Wednesday, October 11, 2017

(សូមទស្សនាវីដេអូ) បទវិភាគ៖ មហិច្ឆតារបស់បងធំ មហាអំណាចលោកខាងលិច!

(សូមទស្សនាវីដេអូ)៖ ការស្នើឱ្យមានវប្បធម៌​សន្ទនាឡើងវិញ និងឱ្យមានការដោះ​លែងលោក កឹម សុខា ជារឿងមិនត្រឹមត្រូវ

លោក ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាលបច្ចុប្បន្នបាននឹងកំពុងខិតខំបង្កើតការងារក្នុងស្រុក និងពង្រីកទីផ្សារការងារនៅក្រៅប្រទេស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ បានថ្លែងថា ក្រៅពីការពង្រីកការងារនៅក្នុងស្រុកហើយនោះ រាជរដ្ឋាភិបាល ក៏បាននឹងកំពុងខិតខំប្រឹងប្រែងពង្រីកទីផ្សារការងារនៅក្រៅប្រទេសផងដែរ ដោយលោកបញ្ជាក់ថា កម្ពុជាទទួលបាន លំហូរសាច់ប្រាក់ ប្រមាណជាង២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលបានមកពីពលករធ្វើការ នៅក្រៅប្រទេស។

ក្នុងឱកាសចុះសំណេះសំណាលសាកសួរសុខទុក្ខមួយកម្មករ-កម្មការិនី ប្រមាណជា ២ម៉ឺននាក់ មកពីរោងចក្រចំនួន១១ នៅតាមបណ្តោយផ្លូវវែងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងប្រឹងប្រែង ជួយសម្របសម្រួលឲ្យកម្មករ-កម្មការិនីខ្មែរ ដែលធ្វើការនៅក្រៅប្រទេស ដូចជានៅប្រទេសថៃ ប្រទេសម៉ាឡេស៊ី ហើយមិនទាន់ស្របច្បាប់ ឲ្យក្លាយជាកម្មករ-កម្មការិនីស្របច្បាប់វិញ ហើយរាជរដ្ឋាភិបាលក៏កំពុងតែខិតខំជួយឲ្យ កម្មករ-កម្មការិនី ទាំងនោះទទួលបាន អត្ថប្រយោជន៍កាន់តែច្រើន ដូចកម្មករ-កម្មការិនីនៅក្នុងប្រទេសផងដែរ។

លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា ទោះបីជាយ៉ាងណា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតទីផ្សារការងារឱ្យកម្មករ-កម្មការិនីនៅក្រៅប្រទេសគឺបានទទួលរងនូវការ បន្តុះបង្អាប់ទៅវិញ។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចរន្តការងារនៅក្រៅប្រទេសគឺជាផ្នែកមួយ នៃលំហូរមនុស្ស ហើយនៅតំបន់អឺរ៉ុបគេលែងគិតហើយ មានជនជាតិអឺរ៉ុបច្រើនណាស់ ដែលចេញ ទៅធ្វើការនៅក្រៅប្រទេស។ លោក ហ៊ុន សែន បានថ្លែងថា ការទទួលបានទីផ្សារការងារ នៅក្រៅប្រទេសគឺដោយសារតែរដ្ឋាភិបាលកម្ពុជាមានទំនាក់ទំនងល្អ ការធ្វើការទូតល្អ ទើបយើងទទួលបាន អត្ថប្រយោជន៍ពីការងារទាំងនេះ ហើយកម្មករ-កម្មការិនីរបស់យើង គឺបានទៅទទួលទាំងបច្ចេកវិទ្យាផង បានទាំងប្រាក់បៀរវត្សមកផ្ទះផង។

លោកនាយករដ្ឋមន្ត្រី បានបន្ថែមថាលោកក៏មិនភ្លេចដែរ ចំពោះការរៀបចំ ជួយពលករខ្មែរ ដែលកំពុងធ្វើការខុសច្បាប់នៅប្រទេសក្រៅ ដើម្បីឱ្យបានទៅជាស្របច្បាប់វិញ និងបានកំពុងខិតខំ ការពារផលប្រយោជន៍កម្មកររបស់យើង។ លោកនាយករដ្ឋមន្ត្រី បានឱ្យដឹងថាកម្ពុជាទទួលបាន លំហូរសាច់ប្រាក់ ប្រមាណជាង២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលបានមកពីពលករធ្វើការ នៅក្រៅប្រទេស៕








លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាបើរំលាយបក្សមួយ នៅមានបក្ស៥ទៀតដែលនឹងកើតឡើងនាពេលឆាប់ៗនេះ

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា បើនិយាយពីរឿងពហុបក្សនៅកម្ពុជាមានបក្សនយោបាយជាច្រើនដែលចូលរួមក្នុងសកម្មភាពនយោ​បា​យ បើរំលាយបក្សមួយ នៅមានបក្ស៥​ទៀត​ដែលនឹងកើតឡើងនាពេលឆាប់ៗនេះ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួប​សំណេះ​សំណាល​ជាមួយបងប្អូនកម្មករ កម្មការិនី១៤,​៤០​០នាក់ នៅតំបន់​រោងចក្រ ISI នៅតាម​បណ្តោយ​ផ្លូវវេងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើរំលាយបក្សមួយនៅមានបក្ស៥ទៀត បានសេចក្តីថាពីបក្សពីរឡើងជាបក្ស៦នៅក្នុងរដ្ឋសភា ដែលវានឹងកើតឡើងនៅពេលមិនយូរប៉ុន្មានខាងមុខនេះ។ លោក ក៏បានបន្ថែមថា នៅកម្ពុជាមានបក្សនយោបាយរាប់សិបដែលវាជាស្ថានសួគ៌លោកិយនៃបក្សនយោបាយ ជាស្ថានសួគ៌លោកិយនៃអង្គការមិនមែនរដ្ឋាភិបាលដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា យើងបានខិតខំដើម្បីជំនះនូវការលំបាក អ៊ុនតាក់ ចាយលុយជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិក មិនអាចរំលត់ភ្លើងសង្រ្គាមនៅកម្ពុជាបានទេ។ យើងត្រូវប្រឹងប្រែងដោយខ្លួនឯងដើម្បីបង្រួបបង្រួមជាតិតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលជាការឯកភាពជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្រ្តប្រមាណ៥០០ឆ្នាំនៅកម្ពុជា៕







ការស្ទង់មតិ៖ ប្រជាប្រិយភាព​របស់ Duterte​ ធ្លាក់ចុះ​បន្ទាប់ពី​សង្រ្គាម​ប្រឆាំងគ្រឿងញៀន​របស់​ហ្វីលីពីន​

