Wednesday, October 11, 2017

លោក ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាលបច្ចុប្បន្នបាននឹងកំពុងខិតខំបង្កើតការងារក្នុងស្រុក និងពង្រីកទីផ្សារការងារនៅក្រៅប្រទេស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ បានថ្លែងថា ក្រៅពីការពង្រីកការងារនៅក្នុងស្រុកហើយនោះ រាជរដ្ឋាភិបាល ក៏បាននឹងកំពុងខិតខំប្រឹងប្រែងពង្រីកទីផ្សារការងារនៅក្រៅប្រទេសផងដែរ ដោយលោកបញ្ជាក់ថា កម្ពុជាទទួលបាន លំហូរសាច់ប្រាក់ ប្រមាណជាង២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលបានមកពីពលករធ្វើការ នៅក្រៅប្រទេស។

ក្នុងឱកាសចុះសំណេះសំណាលសាកសួរសុខទុក្ខមួយកម្មករ-កម្មការិនី ប្រមាណជា ២ម៉ឺននាក់ មកពីរោងចក្រចំនួន១១ នៅតាមបណ្តោយផ្លូវវែងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងប្រឹងប្រែង ជួយសម្របសម្រួលឲ្យកម្មករ-កម្មការិនីខ្មែរ ដែលធ្វើការនៅក្រៅប្រទេស ដូចជានៅប្រទេសថៃ ប្រទេសម៉ាឡេស៊ី ហើយមិនទាន់ស្របច្បាប់ ឲ្យក្លាយជាកម្មករ-កម្មការិនីស្របច្បាប់វិញ ហើយរាជរដ្ឋាភិបាលក៏កំពុងតែខិតខំជួយឲ្យ កម្មករ-កម្មការិនី ទាំងនោះទទួលបាន អត្ថប្រយោជន៍កាន់តែច្រើន ដូចកម្មករ-កម្មការិនីនៅក្នុងប្រទេសផងដែរ។

លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា ទោះបីជាយ៉ាងណា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតទីផ្សារការងារឱ្យកម្មករ-កម្មការិនីនៅក្រៅប្រទេសគឺបានទទួលរងនូវការ បន្តុះបង្អាប់ទៅវិញ។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចរន្តការងារនៅក្រៅប្រទេសគឺជាផ្នែកមួយ នៃលំហូរមនុស្ស ហើយនៅតំបន់អឺរ៉ុបគេលែងគិតហើយ មានជនជាតិអឺរ៉ុបច្រើនណាស់ ដែលចេញ ទៅធ្វើការនៅក្រៅប្រទេស។ លោក ហ៊ុន សែន បានថ្លែងថា ការទទួលបានទីផ្សារការងារ នៅក្រៅប្រទេសគឺដោយសារតែរដ្ឋាភិបាលកម្ពុជាមានទំនាក់ទំនងល្អ ការធ្វើការទូតល្អ ទើបយើងទទួលបាន អត្ថប្រយោជន៍ពីការងារទាំងនេះ ហើយកម្មករ-កម្មការិនីរបស់យើង គឺបានទៅទទួលទាំងបច្ចេកវិទ្យាផង បានទាំងប្រាក់បៀរវត្សមកផ្ទះផង។

លោកនាយករដ្ឋមន្ត្រី បានបន្ថែមថាលោកក៏មិនភ្លេចដែរ ចំពោះការរៀបចំ ជួយពលករខ្មែរ ដែលកំពុងធ្វើការខុសច្បាប់នៅប្រទេសក្រៅ ដើម្បីឱ្យបានទៅជាស្របច្បាប់វិញ និងបានកំពុងខិតខំ ការពារផលប្រយោជន៍កម្មកររបស់យើង។ លោកនាយករដ្ឋមន្ត្រី បានឱ្យដឹងថាកម្ពុជាទទួលបាន លំហូរសាច់ប្រាក់ ប្រមាណជាង២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលបានមកពីពលករធ្វើការ នៅក្រៅប្រទេស៕








No comments:

Post a Comment