Monday, January 20, 2020

ចិន៖ វីរុសផ្លូវដង្ហើមផ្តាច់ជីវិតមនុស្សកើនដល់៣នាក់ និងឆ្លង១៣៩នាក់ ដែលមាននៅទីក្រុងប៉េកាំង និងហ្សិនជិនផងដែរ!

(ប៉េកាំង)៖ នៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ អាជ្ញាធរចិនបានប្រកាសថា មនុស្សសរុប ០៣នាក់ហើយបានបាត់បង់ជីវិត ដោយសារវីរុសផ្លូវដង្ហើមថ្មី (Coronavirus) ខណៈមនុស្សរហូតដល់ ១៣៩នាក់ឯណោះបានឆ្លងគិតត្រឹមចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ CNA នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០។
វីរុសខូរ៉ូណា គឺជាប្រភេទវីរុសផ្លូវដង្ហើមថ្មីដែលក្រុមជំនាញចិន និងអន្តរជាតិនៅតែកំពុង ព្យាយាមធ្វើការសិក្សាស្វែងយល់អំពីវានៅឡើយ។ មន្ត្រីចិនបានអះអាងថា វីរុសនេះត្រូវបានរកឃើញនៅទីក្រុងប៉េកាំង និងហ្សិនជិនផងដែរ ដែលនេះគឺជាការរីករាលដាលបន្ថែមទៀត បន្ទាប់ពីវាបានផ្ទុះឡើងដំបូងចេញពីទីក្រុង វូហាន (Wuhan) ភាគកណ្តាលប្រទេសចិន។
គួរបញ្ជាក់ថា អាជ្ញាធរនៃសង្កាត់ដាស៊ីង (Daxing) ទីក្រុងប៉េកាំង បានរកឃើញមនុស្សពីរនាក់ មានផ្ទុកវីរុសផ្លូវដង្ហើមប្រភេទថ្មីខាងលើនេះ ក្រោយពីពួកគេបានធ្វើដំណើរ ត្រឡប់មកពី ទីក្រុងវូហាន ខណៈករណីដូចគ្នាក៏បានកើតមានឡើងលើបុរសវ័យ ៦៦ឆ្នាំម្នាក់ នៅទីក្រុងហ្សិនជិន ដែលមានព្រំដែនជាប់ទីក្រុងហុងកុងផងដែរ។ អាជ្ញាធរទីក្រុងវូហាន បានប្រកាសថា នៅក្នុងទីក្រុងនេះតែមួយប៉ុណ្ណោះមានមនុស្សរហូតដល់ ១៣៦នាក់ហើយបានឆ្លងវីរុស និងកំពុងទទួលការព្យាបាល៕


ក្រសួងអប់រំ ចេញសេចក្តីប្រកាសព័ត៌មានដើម្បីពង្រឹង និងលើកកម្ពស់វិន័យបទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌នៅតាមគ្រឹះស្ថានសិក្សា

