Wednesday, October 11, 2017

កាំកុងត្រូលខេត្តស្វាយរៀង ចុះពិនិត្យប្រក្រតីភាព នៃទំនិញដែលបានដាក់តាំងលក់លើទីផ្សារ

ស្វាយរៀង៖ ក្រុមការងារសាខាកាំកុងត្រូល ដោយមានការគាំទ្រពីរថយន្តពិសោធន៍ចល័តនៃអគ្គនាយកដ្ឋានកាំកុងត្រូល និងទទួលបានកិច្ចសហការពី មន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង អាជ្ញាធរដែនដី គណកម្មការផ្សារ បានចុះទៅធ្វើការអង្កេតទីផ្សារកំពង់ត្រាច ហៅផ្សាររមាសហែក ស្ថិតក្នុងស្រុករមាសហែក និងផ្សារតាប៊ិប ស្ថិតក្នុងក្រុងបាវិត នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ដើម្បីពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់លើទីផ្សារខាងលើ ព្រមទាំងបានធ្វើតេស្តបឋម ទៅលើបន្លែ ផ្លែឈើ គ្រឿងផ្អាប់ គ្រឿងផ្សំ និងសាច់ងៀត មួយចំនួន សរុបចំនួន ៧៨ មុខ ។

ជាលទ្ធផលបង្ហាញថា ទំនិញភាគច្រើន ពុំមានវត្តមានសារធាតុគីមី ត្រូវបានរកឃើញនោះទេ លើកលែងតែផលិតផលចំនួន ៣ មុខ ដែលមានវត្តមានសំណល់ថ្នាំសម្លាប់សត្វល្អិត គឺ ៖
១-ស្លឹកគូឆាយ
២-ផ្កាគូឆាយ
៣-ស្ពៃបូកគោ

សូមបញ្ជាក់ថា សំណល់ថ្នាំគីមីសម្លាប់សត្វល្អិត ដែលមាននៅលើបន្លែទាំងនេះ អាចធ្វើការលាងជម្រះបាន ដោយប្រើទឹកហូរ លាយជាមួយអំបិលធម្មជាតិដែលគ្មានជាតិអ៊ីយ៉ូដ ឬលាយនឹងទឹក ពែរម៉ង់កាណាត រួចធ្វើការចម្អិនទៅតាមលក្ខណ្ឌបច្ចេកទេស មុននិងបរិភោគ ។
ទំនិញ ២ មុខទៀត ដែលមានសារធាតុគីមីហាមឃាត់ ” បូរ៉ាក់ ” ជាសារធាតុដែលមិនអនុញ្ញាតឲ្យប្រើប្រាស់ក្នុងម្ហូបអារហារ គឺ៖
១-បបែលក្រៀម
២-សរសៃគុយទាវ ( ចំនួន ០៣ ទីតាំង គឺនៅស្រុករមាសហែក ០២ កន្លែង និង ស្រុកស្វាយទាប ០១ កន្លែង ) ។

កាំកុងត្រូលខេត្តស្វាយរៀងបានបញ្ជាក់ថា និងធ្វើកិច្ចការនេះជាមួយស្ថាប័នអាណាព្យាបាល គឺមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ក្រោយទទួលបានលទ្ធផល យើងខ្ញុំនិងរាយការណ៍ជូន ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកាំកុងត្រូល ថ្នាក់ដឹកនាំខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីសុំការណែនាំ និងការសម្រេចក្នុងការអនុវត្តនូវនីតិវិធីការងារ ៕






No comments:

Post a Comment