Wednesday, November 27, 2013

បេស​កកម្ម​នៅទី​ក្រុង​បារីស (UNESCO) និង​ទីក្រុង​អង់​ការ៉ា (ICAPP) របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនា​យក​រដ្ឋមន្ត្រី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក ទីស្តីការ​គណៈ​រដ្ឋមន្ត្រី និង​ជា​ប្រធាន​កិច្ច​ប្រជុំ​គណៈ​កម្មកា​បេតិ​កភណ្ឌ​ពិភព​លោក លើកទី៣៧ ថ្ងៃទី១៧-២៦ វិច្ឆិកា ២០១៣


ប្រធាន​រដ្ឋសភា​​កូឌីវ័​រ​សរសើរ​​ការ​​ដឹក​នាំ​ប្រទេស​កម្ពុជា​ឆ្ពោះ​​ទៅ​​រក​លទ្ធិ​ប្រជា​​ធិប​តេយ្យ​​និង​​ការ​អភិវឌ្ឍន៍​ដោយ​សម្តេច​​តេជោ

ឯកឧត្តម គ្រី​យូ​ម គីត​បា​វូ​រី សូ​រ៉ូ (Guillaume Kigbafori SORO) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​កូ​​ឌី​វ័រ នា​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ បានមាន​ប្រសាសន៍​កោតសរសើរ​សម្តេច​តេ​ជោ​នាយក រដ្ឋមន្ត្រី​ ចំពោះ​ការ​ដឹកនាំ​ប្រទេស​មានការរីកចម្រើន និង​ឆ្ពោះ​ទៅរក​លទ្ធិប្រជា​ធិប​តេយ្យ​​​។

ឯកឧត្តម អ៊ាង សុផល្លែត ​​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​សំដែង​ការគួរសម​ជាមួយ​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​ ឯកឧត្តម​ គ្រី​យូ​ម គីត​បា​វូ​រី សូ​រ៉ូ (Guillaume Kigbafori SORO) បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរអំពី​ឯកឧត្តម​ប្រធានាធិបតី ថ្នាក់​ដឹក​នាំ និង​ប្រជាជន​កូ​​ឌី​វ័រ ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​បាន​សំដែង​នូវ​ការ​កោត​សរសើរ​ចំពោះ​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ក្នុង​ការដឹកនាំ​ប្រទេស​មួយ​ ដែល​រង​នូវ​ការ​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម មកកាន់​ប្រទេស​មួយ ដែល​មាន​ការអភិវឌ្ឍន៍​ក្នុង​ល្បឿន​យ៉ាង​លឿន និង​​ឆាប់រហ័ស។ ​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​អំណរគុណ​ចំពោះ​ឯកឧត្តម​ គ្រី​យូ​ម គីត​បា​វូ​រី សូ​រ៉ូ (Guillaume Kigbafori SORO) ក្នុងការសង្កេត​ឃើញ​​​ការ​អភិវឌ្ឍន៍ និង​លទ្ធិ​ប្រជា​​ធិបតេយ្យ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​​។ សម្តេចតេជោ​​បាន​មាន​ប្រសាសន៍ថា យើង(កម្ពុជា-កូឌីវ័រ)​គួរ​ស្វែងរក​នូវ​ទំនាក់​ទំនង​តាមរយៈ​អ្វី​ដែល​អាច​ធ្វើ​បាន ​ដែល​គួរ​មាន​៣ ចំណុច​គឺ​ទី ១-​តាមរយៈ​ទំនាក់ទំនងនយោ​បាយ ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​គណៈប្រតិភូ ទី​២-​ខិតខំស្វែងរក​កិច្ច​សហ​ប្រតិបត្តិការ​លើវិស័យសេដ្ឋកិច្ច វិនិយោគ និង​ពិនិត្យមើល​អ្វី​ដែល​អាច​ធ្វើ​សហប្រតិបត្តិការ​ជាមួយគ្នា​បាន និង​ទី៣-​សម្តេច​តេ​ជោ​បាន​ស្នើ​ពិចារណា​លើ​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហ​ប្រជាជាតិ ក្របខ័ណ្ឌ​អង្គការ​មិន​ចូលបក្ស​សម្ព័ន្ធ​​ហ្វ្រ​ង់​កូ​ហ្វូ​នី និង​ចលនា​ប្រទេស​អភិវឌ្ឍន៍​ត្បូង​ ត្បូង​ជាដើ​៕

