Sunday, February 14, 2016

កិច្ចប្រជុំ​ពិភាក្សា​លើផែនកា​ររៀបចំ​កំណត់​បឹងព្រែក​ទប់ជាតំបន់​អភិរក្ស និងរៀប​ចំផែន​ការកែ​លម្អតំ​បន់​ឆ្នេរខ្សាច់​ក្រុង​ព្រះសីហនុ

នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នាទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញដឹក​នាំកិច្ចប្រជុំពិភាក្សា​លើផែនការ​រៀបចំ​កំណត់​បឹងព្រែកទប់ជាតំបន់អភិរក្ស និងរៀបចំផែនការកែលម្អតំបន់ឆ្នេរខ្សាច់ក្រុងព្រះសីហនុមាន៖ ឆ្នេរឯករាជ្យ ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល (ទល់មុខដីក្រុមហ៊ុន សុខា អូតែល អតីតអារីស្តុន)។ សមាសភាពចួលរួមក្នុងកិច្ចប្រជុំនេះរួមមានឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា, ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋលេខាធិការក្រសួងទេសចរណ៍, អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, អភិបាលរងនៃគណៈអភិបាលខេត្តនិងជាតំណាងគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ, អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា, និងមន្ត្រីជំនាញពាក់ព័ន្ធ។ ជាលទ្ធផលនៃកិច្ចប្រជុំនេះ អង្គប្រជុំបានឱ្យគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ចាត់ចែងរៀបចំ៖ ១).ករណីបឹងព្រែកទប់ៈ បង្កករាល់ដំណើរការអភិវឌ្ឍនិងសាងសង់ផ្សេងៗដែលពាក់ព័ន្ធតំបន់បឹងព្រែកទប់ និងចុះសិក្សាស្រង់ទិន្នន័យនិងកំណត់ផ្ទៃបឹង។ ២).ករណីឆ្នេរឯករាជ្យៈ ធ្វើការសំអាត និងកែសម្រួលឆ្នេររៀបចំឱ្យសាធារណជនអាចចេញចូលទៅកម្សាន្តបាន ៣).ករណីឆ្នេរអូរត្រេះ ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឈានទៅរកការរុះរើសំណង់ខុសច្បាប់លើឆ្នេរនិងដីចំណីឆ្នេរ។ ៤).ករណីឆ្នេរអូរឈើទាល (ទល់មុខដីក្រុមហ៊ុន សុខា អូតែល អតីតអារីស្តុន): រៀបចំទំលុះនិងឈូសឆាយ វិថីអូរឈើទាលស្របតាមបណ្តោយឆ្នេរ និងផ្សព្វផ្សាយឱ្យរុះរើសំណង់ខុសច្បាប់លើឆ្នេរនិងដីចំណីឆ្នេរ ៕


កិច្ចប្រជុំពិភាក្សាជាមួយតំណាងអង្គការ USAID និងក្រុមការងារគម្រោង SERVIR Mekong សំដៅចែករម្លែកព័ត៌មានស្តីពីវឌ្ឍនភាពគម្រោង

នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងបរិស្ថាន មានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយតំណាងអង្គការ USAID និងក្រុមការងារគម្រោង SERVIR Mekong សំដៅចែករម្លែកព័ត៌មានស្តីពីវឌ្ឍនភាពគម្រោង ស្វែងយល់ពីតម្រូវការរបស់ក្រសួងបរិស្ថាន និងពិភាក្សាអំពីអាទិភាពនានាក្នុងកិច្ចសហប្រតិបត្តិការរវាងក្រសួង និងគម្រោងនាពេលអនាគត ដោយផ្តោតលើការចែករំលែកទិន្នន័យ និងការកសាងសមត្ថភាព ក្នុងផ្នែកប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)។
SERVIR Mekong គឺជាគំនិតផ្តួចផ្តើមរួមរបស់អង្គការ USAIDនិង NASA ដែលរៀបចំឡើងក្នុងគោលបំណងចងក្រងទិន្នន័យរូបភាពផ្កាយរណប និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រសម្រាប់ប្រើប្រាស់ជាសាធារណៈ និងទ្រទ្រង់បណ្តាប្រទេសក្នុងតំបន់មេគង្គរួមមាន ៖ កម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា និងថៃ។ បច្ចុប្បន្ន SERVIR Mekong បាននឹងកំពុងរៀបចំឧបករណសំខាន់ៗមួយចំនួនសម្រាបគាំទ្រការធ្វើសេចក្តីសម្រេចពាក់ព័ន្ធនឹង៖ ១) ការតាមដានគម្របដី និងការប្រើប្រាស់ដី ២) ការព្យាករណ៍ពីភាពរាំងស្ងួតចំពោះដំណាំស្រូវ ៣) ការតាមដានវិសាលភាពនៃទឹកជំនន់ ៤) ការគ្រប់គ្រងធនធានទឹក ៥) ការគ្រប់គ្រងជីវៈចម្រុះ និង ៦) ការប្រែប្រួលអាកាសធាតុ។
តំណាងក្រសួងបរិស្ថាន បានលើកពីតម្រូវការចាំបាច់សម្រាប់ក្រសួង ដូចជាការធ្វើផែនទីប្រព័ន្ធអេកូឡូសុី និងជីវៈចម្រុះក្នុងកម្រិតច្បាស់ ផែនទីសណ្ឋានដីដែលមានចន្លោះខ្សែកម្ពស់តូចសម្រាប់តាមដានទឹកជំនន់ និងការកើនឡើងកម្ពស់ទឹកសមុទ្រ ប្រព័ន្ធព័ត៌មានសម្រាបគ្រប់គ្រងធនធានទឹក និងតាមដានការប្រែប្រួលអាកាសធាតុ ព្រមទាំងជួយទ្រទ្រង់បច្ចេកទេស និងការបណ្តុះបណ្តាលមន្ត្រីជំនាញ។ ភាគីទាំងពីរបានឯកភាពគ្នាពិភាក្សាលំអិតអំពីសកម្មភាពដែលត្រូវអនុវត្តបន្ត ដោយក្នុងនោះ នាយកដ្ឋានសេវាកម្មព័ត៌មានភូមសាស្ត្រនឹងបំពេញនាទីជាស្ថាប័នបង្គោល សម្រាប់សម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងគម្រោង SERVIR Mekong ៕

ឯកឧត្តម ហ៊ុន ម៉ានី ចុះជួបសំណេះសំណាលជាមួយក្រុមយុវជនគណបក្សស្រុក

 នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសំរោងទង បានរៀបចំពិធីជួបសំណេះសំណាល ជាមួយក្រុមយុវជន គណបក្សស្រុក សកម្មជនយុវជនឃុំ និងភូមិ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល ចុះខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងឯកឧត្តម សត្យា វុធ សមាជិកគណៈកម្មាធិការកណ្តាលចុះជួយខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសំរោងទង និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំស្រុក ក្រុមយុវជនស្រុក សកម្មជនយុវជនភូមិ សរុបចំនួន៤២០រូប។