Wednesday, October 11, 2017

ការស្ទង់មតិ៖ ប្រជាប្រិយភាព​របស់ Duterte​ ធ្លាក់ចុះ​បន្ទាប់ពី​សង្រ្គាម​ប្រឆាំងគ្រឿងញៀន​របស់​ហ្វីលីពីន​

ស្ថាប័នស្ទង់មតិឯករាជ្យមួយបានរកឃើញថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានទទួលរងនូវការធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំងជាលើកដំបូង បន្ទាប់ពីការស្លាប់របស់ក្មេងជំទង់ពីរនាក់នៅទីក្រុងម៉ានីល ក្នុងការបង្ក្រាបប្រឆាំងនឹងឧក្រិដ្ឋកម្មដ៏ចម្រូង ចម្រាសរបស់គាត់ ដែលបានបង្កឱ្យមានមហាបាតុកម្ម។
ការធ្លាក់ចុះនៃការគាំទ្រត្រូវបានបង្ហាញដោយការស្ទង់មតិរបស់ Social Weather Stations បានធ្លាក់ចុះពី ៧៨% ទៅ ៦៧% កាលពីខែមិថុនា ដែលអ្នកទាំងនោះបាននិយាយថា ពួកគេពេញចិត្តនឹងការបំពេញតួនាទីរបស់លោក Duterte ក្នុងនាមជាប្រធានាធិបតី ការធ្លាក់ចុះបានកើតឡើង ចំពេលមានការកើនឡើងនៃខឹងសម្បារពីសាធារណជនចំពោះការសម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននៅហ្វីលីពីន។
លោក Duterte បានចូលកាន់តំណែងកាលពីខែមិថុនាឆ្នាំមុន ដោយសន្យាលុបបំបាត់គ្រឿងញៀនខុសច្បាប់នៅក្នុងសង្គម ដោយសម្លាប់អ្នកញៀនថ្នាំ និងជួញដូរថ្នាំចំនួន ១០០,០០០ នាក់។
ក្នុងរយៈពេល ១៥ ខែ ចាប់តាំងពីគាត់បានឡើងកាន់អំណាច ប៉ូលិសបានរាយការណ៍ថា បានសម្លាប់មនុស្សជាង ៣,៨៥០ នាក់នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន។ មនុស្សរាប់ពាន់នាក់ផ្សេងទៀត ត្រូវបានគេសំលាប់នៅក្នុងកាលៈទេសៈដែលមិនអាចពន្យល់បាន ដែលក្រុមសិទ្ធិមនុស្សបាននិយាយថា មួយផ្នែកនៃការស្លាប់មកពីក្រុមមិនស្គាល់មុខ។
ទោះបីជាសង្គ្រាមគ្រឿងញៀនរបស់លោក Duterte នៅមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងចំណោមប្រជាពលរដ្ឋដែលទទួលរងនូវបទល្មើសឧក្រិដ្ឋកម្មខ្ពស់ក្តី ការកើនឡើងយ៉ាងខ្លាំងជាមួយការសម្លាប់បានបណ្តាលឱ្យមានការធ្វើបាតុកម្មធំៗ នៅខែសីហា និងខែកញ្ញាលើការស្លាប់របស់ក្មេងជំទង់ពីរនាក់នៅទីក្រុងម៉ានីល។
ស្ថាប័នស្ទង់មតិមានមូលដ្ឋាននៅទីក្រុងម៉ានីល ដែលបានធ្វើការស្ទង់មតិប្រចាំត្រីមាសចាប់តាំងពីឆ្នាំ ១៩៨៦ មិនបានពន្យល់ពីការធ្លាក់ចុះដែលបង្ហាញនៅក្នុងតួរលេខកាលពីថ្ងៃអាទិត្យនោះទេ។ ប៉ុន្តែក្រុមអ្នកវិភាគបានប្រាប់ AFP ថា វាទំនងជាមានការព្រួយបារម្ភកើនឡើងរបស់សាធារណជន ចំពោះការសម្លាប់នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។
អ្នកវិភាគនយោបាយលោក Richard Heydarian បាននិយាយថា «វាទំនងជាឆ្លុះបញ្ចាំងពីកើនឡើងនៃការព្រួយបារម្ភ អំពីការដឹកនាំនៃសង្គ្រាមប្រឆាំងគ្រឿងញៀន ជាពិសេសលើការសម្លាប់អនីតិជន និងភាពគ្មានវិន័យនៅក្នុងក្រុមនៃស្ថាប័នអនុវត្តច្បាប់»។