ឯក​អគ្គរាជ​ទូត​​ចក្រភព​​អង់​គ្លេស​​សុទិ​ដ្ឋិ​និយម​​ចំពោះ​​ការ​​រីក​ចម្រើន​លើ​​វិស័យ​​ពាណិជ្ជកម្ម​​ជាមួយ​​កម្ពុជា

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ​ឯកឧត្តម Mark Gooding ឯកអគ្គរាជទូត ​ចក្រភព​អង់គ្លេស​ចប់​អាណត្តិការទូត​នៅ​កម្ពុជា បាន​សម្តែង​​នូវការ​ពេញ​ចិត្ត​​ចំពោះ​ការ​រីកចម្រើន​ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចក្រភព​អង់គ្លេស​ ទាំង​​​វិស័យ​នយោបាយ​ វិស័យ​ពាណិជ្ជកម្ម ដោយឯកឧត្តមឯកអគ្គរដ្ឋ​ទូត​អង់គ្លេស​វាយ​តម្លៃ​ថា​ ទំហំ​​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​ នឹង​កើន​ឡើង​កាន់តែ​ខ្ពស់​ជា​មិន​ខាន​ឡើយ។

ក្នុង​ឱកាស​ចូល​ជួប​សំដែង​ការគួរសម និង​ជម្រាបលា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ ​ឯកឧត្តម Mark Gooding បាន​ថ្លែង​ថា ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​បាន​កើនឡើង ជាពិសេស​លើ​វិស័យ​ពាណិជ្ជ​កម្ម ដែល​ទំហំ​ពាណិជ្ជកម្ម​បាន​កើន​ឡើងដល់ ៧៥០លាន​ដុល្លារ​អាម៉េរិក ​ក្នុង​រយៈ​ពេល ៩ខែ​ ក្នុង​ឆ្នាំ២០១៣ នេះ។ ឯកឧត្តម​ឯកអគ្គ​រដ្ឋ​ទូត​ចក្រភព​អង់គ្លេស​ បាន​សំដែង​នូវ​ជំនឿ​ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នឹង​កើន​រហូតដល់ ​១០០០លាន​ដុល្លារ ​នៅ​ចុង​ឆ្នាំនេះ​ជាមិន​ខាន​ឡើយ។

​ឯកឧត្តម​ឯកអគ្គរាជទូត​ក៏បាន​សំដែង​នូវ​ការចូលរួម​មរណទុក្ខ​ជូន​ចំពោះ​ ប្រជាពលរដ្ឋ​កម្ពុជា ដែល​ទទួលរង​គ្រោះ​ដោយ​ទឹកជំនន់​នា​ពេល​កន្លងមក និង​បាន​សំដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែលផ្តល់នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ ក្នុង​ឱកាស​នៃ​ការ​បំពេញ​បេសកកម្ម​កា​រទូត​របស់លោកនៅ​កម្ពុជា​ឲ្យ​ទទួល​បាន​ជោគជ័យ និង​បាន​មានប្រសាសន៍ថា អនាគត​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា មាន​ភាព​វិជ្ជមាន​យ៉ាង​ខ្លាំង​ឆ្ពោះ​ទៅ​កាន់​ការអភិវឌ្ឍន៍​ ក្រោម​ការ​ដឹក​នាំ​របស់​​សម្តេច ហ៊ុន សែន។

