Sunday, December 15, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទស្សនាការតាំងពិព័រណ៍ផលិតផលខ្មែរ

នៅរសៀលថ្ងៃអាទិត្យ ទី១៥ ខែធ្នូនេះផងដែរ បន្ទាប់ពីបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៤ ឆ្នាំ២០១៩ រួចមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទស្សនាស្តង់តាំងពិព័រណ៍ផលិតផលខ្មែរ គ្រប់មុខ និងបានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ ព្រមទាំងបានថតរូបអនុស្សវរីយ៍ក្នុងភាពស្និតស្នាលនឹងសប្បាយរីករាយជាទីបំផុត។

លោកនាយករដ្ន្តមន្ត្រី ក៏បានអំពាវនាវបងប្អូនជនរួមជាតិ អញ្ជើញមកទស្សនាការតាំងពិព័រណ៍ផលិតផលខ្មែរ និងជួយទិញផលិតផលឲ្យបានគ្រប់ៗគ្នានៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោកនាយករដ្ឋមន្ត្រី បានបន្តថា យើងចូលរួមគាំទ្រផលិតផលខ្មែរ និងជួយផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ពិភពលោកដើម្បីចូលរួមលើកស្ទួយផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ៕









លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីបើកពិព័រណ៍ផលិតផលខែ្មរ និងទំនិញនាំចេញ-នាំចូល កម្ពុជាលើកទី១៤ ឆ្នាំ២០១៩

នៅរសៀលថ្ងៃអាទិត្យ ទីទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល កម្ពុជា លើកទី១៤ ឆ្នាំ២០១៩ ដែលពិធីបើកពិព័រណ៍នេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
តាមរបាយការណ៍របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានអោយដឹងថាពិព័រណ៍ផលិតផលខ្មែរនិងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៤ កម្រិតអន្តរជាតិឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីប្រទេសជាមិត្តក្នុងតំបន់ដូចជា ប្រទេសចិន ជប៉ុន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម និងប្រទេសឡាវព្រមទាំងមន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករ អង្គការ សមាគមអាជីវកម្ម ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។ ហើយពិព័រណ៍នេះមានស្ដង់សរុបចំនួន ៣៧២ស្ដង់ ដោយមានទំនិញ និងសេវាជាច្រើនប្រភេទផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ បានជួយបង្កើនផលិតភាព បង្កើនតម្លៃបន្ថែមលើផលិតផល ពង្រឹងគុណភាពផលិតផល និងសេវា បង្កើតការងារថ្មីៗ បង្កើនប្រាក់ចំណូល ជួយទប់ស្កាត់ការធ្វើចំណាកស្រុក និងរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។ លើសពីនេះទៅទៀតលោកនាយករដ្ឋមន្រ្តី បានកត់សម្គាល់ឃើញថា តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និងការចូលរួមរបស់កម្ពុជាក្នុងពិព័រណ៍ធំៗនៅក្រៅប្រទេសដូចជា ពិព័រណ៍ពិភពលោក ពិព័រណ៍អន្តរជាតិ និងពិព័រណ៍ចិន-អាស៊ានជាដើមបានធ្វើឲ្យកម្ពុជាយើងមានកិត្តិយស ស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងជាឱកាសដ៏ល្អសម្រាប់កម្ពុជាផ្សព្វផ្សាយអំពីផលិតផលសក្តានុពលរបស់ខ្លួន ស្វែងរកទីផ្សារនាំចេញ ទាក់ទាញវិនិយោគិនបរទេស និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យជាមួយបណ្តាប្រទេសជាមិត្ត ជាពិសេស បានចូលរួមចំណែកផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកកម្ពុជាកាន់តែច្រើនថែមទៀត។ 
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា និងការរក្សាបាននូវសន្តិភាព និងសន្តិសុខ សង្គមទូទាំងប្រទេស បានធ្វើឲ្យកម្ពុជាទទួលបាននូវកាលានុវត្តភាពថ្មីពុំធ្លាប់មាន សម្រាប់ការកែទម្រង់ ទូលំទូលាយមួយ ព្រមទាំងទទួលបាននូវទំនុកចិត្តខ្ពស់ពីធុរជន និងវិនិយោគិនទាំងក្នុង និងក្រៅប្រទេស ដែលជាឱកាសធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនក្នុងកំណើនជាមធ្យម ៧.៧% ក្នុងមួយឆ្នាំក្នុងរយៈពេល ២០ឆ្នាំ កន្លងទៅ។ ដើម្បីជំរុញឲ្យវិស័យទាំងបួនខាងលើកាន់តែមានការរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យប្រើប្រាស់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ សំដៅរក្សាកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាព និងដើម្បីប្រែក្លាយកម្ពុជាបច្ចុប្បន្ន ពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ឲ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ​២០៣០ និងសម្រេចបានគោលដៅជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ 
វិស័យពាណិជ្ជកម្មកម្ពុជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច។ ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានការកើនទ្បើងជាលំដាប់។  លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ដល់ភ្ញៀវជាតិ និងអន្តរជាតិផងដែរថា ដោយសារការរក្សាបាននូវសន្តិភាព សន្តិសុខសង្គម និងស្ថានភាពសេដ្ឋកិច្ច និងនយោបាយល្អ គ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា មានឱកាសបំពេញតួនាទីរបស់ខ្លួនបានល្អប្រសើរ។ ឆ្លៀតក្នុងឱកាសដ៏សំខាន់នេះ លោកនាយករដ្ឋមន្ត្រី សូមលើកទឹកចិត្តឱ្យពាណិជ្ជករ សហគ្រិន វិនិយោគិន ធុរជនទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងអ្នកទស្សនាពិព័រណ៍ទាំងអស់ គប្បីចូលរួមនិងប្រើប្រាស់ឱ្យអស់លទ្ធភាពនូវវេទិកានានា ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មប្រចាំឆ្នាំរបស់យើង ដើម្បីទទួលបានជោគជ័យថ្មីៗ ថែមទៀតលើកិច្ចការធុរកិច្ច និងវិនិយោគរបស់ខ្លួន។ 

