Wednesday, October 11, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺន នាក់នៅរោងចក្រ ISI ផ្លូវវេងស្រេង

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួប​សំណេះ​សំណាល​ជាមួយបងប្អូនកម្មករ កម្មការិនី១៤,៤០០នាក់ នៅតំបន់​រោងចក្រ ISI នៅតាម​បណ្តោយ​ផ្លូវវេងស្រេង ក្នុងខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សប្បាយរីករាយជាខ្លាំងដែលបានអញ្ជើញមក​ជួបជុំជា​មួយ​បងប្អូនកូនក្មួយកម្មករ កម្មការនី ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់នានា និងដើម្បីបង្កើន​ប្រសិទ្ធភាព​​ការងារអោយកាន់តែល្អប្រសើរឡើង ជាពិសេសដើម្បីជំរុញគោល​នយោបាយ​ឧស្សាហកម្ម ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជាអោយបានជោគជ័យ។ នេះជាលើកទី១២ហើយដែល លោកនាយករដ្ឋមន្ត្រី បានអញ្ជើញចុះជួបសួរសុខទុក្ខបងប្អូនកូន​ក្មួយកម្មករ បូករួមទាំងការ​ជួបសំណេះសំណាលនៅរៀងរាល់ថ្ងៃអាទិត្យ នៅកោះពេជ្រ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកពីដំណើរនៃការតស៊ូរំដោះប្រទេសក្នុងភាព​លំបាកលំបិនរហូតមាន​ការរីកចម្រើនមកដល់សព្វថ្ងៃនេះ។ ទាំងអស់នេះគឺបានមកពីការខិត​ខំរបស់​ឪពុកម្តាយ ក្មួយៗ និង គណបក្សប្រជាជនកម្ពុជា ដែលបានប្រែក្លាយទៅជាស្ថានភាពល្អ​ប្រសើរដូចសព្វថ្ងៃ ។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវសុំ​អោយ​កម្មករ​និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមថែក្សាសន្តិភាព និងការអភិវឌ្ឍដើម្បីអោយប្រទេស​ជាតិកាន់តែរីកចម្រើន។ បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍដែរ ដូច្នេះសន្តិភាព និងការអភិវឌ្ឍ ត្រូវ​នៅជាមួយគ្នាជានិច្ច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រៀបធៀបរោងចក្រក្នុងឆ្នាំ ១៩៩៧ គឺកម្ពុជាមានរោងចក្រ​ត្រឹមតែ ៦៤ ប៉ុណ្ណោះ ដែលពេលនោះមានកម្មករប្រមាណ ៨២,០០០ នាក់ ដែលទទួលបាន​ប្រាក់ខែ​ត្រឹមតែ ៤០ ដុល្លារក្នុងមួយខែ ហើយចំពោះទំហំនាំចេញវិញគឺមានប្រមាណ ២២៧ លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែពេលបច្ចុប្បន្ននេះការកើនឡើងប្រមាណជាង ១,១០០ រោងចក្រ គឺទំហំនាំចេញបានកើនឡើងប្រមាណជាង ១២,០០០ លានដុល្លារ ដែលជាចំនួនមួយ​មិនធ្លាប់មាន​ទេពីមុនមក។ នេះដោយសារ​ការយកចិត្តទុក្ខ​ដាក់យ៉ាងខ្លាំង​របស់រាជរដ្ឋាភិបាល​កម្ពុជា ដោយមានការចូល​រួមពីម្ចាស់ក្រុមហ៊ុនវិនិយោគទុន និយោជិក និយោជក និងបងប្អូន កូនក្មួយ​កម្មករ។
នាឱកាសនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណដល់ក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ និងបណ្តារោងចក្រសហគ្រាស ទាំងអស់ដែលបានពិភាក្សាចរចារតម្លើង ប្រាក់ ខែសម្រាប់កម្មករកម្មការិនី។ ចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ ប្រាក់ខែកម្មករកម្មរិនីជាអប្បរិមារគឺ ១៧០ ដុល្លារ ក្នុងមួយខែ (គឺរាជរដ្ឋាភិបាលបានបន្ថែម ៥ដុល្លារ) ដែលសាច់ប្រាក់នេះបានមក ពីពន្ធកាត់ទុក និងពីកំរៃនៃការពិនិត្យការនាំចេញ ដែលររាជរដ្ឋាភិបាលត្រូវចំណាយជាង ៤០ លានដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះចាប់ពីខែ មករា ឆ្នាំ ២០១៨ តទៅ ប្រាក់ខែអប្បរមារ​បូកបន្ថែម​នឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ រួមទាំងការបញ្ចុះតំលៃទឹកភ្លើង និងថ្លៃឈ្នួលផ្ទះកម្មករ គឺបងប្អូនកូនក្មួយ​កម្មករអាចនៅសល់ប្រាក់ខែអាចទទួលបានក្នុងរង្វង់ជាង ២០០ ដុល្លារ សម្រាប់ដោះស្រាយ​ជីវភាពរស់នៅអោយកាន់តែប្រសើរឡើង ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់នូវអនុសាសន៍សំខាន់ៗ៥​ចំណុចដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានា​ដល់ល័ក្ខខ័ណ្ឌការងារនិង​ប្រាក់ចំណូលល្អ:
១-ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមអោយបានល្អ។
២-រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីកនិងបង្កើនទីផ្សារ បន្ថែម។
៣-រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ កើនទាំងប្រាក់បៀវត្សន៍អប្បរិមា និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់តាំងពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង (សម្រាប់ការប្រើក្រោម៥០ គីឡូវ៉ាត់ម៉ោងក្នុង១ខែ)។ ចំពោះថ្លៃទឹកគឺថ្លៃតែ ៧០០៛ ប៉ុណ្ណោះក្នុងមួយម៉ែត្រគូប ។ សម្តេចតេជោ បានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះរយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើង អោយមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមក្នុងការសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃអោយកាន់តែប្រសើរឡើង។
៤-ផ្តល់របបគាំពារសន្តិសុខសង្គមដល់កម្មករចាប់ពីខែ មករា ឆ្នាំ២០១៨ នេះទៅ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករកម្មការនី។ ពេលនោះបង ប្អូនអាច នៅសល់ប្រាក់ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ ជាមួយគ្នានេះដែរ កម្មការនីយើងទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្មជាដើម…) គឺទទួលបានការពិនិត្យព្យាបាល ជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនគិត ថ្លៃ តាមរយៈមូលនិធិសមធម៌។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំអោយម្ចាស់ ក្រុមហ៊ុនរោងចក្ររៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ។ ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែហើយ ហើយនៅទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០% ដោយបេឡាជាតិ)។
នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជូនដំណឹងដល់បងប្អូនកម្មការ នីអំពីអត្ថប្រយោជន៍មួយទៀតដែលនឹងទទួលបានពីបេឡាសង្គមគឺ:- ចំពោះស្រ្តីសម្រាលកូនទោះក្នុងប្រព័ន្ឋ ឬក្រៅប្រព័ន្ឋដែលសម្រាលបាន កូន(១)គឺទទួលថវិកា៤០ ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើ សម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា ៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣) គឺទទួលបាន ថវិកា១លាន២សែនរៀល ហើយបូកប្រាក់ឧបត្ថម្ភមួយចំនួនទៀតពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ថវិកានេះនឹង ផ្តល់ជូនដោយបេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាលដែលនឹងត្រៀមថវិកាប្រមាណជាង១០លានដុល្លារ ក្នុង១ឆ្នាំៗ (ទោះបីកូននោះកើតរស់ឬ ស្លាប់គឺនៅទទួលបានថវិកាគាំពារដូចគ្នា)។ កម្មករកម្មការនីទូទាំងប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ ចំពោះកីឡាករ កីឡាការិនីទាំងអស់ ក៏ទទួលបានការជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃផងដែរសម្រាប់រយៈពេល២ឆ្នាំ ហើយទទួលបានបានពិនិត្យថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ។ ចំពោះកីឡាការនីដែលសម្រាលកូនក៏ទទួលបានអត្ថប្រយោជន៍ដូចកម្មការិនីផងដែរ ចាប់ពីខែមករា ឆ្នាំ ២០១៨ នេះទៅ ។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់នឹងមាន ប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពេលនៅធ្វើការចុងក្រោយ។
ទី៥-រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ផ្តល់កិច្ចគាំពារ ចំពោះកម្មករកម្មការនីដែលកំពុងធ្វើការ នៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួល ជាមួយប្រទេសដៃគូដើម្បីផ្តល់ នូវល័ក្ខខ័ណ្ឌ ការងារល្អៗ ដែលមានប្រាក់ខែល្អសមរម្យដល់កម្មករ ព្រមទាំងជួយសម្រួលនូវបែបបទ លិខិតបទដ្ឋានផ្លូច្បាប់នានាដែលពាក់ព័ន្ឋ នឹងការងាររបស់បងប្អូនកូនក្មួយកម្មករ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលនឹងបន្តជជែកជាមួយប្រទេស ផ្សេងៗដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី និងប្រទេសថៃដើម្បីផ្តល់នូវការងារ និងប្រាក់ខែល្អៗសម្រាប់ បងប្អូនកូនក្មួយកម្មករខ្មែរ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់សារជាថ្មីផងដែរថា សម្រាប់ប្រាក់បៀរវត្សន៍ មន្ត្រីទាបបំផុតគឺទទួលបានអប្បបរមា ១ លានរៀល។ ដោយកាលពីមុនប្រាក់ខែមន្ត្រី រាជការ យើង លើលពី ១លានរៀល ត្រូវជាប់ពន្ធទាំងអស់ ប៉ុន្តែចាប់ពី ខែ មករា ឆ្នាំ២០១៨ តទៅ ប្រាក់ខែចាប់ពី ១,២០០,០០០៛ ទើបជាប់ពន្ធ ។ សម្តេចតេជោ ហ៊ុន បានបញ្ជាក់ទៀតថា ចាប់ពីម៉ោង ០០:០០ នាទី ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១៧ នេះតទៅ ស្ពាននិងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ ៦ A ទៅផ្លូវជាតិលេខ ៥ ( ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ ) គឺមិនមានការបង់ថ្លៃទៀតទេ។ រាជរដ្ឋាភិបាលបានទិញយកមកគ្រប់គ្រងអោយប្រជាជនធ្វើដំណើរដោយមិនគិតថ្លៃដើម្បីជួយលើកកំពស់ជីវភាពរស់នៅអោយកាន់តែល្អប្រសើ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើអោយក្រសួងការងារធ្វើរបាយការណ៍អំពីចំនួន ការងារដែលបានរកនឹងផ្តល់ជូនពលរដ្ឋ ដែលត្រូវរាយការណ៍ជាប្រចាំទៀង ទាត់ក្នុង រយៈពេល៦ខែម្តង។

មុននឹងអញ្ជើញទៅជួបកម្មករនៅរោងចក្រមួយទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះ ព្រមទាំងបានឧបត្ថម្ភប្រាក់លើកទឹកចិត្តមួយចំនួនដល់កម្មករ និងកម្មការនីមានផ្ទៃពោះចំនួន ៤៤៧ នាក់ផងដែរ។ បន្ទាប់មក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថតរូប Selfie អនុស្សាវរីយ៍ ជាមួយបងប្អូនកូនក្មួយកម្មករកម្មការនីក្នុងបរិយាកាសស្និទ្ឋស្នាល និងសប្បាយរីករាយ៕










No comments:

Post a Comment