ឯកឧត្តម ​អ៊ាង សុផល្លែត បាន​ឲ្យ​ដឹង​​ថា សម្ដេច​តេជោ​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម Mark Gooding ដែល បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស​បាន​ល្អ​ទាំង​ខាងនយោបាយ និង​ពាណិជ្ជកម្ម និង​បាន​សំដែង​នូវ​ការ​សប្បាយរីករាយ​ចំពោះ​កំណើន​ទំហំ​ពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​កំណើន​ទេស​ចរ​អង់គ្លេស តាម​នាវា​ទេសចរណ៍​មកកាន់​កម្ពុជា​ផងដែរ។ សម្តេច​តេជោ​បាន​ជូនពរ​ឲ្យ​ឯកឧត្តម ឯកអគ្គរាជទូត​បាន​ទទួលជោគជ័យ​ជា​បន្តបន្ទាប់​ទៀត ក្នុង​បេសកកម្ម​របស់​ខ្លួន​នៅ​ពេល​​អនាគត​​៕

សម្តេច​​តេជោ​​ថ្លែង​​អំណរ​គុណ​​ប្រធាន​​គណៈ​ប្រតិភូ​គណៈ​កម្មាធិការ​​កាក​បាទ​ក្រហម​​អន្តរជាតិ​​ក្នុង​​បេសក​កម្ម​ជាង ៣០ឆ្នាំ​នៅ​​កម្ពុជា

លោក ហ្សាកគេ ស្ទូន (Jacques Stoun) ប្រធាន​គណៈប្រតិភូ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​ពី​ប្រទេស​កម្ពុជា មាន​ប្រសាសន៍ជម្រាប​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ​នា​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅ​វិមាន​សន្តិភាពថា ក្នុង​បេសក​កម្ម​​រយៈពេល​ជាង​៣០ ឆ្នាំ​របស់​លោក​នៅក្នុង​ប្រទេស​កម្ពុជា លោក​ទទួល​បាន​នូវ​កិច្ច​សហ​ប្រតិបត្តិការ​យ៉ាង​ល្អ​អំពី ​ស្ថាប័ន​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​នឹង​ការងារ​មនុស្សធម៌ និង​ការងារ​កាកបាទ​ក្រហម​ជាដើម ហើយ​លោក​មាន​មោទនភាព​ណាស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ ដែល​រាជរដ្ឋាភិបាលបាន​ផ្តល់ជូន​រូបលោក​នោះ។

ឯកឧត្តម អ៊ាង សុផល្លែត ​ជំនួយការ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​សម្តែង​ការគួរ​សម និង​ជម្រាប​លា សម្តេច​តេ​ជោនាយករដ្ឋមន្ត្រីបាន​​មាន​ប្រសាសន៍វាយ​តម្លៃ​ខ្ពស់​ចំពោះ​ ​លោក Jacques Stoun ដែលបានចំណាយពេល​ប្រមាណ​ពាក់​កណ្ដាល​ជីវិត​របស់​ខ្លួន​ធ្វើការបម្រើ​ និង​ជួយ​ដល់​កម្ពុជា។ ​​

ចំពោះ​វីរភាព​នេះ សម្ដេច​នាយករដ្ឋមន្ត្រី​សូម​ថ្លែង​អំណរ​គុណ​យ៉ាង ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក​​ប្រធាន​គណៈប្រតិភូ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​ និង​បាន​ជូនពរ​ឲ្យ​លោក​ទទួល​បាន​ជោគជ័យ​លើ​ភារកិច្ច​របស់​លោក​ជា​បន្ត​បន្ទាប់​នោះ៕

សម្តេ​ច​តេជោ​៖កម្ពុជា​​ត្រូវ​ការ​​ទាំង​​ថវិកា​​និង​​ធនធាន​​ធនាគារ​​ខួរ​ក្បាល​ដើម្បី​​អភិ​វឌ្ឍន​ប្រទេស​​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូ​ប្រព័ន្ធ​អង្គការ​សហ​ប្រជាជាតិ​(​អ​.​ស​.​ប​)​ នា​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ អំពី​គោល​នយោបាយ និង​យុទ្ធ​សាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជាថា ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​អនុវត្ត​គោល​នយោបាយ​​យុទ្ធសាស្ត្រ​របស់ខ្លួន រាជ​​រដ្ឋា​ភិបាល​កម្ពុជា​​ត្រូវការ​ទាំង​ថវិកា និង​ធនធាន​ធនាគារ​ខួរក្បាល​ផងដែរ ​ដើម្បី​សម្រេច​បាន​​គោលដៅ​នេះ​។​

ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​ជា​មួយ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​​ថ្លែងអំណរគុណ​ជូន​ចំពោះ​ប្រព័ន្ធ អ​.​ស​.​ប ទាំងមូល​ដែល​បាន ធ្វើការ​ជា​ដៃគូ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ប្រកបដោយ​ប្រសិទ្ធភាព។ សម្តេច​តេ​ជោ​បាន​ជម្រាបជូន​គណៈប្រតិភូ ដែល​​ដឹកនាំ​ដោយ​លោកជំទាវ Claire Vander Vaeren ថា អ្វីដែល​ជាការ​ទទួលបាន​នេះ​គឺជា​ជោគជ័យ​រួម និង​ជា​មោទនភាព​រួម​របស់ រាជរដ្ឋាភិបាល និង​ដៃគូ​គឺ​ប្រព័ន្ធ អ​.​ស​.​ប ផងដែរ។

សម្តេច​តេ​ជោ​បានលើកឡើង​អំពី​ស្ថានភាព ដែលត្រូវបាន​ដោះស្រាយ និង​ស្ថានភាព​ដែល​កំពុង​ប្រឈម និង​បានលើកឡើង​អំពី​គោលដៅ​អភិវឌ្ឍន៍​របស់កម្ពុជា ដែល​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម ៧% និងធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ឲ្យ​មានការប្រកួតប្រជែង បង្កើត​​ការងារ​ឲ្យ​បាន​កាន់តែច្រើន ជាពិសេស​ឲ្យ​ប្រជាជន​កម្ពុជា និង​យុវជន និង​កាត់បន្ថយ​ភាពក្រីក្រ​ឲ្យ​បាន ១%​ក្នុង​មួយឆ្នាំ និង​បន្ត​ពង្រឹង​អភិបាលកិច្ច និង​ប្រសិទ្ធភាព​ស្ថាប័ន​ផងដែរ។
សម្តេច​តេ​ជោ​មានប្រសាសន៍ថា ដើម្បី​ទទួលបាន​ជោគជ័យ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ អាទិភាព​ចំនួន៤ ទៀត​គឺ ១-​ការពង្រឹង​ភាព​ប្រកួតប្រជែង​តាមរយៈ​ធនធានមនុស្ស ទី​២-​ការ​បន្ត​​ជំរុញ វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​សម្រួល​ពាណិជ្ជកម្ម ទី​៣-​អភិវឌ្ឍន៍​បង្កើន​តម្លៃ​បន្ថែម​លើ​វិស័យ និងផលិតផល​កសិកម្ម និង​ទី​៤-​ពង្រឹង​អភិបាលកិច្ច​ស្ថាប័ន។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍បញ្ជាក់​ថា ដើម្បី​ឲ្យទទួលបាន​ជោគជ័យ​ គឺ​ទាមទារ​នូវ​ធាតុ​ចូលរួម​ពី​ប្រព័ន្ធ អ​.​ស​.​ប ផងដែរ ដែល​ក្នុងនោះ​រាជរដ្ឋាភិបាលកម្ពុជា មិន​ត្រឹមតែ​ត្រូវការ​ថវិកាប៉ុណ្ណោះ​​ទេ ប៉ុន្តែ​ត្រូវការ​ធន​ធាន​ធនាគារ​​ខួរក្បាល​ផងដែរ​។

