Monday, August 13, 2018

ក្រុមការងារចុះជួយខេត្តកំពង់ចាម បន្ត​សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ក្នុង​ស្រុក​​កោះសូទិន

កំពង់ចាម​៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ លោក​ឧប​នាយករដ្ឋមន្ត្រី​ ហោ ណាំហុង និង​ លោក​ឧប​នាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី​ ប្រធានក្រុម​ការងារចុះ​ជួយខេត្តកំពង់​ចាមបានអញ្ជើញចូលរួមក្នុងពិធីសំណេះ​សំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ចំនួន ៧៥០​គ្រួសារ នៅ​ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្ត​កំពង់​ចាម។ នៅក្នុងពិធីនោះក៏មាន​ការអញ្ជើញចូលរួមផង​ដែរ​ពីសំណាក់លោក គួច ចំរើន អភិបាល​ខេត្តកំពង់ចាម ក៏ដូចជាលោក លោក​ស្រី ក្រុម​ការ​ងារ​ជា​ច្រើន​នាក់ទៀត​។
បើតាមប្រភពពីអាជ្ញាធរ ស្រុកកោះសូទិន បានបញ្ជាក់ឲ្យដឹងថា មកដល់បច្ចុប្បន្ន​នេះ ទឹកជំនន់ទន្លេ​មេ​គង្គ បាន​ធ្វើឲ្យប៉ះ​ពាល់ប្រជា​ពល​រដ្ឋ​ចំនួន ១៧.៨៥៤គ្រួសារ រុះរើផ្ទះ ១១ខ្នង ជម្លៀស​សត្វពាហនៈ ចំនួន ១.៧៥៥​ក្បាល ទៅកាន់ទីទួលសុវត្ថិភាព។ នៅ​ដើមខែសីហានេះ លោក​រដ្ឋ​មន្ត្រីក្រសួងព័ត៌មាន និង​លោកអភិបាលខេត្ត បានចែកអង្ករ សម្ភារៈ គ្រឿងឧបភោគ​បរិភោគ ដល់ប្រជា​ពលរដ្ឋ ចំនួន ៤ លើក ស្មើនឹង ១.១៧៧​គ្រួសារ ក្នុង​ឃុំពង្រ ឃុំកោះសូទិន ឃុំ​ព្រែកតានង់ និង​ឃុំ​មហា​លាភ ។ នៅ​ថ្ងៃនេះផង​ដែរ​ លោក​ឧបនា​យក​រដ្ឋមន្ត្រី ក៏​បានបន្តចែកអំណោយ​ដល់ប្រជាពលរដ្ឋ​ក្នុងឃុំ​ពាម​ប្រធ្នោះ ចំនួន ៧៥០​គ្រួសារ​ទៀត។​

បញ្ជាក់ អំណោយចែកជូនប្រជាពលរដ្ឋ​ទាំង ៧៥០​គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ១បេ ត្រីខ ១០​កំប៉ុង មី ១កេស និងឃីត ១កញ្ចប់៕






No comments:

Post a Comment