Thursday, January 21, 2021

ពិធីបើកសិក្ខាសាលាពង្រឹងសមត្ថភាពថ្នាក់តំបន់ ស្ដីពីការប្រើប្រាស់ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យជំនាន់ទី៣ បែបឌីជីថល

 ស្វាយរៀង៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារPWG-RWSSH តំណាងអភិបាលខេត្តស្វាយរៀង បាន ចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាពង្រឹងសមត្ថភាពថ្នាក់តំបន់ ស្ដីពីការប្រើប្រាស់ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យជំនាន់ទី៣ បែបឌីជីថលសម្រាប់ការគ្រប់គ្រងប្រព័ន្ធទិន្នន័យការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃអង្គារ-ព្រហស្បតិ៍ ទី១៩-២១ ខែមករា ឆ្នាំ២០២១ នាសាលប្រជុំកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង។ សិក្ខានេះមានការចូលរួមពីកញ្ញា សំ ច័ន្ទថេតសុខាទេវា អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក លោកស្រីក្រុមការងារ MISថ្នាក់ជាតិ និងថ្នាក់ខេត្តទាំង១៥ និងលោក លោកស្រីអង្គការដៃគូអភិវឌ្ឍន៍នានា និងសិក្ខាកាម ជាច្រើនរូបទៀត។

ឆ្លៀតក្នុងសិក្ខារយៈពេល ៣ថ្ងៃនេះ លោកបានសំណូមពរ និងដាក់ចេញនូវគន្លឹះសំខាន់ៗ ដល់សិក្ខាកាមទាំងអស់សម្រាប់យកទៅអនុវត្តបន្ដឲ្យទទួលបានជោគជ័យដូចខាងក្រោម៖
១− សូមខិតខំពង្រឹងសមត្ថភាព និងអនុវត្តជាប្រចាំក្នុងការប្រើប្រាស់ប្រព័ន្ឋMIS ឲ្យបានច្បាស់លាស់ ក្នុងការគ្រប់គ្រង់ទិន្នន័យទឹកស្អាត និងអនាម័យជនបទ ប្រកបដោយភាពជឿជាក់ ។
២− សូមប្រើប្រាស់ទិន្នន័យទឹកស្អាត និងអនាម័យជនបទ ដែលដកស្រងចេញពីប្រព័ន្ឋMIS ជា ជាត្រីវិស័យសម្រាប់ក្នុងការកសាងផែនការ និងអនុវត្តគម្រោងផ្នែកទឹកស្អាត និងអនាម័យជនបទឲ្យទទួលបានជោគជ័យ។
៣− សូមចូលរួមចែករំលែកចំណេះដឹង និងផ្ទេរបទពិសោធន៍ពីគ្នាទៅវិញទៅមកស្តីពីការប្រើប្រាស់ ប្រព័ន្ឋMIS ក្នុងកម្រិតថ្នាក់ជាតិ ថ្នាក់ខេត្ត និងបណ្តាអង្គកាដៃគូ ដើម្បីទទួលបានគន្លឹះ និងចំណុចសំខាន់ថ្មីៗ ដែលងាយស្រួល។
៤− សូមចូលរួមផ្សព្វផ្សាយចំណេះដឹងអំពីការប្រើប្រាស់ប្រព័ន្ឋ MIS ឲ្យកាន់តែទូលំទូលាយ ទៅដល់គ្រប់អ្នកពាក់ព័ន្ឋ៕





សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកែប រៀបចំបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២០ និងទិសដៅបន្ត

 កែប៖ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត បានចូលជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២០ និងទិសដៅបន្តឆ្នាំ២០២១ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តដោយមានការចូលរួមពីលោក ស៊ីវ យ៉ុត អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាកមូលដ្ឋាន និងលោក សំរិទ្ធ អេង ប្រធានសមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់ ខេត្តពោធិ៍សាត់ ជាប្រធានគម្រោង និងលោកស្រី អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ និងស្មៀន និងតំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអន្តរជាតិផងដែរ។

លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា សមាគក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកែប បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនជារៀងរាល់ឆ្នាំ និងបានអនុវត្តបានល្អប្រសើរតាមលក្ខន្តិកៈរបស់សមាគម ទាំងនេះបង្ហាញឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែង អនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន។ ជាមួយនេះ សមាគក្រុម ប្រឹក្សាក្រុងស្រុក ឃុំសង្កាត់ខេត្តកែប គឺជាយន្តការមួយយ៉ាងសំខាន់ក្នុងការជំរុញឲ្យមានការចូលរួម គណនេយ្យភាព តម្លាភាព ដែលជាមូលដ្ឋានចម្បងនៃកំនែទម្រង់វិមជ្ឍការនៅកម្ពុជា។

ប្រធានក្រុមប្រឹក្សាខេត្ត បានបន្ថែមទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលតែងតែគិតគូជានិច្ចក្នុងការស្ដារ និងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ។ ជាពិសេសការអនុវត្តនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងការអនុវត្តគោលដៅប្រែក្លាយរដ្ឋបាលសាធារណៈ ទៅជាការផ្ដល់សេវាប្រកបដោយមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល។ អាស្រ័យដោយកត្តាទាំងនេះ ទើបចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២០ ទទ្ទឹមនេះការជំរុញការអនុវត្តអភិបាលកិច្ចល្អតាមរយៈការផ្ដល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន និងការរួមចំណែកកាត់បន្ថយភាំពក្រីក្រ ដែលជាគោលដៅអភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចជាទូទាំងប្រទេស៕





កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរ Conference ជាមួយគណៈកម្មាធិការសាខាកាកបាទក្រហមទាំង ២៥ រាជធានី ខេត្ត

 ស្វាយរៀង ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ចូលរួមកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូរ Conference ជាមួយគណៈកម្មាធិការសាខាកាកបាទក្រហមទាំង ២៥ រាជធានី ខេត្ត ក្រោមអធិបតីភាពលោកស្រី ពុំ ច័ន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ។

សូមជម្រាបផងដែរថា កិច្ចប្រជុំផ្តោតលើរបៀបវារៈរួមមាន៖
១-ផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ជូនសាខាកាកបាទក្រហម ២៥ រាជធានី ខេត្ត និងទិសដៅការងារឆ្នាំ ២០២១ ។
២-ការងារឥស្សរជនឆ្នើមថា្នក់ជាតិ និងការងារអភិវឌ្ឃន៍ស្ថាប័ន (យុទ្ធសាស្ត្រ២០២១ – ២០៣០ និងការងារ អភិវឌ្ឍសាខា ) ។
៣-បញ្ហាប្រឈមផ្សេងៗរបស់សាខានីមួយៗ ៕






ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ចុះដោះស្រាយទុក្ខកង្វល់និងបញ្ហាប្រឈមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

 កំពង់ឆ្នាំង៖ លោកបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារក្នុងការដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈមជូនបង ប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំក្រាំល្វា ស្រុកសាគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ជូនផងដែរថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ កន្លងមកបានរៀបចំវេទិកាសាធារណៈក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ដើម្បីជម្រាបជូនអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋ និងចូលរួមដោះស្រាយបញ្ហា ក្តីកង្វល់ ដែលបានលើកឡើងក្នុងអង្គវេទិកាកន្លងមក ក្នុងនោះក្រុមការងារ ក៏បានធ្វើការឆ្លើយតបសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ ហើយសំណើនិងសំណូមពរដែលមិនទាន់ត្រូវបានដោះស្រាយទាំងនោះគឺក្រុមការងារបានកំណត់ពេលប្រជុំដោះស្រាយតាមករណីនីមួយៗតាម កាលកំណត់។

ជាក់ស្តែងនៅព្រឹកនេះក្រុមការងារ បានរៀបចំកិច្ចប្រជុំបន្តពិនិត្យ សម្របសម្រួល និងដោះស្រាយសំណូមពរនិងក្ដីកង្វល់ពាក់ព័ន្ធរឿងវិវាទដីធ្លីរបស់ប្រជាពលរដ្ឋចំនួន០៤ ករណី នៅឃុំក្រាំល្វា សម្រេចលទ្ធផលបាន ១០០%៕





កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១ តាមរយ:ប្រព័ន្ធវីឌីអូ(អនឡាញ)

 កំពង់ឆ្នាំង÷ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពូជា ខេត្តកំពង់ឆ្នាំង លោក អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខា ចូលរួមកិច្ចប្រជុំតាមរយ:ប្រព័ន្ធវីដេអូ(អនឡាញ) ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំនោះ មានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាគណ:កម្មាធិការសាខាកាកបាទក្រហម និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា២៥រាជធានី ខេត្ត។

កិច្ចប្រជុំនេះដែរផ្តោតលើរបៀបវារៈដូចជា៖
១.ផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ជូនសាខាកាកបាទក្រហមកម្ពុជា ២៥រាជធានីខេត្ត និងទិសដៅការងារឆ្នាំ២០២១។
២.ការងារឥស្សរជនឆ្នើមថា្នក់ជាតិ និងការងារអភិវឌ្ឃន៍ស្ថាប័ន (យុទ្ធសាស្ត្រ២០២១ – ២០៣០ និងការងារអភិវឌ្ឍសាខា )។
៣.បញ្ហាប្រឈមផ្សេងៗរបស់សាខានីមួយៗ។

បន្ទាប់ពីចប់កិច្ចប្រជុំ លោក អម សុភា អមដំណើរដោយលោក ស៊ឹម​ ប្រឹម និងសមាជិក សមាជិកាសាខាទាំងអស់ បានទៅសួរសុខទុក្ខ លោក សំ​ ចាន់ថន ប្រធានកិត្តិយស អនុសាខាស្រុកកំពង់លែងដែលមានជម្ងឺសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយនាំយកថវិកាចំនួន១០០ដុល្លារ ជូនដេីម្បជួយកាត់បន្ថយការចំណាយនានា៕





កិច្ចប្រជុំស្តីពីការត្រួតពិនិត្យលើឯកសារដីធ្លី នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ

 កោះកុង៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការអនុញ្ញាត និងណែនាំពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំដើម្បីធ្វើការពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យ ផែនទី និងនិយាមកាដី ដែលរដ្ឋបាលខេត្តកោះកុង បានធ្វើការស្នើសូមកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។

ការពិនិត្យផ្ទៀងផ្ទាត់នេះ គឺពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ផែនទី និងនិយាមកាដី រវាងទិន្នន័យ ផែនទី និយាមកា ដែលក្រសួងបរិស្ថាន បានផ្ញើមករដ្ឋបាលខេត្ត ជាមួយ​ទិន្នន័យ ផែនទី និងនិយាមកាដីដែលរដ្ឋបាលខេត្ត បានធ្វើការស្នើសុំកាត់ឆ្វៀល។

ផ្ទៃដីដែលរដ្ឋបាលខេត្តកោះកុង ធ្វើការស្នើសូមកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ មានទំហំសរុបប្រមាណ ១៥ ម៉ឺនហិកតា ដែលក្នុងនោះ​មាន​ ៖ កាត់ឆ្វៀលជូនប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលយូឆ្នាំក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ទុកជាទីលានចាក់សំរាម និងទុកជាដីបំរុងរបស់រដ្ឋបាលខេត្ត ដែលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។

នៅក្នុងកិច្ចប្រជុំនោះ មានសមាសភាពចូលរួមកិច្ចប្រជុំនេះ រួមមាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានមន្ទីរបរិស្ថាន នាយករងរដ្ឋបាលសាលាខេត្ត និងនាយកទីចាត់ការអន្តរវិស័យ៕





ទេសរដ្ឋមន្ដ្រី គន់ គីម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ

 ពោធិ៍សាត់៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារឆ្នាំ២០២០ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់ និងដាក់ចេញនូវវិធានការមួយចំនួន ដើម្បីត្រៀមបង្ការដោះស្រាយបញ្ហាផ្សេងៗកើតចេញពីគ្រោះធម្មជាតិនៅក្នុងខេត្ត។

លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ខេត្តពោធិ៍សាត់ បានជួបប្រទះនឹងគ្រោះមហន្តរាយធម្មជាតិមួយចំនួនដូចជា ខ្យល់កន្ទ្រាក់ កើតឡើងចំនួន១៥លើក ប៉ះពាល់២៧០គ្រួសារ, គ្រោះអគ្គីភ័យ កើតឡើងចំនួន ៣៨លើក ប៉ះពាល់៣៨គ្រួសារ, ជំនន់ទឹកភ្លៀងកើតឡើងចំនួន៣លើក ប៉ះពាល់ក្រុងស្រុកចំនួន៦ ស្មើនឹង៣៤ឃុំ-សង្កាត់ ប៉ះពាល់ប្រជាពលរដ្ឋចំនួន២៩,១៧៣គ្រួសារ,ប៉ះពាល់ដំណាំស្រូវចំនួន ៣៧.០៩៤ហិកតា, ខូចខាតទាំងស្រុងចំនួន១៧,២៦៨ហិកតា ក្នុងនោះបានស្តារឡើងវិញលើផ្ទៃដីសរុប១៧,៨០៤ហិកតា ដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

ក្នុងនាមជាសេនាធិការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើការងារគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ក្នុងខេត្តពោធិ៍សាត់។

លោក គន់ គីម បានបញ្ជាក់ដូច្នេះថា «ដើម្បីត្រៀមបង្ការ និងឆ្លើយតបបានទាន់ពេលវេលា ខេត្តត្រូវធ្វើផែនការត្រៀមឲ្យបានលម្អិតជាក់ស្តែង រួមទាំងការបម្រុងទីទួលសុវត្ថិភាព មធ្យោបាយ សម្ភារៈ ការត្រៀមបម្រុងកម្លាំងសម្រាប់ជួយអន្តរាគមន៍ ដោយមានរៀបចំហ្វឹកហាត់ជាមុន និងត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្សសម្រាប់ជួយសង្គ្រោះជនរងគ្រោះជាដើម។

បើទោះបីជាយ៉ាងណា លោកទេសរដ្ឋមន្ត្រី បានកោតសសើរចំពោះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលក្តាប់ជាប់ និងមានផែនការក្នុងការត្រៀមបង្ការ និងឆ្លើយតបពេលមានគ្រោះមហន្តរាយនាពេលកន្លងមក។

ជាមួយគ្នានោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទាំងមានកិច្ចសហការជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងចែកអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ដល់គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយបានទាន់ពេលវាលាផងដែរ៕





កិច្ចប្រជុំពិនិត្យលើការកែសម្រួលនូវផែនការអាជីវកម្មរបស់ក្រុមហ៊ុនឯកជន លើសំណើសុំជួលដីរដ្ឋទំហំ ៣៦៩ហិកតា សម្រាប់វិនិយោគវារីវប្បកម្ម

 កោះកុង៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យលើការកែសម្រួលនូវផែនការអាជីវកម្មរបស់ក្រុមហ៊ុន កោះ មង្គល រតនៈ សម្បត្តិ ឯ.ក លើសំណើសូមជួលដីរដ្ឋទំហំ ៣៦៩ ហិកតា សម្រាប់វិនិយោគវារីវប្បកម្ម ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាពលោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន។

សូមជម្រាបថា កិច្ចប្រជុំពិភាក្សានេះ បានរៀបចំជាលើកទី២ហើយ ដើម្បីសិក្សាលម្អិតលើផែនការវារីវប្បកម្ម។ ទន្ទឹមនេះ ក្នុងចំណោមទំហំដីចំនួន ៣៦៩ ហិកតា នឹងគ្រោងអនុវត្តជា ៣ ដំណាក់កាល ដោយក្នុងដំណាក់កាលទី១ អាចនឹងអនុញ្ញាតជូនសាកល្បង ១០០ ហិកតា សិន។

គម្រោងនេះ នឹងជួយបំពេញតម្រូវការទីផ្សារ នៃប្រទេសកម្ពុជា បង្កើនការងារលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងជួយការពារព្រៃកោងកាង រក្សាលំនឹងស្ថានប្រព័ន្ធ និងជីវចម្រុះនៅក្នុងតំបន់ផងដែរ៕