លោកជំទាវ Claire Vander Vaeren អ្នកសម្របសម្រួល​ប្រព័ន្ធ អ​.​ស​.​ប តំណាង​កម្មវិធី​អភិ វឌ្ឍន៍ អ​.​ស​.​ប និង​ជា​ប្រធាន​ក្រុមទី​ភ្នាក់ងារ អ​.​ស​.​ប ប្រចាំ​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បញ្ជូន​កង​រក្សា​សន្តិសុខ​កម្ពុជា​ទៅកាន់ប្រទេស​ម៉ាលី និង​បាន​ជម្រាបជូន​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ថា ប្រព័ន្ធ អ​.​ស​.​ប បានធ្វើការ​ជា​ដៃគូ​ជាមួយរាជរដ្ឋាភិបាល​កម្ពុជា​កាន់តែ​ជិតស្និទ្ធ​ឡើងៗ​ជា​រៀងរាល់ឆ្នាំ ហើយ​​ប្រព័ន្ធ អ​.​ស​.​ប បាន​យកចិត្តទុកដាក់ ធ្វើការ​យ៉ាងណា​ឲ្យ​ស្របទៅតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​អប់រំ សុខាភិបាល សេដ្ឋកិច្ច យុវជន យ៉េន​ឌ័​រ និង​ការ​គាំពារ​សង្គម ​ក៏ដូចជា​សិទ្ធិមនុស្ស​ផងដែរ។ ចំពោះ​ករណីគ្រោះទឹកជំនន់​នាពេល​កន្លង​មកនេះ លោក​ជំទាវ Claire Vander Vaeren បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រព័ន្ធ អ​.​ស​.​ប បានទទួល​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ជាមួយ នឹង​ស្ថាប័ន​នានា រួមមាន ទាំង​កាក​បាទ​ក្រហ​ម​កម្ពុជា ក៏​ដូច​​ជាមូលដ្ឋាន​ដែល​ទទួលរង​ផល​ប៉ះពាល់​​​។​ លោកជំទាវ Claire Vander Vaeren បាន​សំដែង​​នូវ​ការ​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​កិច្ចសហប្រតិបត្តិការ​នាពេល​កន្លង​មក​នេះ​៕​​

បទអត្ថាធិប្បាយ ដោយ ប៉ែន ងឿន សមាជិកនៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស «តើវាជាល្បិចដោយចេតនា ការធ្វេសប្រហែស ឬភាពល្ងង់ខ្លៅ?»

បទអត្ថាធិប្បាយ

តើវាជាល្បិចដោយចេតនា ការធ្វេសប្រហែស ឬភាពល្ងង់ខ្លៅ?

 តើប្រជាជនថៃអាចដឹងការពិតយ៉ាងណាទៅកើតអំពីប្រាសាទព្រះវិហារ ប្រសិនបើ ហើយ និងក្នុងពេលដែលនិពន្ធនាយកថៃនៅក្រុម the Nation Multimedia Group លោក Thanong Khanthong ខ្លួនឯងបន្តបញ្ចេញព័ត៌មានមិនពិតដល់អ្នកអានការសែត The Nation ?

ខ្ញុំមិនជឿថា លោក Thanong Khanthong មិនដឹងថាតុលាការយុត្តិធម៌អន្តរជាតិ ICJ តាម រយៈសាលដីការរបស់ខ្លួនចុះថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ១៩៦២ បានប្រគល់កម្មសិទ្ធិលើប្រាសាទ ព្រះវិហារមកឲ្យកម្ពុជា ហើយសាលដីការរបស់ ICJ នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០១៣ បាន បកស្រាយតែអំពី “បរិវេណជុំវិញ” ប្រាសាទប៉ុណ្ណោះ។ បញ្ហានេះធ្វើឲ្យខ្ញុំជឿថានៅក្នុងការសរសេរ និងការចុះផ្សាយ សូម្បីតែការនិយាយយោងយ៉ាងខ្លីដល់សាលដីការរបស់ ICJ នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងអត្ថបទវិភាគដ៏សំខាន់មួយស្តី ពីនយោបាយថៃ មានចំណងជើងថា “ពេលសម្ពាធកើនឡើងត្រូវតែបរិច្ចាកអ្វីមួយទើបបាន - As the pressure rises, something’s got to give” ចុះថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៣ លោក Thanong Khanthong អាស្រ័យដោយសារ ល្បិចគិតទុកពីមុន ហើយដែលមានបំណងបង្ហាញថាខ្លួនជាអ្នកជាតិនិយម នៅពេលដែលលោក និយាយដល់ប្រទេសជិតខាងរបស់ថៃនៅខាងកើត។ ឥរិយាបថបែបនេះអាចធ្វើឲ្យអ្នកជាតិនិយម ជ្រុលរបស់ថៃសប្បាយចិត្ត ទោះបីត្រូវបោះបង់ភាពជាអ្នកមានវិជ្ជាជីវៈ និងបញ្ញាវន្តភាពក៏ដោយ។

