Sunday, July 09, 2023

ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីពិធីបុណ្យ រុក្ខទិវា ៩ កក្កដា នៅខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ - ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជឫទ័យយាងជាព្រះរាជាធិបតី ពិធីបុណ្យ រុក្ខទិវា ៩ កក្កដា ដែលប្រារព្ធធ្វើនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។

អញ្ជើញចូលរួមក្នុងពិធីបុណ្យរុក្ខទិវានៅព្រឹកថ្ងៃនេះ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឥស្សរជនជាន់ខ្ពស់ មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។






ដោយក្តីអាណិតអាសូរចំពោះប្រជាជនអ៊ុយក្រែន, សម្តេចតេជោ ហ៊ុន សែន ប្រកាសសូមអំពាវនាវប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំប្រើប្រាស់គ្រាប់បែកចង្កោម


(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសសូមអំពាវនាវដល់ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំប្រើប្រាស់គ្រាប់បែកចង្កោម ព្រោះវាជារឿងគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយឆ្នាំទៀត។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមានការផ្សាយព័ត៌មានថា សហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅប្រទេសអ៊ុយក្រែន ដើម្បី ប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី។

សារអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖

«ប៉ុន្មានថ្ងៃមកនេះមានការផ្សាយព័ត៌មានយ៉ាងច្រើនថាសហរដ្ឋអាមេរិកនឹងផ្តល់ គ្រាប់បែកចង្កោមឲ្យទៅ អ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី។

ប្រសិនរឿងនេះវាជាការពិតមែនវានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុត សម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយ ឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៉ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។

បទពិសោធន៍ឈឺចាប់របស់កម្ពុជា ដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពី អាមេរិកនាដើមទស្សវត្តរ៍១៩៧០ មកដល់ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។

ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូចហើយទន់ខ្សោយសម្លេងគ្មានទម្ងន់តែដោយក្តី អាណិតប្រជាជនអ៊ុយក្រែន ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិក ដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែល ជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង»។

សូមជំរាបថា តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ សហរដ្ឋអាមេរិក មានផែនការបញ្ជូន «គ្រាប់បែកចង្កោម» ទៅឱ្យអ៊ុយក្រែនដើម្បីប្រើប្រាស់នៅក្នុងការប្រយុទ្ធប្រឆាំង នឹងកងកម្លាំងឈ្លានពាន រុស្ស៉ី បើទោះជាមានការជំទាស់ពីអង្គការសិទ្ធិមនុស្សក៏ដោយ តែអាវុធប្រភេទនេះអាចនឹងផ្ដល់ថាមពលបន្ថែមដល់ប្រតិបត្តិការវាយបករបស់ទីក្រុងកៀវ។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក ៣នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា កញ្ចប់ជំនួយអាវុធថ្មីទំហំ ៨០០លានដុល្លារសម្រាប់អ៊ុយក្រែន ដែលក្នុងនោះនឹងរួមមានបញ្ចូលគ្រាប់បែកចង្កោមបាញ់ចេញពីកាណុងកាំភ្លើងធំ Howitzer ១៥៥មីលីម៉ែត្រ គ្រោងនឹងត្រូវប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ សេតវិមាន ធ្លាប់បាននិយាយថា ការបញ្ជូនគ្រាប់បែកចង្កោមទៅឱ្យ អ៊ុយក្រែន កំពុងស្ថិតនៅក្រោមការពិចារណាយ៉ាងល្អិតល្អន់ តែមិនទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយត្រូវបានប្រកាសនោះទេ ហើយគ្រាប់បែកចង្កោម នេះអាចនឹងក្លាយជាប្រធានបទក្ដៅមួយនៅពេលដែលលោកប្រធានាធិបតី ចូ បៃដិន ចូលរួមក្នុងកិច្ចប្រជុំកំពូល NATO ក្នុងប្រទេសលីទុយអានី នៅសប្ដាហ៍ក្រោយ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch (HRW) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវឱ្យសហរដ្ឋអាមេរិក កុំផ្គត់ផ្គង់គ្រាប់បែកចង្កោមឱ្យអ៊ុយក្រែន។ ខណៈប្រទេសជាង១២០ បាននាំគ្នាចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិ ដែលហាមឃាត់ការប្រើប្រាស់ គ្រាប់បែកចង្កោម រុស្ស៉ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក គឺស្ថិតក្នុងចំណោមក្រុមប្រទេស ដែលមិនបានចុះហត្ថលេខាឡើយ៕