កិច្ចប្រជុំស្តីពីការងាររបស់គណៈកម្មាធិការសាខាកាកបាទក្រហមទាំង២៥ រាជធានី-ខេត្ត

 កោះកុង៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខា នាយកប្រតិបត្តិ ក្រុមប្រតិបត្តិសាខា ចូលរួមកិច្ចប្រជុំ តាមរយៈប្រព័ន្ធវីដេអូអនឡាញ ជាមួយគណៈកម្មាធិការសាខា ទាំង២៥រាជធានីខេត្ត ក្រោមអធិបតីភាព លោកស្រី ពុំ ច័ន្ទីនី អអគ្គលេខាធិការកាកបាទក្រហមកម្ពុជា។

របៀបវារៈប្រជុំមានដូចជា៖
១.ផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ជូនសាខាកាកបាទក្រហម ២៥រាជធានីខេត្ត និងទិសដៅការងារឆ្នាំ២០២១។
២.ការងារឥស្សរជនឆ្នើមថា្នក់ជាតិ និងការងារអភិវឌ្ឃន៍ស្ថាប័ន (យុទ្ធសាស្ត្រ២០២១ .២០៣០ និងការងារអភិវឌ្ឍសាខា )។
៣.បញ្ហាប្រឈមផ្សេងៗរបស់សាខានីមួយៗ៕




កិច្ចប្រជុំបូកសរុបលទ្ធផលសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង

 កោះកុង៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក លោកស្រី និងសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាល និងលោក លោកស្រី ជាសមាជិកអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង និងមន្ត្រីរាជការខេត្តកោះកុងជាច្រើនរូបទៀត។

ក្នុងមតិស្វាគមន៍ និងរបាយការណ៍លទ្ធផលការងារសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តកោះកុង នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ បានបញ្ជាក់អោយដឹងថា ស្តូប ឈ្នះ ឈ្នះ ខេត្តកោះកុង ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ ២១៦ ហិកតា ឋិតនៅភូមិបឹងឃុនឆាំង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ អនុគណៈកម្មការសាងសង់ បានចាប់ផ្តើមសាងសង់ស្តូប ឈ្នះ ឈ្នះ ចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។ ស្តូប ឈ្នះ ឈ្នះ ខេត្តកោះកុង ត្រូវបានសាងសង់តាមលក្ខណៈបច្ចេកទេស តាមទំរង់សំណង់ស្ថាបត្យកម្ម និងរូបភាពវិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលបានរៀបចំឡើងតាមការសិក្សារចនាបទបុរាណខ្មែរ រួមជាមួយសម័យទំនើប មានរាង ៤ ជ្រុងស្មើ ដែលជ្រុងនីមួយៗមានប្រវែង ៦៦ម៉ែត្រ និងមានកំពស់ ៥២,៨ម៉ែត្រ។ លទ្ធផលសាងសង់នាពេលនេះ ក្រុមសាង សង់បានធ្វើគ្រិះចំនួន ១៤៧គ្រិះ ដែលមានមុខកាត់ ០,៨ម៉ែត្រ ជំរៅ ៧ម៉ែត្រ បានសំរេចលទ្ធផល ១០០%។ ក្រៅពីនេះ ក្រុមការងារបានសាងសង់ហេត្ថារចនាសម្ព័ន្ធ រួមមាន ផ្លូវចំនួន ៥ខ្សែ ក្នុងនោះជួសជុលផ្លូវចាស់ ២ខ្សែ និងកសាងផ្លូវថ្មី ៣ខ្សែ។