ដើម្បីរក្សាខ្លឹមសារនៃអត្ថបទវិភាគពោពេញទៅដោយការយល់ដឹងរបស់លោក អំពី នយោបាយថៃ និងដើម្បីភាពស្មោះត្រង់ និងសុភវិនិច្ឆ័យ ខ្ញុំសូមដកស្រង់ប្រយោគនិពន្ធទាំងស្រុង ដែលមានខ្លឹមសារថា “ជារឿងចម្លែកដែលប្រធានសភា និងអ្នកគាំទ្រលោកមិនបានចេញលិខិត តវ៉ាលើសាលដីការបស់តុលាការពិភពលោក កាលពីសប្តាហ៏មុនប្រឆាំងនឹងកម្មសិទ្ធិរបស់ថៃលើ ប្រាសាទព្រះវិហារ។” តាមពិតទៅ ដូចបានពន្យល់ខាងលើរួចហើយ ការវិនិច្ឆ័យរបស់ ICJ “សប្តាហ៏មុន” មិនពាក់ព័ន្ធទៅនឹង “កម្មសិទ្ធិលើប្រាសាទព្រះវិហារទេ”។

ការបញ្ជូនព័ត៌មានមិនពិតអំពីអធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាល្បែងនយោបាយ ដ៏គ្រោះថ្នាក់ខ្លាំងមួយ។ វាប្រឆាំងនឹងកិច្ចប្រឹងប្រែងក្នុងការឈានទៅសំរេចបានអំពីតំបន់ព្រំដែន សន្តិភាពមួយ សំរាប់ការអភិវឌ្ឍដោយរដ្ឋាភិបាលថៃ និងកម្ពុជា។ ការភ្ជាប់ទំនាក់ទំនងស្ថានការណ៏ នៃព្រឹត្តិការណ៏នយោបាយផ្ទៃក្នុងសុទ្ធសាធរបស់ថៃ ជាមួយស្ថានការណ៏ពាក់ព័ន្ធជាមួយកិច្ចការ តុលាការអន្តរជាតិ ដើម្បីទាញយកភាពដូចគ្នា ឬភាពខុសគ្នាផ្សេងៗ មិនមែនជាទង្វើរឆ្លាតវៃឡើយ។ វាអាចត្រូវបានចោទសួរ។ វាបើកចំហរឲ្យមានការ វាយតបតវិញ។
ជារឿងអកុសលដែល លោក Thanong Khanthong បានបញ្ជូនព័ត៌មានមិនពិតអំពីប្រាសាទ ព្រះវិហារសំរាប់អ្នកអានកាសែត The Nationដោយចេតនា។ ផ្ទុយទៅវិញ លោកអាចដើរនៅជួរ មុខក្នុងការសរសេរលើកកម្ពស់ការពិត និងគតិបណ្ឌិតស្តីអំពីប្រវត្តិសាស្រ្ត លក្ខណៈជាផ្លូវច្បាប់ និងភាពស្របច្បាប់នៃប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏រុងរឿងមួយ។

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៣
ប៉ែន ងឿន
សមាជិកនៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

ទីស្តីការគណៈរដ្ឋមន្រ្តី