Monday, August 13, 2018

ក្រុមហ៊ុនធំៗពីរសហការជាមួយមជ្ឈមណ្ឌលការងារស្វាយរៀង រៀបចំវេទិកាការងារស្តីពីឱកាសការងារ និងកម្មសិក្សាការងារ

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង នៃទីភ្នាក់ងារជាតិ មុខរបរ និងការងារបានរៀបចំវេទិកាការងារស្តីពីឱកាសការងារ និងកម្មសិក្សាការងារដោយមានការចូលរួម សហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង កាស៊ីណូ Xi Gang international casino (ខេត្តព្រះសីហនុ)។វេទិកានេះធ្វើឡើងនៅ សាលាប្រជុំវិទ្យាស្ថានពហុបចេ្ចកទេសភូមិភាគតេជោសែន ស្វាយរៀង ដោយមានអ្នកចូលរួមជាសិស្សនិស្សិតប្រមាណជាង១០០នាក់។
លោក ហែម ពុទ្ធិ ប្រធានមជ្ឈមណ្ឌលការងារខេត្តស្វាយរៀងមានប្រសាសន៍ថា វេទិកាការងារនៅថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ដើម្បីជួយដល់អ្នកស្វែងរកការងារធ្វើ ជាពិសេសអ្នកទើបបញ្ចប់ការសិក្សាថ្មីៗ និងយុវជនដែលគ្មានការងារធ្វើ ឲ្យបានដឹងពីទីផ្សារការងារ តម្រូវការកម្លាំងពលកម្មរបស់ក្រុមហ៊ុនជាដើម។
លោក ហែម ពុទ្ធិ បន្ថែមថា សកម្មភាពសំខាន់ៗដែលមជ្ឈមណ្ឌលការងារខេត្ត បានអនុវត្តកន្លងមកមានដូចជា ចុះឈ្មោះអ្នកស្វែងរកការងារធ្វើ បានចំនួន ជាង១ម៉ឹននាក់, ផ្គូរផ្គងអ្នកស្វែងរកការងារធ្វើទៅអោយនិយោជក ចំនួនប្រមាន៩ពាន់នាក់ អ្នកទទួលបានការងារធ្វើចំនួន ជាង២ពាន់នាក់, រៀបចំសិក្ខាសាលាស្ដីពីការណែនាំ អាជីពការងារ និងវិជ្ជាជីវៈសម្រាប់និស្សិត, រៀបចំសិក្ខាសាលាស្ដីពីការរៀបចំផែនការអាជីព និងជ្រើសរើស ជំនាញសិក្សាសម្រាប់សិស្សវិទ្យាល័យ, ទំនាក់ទំនង និងទទួលជួបជាមួយនិយោជក ក្រុមហ៊ុន សហគ្រាស, ផ្សព្វផ្សាយព័ត៌មានជ្រើសរើសបុគ្គលិក ,ផ្សព្វផ្សាយព័ត៌មានអប់រំបណ្តុះបណ្តាល និងអាហារូបករណ៍ , រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលអ្នកស្វែងរកការងារធ្វើនៅតាមមូលដ្ឋាន ,រៀបចំវេទិកាការងារ និងរៀបចំពិព័រណ៍ចល័តជាដើម។
ប្រធានមជ្ឈមណ្ឌលការងារខេត្តស្វាយរៀងរូបនេះ ក៏បានសំណូមពរដល់ប្អូនៗនិស្សិតគួរ ស្វែងរកការងារធ្វើ តាមរយៈជាការងារស្ម័គ្រចិត្ត ឬការងារពេញម៉ោងក្នុងអំឡុងពេលសិក្សា ដើម្បីទទួលបាននូវបទពិសោធន៍ ក៏ដូចជាពង្រឹងនូវជំនាញរបស់ខ្លួន ក្នុងការឈានទៅរកការងារល្អប្រាក់បៀវត្សន៍ខ្ពស់ទៅថ្ងៃអនាគត។