លោក ទៀ បាញ់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអនុគណៈកម្មការសាងសង់ស្ថូបឈ្នះ ឈ្នះ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសាងសង់ស្តូបឈ្នះ ឈ្នះ នៅខេត្តកោះកុងនេះ និងបានថ្លែងអំណរគុណចំពោះសប្បុរសជន ជាតិ អន្តរជាតិ ដែលបានចូលរួមគាំទ្រទាំង ថវិកា សម្ភារៈ ស្មារតី ក្នុងការសាងសង់ស្តូបឈ្នះ ឈ្នះ ខេត្តកោះកុង ដើម្បីរក្សាទុកជាប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋនៅខេត្តកោះកុង បានជួបប្រទះឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម បង្កការឈឺចាប់ខ្លោចផ្សារ និងបន្សល់ស្លាកស្នាមមិនទាន់រលុប អស់នៅឡើយ ចំពោះប្រជាជនកម្ពុជា មកដល់ពេលបច្ចុប្បន្ននេះ។

លោក ទៀ បាញ់ បានសង្កត់ធ្ងន់ថា ស្តូបឈ្នះ ឈ្នះ ខេត្តកោះកុង ដែលបានកំពុងសាងសង់នាពេលនេះ បានសាងសង់ឡើងក្នុងគោលបំណង៖
ទី១៖ ដើម្បីបង្ហាញពីវប្បធម៌កត្តញ្ញូ សម្តែងការដឹងគុណ និងការចងចាំ រំឮកដល់វីរភាពស្នាដៃ និងភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំ ក្នុងការស្វែងរកសន្តិភាព ដែលបានចំណាយសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព។

ទី២៖ ដើម្បីបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ។

ទី៣៖ ដើម្បីបញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិត ដែលបានកើតចេញលើកដំបូងនោះ គឺដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត «២០ មិថុនា ១៩៧៧» ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាបន្តបន្ទាប់ និង

ទី៤៖ ជាទីកន្លែងសម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយល់នូវប្រវត្តិសាស្រ្តពិត របស់ខេត្តកោះកុង បញ្ជាក់ពីវីរភាពពិតរបស់កូនខ្មែរសម័យនេះ និងចរិតកត់ត្រាអំពីសមត្ថភាពចំណេះដឹងតម្លៃពិតប្រាកដ នៃមគ្គុទេសក៍អ្នកដឹកនាំកម្ពុជា។

ក្នុងឱកាសនោះ លោក ទៀ បាញ់ ក៏បានប្រគល់ប័ណ្ណ សរសើរ ជូនសប្បុរសជន ជាតិ អន្តរជាតិ ដែលបានជួយគាំទ្រ ដល់ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង និងបានទទួលថវិកាពីសប្បុរសជននានា ដើម្បីចូលរួមសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុងផងដែរ៕






លោក គួច ចំរើន ដឹកនាំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំងវិថីលក់ម្ហូបអាហារនៅខេត្តព្រះសីហនុ

 ព្រះសីហនុ៖ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំងវិថីលក់ម្ហូបអាហារនៅខេត្តព្រះសីហនុ ដោយមានការចូលរួមលោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរសង្កាត់។ ឆ្លងតាមការប្រជុំពិភាក្សា លោកអភិបាលខេត្តយល់ឃើញថា ទីតាំងក្នុងបរិវេណសួនមហោស្រពចាស់ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ជាចំណុចជម្រើសសម្រាប់សិក្សារៀបចំជាវិថីម្ហូបអារហារ។

ចំពោះមុខនេះ អភិបាលខេត្តព្រះសីហនុ បានប្រគល់ជូនមន្ទីរទេសចរណ៍ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ សិក្សាទីតាំងនេះលំអិតដើម្បីឈានទៅដំណើរការគម្រោងនេះឱ្យបានសមស្រប។

លោក គួច ចំរើន បានសំដែងការគាំទ្រចំពោះគម្រោងបង្កើត Street Food របស់ក្រសួងទេសចរណ៍ព្រមទាំងបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការរៀបចំសេវាកម្ម ស្តង់ដារ Street Food នេះនឹងអាចទាក់ទាញភ្ញៀវទេសចរបានមួយផ្នែកទៀត។ មួយវិញទៀតវាជាកន្លែងទទួលទានអាហារដែលមានគុណភាព និងសុវត្ថិភាពនៅក្រុងព្រះសីហនុ។

