Wednesday, January 27, 2016

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអន្តរាគមន៍ ដោះស្រាយបញ្ហា ជូនពលករខ្មែរដែលធ្វើការនៅបរទេស

នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៦នេះ ឯកឧត្តម   ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានឲ្យដឹងថា ក្រសួងការ​បរទេស និងសហប្រតិបត្តិ​ការអន្តរជាតិ បានចុះ ទៅអន្តរាគមន៍​ដោះស្រាយបញ្ហា​តម្លើងប្រាក់​ឈ្នួល ជូនពលករខ្មែរ​ទៅធ្វើការនៅបរទេសដែលទទួល​​រងនូវការរំលោភបំពាន​ពីសំណាក់និយោជកនៃ​ក្រុមហ៊ុន និងអន្តរាគមន៍ជួយស្រ្តីខ្មែររង​គ្រោះ ដែលត្រូវប្ដី​ធ្វើបាប។
ក្រសួងការបរ​ទេស និងសហប្រតិបត្តិការ​អន្តរជាតិ បានចុះជួយ​ដោះស្រាយបញ្ហាជូន​ពលករខ្មែរទៅធ្វើការនៅ​បរទេសរួម​មាន រាជាណាចក្រ​ថៃ  ប្រទេស​ចិន និងប្រទេសម៉ា​ឡេស៊ី តបតាម​ការតវ៉ាពីស្ថាន​ទូតនី​មួយៗ។ ដែលអន្តរាគមន៍​ទាំងនោះមាន​ដូចជា៖
អនុវត្តតាមការ​ណែនាំរបស់ក្រសួង​ការបរទេស និងសហប្រតិបត្តិ​ការអន្តរជាតិ ស្ថាន-        ឯកអគ្គរាជទូតកម្ពុជា​ប្រចាំព្រះរាជាណាច​ក្រថៃ កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៦ បាន​ចុះ ទៅអន្តរាគមន៍ដោះ​ស្រាយបញ្ហាតម្លើង​ប្រាក់ឈ្នួល ជូនពលករខ្មែរ​ស្របច្បាប់ចំនួន​២៦០នាក់ ដែល​ធ្វើការនៅការដ្ឋានសាង​សង់់ក្នុងឃុំបាងវួរ ស្រុកបាងស្ម័គ្រ ខេត្តឆាក់ឆឹង​សៅ(Chachoengsao) ប្រទេសថៃ ហើយ​ទទួល​រងនូវការរំលោភបំពានពីសំណាក់​និយោជកនៃ​ក្រុមហ៊ុន          សំណង់ឈ្មោះ POTEAM BUILDER CO., LTD  ។ បន្ទាប់ពីមានជំនួបប្រជុំរវាងតំណាងស្ថាន​ទូត តំណាង​មន្ទីរការងារខេត្តឆាក់​ឆឹងសៅ តំណាងនិយោ​ជក និងតំណាង​ពលកររួចមក ជាលទ្ធផល​តំណាងនិយោជក​បានឯក​ភាព តម្លើងប្រាក់​ឈ្នូល ៣០០ បាត ក្នុង​មួយថ្ងៃស្មើៗគ្នាសំរាប់​បុរសនិង​ស្រ្តី និងយល់​ព្រមប្រគល់ លិខិតឆ្លង​ដែនជូនពលក​រវិញ។
ឯកឧត្តម ជុំ សុន្ទរី បានបន្ថែម​ថាស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំ​ទីក្រុងក្វាងចូវ ប្រទេស​ចិន បានអន្តរាគមន៍ជួយស្រ្តីខ្មែរ រងគ្រោះចំនួន​០២នាក់ ដែលត្រូវប្ដី​ធ្វើបាប មានឈ្មោះ ហួន ស្រីតូច អាយុ ២៨ ឆ្នាំ រស់នៅភូមិ​ពង្រ ឃុំពង្រ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងសេង សា អាយុ ២៨ ឆ្នាំ រស់នៅភូមិសណ្ដាន់ ឃុំបាជ័យ ខេត្តកំពង់ធំ។
ស្រ្ដីខ្មែររងគ្រោះទាំងពីរនាក់ ហួន ស្រីតូច និង សេង សា នឹងមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៦ វេលាម៉ោង ១៣:៣០ នាទី  រសៀល តាមជើងយន្តហោះ CZ 6059
អ្នកនាំពាក្យ ក្រសួងការបរទេស​ក៏បានឲ្យដឹងផង​ដែរថា ស្ថានឯកអគ្គរាជ​ទូតកម្ពុជាប្រចាំប្រទេសម៉ាឡេ​ស៊ី បានអន្តរាគមន៍ជួយពលការិនី​ខ្មែរចំនួន០១នាក់  ឈ្មោះ សុខ សាន អាយុ ២៤ ឆ្នាំ នៅភូមិកំប៉ី ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ  ដែលបានទៅធ្វើ​ការជាអ្នក​បោសសំអាតនៅ​ប្រទេសម៉ាឡេ​ស៊ី តាំងពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៤  ហើយជួប​ប្រទះនឹងកា​រលំបាកក្នុងការងារ អោយបាន​ត្រឡប់មក​កម្ពុជាវិញ ។
តាមការតវ៉ាពី​ស្ថានទូតនៅ​ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៦ ថៅកែបាន​យល់ព្រមបើក​ប្រាក់ខែ គ្រប់ចំនួន​អោយពល​ការិនី  សុខ  សាន។
កំឡុងពេលរង់ចាំ​ការត្រឡប់មកកម្ពុជា​វិញ ស្ថានទូតបាន​ផ្តល់កន្លែងស្នាក់​នៅ និងហូប ចុកជូនដល់ពលការិនី រូបនេះ ។

ពលការិនី សុខ សាន  បានមកដល់​អាកាសយានដ្ឋានអន្តរ​ជាតិភ្នំពេញ កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៦ វេលាម៉ោង ០៤: ០០  រសៀល តាមជើង​យន្តហោះ AK ៥៣៤៕

No comments:

Post a Comment