សូមជម្រាបថាមជ្ឈមណ្ឌលការងារខេត្តស្វាយរៀង នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)គឺជាស្ថាប័នរដ្ឋ ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាព័ត៌មានទីផ្សារ ការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីផ្តល់ឱកាសឱ្យអ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការ អប់រំបណ្តុះបណ្តាល មានលទ្ធភាពទទួលបានព័ត៌មានពីគ្នាទៅវិញទៅមក។ ជាក់ស្តែងក្នុងដំណើរប្រតិបត្តិការជួយស្វែងរកការងារ ធ្វើដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឆមាសទី១ ឆ្នាំ២០១៨ NEA បានជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរបាន ប្រមាណ ៣២៥១នាក់ ចុះឈ្មោះអ្នកស្វែងរកការងារធ្វើបានប្រមាណ ៧៥៩០នាក់ នឹងរៀបចំវេទិកាការងារ បានចំនួន ៤២ដង ៕






វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ បើកវគ្គបណ្តុះបណ្តាល ស្តីពី«ព័ត៌មានទីផ្សារ» ដើម្បីពង្រឹងសមត្ថភាពមន្ត្រី

ដើម្បីពង្រឹងសមត្ថភាពមន្ត្រី សំដៅឆ្លើយតបនឹងគោលដៅសសរស្តមទី៣ នៃអភិក្រមគ្របដណ្តប់លើវិស័យ​ពាណិជ្ជកម្ម ដែលជាយន្តការអភិវឌ្ឍវិស័យពាណិជ្ជកម្មជាតិ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ​នៃក្រសួងពាណិជ្ជកម្ម ហៅកាត់ថា TTRI បានសហការជាមួយអង្គការ Friedrich Naumann Foundation for Freedom ប្រទេសអាល្លឺម៉ង់ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ព័ត៌មានទីផ្សារ» ដែលជាប្រធានបទសំខាន់ សម្រាប់ជំរុញការអភិវឌ្ឍវិស័យឯកជន នៅក្នុងប្រទេសកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីសិក្ខាកាម ដែលសុទ្ធសឹងជា​មន្ត្រីមកពីមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត និងនាយកដ្ឋានចំណុះក្រោមក្រសួងពាណិជ្ជកម្ម ចំនួន ៦០នាក់។
នៅក្នុងឱកាសនោះ លោក សំហេង បូរ៉ា បានលើកឡើងពីការអនុវត្តកម្មវិធីកំណែទម្រង់​ស៊ីជម្រៅរបស់​រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ព្រមទាំងកិច្ចប្រឹងប្រែងរបស់​ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញ និងអភិវឌ្ឍន៍វិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម។ ឯកឧត្តមបានបន្តថា ក្រៅពីការធ្វើពិពិធកម្មទីផ្សារថ្មីៗ ក្រសួងពាណិជ្ជកម្ម ក៏បានធ្វើកិច្ចអន្តរាគមន៍មួយចំនួន ដើម្បីរក្សាសេ្ថរភាពថ្លៃទំនិញនៅលើទីផ្សារ ជាពិសេសមុខទំនិញដែលជាតម្រូវការប្រើប្រាស់​ប្រចាំថ្ងៃរបស់​ប្រជាពលរដ្ឋ ដូចជា៖ ស្រូវ អង្ករ ប្រេងឥន្ធនៈ អគ្គិសនី និងទឹកស្អាត ជាដើម។
លោក សំហេង បូរ៉ា បានគូសបញ្ជាក់ថា «យើងបានចងក្រងជាសមាគមម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ដំឡូងមី ក្រូចថ្លុងកោះទ្រង់ និងជលផលសមុទ្រ ហើយបច្ចុប្បន្ន ក្រសួងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ធ្វើការចរចា​ជាមួយភាគីចិនអំពីអនាម័យ និងភូត្តគាមអនាម័យ (SPS) ដើម្បីសម្រួលដល់ការនាំចេញ​របស់អាជីវករ និងពាណិជ្ជករកម្ពុជាថែមទៀត»។

លោក សួន វិជ្ជា ប្រធានវិទ្យាស្ថាន TTRI បានលើកឡើងពីលទ្ធផលការងាររបស់វិទ្យាស្ថាន ជាពិសេសការ​បណ្តុះបណ្តាលមន្ត្រីរាជរដ្ឋាភិបាល និងតំណាងវិស័យឯកជន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មជាតិ ហើយប្រធានបទលើកនេះ គឺដើម្បីផ្តល់ចំណេះដឹង និងបទពិសោធន៍ល្អៗជូនសិក្ខាកាម ទាក់ទិនការ​ប្រើប្រាស់​ឧបករណ៍វិភាគទីផ្សារអន្តរជាតិ ITC International Market Analysis Tools ដើម្បីកំណត់និន្នាការទីផ្សារ លក្ខខណ្ឌច្រកចូលទីផ្សារ ព្រមទាំងឱកាស និងបញ្ហាប្រឈម សម្រាប់ជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ៕








