Saturday, May 23, 2020

ក្រសួងសុខាភិបាល រកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន១ករណីទៀត លើស្ត្រីខ្មែរត្រឡប់មកពីសហរដ្ឋអាមេរិក

(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេច​ក្តី​ប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន១ករណីទៀត ដែល​ជាស្ត្រីខ្មែរត្រឡប់មកពីសហរដ្ឋអាមេរិក។
ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរដែលបានឆ្លងជំងឺកូវីដ១៩ មានអាយុ​៣៩​ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកដំណើរ ដែលបាន​វិល​ត្រឡប់​មកពីសហរដ្ឋអាមេរិក ឆ្លងកាត់បន្តជើងហោះហើរតាមសាធារណរដ្ឋកូរ៉េ និងបាន​មកដល់កម្ពុជា តាំងពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។


តាមព័ត៌មានផ្តល់ដោយស្ត្រីរូបនេះ គឺគាត់បានទៅសហរដ្ឋអាមេរិក (ទីក្រុងញូវយ៉ក) តាំង​ពីខែកុម្ភៈ ឆ្នាំ២០២០ រួចបានបន្តនៅទីនោះមួយរយៈ ដោយមានការបិទ ជើង​ហោះ​ហើរ​ធ្វើដំណើរត្រឡប់មកវិញមិនបាន។ ពេលមកដល់កម្ពុជាវិញ គាត់បានធ្វើការរស់នៅដាច់​ដោយឡែកដោយខ្លួនឯង (Self quarantine ) ហើយបានទៅពិនិត្យសុខភាព និង​ធ្វើតេស្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០ ដោយ​សារគាត់មានបញ្ហាក្អក តឹងច្រមុះ និងស្ងួតបំពង់ក ដែលទទួលបានលទ្ធផលអវិជ្ជមាន​នៅ ពេលនោះ។ គ្រូពេទ្យបានណែនាំឱ្យគាត់បន្តធ្វើចត្តាឡីស័កឱ្យគ្រប់១៤ថ្ងៃ រហូត​ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អាការៈរបស់គាត់មិនមានភាពធូរស្រាល ហើយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ គាត់ក៏ត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាក របស់គាត់ទៅវិភាគសាជាថ្មីម្ដងទៀត ដែលទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩។
ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា បច្ចុប្បន្នស្ត្រីរូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមជម្រាបថា គិតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប១២៤នាក់ (ស្រី ៣៩នាក់ និងបុរស ៨៥នាក់) ព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១២២នាក់ និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានចំនួន០២នាក់ (ស្ត្រី០១នាក់ និងបុរស០១នាក់)។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តវិធានការការពារ ខ្លួនជាចាំបាច់ នៅក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ពី បុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងការពារកុំឱ្យមានរលកទីពីរនៃការចម្លងវីរុសនេះ ទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដែលបានផ្តល់ជាហូរហែររួចមកហើយ៕