មុននឹងបញ្ចប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  បានជូនពរបងប្អូនអាជីវករ ម្ចាស់ក្រុមហ៊ុននានាដែលកំពុងធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សូមទទួលបាននូវភាពជោគជ័យ។ បន្ទាប់មក លោកនាយករដ្ឋមន្ត្រី បានអញ្ជើញកាត់ខ្សែបូរសម្ពោធពិពណ៍នេះ និងអញ្ជើញទស្សនាស្តង់ពិពណ៍ទំនិញនៅក្នុងមណ្ឌលកោះពេជ្រ ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕













ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកបើកពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា

(FN)៖ នៅរសៀលថ្ងៃអាទិត្យ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកបើកពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា។ ពិធីបើកពិព័រណ៍នេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ពិព័រណ៍ផលិតផលខ្មែរនិងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៤ កម្រិតអន្តរជាតិឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីប្រទេសជាមិត្តក្នុងតំបន់ដូចជា ប្រទេសចិន ជប៉ុន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម និងប្រទេសឡាវព្រមទាំងមន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករ អង្គការ សមាគមអាជីវកម្ម ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។

សារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយដែលបានមកចូលរួមក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញនាំចូលកម្ពុជាលើកទី១៤ ឆ្នាំ២០១៩ កម្រិតអន្តរជាតិដែលប្រារព្ធឡើងយ៉ាងអធិកអធមនាពេលនេះ។
* សម្តេចតេជោ ហ៊ុន សែន សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងពាណិជ្ជកម្ម ដែលបានចូលរួមយ៉ាងសកម្មរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងពេលកន្លងមក និងពេលនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំនេះ ក៏ដូចបណ្តឆ្នាំកន្លងមក ពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជា បានឆ្លុះបញ្ចាំងអំពីបរិយាសកាសធុរកិច្ច និងវិនិយោគដ៏មានសក្តានុពលរបស់កម្ពុជា តាមរយៈការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ និងការរីកចម្រើន លើគ្រប់វិស័យ ដែលបានផ្ដល់ឱកាសដល់ធុរជនកម្ពុជា និងធុរជនបរទេសទាំងអស់បានជួបពិភាក្សាគ្នា ដើម្បីជំរុញការធ្វើធុរកិច្ច និងការវិនិយោគ ការរៀបចំពិព័រណ៍ក្នុងស្រុក ពិព័រណ៍អន្តរជាតិ ពិព័រណ៍ចិន- អាស៊ាន និងពិព័រណ៍ពិភពលោកជាដើម។
* សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ជាបន្តបន្ទាប់ការហូរចូលវិនិយោគទុនពីបរទេសមកកម្ពុជា បានធ្វើឱ្យកម្ពុជាទទួលបាននូវធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា ជំនាញ ចំណេះដឹង នៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប បទពិសោធន៍សហគ្រិន ការបង្កើតការងារថ្មីៗសម្រាប់ប្រជាជន ការពង្រីកផលិតកម្មក្នុងស្រុកឱ្យបានទូលំទូលាយជាមួយនឹងគុណភាព និងលទ្ធភាពនៃធនធានសេដ្ឋកិច្ចដែលមាន ដើម្បីកសាងសមត្ថភាពធ្វើការអភិវឌ្ឍន៍ និងវិនិយោគប្រកបដោយតម្លាភាពទាំងបច្ចុប្បន្ន និងអនាគត។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វិស័យពាណិជ្ជកម្មបានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាជាមួយនឹងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការនាំចេញទំនិញ និងសេវាទៅកាន់ទីផ្សារ នៃប្រទេសដែលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកចំនួន១៤៧ប្រទេស និងនាំចូលមកវិញនូវទំនិញ និងសេវាបំពេញតម្រូវការសេដ្ឋកិច្ច ពីប្រទេសចំនួន ១៣៥ ដែលធ្វើឱ្យទំហំពាណិជ្ជកម្មអន្តរជាតិ កើនឡើងរហូតដល់ជាង ៣០ ប៊ីលានដុល្លារក្នុងឆ្នាំ ២០១៨កន្លងមក។
* សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ទន្ទឹមនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧,៧% ក្នុងរយៈពេលជាង ២ ទសវត្សរ៍ ចុងក្រោយនេះ ព្រមទាំងសម្រេចបាននូវ បង្គោលចរជាប្រវត្តិសាស្រ្ត គឺឆ្លងពីឋានៈជាប្រទេសដែលមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យម កម្រិតទាបជាផ្លូវការ កាលពីឆ្នាំ ២០១៥ ជាមួយនឹងការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០។
* រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកមូលដ្ឋាន ផលិតកម្មកសាងហេដ្ឋារចនាសម្ព័ន្ធ កែលម្អប្រព័ន្ធដឹកជពាន និងប្រព័ន្ធឡូជីស្ទិកទាំងផ្នែកទន់ និងផ្នែករឹង លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយកម្រៃសេវាផ្សេងៗ កាត់បន្ថយថ្លៃអគ្គិសនី បណ្តុះបណ្ហាលជំនាញទាំងផ្នែករឹង និងផ្នែកទន់ រៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ជាមួយនឹងការកែទម្រងវិស័យហិរញ្ញវត្ថុ និងវិស័យអាទិភាពផ្សេងទៀត ដែលទាំងអស់នេះគឺជាលក្ខខណ្ណអាទិភាពដ៏ទូលំទូលាយនិងជាសក្តានុពលប្រកប ដោយគុណភាព និងតម្លាភាពសម្រាប់ការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នក៏ដូចជាបញ្ហាឆ្នាំកន្លងទៅការលើកកម្ពស់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ដែលតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ស្របតាមការកំណត់ នៃអនុក្រឹត្យស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការលើកលែងពន្ធលើប្រាក់ចំណូលរហូតដល់ ៥ឆ្នាំ ការលើកលែងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល រួមទាំងការលើកទឹកចិត្តចំណាយ ដែលអាចកាត់កងបាន ដើម្បីបង្កើតការងារ និងបង្កើនសមត្ថភាពផលិតកម្ម
ក្នុងស្រុករបស់កម្ពុជាលើវិស័យអាទិភាព រួមមានវិស័យកសិកម្មកសិ-ឧស្សាហកម្ម ការផលិត និងកែច្នៃមបអាហារ ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ដែលវិស័យទាំងអស់នេះស្ថិតក្នុងតំបន់ប្រមូលផ្ដុំ នៃសហគ្រាសធុនតូច និងមធ្យម។
* ទន្ទឹមនេះ រាជដ្ឋាភិបាលបាន និងកំពុងរៀបចំច្បាប់វិនិយោគថ្មី និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ក្នុងគោលបំណងបង្កើតនូវក្របខណ្ណគតិយុត្ត ដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណបានប្រកបដោយភាពអំណោយផល និងប្រសិទ្ធភាពសម្រាប់ការវិនិយោគការធ្វើទំនើបកម្ម និងការបង្កើនផលិតភាព ឧស្សាហកម្មក្នុងស្រុក ជាមួយនឹងការពង្រឹង ការតភ្ជាប់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គងក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនលំហូរចូលមូលធន និង
ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ ។
* សម្តេចតេជោសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍ ពិព័ណ៍អន្តរជាតិថ្ងៃនេះពាណិជករ សហគ្រិន វិនិយោគិន ធុរជន ទាំងក្នុង និងក្រៅប្រទេស នឹងបានយល់កាន់តែច្បាស់ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ហើយនឹងចាប់យកឱកាសដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសម្បទាន ជាអាទិភាពទាំងឡាយ ដែលផ្តល់ដោយរាជរដ្ឋាភិបាលសម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ ទាំងបច្ចុប្បន្ន និងអនាគត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង១៥៖៣៥នាទី,

សារលិខិតជូនពរ របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសខួបកំណើតគម្រប់ ៦៥ឆ្នាំ ឈានចូល ៦៦ឆ្នាំ