អនុប្រធានក្រុមការងារយុវជនខេត្តពោធិ៍សាត់ ដឹកនាំក្រុមយុវជនទាំង ៧សង្កាត់ ក្នុងក្រុង ចុះជួយស្ទូងស្រូវប្រជាពលរដ្ឋ

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨នេះ លោក ពុំ ចាន់ថា អនុប្រធានក្រុមការងារយុវជន ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារយុវជនទាំង ៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ចុះជួយស្ទូងបងប្អូន ប្រជាពលរដ្ឋ នៅភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ នារដូវដកស្ទូង ដោយមានការចូលរួមពី អាជ្ញាធរសង្កាត់ ភូមិ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោក ពុំ ចាន់ថា មានប្រសាសន៍ថា ដោយមើលឃើញប្រជាពលរដ្ឋ មានជីវភាពខ្វះខាត លើការជួលកម្លាំង ពលកម្ម សម្រាប់ស្ទូងស្រូវនោះ លោកបានដឹកនាំក្រុមយុវជនចុះជួយពួកគាត់ ដើម្បីបង្ហើយការងារ កសិកម្មនាឆ្នាំនេះ។

លោកបានណែនាំដល់ប្រជាពលរដ្ឋ ត្រូវខិតខំបំពេញការងារឲ្យបានល្អ លើការបង្កបង្កើនផល ដែលជាកត្តា ជីវភាពរបស់យើងគ្រប់ៗគ្នា ដោយសារតែឆ្នាំនេះ មានការខ្វះខាតទឹកប្រើប្រាស់នៅតាមតំបន់ខ្លះ តែអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធបានជួយអន្តរាគមន៍ ជាបន្តបន្ទាប់ផងដែរ ៕




លោកអភិបាលខេត្តកំពង់ចាម នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ៤៨៦គ្រួសារ នៅស្រុកកោះសូទិន

កំពង់ចាម៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨នេះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ព្រមទាំងក្រុមការងារ បានអញ្ជើញធ្វើដំណើរ តាមទូក ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ​ជាស្បៀង អាហារគ្រឿងឧបភោគបរិភោគ និងថវិកាទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន ៤៨៦គ្រួសារ នៅភូមិ៦ ភូមិ១០ និងភូមិ១១ ស្ថិតក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានពាំនាំការសួរសុខទុក្ខ របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយស្នើដល់អាជ្ញាធរត្រូវតែជួយសង្គ្រោះពលរដ្ឋគ្រប់ពេល​វេលាដោយ​មិនប្រកាន់ពូជសាសន៍ពណ៌សម្បុរអ្វីឡើយគឺ ដើម្បីជួយសម្រាលនូវទុក្ខ លំបាករបស់ពួកគាត់រហូតដល់​ពេលទឹកស្រកទៅវិញ គឺត្រូវបន្ដផ្គត់ផ្ដង់ ឬផ្ដល់នូវស្បៀង សម្ភារៈប្រើប្រាស់ជូនដល់បងប្អូនប្រជាពលរដ្ឋ យើងឲ្យបានគ្រប់គ្នា ព្រោះថា ផលដំណាំមួយចំនួន និងលំនៅឋាន របស់ពួកគាត់ ក៏ត្រូវបានខូតខាត​អស់ផងដែរ។
លោក អភិបាលខេត្តកំពង់ចាម បានបន្តទៀតថា ការចែកអំណោយនៅពេល នេះដើម្បីចូលរួមចំណែក​ដោះស្រាយ​ជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍន៍ រួមចំណែកលើកកំពស់ជីវភាព​របស់​បងប្អូនអោយ កាន់តែល្អថែមទៀត បើទោះបីសំភារៈ និងថវិកាទាំងនេះមិនបានបំពេញ តាមតំរូវការរបស់​បងប្អូនក៏ពិតមែន តែក៏អាចដោះស្រាយបាន មួយកំរិតផងដែរ។

នៅក្នុងឱកាសនោះផងដែរលោកក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពី​សុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ និងផ្គររន្ទៈដែល ងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានកើតបញ្ហាអ្វីកើតឡើង ក្នុងគ្រួសារត្រូវរាយការណ៍អាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកជាមួយបង ប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយដល់បងប្អូនឆាប់រហ័ស និងទាន់ពេលវេលា ៕









