Wednesday, January 27, 2016

ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបានផលវិជ្ជមាន

នៅក្នុងជំនួបថ្ងៃម្សិលមិញរវាងសម្តេចតេជោ ហ៊ុន សែន និង John Kerry រដ្ឋមន្រ្តីការបរទេសអា​មេរិក ដែលមានរយៈពេលជាង១ម៉ោង នៅវិមានសន្តិភាពគឺបានទទួលលទ្ធផលវិជ្ជមានល្អជាច្រើនសម្រាប់កម្ពុជា។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុង Facebook ផ្លូវការរបស់សម្ដេចតេជោ ដែលមានឈ្មោះថា Samdach Hun Sen, Cambodian Prime Minister នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ។
នៅក្នុងជំនួបនោះផងដែរសម្តេចតេជោ ក៏បានស្នើទៅអាមេរិកអោយបើកទីផ្សារសម្រាប់ផលិតផលកម្ពុជាអោយបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋ និងពាណិជ្ជករខ្មែរកាន់តែងាយស្រួលក្នុងការនាំចេញផលិតផលពីកម្ពុជាចេញទៅទីផ្សារអាមេរិក។ ក្រៅពីនោះសម្តេច ក៏បានបញ្ជាក់អំពីគោលជំហរកម្ពុជា ក្នុងការរួមដៃសហការជាមួយអាមេរិកដើម្បីទប់ស្កាត់អំពីភេរវកម្ម ក៏ដូចជាជំហរកម្ពុជាគាំទ្រដំណោះស្រាយបញ្ហា លើការចរចារពិភាក្សាដែលនាំមកនូវសន្តិភាពសម្រាប់តំបន់ទាំងមូល។ ជារួម ជំនួបនេះគឺបានផ្តល់នូវផលប្រយោជន៍យ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋ​អាមេរិក និងរវាងអាស៊ានជាមួយសហរដ្ឋអាមេរិកផងដែរ។
លោក John Kerry ក៏បានសន្យាថានឹងកសាងទំនាក់ទំនងជាមួយកម្ពុជា ក្នុងការលើកកម្ពស់វិស័យនានាដូចជា ការអប់រំ សុខាភិបាល និងវប្បធម៌ជាដើម។ 

ជាចុងក្រោយលោក John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងកោតសរសើរដល់ប្រទេស​កម្ពុជា ដែលបានក្លាយជាប្រទេសមួយដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយប្រជាពលរដ្ឋកម្ពុជា​ ជាច្រើនអាចរំដោះខ្លួនចេញពីស្ថានភាពលំបាក ពោលគឺអាចមានចំណូលមធ្យម និងជីវភាពរស់នៅល្អប្រសើរជាងមុន៕


No comments:

Post a Comment