គ្រូពេទ្យ ១១០នាក់ បានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅខេត្តពោធិ៍សាត់ នៅថ្ងៃទី២៦ខែមករានេះ ។ ការព្យាបាលប្រជាជនក្នុងខេត្តពោធិ៍សាត់ នោះ រៀបចំឡើងដោយសមាគមសុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិក សហការជាមួយមន្ត្រីសុខាភិបាលកម្ពុជា… ហើយការព្យាបាលនោះបានធ្វើឡើងក្នុងមន្ទីរពេទ្យបង្អែក ស្រុកសំពៅមាស ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានអញ្ជើញចូលរួមពិនិត្យមើលការព្យាបាលជម្ងឺនោះផងដែរនៅថ្ងៃទី២៦ ខែមករានេះ ។ របាយការណ៏របស់ប្រធានមន្ទីរពេទ្យបង្អែកសំពៅមាស លោកវេជ្ជបណ្ឌិត ចាន់សុខា បានប្រាប់ឲ្យដឹងថា ការព្យាបាលនេះមានរយៈពេល ១០ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១៦ ។ គ្រូពេទ្យខ្មែរស្ម័គ្រចិត្ត ចំនួន ១១០នាក់ នេះ បានចុះមកព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ ដែលការព្យាលបាលបានផ្តោតលើ ច្រមុះមាត់ បំពង់ក …ការព្យាបាលមាត់ធ្មេញ និងដកធ្មេញជាដើម ក្នុងនោះដែរ ការព្យាបាលក៏ទាក់ទងលើផ្នែកសម្ភពស្រ្តី… ជម្ងឺស្ត្រី…ជម្ងឺស្ពឹក រលាកសន្លាក់ ជាដើម ។ សមាគមសុខាភិបាលនៅអាមេរិក ក៍នឹងផ្តល់ដៃសិប្បនិមិត្ត ជូនអ្នកពិការផងដែរ ។
ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានសម្តែងការអបអរចំពោះ លោកវេជ្ជបណ្ឌិត តាន់ សុង ប្រធាន សមាគមសុខាភិបាលខ្មែរនៅសហរដ្ឋអាម៉េរិក និងប្រជាពលរដ្ឋទាំងអស់ដែលរស់នៅសហរដ្ឋអាម៉េរិក ដែលមានសទ្ធាជ្រះថ្លា បានរៃអង្គាសគ្នាបានជាប្រាក់ ដើម្បីទិញជាថ្នាំពេទ្យ ចុះមកជួយព្យាបាលជម្ងឺជូនប្រជាជនខ្មែរ នៅតាមបណ្តាខេត្តផ្សេងៗ ។ ឯកឧត្ដមបានបន្តថា ខេត្តពោធិ៍សាត់ គឺជាខេត្តទី៦ ដែលក្រុមគ្រូពេទ្យបានចុះពិនិត្យព្យាបាលជំងឺ ដែលបញ្ជាក់ឲ្យឃើញថា ទោះបីជាពួកគេបានទៅនៅសហរដ្ឋអាម៉េរិកក្តី ប៉ុន្តែមិនដែលភ្លេចឈាមជ័រជាអ្នកមានកំណើតនៅកម្ពុជា នោះទេ ។
No comments:
Post a Comment