ក្រសួងធនធានទឹក បញ្ជាក់ពីស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រប្រចាំថ្ងៃទី១៣ ខែសីហានេះ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក ប្រចាំថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមាន ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល, ស្ថានីយទន្លេសាប -ព្រែកក្តាម និងបឹងទន្លេសាប-កំពង់លួង ៕

សូមអានព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក៖

លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ចុះជួបសំណេះសំណាល និងថ្លែងអំណរគុណម្ចាស់ឆ្នោត នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅថ្ងៃច័ន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ និងស្រុកមេមត់ នៃខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារ អញ្ជើញជួប សំណេះសំណាល និងថ្លែងអំណរគុណប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ ដែលបានចំណាយពេល វេលា ដ៏មានតម្លៃ និងមមាញឹក ចំណាយកំលាំងកាយ កំលាំងចិត្ត ក្នុងការចូលរួមបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ កន្លងទៅ ពិសេសបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា ទទួលបានយ៉ាងច្រើនលើសលុប នៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ។
លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមបោះឆ្នោត គឺជាជម្រើស ដ៏ត្រឹមត្រូវបំផុត ក្នុងការជ្រើសរើសមេដឹកនាំប្រទេស និងដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ក៏ដូចជាដើម្បីបន្តនិរន្តរភាព ដល់ដំណើរការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង ឲ្យកាន់តែរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀតផងដែរ។

ពិធីនេះទទួលបានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ យ៉ាងច្រើនកុះករ ៕





លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ កម្ពុជារីករាយស្វាគមន៍ ចំពោះកីឡាករបាល់ទាត់ឆ្នើមជប៉ុន Honda Keisuke ដែលបានស្ម័គ្រចិត្តជួយបង្វឹកជម្រើសជាតិកម្ពុជា ដោយមិនគិតថ្លៃ !

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសម្តែងនូវក្តីរីករាយស្វាគមន៍ និងអបអរសាទរ ចំពោះកីឡាករបាល់ទាត់ ដ៏ឆ្នើមរបស់ជប៉ុន គឺកីឡាករ Honda Keisuke ដែលលោកបានស្ម័គ្រចិត្តមកជួយបង្វឹក ក្រុមកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជា ដោយឥតគិតថ្លៃ រយៈពេល២ឆ្នាំ។
តាមរយៈ Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចាត់ទុកថា ការលះបង់របស់កីឡាករ Honda គឺជាការយកចិត្តទុកដាក់ដ៏ឧត្តុង្គឧត្តម ក្នុងការលើកស្ទួយវិស័យកីឡារបស់កម្ពុជា ឲ្យកាន់តែរីកចម្រើនឡើង។
លោកក៏បានអរគុណដល់កីឡាករ Honda Keisuke និងរដ្ឋាភិបាលជប៉ុន ដែលតែងតែយកចិត្តទុកដាក់ជួយ ដល់កម្ពុជាគ្រប់វិស័យ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសរសេរលើ Facebook យ៉ាងដូច្នេះថា «កម្ពុជារីករាយស្វាគមន៍ និងអបអរសាទរ ចំពោះកីឡាបាល់ទាត់ឆ្នើមជប៉ុន លោក Honda Keisuke ដែលបានស្ម័គ្រចិត្តមកជួយ បង្វឹកកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជា (FCC) ដោយមិនគិតថ្លៃក្នុងរយៈពេល២ឆ្នាំ។ នេះគឺជាការយកចិត្តទុកដាក់ដ៏ឧត្តុង្គឧត្តមបំផុតរបស់ លោក Honda Keisuke ក្នុងការលើកស្ទួយវិស័យ កីឡាកម្ពុជា ឲ្យកាន់តែរីកចម្រើន»។
ជាមួយគ្នានដែរ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលស្នេហាវិស័យ កីឡាបាល់ទាត់ រង់ចាំទស្សនាការប្រកួត កីឡាបាល់ទាត់រវាងកម្ពុជា និងម៉ាឡេស៊ី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។