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ បានដាក់ចេញនូវវិធានការ ៤ចំណុច ដើម្បីពង្រឹងនិងលើកកម្ពស់វិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ នៅតាមគ្រឹះស្ថានសិក្សា។ 
បើតាមក្រសួងអប់រំ មូលហេតុនៃការដាក់ចេញវិធានការនេះ ដោយសាររយៈពេលកន្លងមកនេះ បាតុភាពអសកម្ម និងអសីលធម៌មួយចំនួនបានកើតឡើងទាំងនៅក្នុង ទាំងនៅក្រៅបរិវេណនៃគ្រឹះស្ថានសិក្សា ដែលបានបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗ ក្នុងករណីខ្លះរហូតដល់បាត់បង់អាយុជីវិតរបស់យុវជនក្នុងវ័យសិក្សា។ ក្រសួងអប់រំ ទទួលស្គាល់នូវរាល់កង្វល់ និងការព្រួយបារម្ភនានាររបស់សាធារណជន មាតាបិតា អ្នកអាណាព្យាបាល និងសិស្ស និស្សិតទាំងអស់ ព្រមទាំងចូលរួមសោកស្តាយនិងរំលែកទុក្ខ ចំពោះក្រុមគ្រួសារដែលទទួលរងផលប៉ះពាល់ ដោយសារហេតុការណ៍ទាំងនេះ។
ក្នុងគោលបំណងទប់ស្កាត់នូវបាតុភាពអសកម្ម និងអសីលធម៌ទាំងនេះនៅថ្ងៃខាងមុខ ក្រសួងអប់រំបានអំពាវនាវ និងណែនាំដល់អាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់ គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងយុវជន ព្រមទាំងមាតាបិតា អ្នកអាណាព្យាបាល សហគមន៍ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមចូលរួមពង្រឹងនិងលើកកម្ពស់ការគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ ដូចខាងក្រោម៖
១៖ គណៈកម្មការគ្រប់គ្រងសាលារៀន៖ គណៈកម្មការទ្រទ្រង់សាលារៀន នាយកសាលារៀន និងគ្រូបន្ទុកថ្នាក់ ត្រូវផ្សព្វផ្សាយ និងពង្រឹងការអនុវត្តឱ្យបានហ្មត់ចត់បំផុតនូវ «សេចក្តីណែនាំចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន» ជាពិសេសត្រូវពង្រឹងយន្តការរបស់ក្រុមប្រឹក្សាវិន័យនៅតាមគ្រឹះស្ថានសិក្សានីមួយៗ ឱ្យបានរឹងមាំ។
២៖ ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារ និងរចនាសម្ព័ន្ធអង្គការយុវជនដែលមាននៅតាមគ្រឹះស្ថានសិក្សារួមទាំងកាយរឹទ្ធិជាតិកម្ពុជា យុវជនកាកបាទក្រហម ត្រូវចូលរួមឱ្យបានផុសផុលបំផុត ជាមួយសិស្សានុសិស្ស ក្នុងការកសាងមិត្តភាព សាមគ្គីភាព ការជួយយកអាសារគ្នា ការគោរពវិន័យនិងក្រមសីលធម៌ ការគោរពសេចក្តីថ្លៃថ្នូររបស់បុគ្គល គ្រួសារ សាលារៀន និងសង្គមជាតិ។
៣៖ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវប្រើប្រាស់ពេលវេលាសមស្របសម្រាប់ការកោះប្រជុំសិស្សានុសិស្សតាមថ្នាក់ តាមក្រុម ឬក្នុងអំឡុងពេលមុនឬក្រោយកម្មវិធីគោរពទង់ជាតិ ដើម្បីធ្វើការពន្យល់ណែនាំ ដាស់តឿនក្រើនរំលឹក ដល់សិស្សានុសិស្សទាំងអស់ឱ្យគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា។ គ្រឹះស្ថានសិក្សា ត្រូវជំរុញការសិក្សាស្វែងយល់អំពីអត្ថន័យ និងការច្រៀងបទចម្រៀង «ពង្សាវតារខ្មែរ» ដើម្បីលើកតម្កើងភាពមោទនភាព ឧត្តមភាពជាតិនិយម និងការជឿជាក់លើព្រះរាជាណាចក្រកម្ពុជា ពីគ្រប់ស្រទាប់សិស្សានុសិស្ស។ សេចក្តីប្រកាសព័ត៌មាននេះ និងបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា ត្រូវផ្សព្វផ្សាយជាសាធារណៈ លើបញ្ជីរព័ត៌មាននៅតាមគ្រឹះស្ថានសិក្សា និងប្រព័ន្ធផ្សព្វផ្សាយតាមគ្រប់រូបភាព។
៤៖ គ្រូបន្ទុកថ្នាក់ និងគ្រូប្រចាំមុខវិជ្ជា ត្រូវបន្តដាស់តឿន ក្រើនរំលឹក និងបញ្ជាបការអប់រំចរិយាសម្បទា បន្ថែមលើពុទ្ធិសម្បទា និងបំណិនសម្បទានៅគ្រប់ម៉ោងសិក្សាទាំងអស់ដល់សិស្សានុសិស្សឱ្យអស់ពីលទ្ធភាព។ ក្រសួងអប់រំ បានថ្លែងអំណរគុណ និងសូមអំពាវនាវដោយទទូច ចំពោះមាតាបិតា អ្នកអាណាព្យាបាល និងអ្នកពាក់ព័ន្ធនានា សូមមេត្តាចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចំណាយពេលវេលាបន្ថែម ទាំងនៅតាមគេហដ្ឋាន ឬទីកន្លែងផ្សេងទៀត ក្នុងការបន្តអប់រំ ពន្យល់ ណែនាំបុត្រធីតាគ្រប់ៗរូប ឱ្យដើរលើគន្លងនៃសីលធម៌ និងចរិយាធម៌។
យោងតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្រសួងអប់រំ ថែមទាំងបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមបន្តពង្រឹងការអនុវត្តច្បាប់ ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈសន្តិសុខ និងសុវត្ថិភាព សម្រាប់សហគមន៍ និងគ្រឹះស្ថានសិក្សាទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ៖



កំណាយស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុករកឃើញគ្រឹះប្រាសាទ សម្ភារប្រើប្រាស់ និងការតាំងទីរបស់មនុស្សជាង១០០០ឆ្នាំ

អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាសហការជាមួយសាកលវិទ្យាល័យហាវ៉ៃសហរដ្ឋអាមេរិកធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅទួលដូនប៉ុក ដែលមានទីតាំងស្ថិតនៅខាងលិចប្រាសាទវត្តអធ្វា ស្ថិតក្នុងភូមិទ្រាក សង្កាត់/ខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នឹងបញ្ចប់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

លោក ទិន ទីណា អនុប្រធានមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ការស្រាវជ្រាវធ្វើឡើងដើម្បីស្វែងរកភូមិបុរាណ ទីសក្ការបូជា និងសម្ភារប្រើប្រាស់នានា ដែលស្ថិតនៅក្រៅរាជធានីអង្គរ ពិសេសនៅជុំវិញខេត្តសៀមរាប។ គំហើញថ្មីៗនេះជាប្រយោជន៍សម្រាប់ការសិក្សាស្រាវជ្រាវ ការយល់ដឹងពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រខ្មែរពីអតីតកាលដល់បច្ចុប្បន្ន ព្រមទាំងរួមចំណែកការពារបុរាណដ្ឋានលើតំបន់ដែលកំពុងអភិវឌ្ឍន៍។