ស្ថាប័នស្ទង់មតិឯករាជ្យមួយបានរកឃើញថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានទទួលរងនូវការធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំងជាលើកដំបូង បន្ទាប់ពីការស្លាប់របស់ក្មេងជំទង់ពីរនាក់នៅទីក្រុងម៉ានីល ក្នុងការបង្ក្រាបប្រឆាំងនឹងឧក្រិដ្ឋកម្មដ៏ចម្រូង ចម្រាសរបស់គាត់ ដែលបានបង្កឱ្យមានមហាបាតុកម្ម។
ការធ្លាក់ចុះនៃការគាំទ្រត្រូវបានបង្ហាញដោយការស្ទង់មតិរបស់ Social Weather Stations បានធ្លាក់ចុះពី ៧៨% ទៅ ៦៧% កាលពីខែមិថុនា ដែលអ្នកទាំងនោះបាននិយាយថា ពួកគេពេញចិត្តនឹងការបំពេញតួនាទីរបស់លោក Duterte ក្នុងនាមជាប្រធានាធិបតី ការធ្លាក់ចុះបានកើតឡើង ចំពេលមានការកើនឡើងនៃខឹងសម្បារពីសាធារណជនចំពោះការសម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននៅហ្វីលីពីន។
លោក Duterte បានចូលកាន់តំណែងកាលពីខែមិថុនាឆ្នាំមុន ដោយសន្យាលុបបំបាត់គ្រឿងញៀនខុសច្បាប់នៅក្នុងសង្គម ដោយសម្លាប់អ្នកញៀនថ្នាំ និងជួញដូរថ្នាំចំនួន ១០០,០០០ នាក់។
ក្នុងរយៈពេល ១៥ ខែ ចាប់តាំងពីគាត់បានឡើងកាន់អំណាច ប៉ូលិសបានរាយការណ៍ថា បានសម្លាប់មនុស្សជាង ៣,៨៥០ នាក់នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន។ មនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានគេសំលាប់នៅក្នុងកាលៈទេសៈដែលមិនអាចពន្យល់បាន ដែលក្រុមសិទ្ធិមនុស្សបាននិយាយថា មួយផ្នែកនៃការស្លាប់មកពីក្រុមមិនស្គាល់មុខ។
ទោះបីជាសង្គ្រាមគ្រឿងញៀនរបស់លោក Duterte នៅមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមប្រជាពលរដ្ឋដែលទទួលរងនូវបទល្មើសឧក្រិដ្ឋកម្មខ្ពស់ក្តី ការកើនឡើងយ៉ាងខ្លាំងជាមួយការសម្លាប់បានបណ្តាលឱ្យមានការធ្វើបាតុកម្មធំៗ នៅខែសីហា និងខែកញ្ញាលើការស្លាប់របស់ក្មេងជំទង់ពីរនាក់នៅទីក្រុងម៉ានីល។
ស្ថាប័នស្ទង់មតិមានមូលដ្ឋាននៅទីក្រុងម៉ានីល ដែលបានធ្វើការស្ទង់មតិប្រចាំត្រីមាសចាប់តាំងពីឆ្នាំ ១៩៨៦ មិនបានពន្យល់ពីការធ្លាក់ចុះដែលបង្ហាញនៅក្នុងតួរលេខកាលពីថ្ងៃអាទិត្យនោះទេ។ ប៉ុន្តែក្រុមអ្នកវិភាគបានប្រាប់ AFP ថា វាទំនងជាមានការព្រួយបារម្ភកើនឡើងរបស់សាធារណជន ចំពោះការសម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។
អ្នកវិភាគនយោបាយលោក Richard Heydarian បាននិយាយថា «វាទំនងជាឆ្លុះបញ្ចាំងពីកើនឡើងនៃការព្រួយបារម្ភ អំពីការដឹកនាំនៃសង្គ្រាមប្រឆាំងគ្រឿងញៀន ជាពិសេសលើការសម្លាប់អនីតិជន និងភាពគ្មានវិន័យនៅក្នុងក្រុមនៃស្ថាប័នអនុវត្តច្បាប់»។
រដ្ឋអាជ្ញាកំពុងសិក្សា អំពីការដាក់ពាក្យបណ្តឹងពីបទមនុស្សឃាតប្រឆាំងនឹងមន្រ្តីប្រឆាំងគ្រឿងញៀនចំនួនបួនរូប ដែលបានបាញ់សម្លាប់និស្សិតនៅក្រុងម៉ានីលដែលមានអាយុ ១៧ ឆ្នាំ ឈ្មោះ Kian delos Santos នៅថ្ងៃទី ១៦ ខែសីហា។
ប៉ូលិសជាច្រើនផ្សេងទៀតកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត បន្ទាប់ពីពួកគេបានសម្លាប់ជនសង្ស័យដែលត្រូវបានចោទប្រកាន់ពីបទប្លន់ឈ្មោះ Carl Angelo Arnaiz អាយុ ១៩ ឆ្នាំនៅយប់បន្ទាប់។ អ្នកជិតខាងរបស់គាត់ឈ្មោះ Reynaldo de Guzman អាយុ ១៤ ឆ្នាំក្រោយមកត្រូវបានគេរកឃើញ ដោយជនសង្ស័យមិនស្គាល់ឈ្មោះនៅភាគខាងជើងប្រទេសហ្វីលីពីន។
លោក Victor Andres Manhit នាយកប្រតិបតិ្តនៃវិទ្យាស្ថានផ្តល់យោបល់នយោបាយដែលមានមូលដ្ឋាននៅក្រុងម៉ានីល Stratbase ADR បាននិយាយថា «វាជាការធ្លាក់ចុះគួរឲ្យកត់សម្គាល់លើកដំបូងចាប់តាំងពីប្រធានាធិបតីឡើងកាន់តំណែង»។
ជំនួយការរបស់លោក Duterte បានទាត់ចោលចំនួនថ្មីនោះ។
អ្នកនាំពាក្យរបស់លោក Duterte លោក Ernesto Abella បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «សេចក្តីស្រឡាញ់នៅតែមាននៅទីនោះ»។ លោកបន្ថែមថា ចំនួននៃការស្ទង់មតិគឺស្របទៅនឹងរបៀបរបស់ប្រធានាធិបតីហ្វីលីពីនមុនៗ ដែលមានការធ្លាក់ចុះផ្នែកប្រជា ប្រិយភាពរបស់ខ្លួន បន្ទាប់ពីការកាន់តំណែងនៅក្នុងឆ្នាំដំបូងរបស់ពួកគេ។
លោក Heydarian បានបោះពុម្ភផ្សាយសៀវភៅមួយដែលមានចំណងជើងថា «ការងើបឡើងរបស់ Duterte» បាននិយាយថា ចំនួនធ្លាក់ចុះនៃការស្ទង់មតិនៅតែទុកឱកាសឲ្យប្រធានាធិបតីរូបនេះនូវចំណាត់ថ្នាក់គាំទ្រមានកម្រិតខ្ពស់ ហើយមានសន្ទុះទៅមុខគ្រប់គ្រាន់ ដើម្បីអនុវត្តនូវរបៀបវារៈនយោបាយរបស់គាត់។
Social Weather Stations បានអោយដឹងថា ការធ្លាក់ចុះប្រជាប្រិយភាពរបស់លោកDuterte ក្នុងចំណោមប្រជាជនក្រីក្រហ្វីលីពីនភាគច្រើន គឺដោយសារតែការធ្លាក់ចុះនៃការបោះឆ្នោតរបស់គាត់។
លោក Manhit បាននិយាយថា «ពួកគេគឺជាអ្នកបោះឆ្នោតសំខាន់របស់គាត់ ប៉ុន្តែពួកគេក៏ជាជនរងគ្រោះចម្បងនៃសង្គ្រាមគ្រឿងញៀនផងដែរ» ។
ការយកចំនួនមនុស្សចាស់ចំនួន ១,៥០០ នាក់ធ្វើជាអ្នកតំណាងសម្រាប់ប្រទេសទាំងមូលត្រូវបានសាកសួរដោយផ្ទាល់នៅចន្លោះថ្ងៃទី ២៣ និងថ្ងៃទី ២៧ ខែកញ្ញា «សូមប្រាប់ខ្ញុំថា អ្នកពេញចិត្ត ឬមិនពេញចិត្តចំពោះការបំពេញការងាររបស់លោក Rodrigo Duterte ក្នុងនាមជាប្រធានហ្វីលីពីន»។
Social Weather Stations បានឲ្យដឹងថា ខ្លួនបានធ្វើការស្ទាបស្ទង់មតិដោយខ្លួនឯងហើយមិនបានទទួលការអនុញ្ញាតពីភាគីណាមួយឡើយ។
ចំនួននៃការមិនពេញចិត្តលើលោក Duterte ក៏បានកើនឡើង ៧ ភាគរយផងដែរ ចាបតាំងពីខែមិថុនាមកឡើងដល់ ១៩ ភាគរយ ហើយក៏មានអ្នកដែលមិនសម្រេចគាំទ្រ ឬមិនគាំទ្រឡើងរហូតដល់ ១៤ ភាគរយ ដែលកាលពីមុនតែ ៤ ពិន្ទុ៕
ប្រភព: AFP ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧



លោក សុខ ឥសាន៖ ការអនុវត្តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គឺដើម្បីធានារបៀបរៀបរយសង្គម

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន អះអាងថា ការអនុវត្តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បង្កើតឡើងដើម្បីធានារបៀបរៀបរយសង្គម ស្របតាមបរិបទនៃប្រទេសដើរតាមលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

លោក សុខ ឥសាន នៅថ្ងៃទី១១តុលានេះ បានលើកឡើងថា ដោយសារតែរាជរដ្ឋាភិបាលបានបើកទូលាយសិទ្ធិសេរីភាពគ្រប់វិស័យជូនប្រជាជន មានអង្គការសង្គមស៊ីវិលរាប់ពាន់ ត្រូវបានបង្កើតឡើង ហើយធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងដោយសេរី រហូតដល់ខ្វះសណ្តាប់ធ្នាប់ទៀតផង។ លោកបានបន្តថា ដោយសារមានសេរីភាពគ្មានព្រំដែននេះហើយបានជាមជ្ឈដ្ឋានខ្លះហៅកម្ពុជាថា ជាឋានសួគ៌នៃអង្គការសង្គមស៊ីវិល។
ទោះយ៉ាងនេះក្តីលោក សុខ ឥសាន អះអាងថា ដោយផ្អែកតាមសំណូមពរចាំបាច់ក្នុងការគ្រប់គ្រង រាជរដ្ឋាភិបាលបានដាក់សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីធានាដំណើការសកម្មភាពឲ្យមានរបៀបរៀបរយ ស្របតាមបរិបទនៃប្រទេសដើរតាមលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ទោះបីមានសកម្មភាពរារាំងមិនចង់ឲ្យចេញច្បាប់នេះយ៉ាងណាក៏ដោយ ក៏ទីបំផុតច្បាប់នេះត្រូវបានស្ថាប័ននីតិបញ្ញត្តិអនុម័ត និងព្រះមហាក្សត្រទ្រង់ឡាយព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ជាធរមាន។
មន្ត្រីនាំពាក្យដដែលរូបនេះបន្តថា ក្រោយច្បាប់នេះ ត្រូវចូលជាធរមានបញ្ញត្តិហើយ មានអង្គការច្រើនលើសលុបបានស្វាគមន៍ទទួលយក និងអនុវត្តយ៉ាងរលូន។ ប៉ុន្តែក៏នៅមានអង្គការមួយចំនួនតិចតួចបំផុតនៅតែចចេសរឹងរូសមិនព្រមអនុវត្តដោយស្មោះសរទេ គឺនៅតែបង្ករជាឧបសគ្គច្រើន ដោយមិនចង់បំពេញការចុះបញ្ជី និងរាយការណ៍តាមការកំណត់នៃច្បាប់ឡើយ ជាពិសេសនៅតែមិនអនុវត្តតាមតួនាទីខ្លួនមានចែងក្នុងលក្ខន្តិកៈ និងនៅតែដើរតួលំអៀងទៅរកបក្សប្រឆាំងដដែល។
ដូច្នេះ ការណែនាំរបស់ក្រសួងមហាផ្ទៃឲ្យសមត្ថកិច្ចតាមដាន ត្រួតពិនត្យបណ្តាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលណាដែលមិនអនុវត្តតាមច្បាប់ទេ គឺជាការត្រឹមត្រូវ តាមគោលការណ៍នីតិរដ្ឋ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ស្របតាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺន នាក់នៅរោងចក្រ ISI ផ្លូវវេងស្រេង