សូមជម្រាបថា លោក HONDA ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសកម្ពុជា ជាផ្លូវការនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។ អតីតកីឡាករវ័យ៣២ឆ្នាំរូបនេះ ធ្លាប់លេងឲ្យក្លឹបយក្សអ៊ីតាលី​ AC Milan មុនផ្លាស់ទៅលេងនៅម៉ិចស៊ិក​ ក្នុងក្លឹប​ Pachuca និងចុងក្រោយលេងនៅអូស្ត្រាលី​ ក្នុងក្លឹប​ Melbourne Victory ។ លោកទើបតែបានប្រកាសលាឈប់ ពីក្រុមជម្រើសជាតិជប៉ុន​ ក្រោយបញ្ចប់​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី​ ៕




ក្រុមការងារចុះជួយខេត្តកំពង់ចាម បន្ត​សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ក្នុង​ស្រុក​​កោះសូទិន

កំពង់ចាម​៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ លោក​ឧប​នាយករដ្ឋមន្ត្រី​ ហោ ណាំហុង និង​ លោក​ឧប​នាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ ប្រធានក្រុម​ការងារចុះ​ជួយខេត្តកំពង់​ចាមបានអញ្ជើញចូលរួមក្នុងពិធីសំណេះ​សំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ចំនួន ៧៥០​គ្រួសារ នៅ​ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្ត​កំពង់​ចាម។ នៅក្នុងពិធីនោះក៏មាន​ការអញ្ជើញចូលរួមផង​ដែរ​ពីសំណាក់លោក គួច ចំរើន អភិបាល​ខេត្តកំពង់ចាម ក៏ដូចជាលោក លោក​ស្រី ក្រុម​ការ​ងារ​ជា​ច្រើន​នាក់ទៀត​។
បើតាមប្រភពពីអាជ្ញាធរ ស្រុកកោះសូទិន បានបញ្ជាក់ឲ្យដឹងថា មកដល់បច្ចុប្បន្ន​នេះ ទឹកជំនន់ទន្លេ​មេ​គង្គ បាន​ធ្វើឲ្យប៉ះ​ពាល់ប្រជា​ពល​រដ្ឋ​ចំនួន ១៧.៨៥៤គ្រួសារ រុះរើផ្ទះ ១១ខ្នង ជម្លៀស​សត្វពាហនៈ ចំនួន ១.៧៥៥​ក្បាល ទៅកាន់ទីទួលសុវត្ថិភាព។ នៅ​ដើមខែសីហានេះ លោក​រដ្ឋ​មន្ត្រីក្រសួងព័ត៌មាន និង​លោកអភិបាលខេត្ត បានចែកអង្ករ សម្ភារៈ គ្រឿងឧបភោគ​បរិភោគ ដល់ប្រជា​ពលរដ្ឋ ចំនួន ៤ លើក ស្មើនឹង ១.១៧៧​គ្រួសារ ក្នុង​ឃុំពង្រ ឃុំកោះសូទិន ឃុំ​ព្រែកតានង់ និង​ឃុំ​មហា​លាភ ។ នៅ​ថ្ងៃនេះផង​ដែរ​ លោក​ឧបនា​យក​រដ្ឋមន្ត្រី ក៏​បានបន្តចែកអំណោយ​ដល់ប្រជាពលរដ្ឋ​ក្នុងឃុំ​ពាម​ប្រធ្នោះ ចំនួន ៧៥០​គ្រួសារ​ទៀត។​

បញ្ជាក់ អំណោយចែកជូនប្រជាពលរដ្ឋ​ទាំង ៧៥០​គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ១បេ ត្រីខ ១០​កំប៉ុង មី ១កេស និងឃីត ១កញ្ចប់៕






អាជ្ញាធរអប្សរាយកដើមគ្រញូងដែលចោរលួចកាប់ទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព

ហេតុការណ៍មួយបានកើតឡើង ដោយជនមិនស្គាល់មុខបានលួចកាប់ដើមគ្រញូងមួយដើម ស្ថិតក្នុងរមណីយដ្ឋានអង្គរ។ ភ្លាមៗ ក្រោយទទួលបានដំណឹងពីអាជ្ញាធរមូលដ្ឋាន អាជ្ញាធរជាតិអប្សរា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងបានសម្រេចដកហូត ដឹកជញ្ជូនឈើដែលចោរកាប់ផ្ទួលនោះ មករក្សាទុកនៅទីមានសុវត្ថិភាព។
កូនឈើគ្រញូងមួយដើម ត្រូវបានជនមិនស្គាល់មុខ បានលួចកាប់នៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាស្រ្ដភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ ប្រជាពលរដ្ឋដែលបានដឹងហេតុការណ៍នេះ បានផ្តល់ដំណឹងភ្លាមៗទៅអាជ្ញាធរជាតិអប្សរាដើម្បីអន្តរាគមន៍ និងទប់ស្កាត់មិនឱ្យមានការដឹកជញ្ជូនចេញ។
បុគ្គលិកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា លោក ស៊ិន ពិសី បានឱ្យដឹងថា បន្ទាប់ពីមានការសម្របសម្រួលពីភាគីពាក់ព័ន្ធ គ្រញូងដែលគេលួចកាប់នោះ បានយកទៅរក្សាទុកនៅស្នាក់ការតំបន់ការពារឧទ្យានអង្គររបស់មន្ទីបរិស្ថានខេត្តសៀមរាប នៅថ្ងៃទី១០ ខែសីហា។ លោករម្លឹកថា ក្រោយដឹងហេតុការណ៍នៅយប់ថ្ងៃទី៨មកនោះ ភាគីពាក់ព័ន្ធបានសហការយ៉ាងយកចិត្តទុកដាក់ ដោយបានប្រើកម្លាំងយាមត្បាតជាប់រហូត ព្រោះបារម្ភខ្លាចក្រុមជនខិលខូចចូលមកដឹកជញ្ជូនឈើដែលកាប់រួច។

បើតាមការបញ្ជាក់របស់លោក ស៊ិន ពិសី ដដែល គ្រញូងដែលត្រូវគេលួចកាប់នោះមានទំហំមិនធំប៉ុន្មានទេ គឺមានមុខកាត់ជិត ៤តឹក ឯបណ្តោយជាង ២ម៉ែត្រប៉ុណ្ណោះ (កន្លែងដែលមានតម្លៃ)។ លោកបន្ថែមថា ភូមិសាស្រ្ដដែលជនមិនស្គាល់មុខលួចកាប់នោះ គឺចុះពីផ្លូវកៅស៊ូប្រមាណ ១០ម៉ែត្រប៉ុណ្ណោះ តែវានៅដាច់ឆ្ងាយពីផ្ទះអ្នកភូមិបន្ដិច ណាមួយយប់ដែលកាប់នោះ មានភ្លៀងធ្លាក់ពេញមួយយប់ផងដែរ ដែលជាឱកាសសម្រាប់ក្រុមអ្នករកស៊ីគ្រញូង៕