លោក ហេង ពិភាល់ បណ្ឌិតបុរាណវិទ្យានៃសាកលវិទ្យាល័យហាវ៉ៃនិងជាប្រធានគម្រោងស្រាវជ្រាវបានឱ្យដឹងថា ក្រុមការងារបានធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាចំនួន៥រណ្តៅ ទំហំ១គុណ២ម៉ែត្រ នៅលើទួលដូនប៉ុកផងនិងនៅលើគោកមនុស្សរស់នៅក្បែរទួលនេះផង។ ជាលទ្ធផល រណ្តៅកំណាយនៅទួលដូនប៉ុកបានរកឃើញគ្រឹះប្រាសាទធ្វើពីថ្មបាយក្រៀមពីខាងក្រោមនិងឥដ្ឋនៅពីខាងលើដែលកប់ក្នុងដីជម្រៅជាង១ម៉ែត្រ ដែលមានសសរពេជ្រពណ៌ផ្កាឈូក២កំណាត់និងគំនរថ្មភក់នៅក្នុងខ្ទមអ្នកតា។ តាមការសន្និដ្ឋាន ប្រាសាទគោកដូនប៉ុកបានកសាងឡើងក្នុងស.វ.ទី១០ មានអាយុប្រហាក់ប្រហែលទៅនឹងប្រាសាទបន្ទាយស្រីនិងប្រាសាទព្រះឥន្ទ្រកោសីយ៍ ដែលជាទីសក្ការៈរបស់មនុស្សនាសម័យនោះ។

លោកបណ្ឌិតបុរាណវិទ្យារូបនេះបន្តថា តាមរយៈលទ្ធផលកំណាយ ប្រាសាទឥដ្ឋនេះដួលរលំនៅរវាងស.វ.ទី១២ឬ១៣ និងលែងជាកន្លែងប្រារព្ធពិធីសាសនាធំដុំទៀតហើយ ពោលគឺនៅត្រឹមតែជាគោកអ្នកតាប៉ុណ្ណោះ។ ការផ្លាស់ប្តូរនេះ ប្រហែលជួនគ្នានឹងការកសាងវត្តអធ្វានាស.វ.ទី១២ឬទី១៣ដែរ ដោយមនុស្សបានប្តូរទៅគោរពបូជានៅវត្តអធ្វាវិញ។ ក្រៅពីនោះ ទាំងក្នុងរណ្តៅនៅទួលដូនប៉ុកនិងគោកភូមិ ក៏ឃើញមានបំណែកកុលាលភាជន៍ចិនពីស.វ.ទី១២ដល់ទី១៧ និងភាជន៍ខ្មែរផលិតនៅតំបន់នគររាជ ភ្នំគូលែន និងជើងឯកនៅស.វ.ទី១០និង១៣ មានភាជន៍ផុយ ភាជន៍រឹងមានស្រទាប់រលោង និងគ្មានស្រទាប់រលោង រួមទាំងរបស់ប្រើប្រាស់ផ្សេងៗ។

ទាំងនេះបញ្ជាក់ថា ទីតាំងដែលពួកគាត់រស់នៅសព្វថ្ងៃ (ទួលដូនប៉ុក) ជាភូមិចាស់តពីដូនតានិងមានមនុស្សរស់នៅតគ្នាជាង១០០០ឆ្នាំមកហើយ ពោលគឺតាំងពីស.វ.ទី១០ដែលមានសំណង់ប្រាសាទឥដ្ឋចំនួន១ និងមានគោកភូមិនៅជុំវិញប្រាសាទចំនួន៦។ ចំណែកបំណែកកុលាលភាជន៍បង្ហាញឱ្យដឹងថា វត្តមានមនុស្សរស់នៅទួលដូនប៉ុកមានយ៉ាងតិចដល់ស.វ.ទី១៨។

លោក វិទូ ភិរម្យ បុរាណវិទូនៃមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្តល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា តាមរយៈលទ្ធផលកំណាយនៅទួលដូនប៉ុក គឺបានបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងការរៀបចំភូមិកររបស់មនុស្សសម័យបុរាណនៅភាគខាងត្បូងអង្គរ ដែលប្រាសាទគឺជាមជ្ឈមណ្ឌលសំខាន់នៃសហគមន៍មួយ។  ប្រាសាទមានមនុស្សថែរក្សានិងរស់នៅជុំវិញ មានការប្រើប្រាស់សម្ភារផ្សេងៗដែលបម្រើឱ្យជីវភាពប្រចាំថ្ងៃនិងកិច្ចបូជា។ រីឯបំណែកកុលាលភាជន៍អាចឱ្យយើងស្វែងយល់ពីសេដ្ឋកិច្ចនិងការរស់នៅរបស់មនុស្សពីសម័យបុរាណ។ លើសពីនេះ យើងបានដឹងពីចលនាពាណិជ្ជកម្មនិងការប្រើប្រាស់ភាជន៍នាំចូលមកពីស្រុកចិន ដូចជាក្នុងរាជវង្សម៉េងនិងឆេង (តិចតួច) ភាជន៍បៃតងក្នុងរាជវង្សយួននិងសុង រួមទាំងប្រភេទភាជន៍រឹងផលិតក្នុងស្រុកផង។ល។

លោក ភិរម្យ បន្តថា លទ្ធផលទាំងអស់នេះនៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ ត្បិតនៅជាលទ្ធផលបឋម ហើយយើងក៏មានគម្រោងស្រាវជ្រាវនាពេលអនាគតដើម្បីស្វែងយល់អំពីទំហំនៃខឿនប្រាសាទដែលយើងឃើញតើវាមានទំហំប៉ុណ្ណា បើប្រៀបធៀបនឹងប្រាសាទផ្សេងៗក្នុងសម័យដំណាលគ្នានោះ? តើនេះជាប្រព័ន្ធនៃការរៀបចំភូមិករនិងប្រាសាទនាស.វ.ទី១០ឬយ៉ាងណា?