បន្ថែមពីនោះ លោកអភិបាលខេត្ត ទីតាំងនេះគ្រោងរៀបចំខ្លោងទ្វារចូលចំនួន២ រៀបចំបន្ទប់ទឹក ទីតាំងចំណត ការតុបតែងលម្អផ្សេងៗ និងការរៀបចំកន្លែងហូបអាហាររួមគ្នាជាដើម ហើយអ្នកដែលត្រូវបានអនុញ្ញាតឱ្យលក់ដូរនៅតូបលក់ម្ហូបអាហារនេះ តម្រូវឱ្យអនុវត្តតាមស្តង់ដារសេវាកម្មវិថីលក់ម្ហូបអាហារ និងប្រព័ន្ធចំណាត់ថ្នាក់សេវាកម្មតូបលក់ម្ហូបអាហារ Street Food ដែលកំណត់ច្បាស់លាស់ដើម្បីធានាបាននូវគុណភាពសេវាទេសចរណ៍ អាហារមានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យអាចទទួលយកបាន។ អ្នកដែលមិនអាចអនុវត្តតាមលក្ខខណ្ឌដែលបានតម្រូវនឹងត្រូវពិនិត្យវាយតម្លៃណែនាំឱ្យកែលម្អឡើងវិញ ហើយបើនៅតែមិនគោរពតាមអាចនឹងបញ្ឈប់លែងឱ្យលក់៕





លោកទេសរដ្ឋមន្ត្រី គន់ គីម និងថ្នាក់ដឹកនាំខេត្ត បានផ្តល់ថវិការឧបត្ថម្ភសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជនចំនួន ៣៨ខ្នង

 កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំ សាលាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារ ឆ្នាំ២០២១ របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

ក្នុងឱកាសកិច្ចប្រជុំនេះដែរ នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី បានអំពាវនាវដល់សប្បុរសជននានាក្នុងខេត្តឱ្យជួយបរិច្ចាគជាថវិកាសម្រាប់សាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជនក្នុងខេត្ត ដែលមានដីហើយ តែមិនទាន់មានផ្ទះរស់នៅបានចំនួន ៣៨ខ្នង ដែលក្នុងមួយខ្នងតម្លៃ ២ ៥០០ដុល្លារ ក្នុងនោះនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី ជួយឧបត្ថម្ភផ្ទះចំនួន ១០ខ្នង លោក យ៉ែម រចនា ១០ខ្នង, លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ៥ខ្នង, លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ២ខ្នង, លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ២ខ្នង, លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ២ខ្នង, លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ១ខ្នង, លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ១ខ្នង, លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ១ខ្នង, លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្ត ១ខ្នង, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ១ខ្នង, វេជ្ជ. ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត ១ខ្នង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ១ខ្នង។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នាយឧត្ដមសេនីយ៍ ទេសរដ្ឋមន្រ្តី និងប្រតិភូ រួមដំណើរដោយអភិបាលខេត្តអភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះទៅពិនិត្យទីទួលសុវត្ថិភាពដែលកំពុងដំណើរការសាងសង់ ក្រោមគម្រោង CMDRR របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការកម្មវិធីស្បៀងអាហារពិភពលោក នៅឃុំខុនរ៉ង ស្រុកបរិបូណ៌ ពិនិត្យការងារដាំដុះដំណាំស្រូវរបស់ប្រជាកសិករ ដែលទទួលបានពូជពីរាជរដ្ឋាភិបាល សម្រាប់ស្ដារឡើងវិញក្រោយទឹកជំនន់ ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ និងពិនិត្យផ្សារសមុទ្រទឹកសាប នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌៕








ជំនួបពិភាក្សាស្តីពីលក្ខខណ្ឌជ្រេីសរេីសកីឡាករ កីឡាការិនីឆ្នេីមសម្រាប់បំប៉នចូលរួមប្រកួតសុីហ្គេម