ចៅ ចាក់ស្មុក ៖​ ឆន្ទៈរាស្ត្រខ្មែរ

នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ​២០១៨​​ ទំព័រ​ហ្វេសប៊ុក​ចៅ​ ចាក់ស្មុក​ បាន​បង្ហោះ​ផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា​ ឆន្ទ:រាស្ត្រ​ខ្មែរ​ ដែល​មានខ្លឹម​សារ​ទាំង​ស្រុង​ដូច​តទៅ​៖​
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានពលរដ្ឋខ្មែរ ៨៣,០២% នៃចំនួនអ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ៨,៣ លាននាក់បានចេញទៅបោះឆ្នោតក្នុង កាលៈទេសៈមួយដែលក្រុមប្រឆាំងក្រៅច្បាប់រួមនឹងចៅហ្វាយនាយបរទេសរបស់ពួកគេ បានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីរំខាន អុកឡុក ក្រឡុក បង្ខូច និងបំផ្លាញការបោះឆ្នោត។ អត្រានៃការចេញទៅបោះឆ្នោត យ៉ាងច្រើនសន្ធឹកសន្ធាប់ជាប់លេខពីរនៅលើពិភពលោកបន្ទាប់ពីប្រទេសបែលហ្ស៊ិក និងក្នុងចំណោមនោះ ពលរដ្ឋខ្មែរជិត ៧៧% បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាបានបង្ហាញនូវឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរជ្រើសរើសអ្នកដែលការពារសុខសន្តិភាព​ លទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានប្រកាន់យក និងប្រឆាំងនឹងការជាន់ឈ្លីសិទ្ធិពលរដ្ឋ និងនយោបាយ ប្រឆាំងការបំផ្លាញប្រជាធិបតេយ្យកម្ពុជាពីសំណាក់ក្រុមប្រឆាំងក្រៅច្បាប់។
ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលុបបានបន្តគាំទ្រ និងបងប្អូនខ្លះដែលធ្លាប់ផ្តល់ការគាំទ្រទៅលើ បក្សប្រឆាំងបានវិលត្រឡប់មកគាំទ្រគណបក្សប្រជាជនកម្ពុជាដោយសារតែពួកគាត់យល់ថានៅចំពោះមុខ នៃការគំរាមកំហែងបំផ្លិចបំផ្លាញជាតិពីក្រុមប្រឆាំងពេលនេះគឺមានតែបក្សប្រជាជនកម្ពុជាតែមួយគត់ដែលអាចជួយការពារពួកគាត់ និងប្រទេសជាតិបាន។ ការគាំទ្រនេះក៏ដោយសារតែពលរដ្ឋខ្មែរភាគច្រើនលើស លប់បាន ទី១) ទទួលស្គាល់បានផ្តល់តម្លៃខ្ពស់និងប្រកបជឿជាក់យ៉ាងរឹងមាំចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានចាប់តាំងពីការសង្គ្រោះជីវិតជាតិ និងប្រជាជបចេញពីក្រញ៉ាំដៃនៃរបបវាលពិឃាតខ្មែរក្រហម នាំយកសុខសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីពេញលេញនៅកម្ពុជា។ ពួកគេនៅតែជឿជាក់លើសម្តេចតេជោ និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនថាអាចបន្តផ្តល់សេចក្តីសុខ និងការរីកចម្រើនដល់ពួកគាត់បាន។ ទី២)ព្រោះគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលដាក់ចុះចំទិសដៅនិងមានប្រសិទ្ធភាពក្នុង ការកសាងនិងអភិវឌ្ឍជាតិ ទាំងផ្នែកនយោបាយ ការទូត និងឆ្លើយតបនឹងការចង់បានរបស់ប្រជាពលរដ្ឋ។ ទី៣) ពលរដ្ឋគាំទ្រភញលូកទឹកភ្លូកដីដោយសារតែសមាជិកសមាជិកាគណបក្សប្រជាជនបានចុះជាប់នឹង ប្រជាពលរដ្ឋ ដឹងសុខទុក្ខប្រជាពលរដ្ឋ ជួយដោះស្រាយបញ្ហាភ្លាមៗជូនពលរដ្ឋ។ ពលរដ្ឋបានចាត់ទុកក្រុម ការងារដែលចុះជួយពួកគាត់ជាកូនចៅរបស់គាត់។​
​លើសពីនេះ ឆន្ទៈប្រជាពលរដ្ឋខ្មែរពិសេសកម្មករកម្មការិនីត្រូវការការពារឆ្នាំងបាយរបស់ពួកគាត់។ ពួកគាត់មិនអាចផ្តល់ទំនុកចិត្តទៅលើក្រុមប្រឆាំងក្រៅច្បាប់បានឡើយព្រោះក្រុមនេះដឹកនាំដោយសម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង កឹម មនោវិទ្យា ដែលអួតខ្លួនថាជាអ្នកស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន ប៉ុន្តែពួកគេបានលក់ឧត្តមគតិជាតិ ក្បត់មាតុភូមិនិងប្រជាជនខ្មែរ បម្រើផលប្រយោជន៍បរទេស ព្រមទាំងអង្វរសុំឱ្យ បរទេសកុំឱ្យផ្តល់ជំនួយដល់កម្ពុជា ឈប់វិនិយោគនៅកម្ពុជា និងឈប់ទិញទំនិញពីកម្ពុជាដែលនេះស្មើនឹង ការវាយបំបែកឆ្នាំងបាយរបស់ពលរដ្ឋខ្មែរ។ ហេតុដូច្នេះហើយបានបងប្អូនកម្មករបានយល់ច្បាស់ថាតើនរណាជាអ្នក ដែលបានការពារឆ្នាំងបាយរបស់ពួកគាត់ និងគិតគូរពិតប្រាកដចំពោះអនាគតរបស់ពួកគាត់ ព្រមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពួកគាត់គឺមានតែសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះដែលអាចផ្តល់អ្វីៗតាមការចង់បានរបស់បងប្អូន។
រាជរដ្ឋាភិបាល ក៏បានធ្វើកំណែទម្រង់ស៊ីជម្រៅ និងគិតគូរពីជីវភាព និងកិត្តិយសរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមនឹងអ្នកពាក់ព័ន្ធ ផ្សេងទៀត។ ចំណែកប្រជាពលរដ្ឋក៏បានមើលឃើញជាក់ស្តែងអំពីការរីកចម្រើនឥតឈប់ឈរ ប្រទេសមានសុខសន្តិភាព សេដ្ឋកិច្ចមានកំណើនប្រមាណ ៧%ក្នុងមួយឆ្នាំ ស្ថិតក្នុងឋានៈជាប្រទេសមានដែលមានចំណូលមធ្យមកម្រិតទាប និងបោះជំហានទៅមុខជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ទឡ្ហីករណ៍ ទាំងនេះហើយដែលធ្វើឱ្យឆន្ទៈប្រជាជនខ្មែរមិនប្រែប្រួលគឺផ្តល់នូវទំនុក ចិត្តដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំប្រទេស។
​ឆន្ទៈរាស្ត្រដ៏រឹងមាំនេះមិនអាចក្រុមជនក្បត់ជាតិ សម រង្ស៊ី មកបំផ្លាញបានឡើយទោះបីជាពួកគេខំ បំផ្លាញយ៉ាងណាក៏ដោយ។ ពួកគេរឹតតែមិនអាចនឹងបំភ្លៃ ឬបន្ទាប់បន្ធោកឆន្ទៈរាស្ត្រខ្មែរដ៏ថ្លៃថ្លាដែលបាន ចេញទៅបោះឆ្នោតប្រឆាំងនឹងផែនការទុច្ចរិតម្រាមដៃស្អាត ឬដេកផ្ទះឈ្នះឯងបានឡើយ។ ឆន្ទៈរាស្ត្រខ្មែរ ដ៏រឹងមាំ និងប្រកបដោយសាមគ្គីភាពផ្តល់ការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា និងបានចូលរួមយ៉ាងស កម្មនៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះគឺមិនអាចនរណាវាយបំបាក់បានឡើយ ហើយឆន្ទៈនេះនឹងឈររឹងមាំ ជានិច្ចរាប់ជំនាន់តទៅមុខទៀត និងជាសញ្ញាប្រាប់ដល់ក្រុមជនក្បត់ជាតិ និងចៅ ហ្វាយនាយរបស់ពួកគេថា ឆន្ទៈពលរដ្ឋខ្មែរមិនត្រូវការសង្គ្រាម មិនត្រូវការផ្លាស់ប្តូរក្រោមលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលពួកគេបានប្រើនៅកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និងជាមួយប្រទេសផ្សេងៗ នៅលើសកលលោកទេ។ កម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ និងបូរណភាពជាតិ ហើយសហគមន៍អន្តរជាតិ ត្រូវគោរពឆន្ទៈរាស្ត្រខ្មែរដែលបានបញ្ចេញតាមរយៈសន្លឹកឆ្នោតរបស់ពួកគាត់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ក្រោមក្រសែភ្នែកនៃអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាង ៨០០០០ នាក់មកពី ៥២ ប្រទេស ដែលទាំងអស់គ្នាវាយតម្លៃថាជាការបោះឆ្នោតដោយសន្តិវិធី ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

