Monday, January 20, 2020

កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំផែនការជួយការពារអ្នកសារព័ត៌មានដែលគោរពក្របសីលធម៌វិជ្ជាជីវៈត្រឹមត្រូវតាមច្បាប់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ក្រសួងព័ត៌មាន និងក្រុមមេធាវីស្ម័គ្រចិត្ត លោកនាយករដ្ឋមន្រ្ដី ន សែន បានបើកកិច្ចប្រជុំរួមមួយ ដើម្បីរៀបចំផែនការ ក្នុងការការពារក្តីជូនអ្នកសារព័ត៌មាន ដែលបំពេញការងារតាមក្រមសីលធម៌វិជ្ជាជីវៈ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងអ្នកសារព័ត៌មានយ៉ាងច្រើនផងដែរ។
គួរបញ្ជាក់ថា អ្នកសារព័ត៌មានទាំងឡាយណា ដែលសរសេរព័ត៌មានដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែពេលផ្សព្វផ្សាយចេញទៅត្រូវគេប្តឹងទៅវិញនោះ នឹងត្រូវទទួលបានសិទ្ធិការពារក្តីពីក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន។ លោក គី តិច ដែលជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តលោកនាយករដ្ឋមន្រ្ដី ត្រូវមានតួនាទីទទួលខុសត្រូវ បញ្ហាការពារក្តីដល់អ្នកសារព័ត៌មាន ដែលធ្វើការគោរពតាមក្រមសីលធម៌វិជ្ជាជីវៈទាំងនោះ។ នេះបើយោងតាមការប្រកាសរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសសំណេះសំណាល និងពិសាអាហារសាមគ្តី ជាមួយអ្នកសារព័ត៌មានជិត ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការស្នើសុំពី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ បើតាមប្រសាសន៍លោកនាយករដ្ឋមន្រ្ដី ក្រុមមេធាវីស្ម័គ្រចិត្ត ក៏មានសិទ្ធិបដិសេធមិនទទួលយកការស្នើសុំការពារក្តី ពីអ្នកសារព័ត៌មានណា ដែលផ្សាយព័ត៌មានមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និងផ្សាយព័ត៌មានបំភ្លៃការពិត។ លោកថែមទាំងបានជំរុញដល់អ្នកសារព័ត៌មាន ឲ្យគោរពពាក្យស្លោក ដែលត្រូវបានលោកដាក់ចេញថា ធ្វើជាអ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត៕





No comments:

Post a Comment