Sunday, February 14, 2016

កិច្ចប្រជុំពិភាក្សាជាមួយតំណាងអង្គការ USAID និងក្រុមការងារគម្រោង SERVIR Mekong សំដៅចែករម្លែកព័ត៌មានស្តីពីវឌ្ឍនភាពគម្រោង

នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងបរិស្ថាន មានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយតំណាងអង្គការ USAID និងក្រុមការងារគម្រោង SERVIR Mekong សំដៅចែករម្លែកព័ត៌មានស្តីពីវឌ្ឍនភាពគម្រោង ស្វែងយល់ពីតម្រូវការរបស់ក្រសួងបរិស្ថាន និងពិភាក្សាអំពីអាទិភាពនានាក្នុងកិច្ចសហប្រតិបត្តិការរវាងក្រសួង និងគម្រោងនាពេលអនាគត ដោយផ្តោតលើការចែករំលែកទិន្នន័យ និងការកសាងសមត្ថភាព ក្នុងផ្នែកប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)។
SERVIR Mekong គឺជាគំនិតផ្តួចផ្តើមរួមរបស់អង្គការ USAIDនិង NASA ដែលរៀបចំឡើងក្នុងគោលបំណងចងក្រងទិន្នន័យរូបភាពផ្កាយរណប និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រសម្រាប់ប្រើប្រាស់ជាសាធារណៈ និងទ្រទ្រង់បណ្តាប្រទេសក្នុងតំបន់មេគង្គរួមមាន ៖ កម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា និងថៃ។ បច្ចុប្បន្ន SERVIR Mekong បាននឹងកំពុងរៀបចំឧបករណសំខាន់ៗមួយចំនួនសម្រាបគាំទ្រការធ្វើសេចក្តីសម្រេចពាក់ព័ន្ធនឹង៖ ១) ការតាមដានគម្របដី និងការប្រើប្រាស់ដី ២) ការព្យាករណ៍ពីភាពរាំងស្ងួតចំពោះដំណាំស្រូវ ៣) ការតាមដានវិសាលភាពនៃទឹកជំនន់ ៤) ការគ្រប់គ្រងធនធានទឹក ៥) ការគ្រប់គ្រងជីវៈចម្រុះ និង ៦) ការប្រែប្រួលអាកាសធាតុ។
តំណាងក្រសួងបរិស្ថាន បានលើកពីតម្រូវការចាំបាច់សម្រាប់ក្រសួង ដូចជាការធ្វើផែនទីប្រព័ន្ធអេកូឡូសុី និងជីវៈចម្រុះក្នុងកម្រិតច្បាស់ ផែនទីសណ្ឋានដីដែលមានចន្លោះខ្សែកម្ពស់តូចសម្រាប់តាមដានទឹកជំនន់ និងការកើនឡើងកម្ពស់ទឹកសមុទ្រ ប្រព័ន្ធព័ត៌មានសម្រាបគ្រប់គ្រងធនធានទឹក និងតាមដានការប្រែប្រួលអាកាសធាតុ ព្រមទាំងជួយទ្រទ្រង់បច្ចេកទេស និងការបណ្តុះបណ្តាលមន្ត្រីជំនាញ។ ភាគីទាំងពីរបានឯកភាពគ្នាពិភាក្សាលំអិតអំពីសកម្មភាពដែលត្រូវអនុវត្តបន្ត ដោយក្នុងនោះ នាយកដ្ឋានសេវាកម្មព័ត៌មានភូមសាស្ត្រនឹងបំពេញនាទីជាស្ថាប័នបង្គោល សម្រាប់សម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងគម្រោង SERVIR Mekong ៕

No comments:

Post a Comment