុខា ដែលជាមន្រ្តីជាន់ខ្ពស់សំខាន់របស់បក្សប្រឆាំងផងដែរ។ ខ្ញុំក៏បានចំណាយពេលខ្លះជាមួយសមាជិកសង្គមស៊ីវិល ព្រមទាំងយុវជនកម្ពុជាដែលកំពុងបំពេញការងារយ៉ាងស្វាហាប់ ក្នុងបញ្ហាកំណែទម្រង់ដីធ្លី បរិស្ថាន ថាមពលការទប់ស្កាត់ការកាប់បំផ្លាញ ព្រៃឈើជាដើម។ ហើយរាល់កិច្ចជំនួបទាំងនេះ ខ្ញុំបានបញ្ជាក់អះអាងយ៉ាងច្បាស់ថា សហរដ្ឋអាម៉េរិក នឹងប្តេជ្ញាបន្តទំនាក់ទំនងជាមួយកម្ពុជា។
សហរដ្ឋអាម៉េរិកក៏សូមប្តេជ្ញាផងដែរថា នឹងកសាងទំនាក់ទំនងជាមួយកម្ពុជាក្នុងការកម្ពស់លើវិស័យនានាដូចជា ការអប់រំ សុខាភិបាល និងវប្បធម៌ជាដើម។
នៅព្រឹកមិញនេះ (ថ្ងៃទី២៦ ខែមករា) ខ្ញុំបានធ្វើទស្សនកិច្ចនៅសារៈមន្ទីរវប្បធម៌ជាតិ ដែលបានបង្ហាញនូវវត្ថុបុរាណមួយចំនួនដែលទើបតែបញ្ជូនត្រឡប់ មកពីសហរដ្ឋអាម៉េរិក។ សារៈមន្ទីរជាតិ ជា​ទ្រព្យសម្បត្តិ និងធនធានដ៏មានតម្លៃ ដែលអាចពណ៌នាអំពី​រឿងរ៉ាវនៃការវិវឌ្ឍន៍របស់ មនុស្សជាតិក្នុងសម័យប្រវត្តិសាស្ត្រ ដែលជាផ្នែកមួយរបស់ពិភពលោក។ ផ្តោតទៅលើបញ្ហាប្រជាធិបតេ្យវិញ សហរដ្ឋអាម៉េរិក ក៏ដូចជាពិភពលោកទាំងមូលសង្ឃឹមថា កម្ពុជានឹងបានស្គាល់ច្បាស់ពីអត្ថប្រយោជន៍ នៃ​ការរីកចម្រើនទៅមុខនៃលទ្ធិប្រជាធិបតេយ្យ។
បច្ចុប្បន្នរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន កំពុង​ផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើ​ការគោរពសិទ្ធមនុស្ស សេរីភាព និងភាពជាអ្នកដឹកនាំល្អ។ ​ការបោះជំហានទៅមុខ​ក្នុងផ្នែកនីមួយៗខាងលើ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយក៏ជាក្តីសង្ឃឹម និងបំណងប្រាថ្នា​របស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។
ជាមួយគ្នានេះដែរ ថ្ងៃនេះ ខ្ញុំក៏បានធ្វើកិច្ចពិភាក្សាជាមួយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីពី​ការស្វែងរកដំណោះស្រាយជាបន្ទាន់ដើម្បី​ឆ្លើយតប បញ្ហាភេរវកម្ម។ ភាគីទាំងពីរបានយល់ឃើញស្របគ្នាថា នេះគឺជា​បញ្ហាអទិភាពមួយក្នុងទំនាក់ទំនង​រវាងបណ្តាប្រទេសទាំងអស់លើពិភព លោកក្នុងពេលបច្ចុប្បន្ន។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះក្រុមសម្ព័ន្ធមិត្តដែលកំពុង ធ្វើការរួមគ្នាដើម្បីទប់ទល់នឹង​ពួកឧទ្ទាម។ សម្តេចនាយករដ្ឋមន្ត្រីបានបង្ហាញការ ស្វាគមន៍ចំពោះវត្តមានរបស់ក្រុមការងារ និងអ្នកជំនាញ សហរដ្ឋអាម៉េរិក មកកាន់កម្ពុជាដើម្បីបង្ហាញ និងផ្លាស់ប្តូរមតិយោបល់​លើបញ្ហានេះ។ សហរដ្ឋអាម៉េរិកនឹងបន្តធ្វើការជម្រុញយុទ្ធនាការទប់ទល់ភេរវករ តាមរយៈការលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលជាមួយថ្នាក់ដឹកនាំអាស៊ាន ហើយប្រធានាធិបតី​សហរដ្ឋអាម៉េរិក នឹងចូលរួមពិភាក្សាបញ្ហានេះឲ្យកាន់តែស៊ីជម្រៅថែមទៀតក្នុងពេលខាងមុខ។
មិនតែប៉ុណ្ណោះ សហរដ្ឋអាម៉េរិកក៏នឹងប្តេជ្ញាផងដែរ ក្នុងការអភិវឌ្ឍន៍​ទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរ។ កន្លងមកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា។ យើងមានទស្សនៈស្របគ្នាថា វាពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការមានដៃគូពាណិជ្ជកម្មជាច្រើន។ ខ្ញុំគិតថា វាជារឿងដ៏សំខាន់ ដែលសហរដ្ឋអាមេរិកបានក្លាយជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ក្នុងពេលបច្ចុប្បន្ន។
ថ្មីៗនេះ យើងកំពុងត្រៀមរៀបចំកិច្ចចរចា​ដោយផ្តោតទៅលើ​បញ្ហាពាណិជ្ជកម្ម និងវិនិយោគទុន ដែលនឹងធ្វើឡើងនៅខែកុម្ភៈខាងមុខ។ យើងនឹងបន្ត​ស្វែងរកមធ្យោបាយដើម្បីលុបបំបាត់អំពើពុករលួយ និងពង្រឹង​ការគោរពច្បាប់ក្នុងប្រទេសកម្ពុជា ដែលវាក៏ជាផ្នែកមួយក្នុងការជម្រុញ វិស័យសេដ្ឋកិច្ចផងដែរ។
កន្លងមកសហរដ្ឋអាម៉េរិក បានធ្វើ​ការយ៉ាងជិតស្និតជាមួយកម្ពុជា ដើម្បីអភិវឌ្ឍន៍​ វិស័យសុខាភិបាល និងស្បៀងអាហារ។ សហរដ្ឋអាមេរិក បានបញ្ជូន​ក្រុមអ្នកស្ម័គ្រចិត្ត​​ Peace Corps មកកាន់​ប្រទេសកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ រវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ យើងបានសហការណ៍គ្នាដើម្បីការអភិវឌ្ឍន៍ប្រកបដោយចេរភាព ទៅលើបញ្ហាទន្លេមេគង្គ។ ជាមួយគ្នានេះដែរ ក្រុមការងាររបស់យើងនឹងនៅតែ បន្តជួយស្វែងរក ​បណ្តាយោធាដែលបានបាត់ដំណឹងក្នុងសម័យសង្គ្រាមនៅវៀតណាម។ អ្វីដែលសំខាន់នោះគឺ​សំណល់ពីសង្គ្រាមដូចជា អាវុធយុទ្ធភ័ណ្ឌផ្សេងៗ បានបង្កក្តីបារម្ភជាខ្លាំងដល់ប្រជាពលរដ្ឋកម្ពុជា ដោយសារវានៅតែបន្តឆក់យកអាយុជីវិត ឬធ្វើឲ្យមនុស្សពិការអស់ ជាច្រើននាក់នាពេលកន្លងមក។ បញ្ហានេះ បានក្លាយជាប្រធានបទដ៏សំខាន់ក្នុងរបៀបវីរៈរបស់សហរដ្ឋអាមេរិកសម្រាប់លើកយកមកពិភាក្សា ខណៈដែលបេសកកម្មរបស់យើងមិនទាន់រួចរាល់នៅឡើយ ហើយយើងនឹងបន្ត​ប្តេជ្ញាដោះស្រាយបញ្ហានេះ ក្នុងពេល​ណាមួយជាក់ជាមិនខាន។
ដោយហេតុនេះហើយ បានជា​សហរដ្ឋអាមេរិក បន្តធ្វើការសហការណ៍ជាមួយកម្ពុជា ដើម្បីបញ្ឈប់បញ្ហាទាំងនេះ និងដើម្បីស្វែងរក​អនាគតដ៏ល្អប្រសើរ ខុសស្រឡះពីសម័យសង្គ្រាម។ វាក៏ជាហេតុផលដែលជម្រុញសហរដ្ឋអាមេរិក បន្តធ្វើទំនាក់ទំនង​ជាមួយកម្ពុជា​អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ព្រមទាំងបានជម្រុញឲ្យភាគីទាំងពីរឲ្យប្រឹងប្រែងរួមគ្នាផងដែរ។