បុរាណវិទូខាងលើក៏បានឱ្យដឹងដែរ តាមរយៈកិច្ចសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ គឺជាឱកាសដ៏ល្អមួយសម្រាប់ផ្សព្វផ្សាយនិងការពារបុរាណដ្ឋានដែលស្ថិតនៅភាគខាងត្បូងអង្គរ ត្បិតតំបន់នេះសព្វថ្ងៃកំពុងអភិវឌ្ឍន៍ខ្លាំង ហើយតម្រូវការប្រើប្រាស់ដីធ្លីក៏ខ្ពស់ដែលអាចបង្កហានិភ័យខ្ពស់ដល់បុរាណដ្ឋាននៅក្នុងតំបន់នេះដែរ។ ដូច្នេះ តាមរយៈសកម្មភាពនៃការស្រាវជ្រាវតាមបែបបុរាណវិទ្យាមួយនេះ យើងអាចបង្ហាញពន្យល់ប្រជាពលរដ្ឋឱ្យយល់ពីតម្លៃនិងឱ្យចេះស្រឡាញ់ ការពារសម្បត្តិដូនតា កុំឱ្យមានការបំផ្លិចបំផ្លាញ។ លើសពីនេះទៀតអាចផ្សព្វផ្សាយឱ្យពួកគាត់ដឹងថា ទីតាំងបុរាណដ្ឋាននេះត្រូវការពារដោយអាជ្ញាធរជាតិអប្សរានិងយល់ដឹងពីសារៈសំខាន់របស់ទីទួលបុរាណដែលផ្សារភ្ជាប់ទៅនឹងតំបន់អង្គរ ព្រោះអង្គរមិនសំដៅតែលើរាជធានីដែលមានក្រុមប្រាសាទធំៗទាំងនោះតែមួយមុខទេ គឺជាការរួមផ្សំគ្នានៃប្រាសាទ និងភូមិករតូចៗទាំងអស់នេះឯង៕

អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់គឹមអាន










កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំផែនការជួយការពារអ្នកសារព័ត៌មានដែលគោរពក្របសីលធម៌វិជ្ជាជីវៈត្រឹមត្រូវតាមច្បាប់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ក្រសួងព័ត៌មាន និងក្រុមមេធាវីស្ម័គ្រចិត្ត លោកនាយករដ្ឋមន្រ្ដី ន សែន បានបើកកិច្ចប្រជុំរួមមួយ ដើម្បីរៀបចំផែនការ ក្នុងការការពារក្តីជូនអ្នកសារព័ត៌មាន ដែលបំពេញការងារតាមក្រមសីលធម៌វិជ្ជាជីវៈ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងអ្នកសារព័ត៌មានយ៉ាងច្រើនផងដែរ។
គួរបញ្ជាក់ថា អ្នកសារព័ត៌មានទាំងឡាយណា ដែលសរសេរព័ត៌មានដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែពេលផ្សព្វផ្សាយចេញទៅត្រូវគេប្តឹងទៅវិញនោះ នឹងត្រូវទទួលបានសិទ្ធិការពារក្តីពីក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន។ លោក គី តិច ដែលជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តលោកនាយករដ្ឋមន្រ្ដី ត្រូវមានតួនាទីទទួលខុសត្រូវ បញ្ហាការពារក្តីដល់អ្នកសារព័ត៌មាន ដែលធ្វើការគោរពតាមក្រមសីលធម៌វិជ្ជាជីវៈទាំងនោះ។ នេះបើយោងតាមការប្រកាសរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសសំណេះសំណាល និងពិសាអាហារសាមគ្តី ជាមួយអ្នកសារព័ត៌មានជិត ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការស្នើសុំពី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ បើតាមប្រសាសន៍លោកនាយករដ្ឋមន្រ្ដី ក្រុមមេធាវីស្ម័គ្រចិត្ត ក៏មានសិទ្ធិបដិសេធមិនទទួលយកការស្នើសុំការពារក្តី ពីអ្នកសារព័ត៌មានណា ដែលផ្សាយព័ត៌មានមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និងផ្សាយព័ត៌មានបំភ្លៃការពិត។ លោកថែមទាំងបានជំរុញដល់អ្នកសារព័ត៌មាន ឲ្យគោរពពាក្យស្លោក ដែលត្រូវបានលោកដាក់ចេញថា ធ្វើជាអ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត៕





លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អញ្ជើញចុះសួរសុខទុក្ខកងវិស្វកម្មលេខ ១៧៨ ស្ថាបនាផ្លូវក្រុងព្រះសីហនុ

ព្រះសីហនុ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ( គ.អ.ឆ.ក ) អមដំណើរដោយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមជាមួយអស់លោក លោកស្រី សមាជិកគណៈកម្មាធិការជាតិ គ.អ.ឆ.ក នាយទាហាន មន្រ្តីមន្ទីរស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយនាយទាហាន នាយទាហានរង និងពលទាហាន កងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលកំពង់បំពេញភារកិច្ចស្ថាបនាផ្លូវថ្នល់នៅក្រុងព្រះសីហនុ ដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជានាយករងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។
តាមរបាយការណ៍របស់លោក សឿន រឿត មេបញ្ជាការកងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ បានរាយការណ៍ជូនអង្គប្រជុំអោយដឹងថា អនុវត្តតាមផែនការរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានប្រគល់ភារកិច្ចជូនកងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ ស្ថាបនាវិថីឯករាជ្យលេខ១០០ ចំនួន៤កំណាត់ ប្រវែងសរុប ៥៣៦៥ម៉ែត្រ ដែលមានទទឹងផ្លូវ៤០ម៉ែត្រ “កំណាត់ទី១” ៥០ម៉ែត្រ “កំណាត់ទី២” និង២៦ម៉ែត្រ “កំណាត់ទី៣ និងទី៤” បានចាប់ផ្តើមដំណើរការ ចាប់តាំងពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ។
ជាមួយគ្នានេះ គណៈកម្មាធិការអន្តរក្រសួង មានក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក៏បានប្រគល់ភារកិច្ចជូនកងវិស្វកម្ម ស្ថាបនាផ្លូវក្រុង ចំនួន៨ខ្សែថែមទៀត រួមមាន លេខ៨២១ លេខ៨២៣ លេខ៨២៧ លេខ២០៩ លេខ៨១៤ លេខ១០៣ លេខ១៤៣ និងលេខ១ ០៨៣ សរុបប្រវែង ៨ ៦៩០ម៉ែត្រ ដែលនឹងចាប់ដំណើរការក្នុងពេលដ៏ឆាប់ខាងមុខនេះ ។
ដើម្បីអនុវត្តគម្រោងទាំង៩ ដែលគណៈកម្មាធិការជាតិ គ.អ.ឆ.ក ប្រគល់ជូនកងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ បានរៀបចំទីតាំងឈរជើងរបស់ទីបញ្ជាការមួយកន្លែង មានទំហំ១ហិកតា ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើមី្បរៀបចំទីកន្លែងបំពេញការងារប្រចាំថ្ងៃ ការស្នាក់នៅ ការទុកដាក់ឧបករណ៍ សម្ភារៈ មធ្យោបាយ រថយន្ត និងគ្រឿងចក្រគ្រប់ប្រភេទ ។
នៅក្នុងការបំពេញបេសកកម្មនេះ កងវិស្វកម្ម បានប្រើប្រាស់ កម្លាំងចំនួន១៨៥រូប ដោយចែកចេញជា៣ថ្នាក់ “១”ថ្នាក់បញ្ជាការ រួមមានដឹកនាំបញ្ជា និង ហិរញ្ញវត្ថុ “២”ថ្នាក់ប្រតិបត្តិការ “ផ្នែកបច្ចេកទេសស្ថាបនា ផ្នែកផ្គត់ផ្គង់ ផ្នែកសន្តិសុខ សុវត្ថិភាព ផ្នែកលូ ផ្នែកបេតុង” និង“៣”ថ្នាក់ជំនាញ“វិស្វករបច្ចេកទេស ប្រតិទិនពិសោធន៍ ក្រុមបច្ចេកទេសវាស់ស្ទង់ ក្រុមជាងជួសជុល ក្រុមរថយន្តដឹកជញ្ជូន ក្រុមត្រួតពិនិត្យសម្ភារៈ ឃ្លាំង និងក្រុមសន្តិសុខ សណ្តាប់ធ្នាប់នៅការដ្ឋាន ។
ជាមួយគ្នានេះ កងវិស្វកម្មបានប្រើប្រាស់មធ្យោបាយ គ្រឿងចក្រគ្រប់ប្រភេទ ចំនួន៧៣គ្រឿង រួមមាន គ្រឿងចក្រកៀកិន, អ៊ិចស្កាវាទ័រ អ៊ិចស្កាវាទ័របុកបេតុង-ថ្ម, គ្រឿងចក្ររុញដី, កិនបង្ហាប់, ចូកដី-ថ្ម កង់កៅស៊ូ, រថយន្តក្រឡុកបេតុង, បាញ់បេតុង, ដឹកដី-ថ្ម, ដឹកប្រេង, ទឹក ព្រមទាំងគ្រឿងចក្រ និងរថយន្តមួយចំនួនទៀត ។
នៅក្នុងពិធីសំណេះសំណាលលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានមានប្រសាសន៍ថា អនុវត្តតាមបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន ប្រកបដោយកិត្តិបណ្ឌិតឈ្លាសវៃ ពិសេសសំដៅប្រែក្លាយក្រុងព្រះសីហនុទៅជាក្រុងទំនើបឲ្យមានសោភណ្ឌភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ទើបយើងទាំងអស់គ្នាមានភារកិច្ចបំពេញបេសកកម្មនៅទីនេះ។
ក្នុងនាមក្រសួងការពារជាតិ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលមានទំនុកចិត្តលើកងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ តាមរយៈការប្រគល់ភារកិច្ចចូលរួមអនុវត្តអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្រុង ក្នុងខេត្តព្រះសីហនុយើងនេះ។
ទន្ទឹមនឹងនេះលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន និងពលទាហាន នៃកងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បំពេញបេសកកម្មជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលប្រគល់ជូននាពេលនេះ ។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានផ្តល់អនុសាសន៍ណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហាន កងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិន័យកងទ័ព និងត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពគ្រប់ផ្នែក គ្រប់វិស័យ ទាំងលក្ខណៈបច្ចេកទេស ទាំងវិន័យ ដើម្បីសម្រេចជោគជ័យតាមការទំនុកចិត្តរបស់រាជរដ្ឋាភិបាល និងជាការលើកកម្ពស់កិត្តិយស កេរ្តិ៍ឈ្មោះកងយោធពលខេមរភូមិន្ទ ប្រកបដោយសមត្ថភាពវិជ្ជាជីវៈលើវិស័យវិស្វកម្មនេះ។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អរគុណចំពោះ លោក ជា សុផារ៉ា ប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងអស់លោក លោកស្រី មន្រ្តីក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលមានទំនុកចិត្តមកលើកងវិស្វកម្ម ក្រសួងការពារជាតិ ក្នុងការអនុញ្ញាតឲ្យចូលរួមអនុវត្តអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ យើងនេះ ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រដ្ឋបាលមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានសហការ និងសម្របសម្រួលការងារគ្រប់បែបយ៉ាង ធ្វើឲ្យកងវិស្វកម្មបំពេញបេសកកម្មរបស់ខ្លួននាពេលកន្លងមកដំណើរការបានរលូន និងជោគជ័យ ។ ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រី បានស្នើលោក គួច ចំរើន ជួយបង្កលក្ខណៈងាយស្រួល និងពិនិត្យលទ្ធភាពក្នុងការផ្តល់ទីតាំងជូនកងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់បន្តទៀត ទៅតាមសំណូមពររបស់ លោក សឿន រឿត មេបញ្ជាការ ដែលបានលើកឡើង ។
ក្រោយពីពិធីសំណេះសំណាល លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ព្រមទាំងគណៈកម្មាធិការជាតិ គអឆក ក៏បានចុះពិនិត្យសង្វាក់ផលិតកម្មបេតុងចេញដោយអ្នកបច្ចេកទេសកងវិស្វកម្ម និងមានការចូលរួមពិនិត្យរួមពីក្រុមការងារបច្ចេកទេស គអឆក និងមន្ទីរពិសោធន៍ក្រសួងសាធារណការ។ ដោយមានការស្នើសុំពីគណៈកម្មាធិការជាតិលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានអញ្ជើញចុះពិនិត្យការងារស្ថាបនារបស់ក្រុមហ៊ុនទាំង ៦ និងអង្គភាពរដ្ឋចំនួន ២ ដែលកំពុងស្ថាបនាផ្លូវ ៣៤ ខ្សែនេះយ៉ាងសកម្ម។
ផ្តើមការចុះពិនិត្យ គណប្រតិភូបានចុះពិនិត្យវិថីឯករាជ្យ ដែលកងវិស្វកម្មលេខ ១៧៨ កំពុងបំពេញការងារស្ថាបនា រួមមាន ការងារកៀកិនស្រទាប់ថ្ម 4×6 និងស្រទាប់ថ្ម M30 ដែលជាស្រទាប់គ្រឹះ ការងារតម្លើងលូមូលនិងលូប្រអប់កាត់ទទឹងផ្លូវចំនួន ៤ កន្លែង ការងារចាក់បេតុងផ្លូវ និងការងារតម្លើងលូបណ្តោយផ្លូវពីរជួរមានលូទឹកភ្លៀង និងទឹកកង្វក់ ព្រមតាំងការវាយបំបែកថ្មខាងក្រោម ដែលជា ឧបសគ្គក្នុងការកាយតម្លើងលូផងដែរ។ ទន្ទឹមនេះ ថ្នាក់ដឹកនាំ បានបន្តពិនិត្យវឌ្ឍនភាពការងារស្ថាបនាចំពោះក្រុមហ៊ុនដទៃទៀត ដោយបញ្ចប់ការងារចុះពិនិត្យនៅរង្វង់មូលឆ្នេររាម។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានមានប្រសាសន៍បន្ថែមថា តាមរយៈការជួបជុំគ្នា និងចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវនាថ្ងៃនេះ លោកមានជំនឿយ៉ាងមុតមាំថា គណៈកម្មាធិការជាតិ គ.អ.ឆ.ក ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ នឹងបន្តសហការឲ្យកាន់តែជិតស្នីទ្ធថែមទៀត ដើម្បីកងវិស្វកម្មបន្តបេសកកម្មរបស់ខ្លួន ទទួលជោគជ័យថ្មីៗថែមទៀត តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល៕







រដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាតនូវសកម្មភាព ៣ចំណុច ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
ក្នុងសេចក្ដីជូនដំណឹងនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវបំរាមចំនួន៣ចំណុច ដែលមិនឲ្យប្រជាពលរដ្ឋប្រព្រឹត្តនោះឡើយ ក្នុងន័យរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ រួមមាន៖
* មិនឲ្យមានការដុតផាវ កាំជ្រូច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ
* មិនឲ្យលេងល្បែងគ្រប់ប្រភេទ ដែលមានលក្ខណៈស៊ីសង
* រាល់ការហែក្បួនផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់។
អភិបាលរាជធានីភ្នំពេញ ក៏បានដាក់បទបញ្ជាចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឲ្យម៉ឹងម៉ាត់បំផុត កុំឲ្យមានការនាំចូលផាវ កាំជ្រូច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ៕

អភិបាលខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខនិងនាំយកថវិកាផ្តល់ជូនសិស្សដែលសន្លប់ទាំង៤១នាក់ នៅវិទ្យាល័យក្រូចឆ្មារ

ត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោកស្រី និងអភិបាលរងខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានចុះសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាចែកជូនដល់សិស្សានុសិស្សដែលដួលសន្លប់ទាំង៤១នាក់ នៅវិទ្យាល័យក្រូចឆ្មារ ដើម្បីសម្រួលដល់ការហូបចុក និងតម្រូវការផ្សេងៗ។
ជាមួយគ្នានោះលោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សត្រូវខិតខំសិក្សា ធ្វើជាកូនល្អ សិស្សល្អ មិត្តភក្តិល្អ ដើម្បីអនាគតល្អ សាកសមជាទំពាំងស្នងឫស្សីប្រទេសជាតិ ពិសេសអាជ្ញាធរ ស្រុក ឃុំ ភូមិ លោកគ្រូ និងអ្នកគ្រូពេទ្យ ត្រូវបន្តការតាមដាន និងព្យាបាលឲ្យបានទាន់ពេលវេលា ហើយបើមានបញ្ហាអី្វកើតឡើងត្រូវរាយការណ៍ជូនខេត្តភ្លាម ដើម្បីមានចំណាត់ការ។
សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមករា ចាប់ពីម៉ោង១ដល់ ៣រសៀល មានសិស្សនៅវិទ្យាល័យក្រូចឆ្មារចំនួន១២នាក់ (ស្រី១២នាក់) ហើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោងព្រឹក មានសិស្ស ២៨នាក់ (ស្រី ១៧នាក់) និងពីអនុវិទ្យាល័យក្រូចឆ្មារចំនួនម្នាក់ សរុបចំនួន ៤១នាក់ (ស្រី៤០នាក់) បានដួលសន្លប់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗ។ក្រោយទទួលដំណឹង លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចាត់ឲ្យអាជ្ញាធរ មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចុះអន្ត្រាគមន៍ គឺមិនមានអ្នកណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។
បើតាមការសន្និដ្ឋានពីការក្រុមគ្រូពេទ្យ សិស្សដួលសន្លប់មកពីកត្តាសុខភាព៖ សិស្សខ្សោយ អាហារមិនទៀងទាត់ ខិតខំសិកស្សាពេកសម្រាកមិនគ្រប់គ្រាន់ ក្នុងនោះចំណោម៤១នាក់ អ្នកជំងឺខ្វះជាតិស្ករ ៥ករណី ខ្វះជាតិកាល់ស្យូម ៣ករណី ក្រៅពីនេះពាក់ព័ន្ធអារម្មណ៍តក់ស្លុត ក្រោយពេលឃើញមិត្តភក្តិដួលសន្លប់៕


ដោយសារប្រទេសមានសន្តិភាព ទើបមានការអភិវឌ្ឍប្រកបដោយចីរភាព និងជីវភាពរស់នៅមានការរីកចម្រើន

កំពង់ឆ្នាំង៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាបុណ្យភូមិត្រពាំងស្រង៉ែ ស្ថិតក្នុងភូមិត្រពាំងស្រង៉ែ ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានធ្វើឡើងក្រោមអធិបតីភាពលោក ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងលោកស្រី រួមជាមួយលោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងនោះក៏មានការនិមន្តចូលរួមពីព្រះសង្ឃ តាជីយាយជី គណៈអភិបាលស្រុក មន្ត្រីរាជការ មេឃុំ មេភូមិ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កាយរិទ្ធ កាកបាទក្រហម កងកំលាំងទាំងបីប្រភេទ ប្រជាការពារភូមិ និងប្រជាពលរដ្ឋ ដែលមានអ្នកចូលរួមសរុបចំនួន ៤៧២អង្គ/នាក់។
ទន្ទឹមគ្នានេះដែរ លោកក៏បានរំលេចពីសមិទ្ធផលធំៗយ៉ាងច្រើន ដែលកើតចេញពីកិច្ចខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ ដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០១៨។
ឆ្លៀតនៅក្នុងឱកាសនោះ លោក ចាន់ ដារ៉ុង បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមក្នុងការការពារសន្តិភាព ដែលយើងសម្រេចបានមកដោយលំបាកជាទីបំផុតនេះ ឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិរន្តរ៍៕



នាយឧត្តមសេនីយ៍ សៅ សុខា៖ ការអប់រំហ្វឹកហ្វឺនបណ្តុះបណ្តាល ធ្វើឱ្យកម្លាំងអាវុធហត្ថអាចរ៉ាប់រងបាននូវតួនាទីភារកិច្ចប្រកបដោយជោគជ័យ