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួប​សំណេះ​សំណាល​ជាមួយបងប្អូនកម្មករ កម្មការិនី១៤,៤០០នាក់ នៅតំបន់​រោងចក្រ ISI នៅតាម​បណ្តោយ​ផ្លូវវេងស្រេង ក្នុងខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញមក​ជួបជុំជា​មួយ​បងប្អូនកូនក្មួយកម្មករ កម្មការនី ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់នានា និងដើម្បីបង្កើន​ប្រសិទ្ធភាព​​ការងារអោយកាន់តែល្អប្រសើរឡើង ជាពិសេសដើម្បីជំរុញគោល​នយោបាយ​ឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជាអោយបានជោគជ័យ។ នេះជាលើកទី១២ហើយដែល លោកនាយករដ្ឋមន្ត្រី បានអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនកូន​ក្មួយកម្មករ បូករួមទាំងការ​ជួបសំណេះសំណាលនៅរៀងរាល់ថ្ងៃអាទិត្យ នៅកោះពេជ្រ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកពីដំណើរនៃការតស៊ូរំដោះប្រទេសក្នុងភាព​លំបាកលំបិនរហូតមាន​ការរីកចម្រើនមកដល់សព្វថ្ងៃនេះ។ ទាំងអស់នេះគឺបានមកពីការខិត​ខំរបស់​ឪពុកម្តាយ ក្មួយៗ និង គណបក្សប្រជាជនកម្ពុជា ដែលបានប្រែក្លាយទៅជាស្ថានភាពល្អ​ប្រសើរដូចសព្វថ្ងៃ ។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវសុំ​អោយ​កម្មករ​និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមថែក្សាសន្តិភាព និងការអភិវឌ្ឍដើម្បីអោយប្រទេស​ជាតិកាន់តែរីកចម្រើន។ បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍដែរ ដូច្នេះសន្តិភាព និងការអភិវឌ្ឍ ត្រូវ​នៅជាមួយគ្នាជានិច្ច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រៀបធៀបរោងចក្រក្នុងឆ្នាំ ១៩៩៧ គឺកម្ពុជាមានរោងចក្រ​ត្រឹមតែ ៦៤ ប៉ុណ្ណោះ ដែលពេលនោះមានកម្មករប្រមាណ ៨២,០០០ នាក់ ដែលទទួលបាន​ប្រាក់ខែ​ត្រឹមតែ ៤០ ដុល្លារក្នុងមួយខែ ហើយចំពោះទំហំនាំចេញវិញគឺមានប្រមាណ ២២៧ លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែពេលបច្ចុប្បន្ននេះការកើនឡើងប្រមាណជាង ១,១០០ រោងចក្រ គឺទំហំនាំចេញបានកើនឡើងប្រមាណជាង ១២,០០០ លានដុល្លារ ដែលជាចំនួនមួយ​មិនធ្លាប់មាន​ទេពីមុនមក។ នេះដោយសារ​ការយកចិត្តទុក្ខ​ដាក់យ៉ាងខ្លាំង​របស់រាជរដ្ឋាភិបាល​កម្ពុជា ដោយមានការចូល​រួមពីម្ចាស់ក្រុមហ៊ុនវិនិយោគទុន និយោជិក និយោជក និងបងប្អូន កូនក្មួយ​កម្មករ។
នាឱកាសនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណដល់ក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ និងបណ្តារោងចក្រសហគ្រាស ទាំងអស់ដែលបានពិភាក្សាចរចារតម្លើង ប្រាក់ ខែសម្រាប់កម្មករកម្មការិនី។ ចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ ប្រាក់ខែកម្មករកម្មរិនីជាអប្បរិមារគឺ ១៧០ ដុល្លារ ក្នុងមួយខែ (គឺរាជរដ្ឋាភិបាលបានបន្ថែម ៥ដុល្លារ) ដែលសាច់ប្រាក់នេះបានមក ពីពន្ធកាត់ទុក និងពីកំរៃនៃការពិនិត្យការនាំចេញ ដែលររាជរដ្ឋាភិបាលត្រូវចំណាយជាង ៤០ លានដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះចាប់ពីខែ មករា ឆ្នាំ ២០១៨ តទៅ ប្រាក់ខែអប្បរមារ​បូកបន្ថែម​នឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ រួមទាំងការបញ្ចុះតំលៃទឹកភ្លើង និងថ្លៃឈ្នួលផ្ទះកម្មករ គឺបងប្អូនកូនក្មួយ​កម្មករអាចនៅសល់ប្រាក់ខែអាចទទួលបានក្នុងរង្វង់ជាង ២០០ ដុល្លារ សម្រាប់ដោះស្រាយ​ជីវភាពរស់នៅអោយកាន់តែប្រសើរឡើង ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់នូវអនុសាសន៍សំខាន់ៗ៥​ចំណុចដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានា​ដល់ល័ក្ខខ័ណ្ឌការងារនិង​ប្រាក់ចំណូលល្អ:
១-ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ។
២-រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារ បន្ថែម។
៣-រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ កើនទាំងប្រាក់បៀវត្សន៍អប្បរិមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់តាំងពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង (សម្រាប់ការប្រើក្រោម៥០ គីឡូវ៉ាត់ម៉ោងក្នុង១ខែ)។ ចំពោះថ្លៃទឹកគឺថ្លៃតែ ៧០០៛ ប៉ុណ្ណោះក្នុងមួយម៉ែត្រគូប ។ សម្តេចតេជោ បានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះរយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើង អោយមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមក្នុងការសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃអោយកាន់តែប្រសើរឡើង។
៤-ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករចាប់ពីខែ មករា ឆ្នាំ២០១៨ នេះទៅ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី។ ពេលនោះបង ប្អូនអាច នៅសល់ប្រាក់ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មការនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្មជាដើម…) គឺទទួលបានការពិនិត្យព្យាបាល ជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនគិត ថ្លៃ តាមរយៈមូលនិធិសមធម៌។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំអោយម្ចាស់ ក្រុមហ៊ុនរោងចក្ររៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ។ ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០% ដោយបេឡាជាតិ)។
នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជូនដំណឹងដល់បងប្អូនកម្មការ នីអំពីអត្ថប្រយោជន៍មួយទៀតដែលនឹងទទួលបានពីបេឡាសង្គមគឺ:- ចំពោះស្រ្តីសម្រាលកូនទោះក្នុងប្រព័ន្ឋ ឬក្រៅប្រព័ន្ឋដែលសម្រាលបាន កូន(១)គឺទទួលថវិកា៤០ ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើ សម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា ៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣) គឺទទួលបាន ថវិកា១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភមួយចំនួនទៀតពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ថវិកានេះនឹង ផ្តល់ជូនដោយបេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាលដែលនឹងត្រៀមថវិកាប្រមាណជាង១០លានដុល្លារ ក្នុង១ឆ្នាំៗ (ទោះបីកូននោះកើតរស់ឬ ស្លាប់គឺនៅទទួលបានថវិកាគាំពារដូចគ្នា)។ កម្មករកម្មការនីទូទាំងប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ ចំពោះកីឡាករ កីឡាការិនីទាំងអស់ ក៏ទទួលបានការជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃផងដែរសម្រាប់រយៈពេល២ឆ្នាំ ហើយទទួលបានបានពិនិត្យថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ។ ចំពោះកីឡាការនីដែលសម្រាលកូនក៏ទទួលបានអត្ថប្រយោជន៍ដូចកម្មការិនីផងដែរ ចាប់ពីខែមករា ឆ្នាំ ២០១៨ នេះទៅ ។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹងមាន ប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពេលនៅធ្វើការចុងក្រោយ។
ទី៥-រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារ ចំពោះកម្មករកម្មការនីដែលកំពុងធ្វើការ នៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួល ជាមួយប្រទេសដៃគូដើម្បីផ្តល់ នូវល័ក្ខខ័ណ្ឌ ការងារល្អៗ ដែលមានប្រាក់ខែល្អសមរម្យដល់កម្មករ ព្រមទាំងជួយសម្រួលនូវបែបបទ លិខិតបទដ្ឋានផ្លូច្បាប់នានាដែលពាក់ព័ន្ឋ នឹងការងាររបស់បងប្អូនកូនក្មួយកម្មករ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលនឹងបន្តជជែកជាមួយប្រទេស ផ្សេងៗដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសថៃដើម្បីផ្តល់នូវការងារ និងប្រាក់ខែល្អៗសម្រាប់ បងប្អូនកូនក្មួយកម្មករខ្មែរ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់សារជាថ្មីផងដែរថា សម្រាប់ប្រាក់បៀរវត្សន៍ មន្ត្រីទាបបំផុតគឺទទួលបានអប្បបរមា ១ លានរៀល។ ដោយកាលពីមុនប្រាក់ខែមន្ត្រី រាជការ យើង លើលពី ១លានរៀល ត្រូវជាប់ពន្ធទាំងអស់ ប៉ុន្តែចាប់ពី ខែ មករា ឆ្នាំ២០១៨ តទៅ ប្រាក់ខែចាប់ពី ១,២០០,០០០៛ ទើបជាប់ពន្ធ ។ សម្តេចតេជោ ហ៊ុន បានបញ្ជាក់ទៀតថា ចាប់ពីម៉ោង ០០:០០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៧ នេះតទៅ ស្ពាននិងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ ៦ A ទៅផ្លូវជាតិលេខ ៥ ( ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ ) គឺមិនមានការបង់ថ្លៃទៀតទេ។ រាជរដ្ឋាភិបាលបានទិញយកមកគ្រប់គ្រងអោយប្រជាជនធ្វើដំណើរដោយមិនគិតថ្លៃដើម្បីជួយលើកកំពស់ជីវភាពរស់នៅអោយកាន់តែល្អប្រសើ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើអោយក្រសួងការងារធ្វើរបាយការណ៍អំពីចំនួន ការងារដែលបានរកនឹងផ្តល់ជូនពលរដ្ឋ ដែលត្រូវរាយការណ៍ជាប្រចាំទៀង ទាត់ក្នុង រយៈពេល៦ខែម្តង។

