Sunday, December 15, 2019

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកបើកពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា

(FN)៖ នៅរសៀលថ្ងៃអាទិត្យ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកបើកពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា។ ពិធីបើកពិព័រណ៍នេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ពិព័រណ៍ផលិតផលខ្មែរនិងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៤ កម្រិតអន្តរជាតិឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីប្រទេសជាមិត្តក្នុងតំបន់ដូចជា ប្រទេសចិន ជប៉ុន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម និងប្រទេសឡាវព្រមទាំងមន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករ អង្គការ សមាគមអាជីវកម្ម ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។

សារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន មានសេចក្តីរីករាយដែលបានមកចូលរួមក្នុងពិធីសម្ពោធពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញនាំចូលកម្ពុជាលើកទី១៤ ឆ្នាំ២០១៩ កម្រិតអន្តរជាតិដែលប្រារព្ធឡើងយ៉ាងអធិកអធមនាពេលនេះ។
* សម្តេចតេជោ ហ៊ុន សែន សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងពាណិជ្ជកម្ម ដែលបានចូលរួមយ៉ាងសកម្មរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងពេលកន្លងមក និងពេលនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំនេះ ក៏ដូចបណ្តឆ្នាំកន្លងមក ពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជា បានឆ្លុះបញ្ចាំងអំពីបរិយាសកាសធុរកិច្ច និងវិនិយោគដ៏មានសក្តានុពលរបស់កម្ពុជា តាមរយៈការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ និងការរីកចម្រើន លើគ្រប់វិស័យ ដែលបានផ្ដល់ឱកាសដល់ធុរជនកម្ពុជា និងធុរជនបរទេសទាំងអស់បានជួបពិភាក្សាគ្នា ដើម្បីជំរុញការធ្វើធុរកិច្ច និងការវិនិយោគ ការរៀបចំពិព័រណ៍ក្នុងស្រុក ពិព័រណ៍អន្តរជាតិ ពិព័រណ៍ចិន- អាស៊ាន និងពិព័រណ៍ពិភពលោកជាដើម។
* សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ជាបន្តបន្ទាប់ការហូរចូលវិនិយោគទុនពីបរទេសមកកម្ពុជា បានធ្វើឱ្យកម្ពុជាទទួលបាននូវធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា ជំនាញ ចំណេះដឹង នៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប បទពិសោធន៍សហគ្រិន ការបង្កើតការងារថ្មីៗសម្រាប់ប្រជាជន ការពង្រីកផលិតកម្មក្នុងស្រុកឱ្យបានទូលំទូលាយជាមួយនឹងគុណភាព និងលទ្ធភាពនៃធនធានសេដ្ឋកិច្ចដែលមាន ដើម្បីកសាងសមត្ថភាពធ្វើការអភិវឌ្ឍន៍ និងវិនិយោគប្រកបដោយតម្លាភាពទាំងបច្ចុប្បន្ន និងអនាគត។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វិស័យពាណិជ្ជកម្មបានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាជាមួយនឹងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការនាំចេញទំនិញ និងសេវាទៅកាន់ទីផ្សារ នៃប្រទេសដែលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកចំនួន១៤៧ប្រទេស និងនាំចូលមកវិញនូវទំនិញ និងសេវាបំពេញតម្រូវការសេដ្ឋកិច្ច ពីប្រទេសចំនួន ១៣៥ ដែលធ្វើឱ្យទំហំពាណិជ្ជកម្មអន្តរជាតិ កើនឡើងរហូតដល់ជាង ៣០ ប៊ីលានដុល្លារក្នុងឆ្នាំ ២០១៨កន្លងមក។
* សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ទន្ទឹមនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧,៧% ក្នុងរយៈពេលជាង ២ ទសវត្សរ៍ ចុងក្រោយនេះ ព្រមទាំងសម្រេចបាននូវ បង្គោលចរជាប្រវត្តិសាស្រ្ត គឺឆ្លងពីឋានៈជាប្រទេសដែលមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យម កម្រិតទាបជាផ្លូវការ កាលពីឆ្នាំ ២០១៥ ជាមួយនឹងការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០។
* រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកមូលដ្ឋាន ផលិតកម្មកសាងហេដ្ឋារចនាសម្ព័ន្ធ កែលម្អប្រព័ន្ធដឹកជពាន និងប្រព័ន្ធឡូជីស្ទិកទាំងផ្នែកទន់ និងផ្នែករឹង លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយកម្រៃសេវាផ្សេងៗ កាត់បន្ថយថ្លៃអគ្គិសនី បណ្តុះបណ្ហាលជំនាញទាំងផ្នែករឹង និងផ្នែកទន់ រៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ជាមួយនឹងការកែទម្រងវិស័យហិរញ្ញវត្ថុ និងវិស័យអាទិភាពផ្សេងទៀត ដែលទាំងអស់នេះគឺជាលក្ខខណ្ណអាទិភាពដ៏ទូលំទូលាយនិងជាសក្តានុពលប្រកប ដោយគុណភាព និងតម្លាភាពសម្រាប់ការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នក៏ដូចជាបញ្ហាឆ្នាំកន្លងទៅការលើកកម្ពស់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ដែលតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ស្របតាមការកំណត់ នៃអនុក្រឹត្យស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការលើកលែងពន្ធលើប្រាក់ចំណូលរហូតដល់ ៥ឆ្នាំ ការលើកលែងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល រួមទាំងការលើកទឹកចិត្តចំណាយ ដែលអាចកាត់កងបាន ដើម្បីបង្កើតការងារ និងបង្កើនសមត្ថភាពផលិតកម្ម
ក្នុងស្រុករបស់កម្ពុជាលើវិស័យអាទិភាព រួមមានវិស័យកសិកម្មកសិ-ឧស្សាហកម្ម ការផលិត និងកែច្នៃមបអាហារ ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ដែលវិស័យទាំងអស់នេះស្ថិតក្នុងតំបន់ប្រមូលផ្ដុំ នៃសហគ្រាសធុនតូច និងមធ្យម។
* ទន្ទឹមនេះ រាជដ្ឋាភិបាលបាន និងកំពុងរៀបចំច្បាប់វិនិយោគថ្មី និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ក្នុងគោលបំណងបង្កើតនូវក្របខណ្ណគតិយុត្ត ដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណបានប្រកបដោយភាពអំណោយផល និងប្រសិទ្ធភាពសម្រាប់ការវិនិយោគការធ្វើទំនើបកម្ម និងការបង្កើនផលិតភាព ឧស្សាហកម្មក្នុងស្រុក ជាមួយនឹងការពង្រឹង ការតភ្ជាប់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គងក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនលំហូរចូលមូលធន និង
ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ ។
* សម្តេចតេជោសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍ ពិព័ណ៍អន្តរជាតិថ្ងៃនេះពាណិជករ សហគ្រិន វិនិយោគិន ធុរជន ទាំងក្នុង និងក្រៅប្រទេស នឹងបានយល់កាន់តែច្បាស់ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ហើយនឹងចាប់យកឱកាសដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសម្បទាន ជាអាទិភាពទាំងឡាយ ដែលផ្តល់ដោយរាជរដ្ឋាភិបាលសម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ ទាំងបច្ចុប្បន្ន និងអនាគត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង១៥៖៣៥នាទី,

No comments:

Post a Comment