Monday, December 20, 2021

ក្រសួងសុខាភិបាល ជូនដំណឹងពីការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ដូសជំរុញ ឬដូសទី៣ ជូនដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ

 

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពី ការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ដូសជំរុញ ឬដូសទី៣ ជូនដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ។

សេចក្ដីជូនព័ត៌មានបានឲ្យដឹងថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ រួចរាល់ ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ ដោយអនុវត្តនូវយុទ្ធសាស្ត្រផ្ការីករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលនឹងចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកោះកុង ចាប់ពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ រួចបន្តទៅខេត្តកំពង់ស្ពឺ ខេត្តតាកែវខេត្តកំពង់ចាម និងខេត្តស្វាយរៀងចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ និងនៅតាមបណ្តាខេត្តផ្សេងៗជាបន្តបន្ទាប់ទៀត៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល៖









អង្គសន្និបាត បូកសរុបលទ្ធផលការងារកិច្ចការនារីឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២

ភ្នំពេញ៖  នៅថ្ងៃចន្ទ័  ទី២០ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកស្រី  អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញថ្លែងសន្ទរកថាបើកក្នុងអង្គសន្និបាត បូកសរុបលទ្ធផលការងារកិច្ចការនារីឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារភ្នំពេញ។


ជារៀងរាល់ឆ្នាំ ក្រសួងកិច្ចការនារីតែងតែរៀបចំសន្និបាតបូកសរុបការងារ និងលើកទិសដៅបន្តដោយបានប្រើប្រាស់ព្រឹត្តិការណ៍នេះ ក្នុងការឆ្លុះបញ្ជាំងនិងពិនិត្យមើលលើសមិទ្ធផលការងារសំខាន់ៗ រួមទាំងចំណុចខ្លាំង កាលានុវត្តភាពនានា បញ្ហាប្រឈម មេរៀនបទពិសោធន៍ ដើម្បីលើកទិសដៅបន្ត។


នៅក្នុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងទិដ្ឋភាពជាសកល មានការសិក្សាស្រាវជ្រាវនានាបានបង្ហាញថា កូវីដ-១៩មានផលប៉ះពាល់ជាអវិជ្ជមានមកលើស្រ្តីច្រើនជាងបុរសទាំងក្នុងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គម។

-  ស្រ្តីជាមុខសញ្ញាចម្បងដែលអាចទទួលរងប៉ះពាល់មុខគេ ជាពិសេសសុខាភិបាលជួរមុខជាស្រ្តី។

-  ស្រ្តីធ្វើការនៅក្នុងទីផ្សារពលកម្មដែលមិនសូវមានសុវត្ថិភាព ត្រូវរងផលប៉ះពាល់ផ្នែកសេដ្ខកិច្ចធ្ងន់ធ្ងរ។

-  ស្រ្តីជិត៦០%នៅទូទាំងពិភពលោក កំពុងធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រពន្ធ័ ដែលងាយនឹងរងហានិភ័យខ្ពស់ក្នុងការធ្លាក់ចូលក្នុងភាពក្រីក្រ។

-  ការងារថែទាំដែលមិនមានប្រាក់កម្រៃរបស់ស្រ្តីមានការកើនឡើង ដោយសារការបិទសាលារៀន និងការកើនឡើងនៃតម្រូវការរបស់មនុស្សវ័យចាស់។

ផ្អែកលើហេតុផលដែលបានលើកឡើងខាងលើ ក្រសួងកិច្ចការនារី ផ្តោតយកចិត្តទុកដាក់និងពិភាក្សាឧ៌្យបានស៉ីជម្រៅ និងដាក់ចេញនៅទិសដៅប្រកបដោយប្រាកដប្រជា ក្នុងការពន្លឿននិងពង្រីកវិសាលភាពការអនុវត្តផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ឆ្នាំ២០២១-២០២៣ និងការចូលរួមយ៉ាងសកម្មនៅក្នុងក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ឆ្នាំ២០២១-២០២៣ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដើម្បី «កំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព» ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕








លោកស្រីបណ្ឌិត ម៉ែន សំអន ៖ មានស្មារតីសាមគ្គី ថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងត្រូវការពារសមិទ្ធិផលនានារបស់សមាគមនារីកម្ពុជា ឱ្យបានគង់វង្ស

ពោធិ៍សាត់៖ លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានា របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដែលបានផ្តល់ជូនឱ្យបានគង់វង្ស សម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។


លោកស្រី បានអំពាវនាវបែបនេះ ក្នុងពិធីសម្ពោធអគារសិក្សាថ្មី ១ខ្នង និងសមិទ្ធិផលនានាជាច្រើនទៀត នៅក្នុងសាលាបឋមសិក្សាអំពួច ស្ថិតក្នុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក លោកស្រី ក្នុងជួរគណៈអធិបតី សប្បុរសជន និងភ្ញៀវកិត្តិយសជាច្រើនកុះករ។


សមិទ្ធិផលដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងថ្ងៃនេះរួមមាន៖

ទី១-ទីចាត់ការ ១ខ្នង ទំហំ ១៦,៥ម៉ែត្រ X ៧,១០ម៉ែត្រ

ទី២-សាលារៀន ១ខ្នង ៦បន្ទប់ ទំហំ ៩ម៉ែត្រ X ៤៨ម៉ែត្រ និងបំពាក់ដោយសម្ភារៈសម្រាប់សិស្ស និងគ្រូ 