 កែប៖ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក ព្រុំ គន្ធិ អភិបាលរងខេត្តកែប បានជួបប្រជុំជាមួយគណៈកម្មការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ដោយមានការចូលរួមពីសំណាក់អ្នកពាក់ពន្ធទាំងអស់ផងដែរ ។ កិច្ចប្រជុំនេះ មានគោលបំណង ដេីម្បីពិភាក្សាពីលក្ខខណ្ឌជ្រេីសរេីស កីឡាករ កីឡាការិនីឆ្នេីមសម្រាប់បំប៉នចូលរួមប្រកួតសុីហ្គេមនៅប្រទេសវៀតណាម និងការប្រកួតអន្តរជាតិនានា។

លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡា ទ្រីយ៉ាត្លុងកម្ពុជា បានលេីកឡេីងថា ក្នុងឆ្នាំ២០២០ យេីងមិនអាចរៀបចំកម្មវិធីប្រគួតនេះទេ ដោយសារវិបត្តិជំងឺកូវីដ ១៩ ដូច្នេះសហព័ន្ធ កីឡា ទ្រីយ៉ាត្លុង កម្ពុជាលើក យក កម្មវិធីនេះមកធ្វើឡើងវិញ នៅថ្ងៃទី២០-២២ ខែមករា ឆ្នាំ២០២១ នៅតំបន់មាត់សមុទ្រខេត្តកែប។

លោក បានបន្ថែមទៀតថា ការរៀបចំការ ប្រកួត នេះ ធ្វើ ក្រោម គម្រោង ថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ប៉ុន្តែ យើង មាន វិស័យ ឯកជន ជួយឧបត្ថម្ភខ្លះដើម្បីពន្លឿនការអភិវឌ្ឍន៍កីឡា ទ្រីយ៉ាត្លុង ឆ្ពោះទៅសម្រេច គោលដៅ បាន លទ្ធផល ល្អ នៅ ស៊ីហ្គេម ខាង មុខពិសេសក្នុងឱកាសកម្ពុជាទទួល រៀបចំ ធ្វើ ជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ ជាមួយ នឹង គោលដៅ សម្រិតសម្រាំង ដេីម្បីបានកីឡាករ កីឡាការិនីមានសមត្ថភាពដ៏ពិតប្រាកដ នេះ សហព័ន្ធកីឡា ទ្រីយ៉ាត្លុង កម្ពុជា បានសម្រេច កាត់បន្ថយចំនួន អ្នកចូលរួមនៅក្រោម ៨០ នាក់ ហើយ អ្នក ដែលមិនបានហ្វឹកហាត់ ត្រឹមត្រូវ មិនត្រូវ បានអនុញ្ញាត ឱ្យចូលរួម ប្រកួតនោះទេ ព្រោះ សហព័ន្ធខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ។

លោក ព្រុំ គន្ធិ អភិបាលរងខេត្តកែប បានស្នេីសុំអោយ កងកម្លាំងយកចិត្តទុកដាក់អោយបានម៉េីងម៉ាត់ ត្រូវអនុវត្តតាមការស្នេីសុំរបស់គណៈកម្មការកីឡាទ្រីយ៉ាត្លុងកម្ពុជា និងត្រៀមរៀមចំឧបករណ៍ សម្រាប់ជួយសង្គ្រោះទាំងលេីគោក និងក្នុងទឹកអោយបានគ្រប់គ្រាន់ ជាពិសេស មន្ទីរសុខាភិបាលត្រូវ ត្រៀមបរិក្ខាពេទ្យ និងរៀបចំ សម្ភារសម្រាប់ការពិនិត្យ និងទប់ស្កាត់នៅជំងឺកូវិដ-១៩ ដែលមានម៉ាសុីន វាស់កម្តៅ ម៉ាស់ ទឹកអាល់កុល ជាដេីម៕


ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ស្ពឺ

 កំពង់ស្ពឺ៖នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ។

សូមបញ្ជាក់ថា លោក ស៊ុ ចំរើន អតីតប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ស្ពឺ ត្រូវទទួលភារកិច្ចថ្មី ហើយលោកស្រី ស្រី លីនណា ដែលជាអនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងត្រូវចូលកាន់តំណែងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ស្ពឺ តាមប្រកាសលេខ ០០៣ ស.អ.យ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ៕