Monday, January 20, 2020

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អញ្ជើញចុះសួរសុខទុក្ខកងវិស្វកម្មលេខ ១៧៨ ស្ថាបនាផ្លូវក្រុងព្រះសីហនុ

ព្រះសីហនុ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ( គ.អ.ឆ.ក ) អមដំណើរដោយលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមជាមួយអស់លោក លោកស្រី សមាជិកគណៈកម្មាធិការជាតិ គ.អ.ឆ.ក នាយទាហាន មន្រ្តីមន្ទីរស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយនាយទាហាន នាយទាហានរង និងពលទាហាន កងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលកំពង់បំពេញភារកិច្ចស្ថាបនាផ្លូវថ្នល់នៅក្រុងព្រះសីហនុ ដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជានាយករងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។
តាមរបាយការណ៍របស់លោក សឿន រឿត មេបញ្ជាការកងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ បានរាយការណ៍ជូនអង្គប្រជុំអោយដឹងថា អនុវត្តតាមផែនការរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានប្រគល់ភារកិច្ចជូនកងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ ស្ថាបនាវិថីឯករាជ្យលេខ១០០ ចំនួន៤កំណាត់ ប្រវែងសរុប ៥៣៦៥ម៉ែត្រ ដែលមានទទឹងផ្លូវ៤០ម៉ែត្រ “កំណាត់ទី១” ៥០ម៉ែត្រ “កំណាត់ទី២” និង២៦ម៉ែត្រ “កំណាត់ទី៣ និងទី៤” បានចាប់ផ្តើមដំណើរការ ចាប់តាំងពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ។
ជាមួយគ្នានេះ គណៈកម្មាធិការអន្តរក្រសួង មានក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក៏បានប្រគល់ភារកិច្ចជូនកងវិស្វកម្ម ស្ថាបនាផ្លូវក្រុង ចំនួន៨ខ្សែថែមទៀត រួមមាន លេខ៨២១ លេខ៨២៣ លេខ៨២៧ លេខ២០៩ លេខ៨១៤ លេខ១០៣ លេខ១៤៣ និងលេខ១ ០៨៣ សរុបប្រវែង ៨ ៦៩០ម៉ែត្រ ដែលនឹងចាប់ដំណើរការក្នុងពេលដ៏ឆាប់ខាងមុខនេះ ។
ដើម្បីអនុវត្តគម្រោងទាំង៩ ដែលគណៈកម្មាធិការជាតិ គ.អ.ឆ.ក ប្រគល់ជូនកងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ បានរៀបចំទីតាំងឈរជើងរបស់ទីបញ្ជាការមួយកន្លែង មានទំហំ១ហិកតា ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើមី្បរៀបចំទីកន្លែងបំពេញការងារប្រចាំថ្ងៃ ការស្នាក់នៅ ការទុកដាក់ឧបករណ៍ សម្ភារៈ មធ្យោបាយ រថយន្ត និងគ្រឿងចក្រគ្រប់ប្រភេទ ។
នៅក្នុងការបំពេញបេសកកម្មនេះ កងវិស្វកម្ម បានប្រើប្រាស់ កម្លាំងចំនួន១៨៥រូប ដោយចែកចេញជា៣ថ្នាក់ “១”ថ្នាក់បញ្ជាការ រួមមានដឹកនាំបញ្ជា និង ហិរញ្ញវត្ថុ “២”ថ្នាក់ប្រតិបត្តិការ “ផ្នែកបច្ចេកទេសស្ថាបនា ផ្នែកផ្គត់ផ្គង់ ផ្នែកសន្តិសុខ សុវត្ថិភាព ផ្នែកលូ ផ្នែកបេតុង” និង“៣”ថ្នាក់ជំនាញ“វិស្វករបច្ចេកទេស ប្រតិទិនពិសោធន៍ ក្រុមបច្ចេកទេសវាស់ស្ទង់ ក្រុមជាងជួសជុល ក្រុមរថយន្តដឹកជញ្ជូន ក្រុមត្រួតពិនិត្យសម្ភារៈ ឃ្លាំង និងក្រុមសន្តិសុខ សណ្តាប់ធ្នាប់នៅការដ្ឋាន ។
ជាមួយគ្នានេះ កងវិស្វកម្មបានប្រើប្រាស់មធ្យោបាយ គ្រឿងចក្រគ្រប់ប្រភេទ ចំនួន៧៣គ្រឿង រួមមាន គ្រឿងចក្រកៀកិន, អ៊ិចស្កាវាទ័រ អ៊ិចស្កាវាទ័របុកបេតុង-ថ្ម, គ្រឿងចក្ររុញដី, កិនបង្ហាប់, ចូកដី-ថ្ម កង់កៅស៊ូ, រថយន្តក្រឡុកបេតុង, បាញ់បេតុង, ដឹកដី-ថ្ម, ដឹកប្រេង, ទឹក ព្រមទាំងគ្រឿងចក្រ និងរថយន្តមួយចំនួនទៀត ។
នៅក្នុងពិធីសំណេះសំណាលលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានមានប្រសាសន៍ថា អនុវត្តតាមបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន ប្រកបដោយកិត្តិបណ្ឌិតឈ្លាសវៃ ពិសេសសំដៅប្រែក្លាយក្រុងព្រះសីហនុទៅជាក្រុងទំនើបឲ្យមានសោភណ្ឌភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ទើបយើងទាំងអស់គ្នាមានភារកិច្ចបំពេញបេសកកម្មនៅទីនេះ។
ក្នុងនាមក្រសួងការពារជាតិ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលមានទំនុកចិត្តលើកងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ តាមរយៈការប្រគល់ភារកិច្ចចូលរួមអនុវត្តអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្រុង ក្នុងខេត្តព្រះសីហនុយើងនេះ។
ទន្ទឹមនឹងនេះលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន និងពលទាហាន នៃកងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បំពេញបេសកកម្មជាប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលប្រគល់ជូននាពេលនេះ ។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានផ្តល់អនុសាសន៍ណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហាន កងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិន័យកងទ័ព និងត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពគ្រប់ផ្នែក គ្រប់វិស័យ ទាំងលក្ខណៈបច្ចេកទេស ទាំងវិន័យ ដើម្បីសម្រេចជោគជ័យតាមការទំនុកចិត្តរបស់រាជរដ្ឋាភិបាល និងជាការលើកកម្ពស់កិត្តិយស កេរ្តិ៍ឈ្មោះកងយោធពលខេមរភូមិន្ទ ប្រកបដោយសមត្ថភាពវិជ្ជាជីវៈលើវិស័យវិស្វកម្មនេះ។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អរគុណចំពោះ លោក ជា សុផារ៉ា ប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងអស់លោក លោកស្រី មន្រ្តីក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលមានទំនុកចិត្តមកលើកងវិស្វកម្ម ក្រសួងការពារជាតិ ក្នុងការអនុញ្ញាតឲ្យចូលរួមអនុវត្តអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ យើងនេះ ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រដ្ឋបាលមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានសហការ និងសម្របសម្រួលការងារគ្រប់បែបយ៉ាង ធ្វើឲ្យកងវិស្វកម្មបំពេញបេសកកម្មរបស់ខ្លួននាពេលកន្លងមកដំណើរការបានរលូន និងជោគជ័យ ។ ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រី បានស្នើលោក គួច ចំរើន ជួយបង្កលក្ខណៈងាយស្រួល និងពិនិត្យលទ្ធភាពក្នុងការផ្តល់ទីតាំងជូនកងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់បន្តទៀត ទៅតាមសំណូមពររបស់ លោក សឿន រឿត មេបញ្ជាការ ដែលបានលើកឡើង ។
ក្រោយពីពិធីសំណេះសំណាល លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ព្រមទាំងគណៈកម្មាធិការជាតិ គអឆក ក៏បានចុះពិនិត្យសង្វាក់ផលិតកម្មបេតុងចេញដោយអ្នកបច្ចេកទេសកងវិស្វកម្ម និងមានការចូលរួមពិនិត្យរួមពីក្រុមការងារបច្ចេកទេស គអឆក និងមន្ទីរពិសោធន៍ក្រសួងសាធារណការ។ ដោយមានការស្នើសុំពីគណៈកម្មាធិការជាតិលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានអញ្ជើញចុះពិនិត្យការងារស្ថាបនារបស់ក្រុមហ៊ុនទាំង ៦ និងអង្គភាពរដ្ឋចំនួន ២ ដែលកំពុងស្ថាបនាផ្លូវ ៣៤ ខ្សែនេះយ៉ាងសកម្ម។
ផ្តើមការចុះពិនិត្យ គណប្រតិភូបានចុះពិនិត្យវិថីឯករាជ្យ ដែលកងវិស្វកម្មលេខ ១៧៨ កំពុងបំពេញការងារស្ថាបនា រួមមាន ការងារកៀកិនស្រទាប់ថ្ម 4×6 និងស្រទាប់ថ្ម M30 ដែលជាស្រទាប់គ្រឹះ ការងារតម្លើងលូមូលនិងលូប្រអប់កាត់ទទឹងផ្លូវចំនួន ៤ កន្លែង ការងារចាក់បេតុងផ្លូវ និងការងារតម្លើងលូបណ្តោយផ្លូវពីរជួរមានលូទឹកភ្លៀង និងទឹកកង្វក់ ព្រមតាំងការវាយបំបែកថ្មខាងក្រោម ដែលជា ឧបសគ្គក្នុងការកាយតម្លើងលូផងដែរ។ ទន្ទឹមនេះ ថ្នាក់ដឹកនាំ បានបន្តពិនិត្យវឌ្ឍនភាពការងារស្ថាបនាចំពោះក្រុមហ៊ុនដទៃទៀត ដោយបញ្ចប់ការងារចុះពិនិត្យនៅរង្វង់មូលឆ្នេររាម។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានមានប្រសាសន៍បន្ថែមថា តាមរយៈការជួបជុំគ្នា និងចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវនាថ្ងៃនេះ លោកមានជំនឿយ៉ាងមុតមាំថា គណៈកម្មាធិការជាតិ គ.អ.ឆ.ក ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ នឹងបន្តសហការឲ្យកាន់តែជិតស្នីទ្ធថែមទៀត ដើម្បីកងវិស្វកម្មបន្តបេសកកម្មរបស់ខ្លួន ទទួលជោគជ័យថ្មីៗថែមទៀត តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល៕







No comments:

Post a Comment