មុននឹងអញ្ជើញទៅជួបកម្មករនៅរោងចក្រមួយទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករ និងកម្មការនីមានផ្ទៃពោះចំនួន ៤៤៧ នាក់ផងដែរ។ បន្ទាប់មក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថតរូប Selfie អនុស្សាវរីយ៍ ជាមួយបងប្អូនកូនក្មួយកម្មករកម្មការនីក្នុងបរិយាកាសស្និទ្ឋស្នាល និងសប្បាយរីករាយ៕










រដ្ឋមន្ត្រីបរិស្ថានស្នើឱ្យក្រុមហ៊ុនជប៉ុនចូលរួមសិក្សាពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីលើការគ្រប់គ្រងថាមពល

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ បានស្នើក្រុមហ៊ុនបច្ចេកវិទ្យា MinebeaMitsumi របស់ប្រទេសជប៉ុន ធ្វើការរួមគ្នាជាមួយនឹងអ្នកជំនាញក្រសួងបរិស្ថាន ដើម្បីអាចចូលរួមសិក្សាពីការប្រើប្រាស់ថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណងលើកកម្ពស់ និងការឆ្លើយតបទៅនឹងការវិវឌ្ឍនៃសង្គមនាពេលបច្ចុប្បន្ននេះ។
ជំនួបនៃកិច្ចពិភាក្សានេះ គឺលើកឡើងពីការវិវឌ្ឍ និងយន្តការឆ្ពោះទៅមុខរបស់ក្រុមហ៊ុនជប៉ុន ចំពោះការតម្លើងប្រព័ន្ធបំភ្លឺតាមផ្លូវសាធារណៈ ជាមួយនឹងប្រព័ន្ធគ្រប់គ្រង គ្មានខ្សែរក្នុងទីក្រុងភ្នំពេញ និងសៀមរាប៕









ក្រសួងបរិស្ថានច្រានចោលព័ត៌មានមិនពិតក្នុងកាសែតភ្នំពេញប៉ុស្ត៍ ស្តីពីការបាត់បង់គម្របព្រៃឈើ

ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសពត៌មាន ច្រានចោលអត្ថបទព័ត៌មាន ដែលបានចុះផ្សាយក្នុងកាសែតភ្នំពេញប៉ុស្ត៍ ដែលមានចំណងជើងថា អត្រានៃការបាត់បង់គម្របព្រៃឈើនៅកម្ពុជាក្នុងឆ្នាំ២០១៦។

យោងតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងបរិស្ថាន ដែលទើបទទួលបាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នេះ បានអោយដឹងថា ការចុះផ្សាយរបស់កាសែតភ្នំពេញបុស្ត៍គឺ មានចេតនាទុច្ចរឹត បង្កការភ័ន្តច្រឡំ និងមានរបៀបវារៈនយោបាយនៅពីក្រោយរបាយការណ៍មិនពិត ទាក់ទងនឹងគម្របព្រៃឈើនៅកម្ពុជា។

ក្រសួងបរិស្ថានបានបន្ថែមថា នេះជាការបំផ្លើសការពិត ដែលអ្នកកាសែតភ្នំពេញប៉ុស្ត៍បានចុះផ្សាយថា ក្រសួងបរិស្ថាន មិនបានផ្តល់នូវតួលេខទិន្នន័យធនធានគម្របព្រៃឈើឆ្នាំ២០១៦ តែតាមការពិតជាក់ស្តែង ក្រសួងបរិស្ថានបានធ្វើការផ្សាយនូវតួលេខទិន្នន័យគម្របព្រៃឈើឆ្នាំ២០១៦រួចហើយ។
សូមអានខ្លឹមសារលិខិតទាំងស្រុង៖


កុមារកំព្រា រងគ្រោះ និងងាយរងគ្រោះ ត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល

កំពង់ឆ្នាំង៖ លោក ខៀវ សុគន្ធ អនុរដ្ឋលេខាធិការ ក្រសួង អ.ស.យ និងលោកស្រីប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់លោកនាយករដ្ឋម ន្រ្តី ហ៊ុន សែន បានយកចិត្តទុកដាក់លើកកម្ពស់វិស័យសុខុមាលភាពកុមារ អោយកាន់តែប្រសើរឡើង ជាពិសេសការពង្រឹងប្រព័ន្ធកិច្ចការពារកុមារអោយកាន់តែមានប្រសិទ្ធភាព ជាមួយនឹងការផ្ទេរមុខងារ និងការទទួលខុសត្រូវទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក ខៀវ សុគន្ធ និងលោកស្រីប៉ាល់ យឿន បានថ្លែងបែបនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល នីតិវិធីការអនុវត្តមុខងារ គ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋ មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្កការមិនមែនរដ្ឋាភិបាល និងមុខងារគ្រប់គ្រងសេវាថែទាំ កុមារងគ្រោះ និងងាយរងគ្រោះ នៅតាមសហគមន៍ដល់គ្រូបង្គោលរាជធានី ខេត្ត រយៈពេល៣ថ្ងៃ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ នៅមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីមកពីរាជធានីភ្នំពេញ,ខេត្តកំពង់ឆ្នាំង,ខេត្តកណ្តាលនិងខេត្តតាកែវ សរុបចំនួន៦០នាក់។

លោក ខៀវ សុគន្ធ និងលោកស្រីប៉ាល់ យឿន បានផ្តាំផ្ញើ ដល់សិក្ខាកាមទាំងអស់ត្រូវត្រង ត្រាប់ស្តាប់និងចូលរួមពិភាក្សាដើម្បីផ្តល់សេវា និង យកទៅអនុវត្តអោយទទួលបាន សូចនករ
មួយប្រកបដោយប្រសិទ្ធភាពខ្ពស់៕







កាំកុងត្រូលខេត្តស្វាយរៀង ចុះពិនិត្យប្រក្រតីភាព នៃទំនិញដែលបានដាក់តាំងលក់លើទីផ្សារ

ស្វាយរៀង៖ ក្រុមការងារសាខាកាំកុងត្រូល ដោយមានការគាំទ្រពីរថយន្តពិសោធន៍ចល័តនៃអគ្គនាយកដ្ឋានកាំកុងត្រូល និងទទួលបានកិច្ចសហការពី មន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង អាជ្ញាធរដែនដី គណកម្មការផ្សារ បានចុះទៅធ្វើការអង្កេតទីផ្សារកំពង់ត្រាច ហៅផ្សាររមាសហែក ស្ថិតក្នុងស្រុករមាសហែក និងផ្សារតាប៊ិប ស្ថិតក្នុងក្រុងបាវិត នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ដើម្បីពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់លើទីផ្សារខាងលើ ព្រមទាំងបានធ្វើតេស្តបឋម ទៅលើបន្លែ ផ្លែឈើ គ្រឿងផ្អាប់ គ្រឿងផ្សំ និងសាច់ងៀត មួយចំនួន សរុបចំនួន ៧៨ មុខ ។

ជាលទ្ធផលបង្ហាញថា ទំនិញភាគច្រើន ពុំមានវត្តមានសារធាតុគីមី ត្រូវបានរកឃើញនោះទេ លើកលែងតែផលិតផលចំនួន ៣ មុខ ដែលមានវត្តមានសំណល់ថ្នាំសម្លាប់សត្វល្អិត គឺ ៖
១-ស្លឹកគូឆាយ
២-ផ្កាគូឆាយ
៣-ស្ពៃបូកគោ

សូមបញ្ជាក់ថា សំណល់ថ្នាំគីមីសម្លាប់សត្វល្អិត ដែលមាននៅលើបន្លែទាំងនេះ អាចធ្វើការលាងជម្រះបាន ដោយប្រើទឹកហូរ លាយជាមួយអំបិលធម្មជាតិដែលគ្មានជាតិអ៊ីយ៉ូដ ឬលាយនឹងទឹក ពែរម៉ង់កាណាត រួចធ្វើការចម្អិនទៅតាមលក្ខណ្ឌបច្ចេកទេស មុននិងបរិភោគ ។
ទំនិញ ២ មុខទៀត ដែលមានសារធាតុគីមីហាមឃាត់ ” បូរ៉ាក់ ” ជាសារធាតុដែលមិនអនុញ្ញាតឲ្យប្រើប្រាស់ក្នុងម្ហូបអារហារ គឺ៖
១-បបែលក្រៀម
២-សរសៃគុយទាវ ( ចំនួន ០៣ ទីតាំង គឺនៅស្រុករមាសហែក ០២ កន្លែង និង ស្រុកស្វាយទាប ០១ កន្លែង ) ។

កាំកុងត្រូលខេត្តស្វាយរៀងបានបញ្ជាក់ថា និងធ្វើកិច្ចការនេះជាមួយស្ថាប័នអាណាព្យាបាល គឺមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ក្រោយទទួលបានលទ្ធផល យើងខ្ញុំនិងរាយការណ៍ជូន ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកាំកុងត្រូល ថ្នាក់ដឹកនាំខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីសុំការណែនាំ និងការសម្រេចក្នុងការអនុវត្តនូវនីតិវិធីការងារ ៕






ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រ ប្រចាំថ្ងៃទី១១ ខែតុលានេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖


បទវិភាគ៖ មហិច្ឆតារបស់បងធំ មហាអំណាចលោកខាងលិច!

ជាទូទៅបណ្តាប្រទេសលោកខាងលិចតែងលើកស្ទួយបក្សប្រឆាំងនៅជុំវិញពិភពលោករាប់ទាំងអ្នកប្រឆាំងនៅក្នុងនយោបាយ និងអ្នកប្រឆាំងនៅក្នុងអង្គការសង្គមស៊ីវិល ឬអ្នកប្រឆាំងដែលធ្វើសកម្មភាព ក្នុងនាមជាបុគ្គល ឬជាអ្នកវិភាគជាដើម។

នៅក្នុងប្រទេសមួយដែលមានគោលនយោបាយមិនរណបពួកលោកខាងលិច ឱ្យតែមានក្រុមណាចេញមុខ ប្រឆាំងរដ្ឋាភិបាល មហាអំណាចទាំងនោះជាពិសេសសហរដ្ឋអាមេរិក តែម្តងតែងតែចេញមុខគាំទ្រ ក្នុងរូបភាព ផ្សេងៗគ្នា៖ គាំទ្រចំៗដោយរដ្ឋាភិបាល និងបក្សសម្ព័ន្ធរបស់ខ្លួន និងគាំទ្រតាមរយៈអង្គការអន្តរជាតិ នានាតាម រយៈសេចក្តីថ្លែងការណ៍ ឬការផ្តល់ពានរង្វាន់ជាដើម។