រដ្ឋអាជ្ញាកំពុងសិក្សា អំពីការដាក់ពាក្យបណ្តឹងពីបទមនុស្សឃាតប្រឆាំងនឹងមន្រ្តីប្រឆាំងគ្រឿងញៀនចំនួនបួនរូប ដែលបានបាញ់សម្លាប់និស្សិតនៅក្រុងម៉ានីលដែលមានអាយុ ១៧ ឆ្នាំ ឈ្មោះ Kian delos Santos នៅថ្ងៃទី ១៦ ខែសីហា។
ប៉ូលិសជាច្រើនផ្សេងទៀតកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត បន្ទាប់ពីពួកគេបានសម្លាប់ជនសង្ស័យដែលត្រូវបានចោទប្រកាន់ពីបទប្លន់ឈ្មោះ Carl Angelo Arnaiz អាយុ ១៩ ឆ្នាំនៅយប់បន្ទាប់។ អ្នកជិតខាងរបស់គាត់ឈ្មោះ Reynaldo de Guzman អាយុ ១៤ ឆ្នាំក្រោយមកត្រូវបានគេរកឃើញ ដោយជនសង្ស័យមិនស្គាល់ឈ្មោះនៅភាគខាងជើងប្រទេសហ្វីលីពីន។
លោក Victor Andres Manhit នាយកប្រតិបតិ្តនៃវិទ្យាស្ថានផ្តល់យោបល់នយោបាយដែលមានមូលដ្ឋាននៅក្រុងម៉ានីល Stratbase ADR បាននិយាយថា «វាជាការធ្លាក់ចុះគួរឲ្យកត់សម្គាល់លើកដំបូងចាប់តាំងពីប្រធានាធិបតីឡើងកាន់តំណែង»។
ជំនួយការរបស់លោក Duterte បានទាត់ចោលចំនួនថ្មីនោះ។
អ្នកនាំពាក្យរបស់លោក Duterte លោក Ernesto Abella បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «សេចក្តីស្រឡាញ់នៅតែមាននៅទីនោះ»។ លោកបន្ថែមថា ចំនួននៃការស្ទង់មតិគឺស្របទៅនឹងរបៀបរបស់ប្រធានាធិបតីហ្វីលីពីនមុនៗ ដែលមានការធ្លាក់ចុះផ្នែកប្រជា ប្រិយភាពរបស់ខ្លួន បន្ទាប់ពីការកាន់តំណែងនៅក្នុងឆ្នាំដំបូងរបស់ពួកគេ។
លោក Heydarian បានបោះពុម្ភផ្សាយសៀវភៅមួយដែលមានចំណងជើងថា «ការងើបឡើងរបស់ Duterte» បាននិយាយថា ចំនួនធ្លាក់ចុះនៃការស្ទង់មតិនៅតែទុកឱកាសឲ្យប្រធានាធិបតីរូបនេះនូវចំណាត់ថ្នាក់គាំទ្រមានកម្រិតខ្ពស់ ហើយមានសន្ទុះទៅមុខគ្រប់គ្រាន់ ដើម្បីអនុវត្តនូវរបៀបវារៈនយោបាយរបស់គាត់។
Social Weather Stations បានអោយដឹងថា ការធ្លាក់ចុះប្រជាប្រិយភាពរបស់លោកDuterte ក្នុងចំណោមប្រជាជនក្រីក្រហ្វីលីពីនភាគច្រើន គឺដោយសារតែការធ្លាក់ចុះនៃការបោះឆ្នោតរបស់គាត់។
លោក Manhit បាននិយាយថា «ពួកគេគឺជាអ្នកបោះឆ្នោតសំខាន់របស់គាត់ ប៉ុន្តែពួកគេក៏ជាជនរងគ្រោះចម្បងនៃសង្គ្រាមគ្រឿងញៀនផងដែរ» ។
ការយកចំនួនមនុស្សចាស់ចំនួន ១,៥០០ នាក់ធ្វើជាអ្នកតំណាងសម្រាប់ប្រទេសទាំងមូលត្រូវបានសាកសួរដោយផ្ទាល់នៅចន្លោះថ្ងៃទី ២៣ និងថ្ងៃទី ២៧ ខែកញ្ញា «សូមប្រាប់ខ្ញុំថា អ្នកពេញចិត្ត ឬមិនពេញចិត្តចំពោះការបំពេញការងាររបស់លោក Rodrigo Duterte ក្នុងនាមជាប្រធានហ្វីលីពីន»។
Social Weather Stations បានឲ្យដឹងថា ខ្លួនបានធ្វើការស្ទាបស្ទង់មតិដោយខ្លួនឯងហើយមិនបានទទួលការអនុញ្ញាតពីភាគីណាមួយឡើយ។
ចំនួននៃការមិនពេញចិត្តលើលោក Duterte ក៏បានកើនឡើង ៧ ភាគរយផងដែរ ចាបតាំងពីខែមិថុនាមកឡើងដល់ ១៩ ភាគរយ ហើយក៏មានអ្នកដែលមិនសម្រេចគាំទ្រ ឬមិនគាំទ្រឡើងរហូតដល់ ១៤ ភាគរយ ដែលកាលពីមុនតែ ៤ ពិន្ទុ៕
ប្រភព: AFP ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧



No comments:

Post a Comment