ទី៣-ក្លោងទ្វារ និងរបងថ្មព័ទ្ធជុំវិញសាលារៀន ដែលមានប្រវែង ៥៥២ម៉ែត្រ ស្មើនឹង១៨២ចន្លោះ

ទី៤-អណ្តូងទឹកស្នប់ ១ 

ទី៥-ដងទង់ជាតិ ១៕








ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកភ្នំក្រវាញ នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋនៅតំបន់រាំងខ្វាវ

ពោធិ៍សាត់៖ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដឹកនាំដោយប្រធាន អនុប្រធាន ក្រុមការងារ និងអមដំណើរដោយអភិបាលស្រុក និងក្រុមការងារឃុំជាច្រើនរូប បានចុះសំណេះសំណាលជាមួយ ព្រះសង្ឃ តាជីយាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងតំណាងគ្រួសារប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ នៅតំបន់រាំងខ្វាវទាំងមូល។ 

នាឱកាសចុះជួបសំណេះសំណាលនេះ លោកប្រធាន អនុប្រធាន និងក្រុមការងារបានប្រគេនព្រះសង្ឃ និងជូនអំណោយយាយជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដូចខាងក្រោម៖

១. ប្រគេនទេយ្យវត្ថុ និងទេយ្យទានព្រះសង្ឃ វត្តគិរីរង្សីហៅវត្តរាំងខ្វាវ នៃភូមិក្សេត្របូរី រួមមាន៖ ១. អង្ករចំនួន ២០០ គីឡូក្រាម ២. មីចំនួន ៥ កេស ៣. ត្រីខចំនួន ៥ យួរ ៤. ទឹកត្រីចំនួន ៣ យួរ ៥. ទឹកស៊ីអ៊ីវចំនួន ៣ យួរ និង៦. សាប៊ូចំនួន ១០ ដុំ និងបច្ច័យមួយចំនួន។

២.យាយជី តាជី ទទួលបានក្រណាត់សចំនួន ១ដុំ សំលៀកបំពាក់ ១ សម្រាប់ និងថវិកាចំនួន ១០,០០០៛/នាក់។

៣.លោកគ្រូ អ្នកគ្រូ ចំនួន ០៥នាក់ សំលៀកបំពាក់ ១សម្រាប់ និងថវិកាចំនួន ៥០,០០០៛

៤.សិស្សានុសិស្សជាង ២០០នាក់ ក្នុង ០១នាក់ ទទួលបានសំលៀកបំពាក់ ១សម្រាប់ និងថវិកាចំនួន ១០,០០០៛

៥. ប្រជាពលរដ្ឋចំនួន ២២៧គ្រួសារ ក្នុង ០១ គ្រួសារ ទទួលបាន អង្ករចំនួន២០ គីឡូក្រាម មីចំនួន ១កេស ភួយ១ អាវរងា១ ត្រីខ១យួរ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប និងសាប៊ូ១ដុំ៕







អភិបាលខេត្តកោះកុង ជួបសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋ នៅស្រុកថ្មបាំង

កោះកុង៖ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋ ចំនួន៣០៧គ្រួសារ នៅឃុំតាទៃលើ និងឃុំឬស្សីជ្រុំ ស្រុកថ្មបាំង។

លោកស្រីអភិបាលខេត្ត បានគូសបញ្ជាក់ថា ដោយឃើញពីការលំបាករបស់បងប្អូនទាំងពីរឃុំ ក្នុងស្រុកថ្មបាំង លោកស្រីក៏បានផ្តួចផ្តើមនាំយកនូវអំណោយមួយចំនួនទុកជាការចែករំលែកក្នុងពេលដែលបងប្អូនកំពុងមានការខ្វះខាត ក្នុងបរិបទកូវីដ-១៩។ 

អំណោយសប្បុរសជន ទទួលបានពីសំណាក់ព្រះតេជគុណបិយធម្មោ ធី អាំភុន ឧបត្ថម្ភភួយចំនួន៣០៧ លោកស្រីឈី វ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាលាខេត្ត ឧបត្ថម្ភក្រម៉ាចំនួន៣២០ លោក ប៉ិច ស៊ីយុន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង ចំនួន ២០០ដុល្លារ លោក លីវ សុភក្ត្រា ឧបត្ថម្ភភួយចំនួន ១០០ និងម៉ាស ២,៥០០សន្លឹក លោកស្រី ម៉ា ដាស៊ីន និងក្រុមគ្រួសារ ១,២០០,០០០រៀល លោក ជឹង សុខម៉េង ម្ចាស់បុរីសូហូវីឡា ១,២០០,០០០រៀល និងលោកស្រី សាយឈុន សិង្ហផាន់ និងក្រុមគ្រួសារ ចំនួន ៤៨០,០០០រៀល និងសប្បុរសជនមួយចំនួនទៀតផងដែរ។ 

អំណោយសម្រាប់មួយគ្រួសារទទួលបាន អង្ករ ភួយ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ អំបិលអ៊ីយ៉ូត ស្ករស ទឹកដោះគោជូឬទឹកក្រូច សាប៊ូដុំ ម៉ាស់ និងទឹកសម្លាប់មេរោគ៕