គោលដៅរបស់ពួកគេគឺ ៖​ ទី១ ចង់អួតប្រាប់ពិភពលោកឱ្យឃើញថា ពួកគេជាជើងឯកដែលស្រឡាញ់ ប្រជាធិប តេយ្យ ស្រឡាញ់នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស និងទី២ គឺចង់ផ្តួលរំលំរដ្ឋាភិបាលទាំងឡាយ ណាដែលមិន រណបខ្លួនតាមរយៈការចោទប្រកាន់ថា ជារដ្ឋាភិបាលកុម្មុយនិស្តផ្តាច់ការ និងរំលោភសិទ្ធិមនុស្សដើម្បីបើកផ្លូវឱ្យ បក្សប្រឆាំងដែលជាកូនជឹងរបស់ខ្លួនបានឡើងកាន់អំណាចម្តង។ ពួកមហាអំណាចទាំងនោះដឹងតែពីការពារ កូនជឹងរបស់ខ្លួនបើទោះជាកូនជឹងនោះប្រព្រឹត្តអំពើខុសច្បាប់ ឬរំលោភសិទ្ធិអ្នកដទៃយ៉ាងណាក៏ដោយ ក៏ពួកគេ នៅតែការពារ។ រឿងរ៉ាវនៅកម្ពុជាក៏មិនខុសគ្នាពីអ្វីដែលកើតឡើងក្នុងពិភពលោកនោះដែរ។

ជាទូទៅ មហាអំណាចលោកខាងលិចតាំងខ្លួនជាបងធំដែលចង់ឱ្យប្រទេសតូចតាច និងទន់ខ្សោយទាំងឡាយ ធ្វើជារណប និងធ្វើជាកូនជឹងរបស់ខ្លួនទោះជាក្នុងតម្លៃណាក៏ដោយ។ ករណីនៅអ៊ីរ៉ាក់, ស៊ីរី, លីប៊ី និងអាហ្គា នីស្ថាន ជាដើមសុទ្ធសឹងជាឧទាហរណ៍យ៉ាងជាក់ស្តែងបំផុត។ ដើម្បីបំពេញមហិច្ឆតាចង់ឱ្យ ប្រទេសទាំងនោះ ក្លាយជារណបរបស់ខ្លួន ពួកគេបានប្រើប្រាស់ ចលនាបដិវត្តន៍ពណ៌ និងប្រើកម្លាំងយោធាដើម្បីផ្តួលរំលំរបប ដឹក នាំប្រទេសនោះទោះជាត្រូវបំផ្លាញប្រទេសនោះចោលទាំងស្រុក៏ដោយ។ ទីបំផុត ជីវិតមនុស្សរាប់សែននាក់ បានស្លាប់ដោយការវាយប្រហារ ដោយគ្រាប់បែកដែលផលិតដោយប្រទេសមហាអំណាចខ្លួនឯង, ជនភៀស ខ្លួនរាប់លាន នាក់រត់គេចពីសង្គ្រាមដែលបង្កឡើងដោយពួកមហាអំណាចខ្លួនឯង។

ពួកមហាអំណាចលោកខាងលិចនាំមុខដោយសហរដ្ឋអាមេរិក តាំងខ្លួនជាបិតាប្រជាធិបតេយ្យ ជាជើងឯងខាង ការគោរពសិទ្ធិមនុស្ស និងជាគ្រូខាងនិតីរដ្ឋ ប៉ុន្តែ ធាតុពិតគឺពួកគេជាអ្នកបង្កាត់ភ្លើងសង្គ្រាម និងបង្កវិនាសកម្ម រំលោភសិទ្ធិមនុស្ស តែមិនដែលទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ។ ក៏គ្មានស្ថាប័នអង្គការអន្តរជាតិណា ឬ តុលាការអន្តរជាតិណាចេញមុខប្តឹងនាំយកមេដឹកនាំដែលបង្កសង្គ្រាមផ្តាច់ជីវិតមនុស្សទាំងអស់នោះទៅកាត់ទោសនោះដែរ។

ករណីនៅប្រទេសភូមាគឺជាឧទាហរណ៍ដ៏ជាក់ស្តែងមួយទៀត។ កាលពីលោកស្រីអង់សាន ស៊ូជី នៅជាមេដឹក នាំបក្សប្រឆាំង លោកស្រីត្រូវបានលើកស្ទួយយ៉ាងខ្លាំងពីសំណាក់មហាអំណាចលោកខាងលិច និងអង្គការ អន្តរជាតិធំៗទាំងឡាយ ដោយចាត់ទុកលោកស្រី ស៊ូជី ដូចព្រះ។ ពានរង្វាន់ណូបែលសន្តិភាព និង ពានរង្វាន់ សេរីភាព ត្រូវបានប្រគល់ជូនលោកស្រីផងដែរ។ ប៉ុន្តែ ដល់ពេលលោកស្រីក្លាយជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ហើយមិនអាចបំពេញមហិច្ឆតាដូចដែលពួកមហាអំណាចទាំងនោះចង់បាន ស្រាប់តែពួកគេបែរទៅជារិះគន់ និងមាក់ងាយលោកស្រី ស៊ូជី យ៉ាងខ្លាំងរហូតដល់ទីក្រុង អុកហ្វត សម្រេចដកពានរង្វាន់ សេរីភាពពីលោក ស្រីវិញ។ ពានរង្វាន់ណូបែលសន្តិភាពក៏មិនដឹងថានឹងត្រូវគេដកហូតវិញនៅពេលណានោះឡើយ។ មិនត្រឹមតែ លោកស្រី អង់សាន ស៊ូជី ទេ សូម្បីតែបវរកញ្ញាពិភពលោកជនជាតិភូមា កញ្ញា Shwe Eain Si ក៏ត្រូវបានគេដក ហូតតំណែងដែរបន្ទាប់ពីនាងបានបង្ហោះឃ្លីបវីដេអូរដែលមានន័យការពាររដ្ឋាភិបាលភូមានិងប៉ះពាល់ដល់ពួកជនជាតិអ៊ីស្លាមរ៉ូហ៊ីនយ៉ា។