ដោយ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៨







សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ចេញសេចក្តីថ្លែងការណ៍ គាំទ្រ និងទទួលស្គាល់លទ្ធផលបណ្តោះអាសន្ន

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ បង្ហាញការគាំទ្រ និងទទួលស្គាល់លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ ដែលប្រកាសដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះ។
សេចក្តីថ្លែងការណ៍គាំទ្រ និងទទួលស្គាល់នេះ បានធ្វើឡើងបន្ទាប់ពីគ.ជ.ប បានប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដែលបង្ហាញថា ចំនួនអ្នកចូលរួមបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានរហូតដល់ ៦,៩៥៦,៩០០នាក់ ដែលស្មើនឹង ៨៣.០២ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីទាំងអស់។
សម្រាប់លទ្ធផលបណ្តោះអាសន្ននេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបានទទួលសំឡេងគាំទ្រច្រើនលើសលប់រហូតដល់ ៤,៨៨៩,១១៣សំឡេង ចំណែកគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រ ៣៧៤,៥១០សំឡេង, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ទទួលបានសំឡេង ៣០៩,៣៦៤សំឡេង​ គណបក្សឆន្ទៈខ្មែររបស់កូនប្រុសលោកគង់ គាំ ដែលមានចំនួន ២១២,៨៦៩សំឡេង។

សូម​អាន​សេចក្តីថ្លែងការណ៍របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា​ខាងក្រោមនេះដូចតទៅ​​៖