ជាចុងបញ្ចប់ ខ្ញុំសូមបញ្ជាក់អះអាងថា សហរដ្ឋ​អាមេរិកពិតជាមានមោទនភាពជាខ្លាំង​ក្នុងការដើរតួនាទី​យ៉ាងសំខាន់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ហើយយើងមានបំណងចង់រក្សាទំនា​ក់​​ទំនងយ៉ាងស៊ីជម្រៅនេះ ជាបន្តទៀតក្នុងពេលអនាគត។ ហេតុនេះហើយបានជាខ្ញុំមានវត្ថមាន​នៅទីនេះ នៅក្នុងថ្ងៃនេះ។ ខ្ញុំគិតថានេះជាលើក​ទី៧ ឬទី៨ហើយ នៃដំណើរទស្សនកិច្ចនៅតំបន់នេះ​ក្នុងនាមជារដ្ឋមន្ត្រីការបរទេស សហរដ្ឋអាម៉េរិក ហើយវាក៏មិនមែនដំណើរទស្សនកិច្ចលើកចុងក្រោយ សម្រាប់ឆ្នាំ២០១៦នេះផងដែរ។
សហ​រដ្ឋអាមេរិកសូមប្តេជ្ញាយ៉ាងមុតមាំ​ក្នុងការបន្តកិច្ចសហការណ៍ក្នុងភាពដៃគូជាមួយប្រទេស កម្ពុ​ជា​ក៏ដូចជាប្រទេសជាសមាជិកអាស៊ានទាំងអស់ លើបញ្ហាជាមូលដ្ឋានទាំងក្នុងថ្នាក់តំបន់ និង​សក​ល​លោក។ យើងនឹងបន្តធ្វើកិច្ចពិភាក្សាជាបន្តទៀត ដើម្បីបោះជំហានខាងមុខ ក្នុងគោលដៅកសាង​ទំនាក់ទំនងរួមគ្នា។ សូមថ្លែងអំណរគុណជាខ្លាំងចំពោះអ្នកទាំងអស់គ្នា។ សូមអគុណ។
«អត្តបទបកប្រែក្រៅផ្លូវការ ពីគេហទំព័រក្រសួងការបរទេស សហរដ្ឋអាមេរិក»
លោក ចន ឃែរី (John Kerry) រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានចាកចេញពីប្រទេសកម្ពុជា នៅម៉ោង៥៖២០ល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ច សម្រេចតាមការគ្រោងទុករបស់ខ្លួន រយៈពេល២ថ្ងៃនៅកម្ពុជា៕


លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ចុះសួរសុខទុក្ខ មន្រ្តីក្រសួង ដែលកំពុងមានជំងឺមហារីកខួរក្បាល ដំណាក់កាលចុងក្រោយ

រសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង បានចុះសួរសុខទុក្ខ និងបាននាំយកថវិការផ្ទាល់ របស់លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ចំនួន ៥០០ដុល្លារអាមេរិក រួមជាមួយ ទឹកសុទ្ធ ទឹកដោះគោឆៅ ទឹកក្រូច ទឹកផ្លែឈើ និងនំ ទៅជូនលោក ឆាយ ឈួង អនុប្រធានការិយាល័យបូកសរុបនិងពិធីការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ដែលមានជំងឺមហារីកខួរក្បាលដំណាក់កាលចុងក្រោយនៅគេហដ្ឋានរប​ស់​​លោក ដែលស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលកោគ រាជធានីភ្នំពេញ។





ក្រសួងបរិស្ថាន ចាប់ផ្តើមស្តារល្បាប់ភក់ទន្លេបាសាក់តូច


ដោយយល់​ឃើញពីមុខងារ និងសារៈសំខាន់​នៃដង​ទន្លេបាសាក់តូច​ ដែលមាន ទីតាំងស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ​ក្រសួងបរិស្ថាន ដោយមានកិច្ច សហការល្អ​រវាងក្រុមហ៊ុនវិនិយោគទុន​​អាណិកជនកម្ពុជា ហៅកាត់ថា OCIC បានធ្វើការស្តារល្បាប់ភក់​ទន្លេបាសាក់ តូចចាប់ពី ចំណុចដែល​ក្រុមហ៊ុនបាន​ចាក់ ដីបំពេញរហូត​ដល់ចុងកោះ ឱ្យបាន​ជម្រៅ​ស្នើនឹងបាត​ទន្លេមេគង្គក្រោម ដើម្បីបង្កើន​ធារទឹកទ្វេរដង និងសម្រួ​ល​ ចរន្តទឹក​ គ្រាដែលការស្តារ​នេះ ត្រូវបានចាប់ ផ្តើម​ធ្វើកាលពីថ្ងៃទី​​២៤ ខែមករា ឆ្នាំ២០១៦​កន្លងទៅ​នេះ។
ការ​​ស្តារ​​នេះ​ គឺជាកិច្ចសហការគ្នា​ដ៏ល្អរវាងស្ថាប័ន​រដ្ឋ ជាមួយនឹងវិស័យឯកជន ក្នុងការធ្វើឱ្យកាន់តែល្អប្រសើឡើងនូវជីវចម្រុះក្នុងទឹក​​ ក៏ដូចជាសោភ័ណ្ឌភាព​ បរិស្ថាននៅ​តាមដង​ទន្លេបាសាក់តូច និងអនុលោម​តាមអនុក្រឹត្យលេខ ៦៦ អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៨ ស្តីពីការកំណត់ផ្ទៃដីកោះពេជ្រ សម្រាប់អនុវត្ត​គម្រោងអភិវឌ្ឍន៍កោះពេជ្រ។




បទយកការណ៍ស្តីពី ទិវាជ្រើសរើសកម្លាំងពលកម្មនៅស្រុកបាណន់ ខេត្តបាត់ដំបង (១៧០)