ទាំងនេះសបញ្ជាក់ឱ្យឃើញថា បងធំលោកខាងលិចគិតគូរផលប្រយោជន៍របស់ខ្លួន ជាធំគឺធំជាងអាយុជីវិត មនុស្សក្នុងប្រទេសតូចតាច ធំជាងសេចក្តីសុខរបស់ប្រជាជនក្នុងប្រទេសតូចតាច និងទន់ខ្សោយ និងធំជាង ភាពខ្ទេចខ្ទាំរបស់ប្រទេសដែលខ្លួនប៉ុនប៉ងលេបត្របាក់នោះទៅទៀត។ នៅពេលពួកគេចង់ផ្តួលរំលំរបប ដឹក នាំណាមួយ ពួកគេតែងចោទប្រកាន់មេដឹកនាំប្រទេសនោះថា ផ្តាច់ការ និងរំលោភសិទ្ធិមនុស្ស។ ប៉ុន្តែ តាមពិត ពួកមហាអំណាចទាំងនោះបានប្រើប្រាស់អំពើផ្តាច់ការ សាហាវយង់ឃ្នង និងការរំលោភសិទ្ធិមនុស្ស យ៉ាងធ្ងន់ ធ្ងរជាងមេដឹកនាំដែលពួកគេចោទប្រកាន់ថាផ្តាច់ការនោះទៅទៀត។ ជាក់ស្តែង ប្រទេសអ៊ីរ៉ាក់ ស៊ីរី និងលីប៊ី ជា ដើម មុនកើតមានចលនាបដិវត្តពណ៌ ប្រទេសទាំងនោះជាប្រទេសស៊ីវីល័យ មានហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អ មានទីក្រុងស្រស់ឆើតឆាយ ប្រជាជនសប្បាយរីករាយ និងរស់នៅក្នុងភាពល្អប្រសើរ សប្បាយរីករាយ យ៉ាង ខ្លាំង។ ប៉ុន្តែ ក្រោយចលនាបដិវត្តន៍ពណ៌ អ្វីៗទាំងនោះត្រូវបានបំផ្លាញទាំងស្រុង។ ទីក្រុងដ៏ស្រស់ឆើតឆាយ ក្លាយជាគំនរផេះផង់។ សន្តិភាពក្លាយជាសង្គ្រាម។ មនុស្សម្នាដែលធ្លាប់ដើរកម្សានពេលរាត្រី ទិញទំនិញក្នុង ផ្សារទំនើប បានស្លាប់ និងបានរត់ភៀសខ្លួនយ៉ាងវេទនាបំផុត។ ចំណែកឯប្រជាធិបតេយ្យ និងការគោរពសិទ្ធិ មនុស្សដែលពួកមហាអំណាចអួតអាងចង់បាននោះក៏មិនបានរកឃើញដែរ។ ផ្ទុយទៅវិញ ប្រទេសទាំងនោះ ធ្លាក់ក្នុងភ្លើងសង្គ្រាមរ៉ាំរ៉ៃគ្មានទីបញ្ចប់។

ទោះជាយ៉ាងនេះក៏ដោយ ក៏គេនៅតែមិនឃើញបងធំចេញមុខទទួលខុសត្រូវឡើយ។ ពួកបងធំនៅតែក្អេងក្អាង តាំងខ្លួនជាបិតាប្រជាធិបតេយ្យ ជាជើងឯកខាងការគោរពសិទ្ធិមនុស្ស និងជាគ្រូខាងនីតិរដ្ឋដដែល។ 1ចំណែក អង្គការអន្តរជាតិធំៗដែលបានដកពានរង្វាន់សេរីភាពពីលោកស្រី អង់សាន ស៊ូជី និងដកតំណែងបវរកញ្ញា ពិភព លោកពីស្ត្រីភូមា ក៏មិនឃើញចេញមុខមកដកតំណែងជាបិតាប្រជាធិបតេយ្យ តំណែងជាជើងឯកខាងការគោរព សិទ្ធិមនុស្ស និងតំណែងជាគ្រូខាងនីតិរដ្ឋ ពីប្រទេសមហាអំណាចទាំងនោះឡើយ បើទោះជាបទឧក្រិដ្ឋដែល ពួកគេបានធ្វើមានទំហំធំធេងរាប់ម៉ឺនដងបើធៀបនឹងលោកស្រី អង់សាន ស៊ូជី ដែលគ្រាន់តែនៅស្ងៀម ក្នុង នាមជាមន្ត្រីរដ្ឋាភិបាលដែលត្រូវការពារប្រយោជន៍ប្រទេសជាតិ និងបើធៀបនឹងកំហុសរបស់បវរកញ្ញាពិភព លោកដែលគ្រាន់តែបង្ហោះឃ្លីបវីដេអូតែមួយសោះ!

ទាំងអស់នេះគឺជាជំនួយស្មារតីដើម្បីឱ្យខ្មែរយើងចេះពិចារណាអំពីផលប្រយោជន៍របស់បរទេសជាពិសេសរបស់ពួកមហាអំណាចលោកខាងលិចដើម្បីកុំឱ្យខ្មែរយើងចេះតែត្រេកត្រអាលដែលបានមហាអំណាចនៅពីក្រោយ ខ្នង ហើយយកផែនការរបស់ពួកគេមកបំផ្លាញប្រទេសខ្លួនឯង ដោយមិនបានពិចារណាវែងឆ្ងាយ ឱ្យហួសពីការ ចង់បានអំណាចតែមួយមុខ។ ដូច្នេះ អំណឹះតទៅ សូមកូនជឹងរបស់មហាអំណាចទាំងឡាយ រាប់ទាំងអ្នកនយោ បាយ អង្គការសង្គមស៊ីវិល និងអ្នកគាំទ្របក្សប្រឆាំងងប់ងល់ទាំងឡាយ សូមមេត្តាគិតគូរឡើងវិញ អំពីផល ប្រយោជន៍ជាតិ និងផលប្រយោជន៍របស់បង ធំលោកខាងលិចដើម្បីបញ្ចៀស ប្រទេសជាតិកុំឱ្យធ្លាក់ក្នុង ស្ថានភាព ដូចបណ្តាប្រទេសដែលយើងបានលើកឡើងខាងដើម។ គ្មានអ្នកណាស្រឡាញ់ខ្មែរ ជាងខ្មែរខ្លួនឯង ទេ ហើយក៏គ្មានអ្នកណាអាចនាំសន្តិភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ឱ្យយើងទេបើយើង មិនប្រឹងបង្កើតវាដោយខ្លួនឯង។ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ក៏មិនអាចចម្លងទាំងស្រុងពីលោក ខាងលិចមកអនុវត្តនៅកម្ពុជាបានដែរ គឺមានតែការអនុវត្តតាមរបៀបខ្មែរតែប៉ុណ្ណោះទើបអាចរក សេចក្តីសុខជូន ខ្មែរបាន។ បើអ្នកនយោបាយខ្មែរឆ្លាត គួរទាញប្រយោជន៍ពីបងធំមកបម្រើប្រយោជន៍ជាតិ ជាជាងធ្វើខ្លួនជា កូន ជឹងដាច់ថ្លៃរបស់បងធំហើយមកបំផ្លាញប្រយោជន៍ជាតិខ្លួនឯង ៕

ដោយសូរ គងជ័យ


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១ម៉ឺននាក់ នៅរោងចក្រ ISI ផ្លូវវេងស្រេង

នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅរោងចក្រ ISI នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងខណ្ឌ មានជ័យ រាជធានីភ្នំពេញ៕