Monday, December 12, 2022

ប្រជាពលរដ្ឋខ្មែរនៅសហគមន៍អឺរ៉ុបសម្ដែងក្តីរីករាយចំពោះវត្តមានសម្ដេចតេជោនៅតំបន់អឺរ៉ុប និងគាំទ្រចំពោះការដឹកនាំរបស់សម្ដេចតេជោ


ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងបម្រើការងារនៅតាមប្រទេសមួយចំនួននៃតំបន់អឺរ៉ុបបានសម្ដែងនូវក្តីរីករាយឥតឧបមាចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើដំណើរមកកាន់តំបន់អឺរ៉ុប និងបានសម្ដែងនូវការគាំទ្រចំពោះការដឹកនាំរបស់សម្ដេចតេជោក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ 

មតិគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅតំបន់អឺរ៉ុបនេះ ធ្វើឡើងខណៈដែលពួកគាត់អញ្ជើញមកចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីប្រមាណជាង២០០០នាក់ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ 

ពិធីសំណេះសំណាលនេះធ្វើឡើងមុនពេលដែលសម្តេចតេជោ ត្រូវធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២៕

សម្ដេចតេជោ ហ៊ុន សែន បានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងរាក់ទាក់បំផុតពីប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុប


នៅពេលនៃការអញ្ជើដល់សណ្ឋាគារស្នាក់នៅ នាទីក្រុងព្រុចសែល ប្រទេសបែលហ្សិក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងរាក់ទាក់ជាទីបំផុត ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនមកពីបណ្ដាប្រទេសនានានៃតំបន់អឺរ៉ុប។ 

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ អញ្ជើញមកកាន់តំបន់អឺរ៉ុបនេះ ដើម្បីចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ដែលកិច្ចប្រជុំនិងធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២២។ 

ក្រៅពីអញ្ជើញក្នុងកិច្ចប្រជុំកំពូលសំខាន់ៗ ពាក់ព័ន្ធទៅនឹងអាស៊ាន និងសហភាពអឺរ៉ុបនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលកំពុងរស់នៅតំបន់អឺរ៉ុបផងដែរ៕