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល នាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៣ វគ្គវិក្រឹត្យការនាយទាហានគ្រប់គ្រងកងអន្តរាគមន៍ជំនាន់ទី២ និងបើកវគ្គបណ្តុះបណ្តាលនាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៤ ដែលពិធីនេះបានប្រារព្ធធ្វើកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ ខេត្តកំពង់ឆ្នាំង។
ថ្លែងក្នុងពិធីបិទវគ្គនាឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានសំដែងនូវការកោតសរសើរ ដល់នាយទាហាន នាយទាហានរង និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលធ្វើអោយការងារបិទវគ្គ និងបើកវគ្គប្រព្រឹត្តទៅដោយរលួន ជាពិសេសបានខិតខំប្រឹងប្រែង យកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមចំណែកអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាកងយោធពលខេមរភូមិន្ទ ក្នុងការបង្កាទប់ស្តាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបានអនុវត្តនូវកិច្ចការងារស្នូលសំខាន់ៗ ក្នុងកងរាជអាវុធហត្ថកន្លងមករួមមាន៖ ការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព កន្លែងស្នាក់នៅ កន្លែងធ្វើការ ទីលានហ្វឹកហាត់ ការងារអប់រំហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាពការងារ ធានាមធ្យោបាយគ្រឿងបំពាក់ ការងារចិញ្ចឹមទ័ព ថែទាំសុខភាពកងទ័ព និងអនុវត្តគោលនយោបាយលើកទឹកចិត្ត ដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថ។
លោក សៅ សុខា បានបន្តថា៖ តាមរយៈការខិតខំប្រឹកប្រែងទាំងអស់នេះ បានធ្វើឱ្យកងរាជអាវុធហត្ថ មានភាពរឹងមាំ ហើយរ៉ាប់រងយ៉ាងមានប្រសិទ្ធិភាពនូវតួនាទីភារកិច្ច ចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងកាអនុវត្តច្បាប់ បង្ក្រាបបទល្មើល រួមចំណែកក្នុងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពយយោបាយ ដែលមិនអាចខ្វះបាន ក្នុងការកសាង និងអភិវឌ្ឍន៍របស់ប្រទេសជាតិ។ លោក បានបន្តថា៖ ថ្ងៃនេះកងរាជអាវុធហត្ថ បានធ្វើការបិទវគ្គបណ្តុះបណ្តាលនាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៣ វគ្គវិក្រឹត្យការនាយទាហានគ្រប់គ្រងកងអន្តរាគមន៍ជំនាន់ទី២ និងបើកវគ្គបណ្តុះបណ្តាលនាយទាហានរង នៃកងរាជអាវុធហត្ថជំនាន់ទី៤៤ ហើយឆ្លៀតក្នុងឱកាសបិទវគ្គនោះ លោកបានថ្លែងអំណរគុណដល់អ្នកដែលមានការពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹកប្រែងបង្ករលក្ខណៈងាយស្រួល ធ្វើឱ្យវគ្គទាំងពីនេះបញ្ចប់ទៅដោយរលូន និងមានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់។
លោក សៅ សុខា បានបញ្ជាក់ទៀតថា៖ ថ្ងៃនេះយើងបានធ្វើការបើកវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៤ ដូចច្នេះយោធាចារ្យ និងគ្រូឧទ្ទេសនាម ត្រូវជ្រើសរើសយកមេរៀនល្អៗ មកបង្រៀនអោយងាយយល់ ងាយចាំ។ អ្នកដែលមានការពាក់ព័ន្ធទាំងអស់ក្នុងវគ្គនេះ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ទាំងការងារបុគ្គលិក ការងារភស្តុភារ ការងារសម្ភារៈបច្ចេកទេស និងការងារហិរញ្ញវត្ថុត្រូវយកចិត្តទុកដាក់តាមតួនាទីភារកិច្ចរបស់ខ្លួន។ ចំពោះសាលាត្រូវរៀបចំបទបញ្ជាផ្ទៃក្នុង ត្រូវមានអនុរក្ស ដើម្បើតាមដានការសិក្សា យកចិត្តទុកដាក់រៀបចំការស្នាក់នៅ ហូបចុកឱ្យបានសមស្រប ហើយសិក្ខាកាមត្រូវយកចិត្តទុកដាក់ ឧស្សាព្យាយាម ខិតខំរៀនសូត្រ ស្រូបយកចំណេះដឹង ស្តាប់យោធាចារ្យ គ្រូឧទ្ទេសនាម ដែលបានពន្យល់ និងត្រូវចេះធ្វើការស្រាវជ្រាវរៀនសូត្របន្ថែម ដើម្បីឱ្យវគ្គនេះដំណើរការដោយរលួន និងពេលបញ្ចប់វគ្គ សិក្ខាកាមមានសមត្ថភាព មានចំណេះជំនាញពិតប្រាកដ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ មានតែការអប់រំហ្វឹកហ្វឺនបណ្តុះបណ្តាលនោះទេ ទើបកម្លាំងអាវុធហត្ថអាចរ៉ាប់រងបាននូវតួនាទីភារកិច្ច ដែលថ្នាក់លើប្រគល់ជូនប្រកបដោយជោគជ័យ ៕