Tuesday, November 08, 2016

ប្រវត្តិសង្ខេបនៃព្រះរាជបូជ​នីយកិច្ចទាមទារ​ឯករាជ្យនៅកម្ពុជា

នៅក្នុងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យនៅកម្ពុជា ឱ្យរួចចាកផុតពីអាណានិគមនិយមបារាំង។
ដើម្បីចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៦៣ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៦) សូមអានខ្លឹមសារខាងក្រោមអំពីប្រវត្តិសង្ខេបនៃព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅកម្ពុជាដូចតទៅនេះ៖
១-តាមសន្ធិសញ្ញាចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៤៩ បារាំងបានទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យ របស់ព្រះរាជាណាចក្រកម្ពុជា។
២-ជាគោលការណ៍តាមផ្លូវច្បាប់ ឯករាជ្យនេះ យើងទទួលបានមែន ប៉ុន្តែចំពោះការអនុវត្តជាក់ស្តែង ឯករាជ្យនេះ នៅខ្វះវិស័យជាច្រើនទៀត ដូចជាអធិបតេយ្យខាងយុត្តិធម៌ ប៉ូលីស អំណាច បញ្ជាការ យោធា ការទូត ការប្តូរ និងការឱ្យចាយធនប័ត្រ ដើម្បីឱ្យមានឯករាជ្យទាំងស្រុង។
៣-តាមសេចក្តីប្រកាសថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥២ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានសន្យាយ៉ាងឱឡារិក ចំពោះប្រជារាស្ត្ររបស់ព្រះអង្គថា ព្រះអង្គនឹងដណ្តើមយកឯករាជ្យ ទាំងស្រុងនេះ ដើម្បីមាតុភូមិក្នុងរយៈពេល៣ឆ្នាំយ៉ាងយូរបំផុត។
៤-នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានស្តេចយាងចាកចេញ ពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បីទាមទារឯករាជ្យរបស់កម្ពុជាជាមួយប្រមុខរដ្ឋបារាំង។
៥-នៅណាពូល ថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៥៣ ព្រះកុរណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានផ្ញើព្រះរាជសារមួយច្បាប់ ជូនចំពោះលោក វាំងសង់ អូរីយ៉ូល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីរៀបរាប់បង្ហាញឱ្យប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដឹងពីភាពចាំបាច់សំដៅធ្វើឱ្យបារាំងពង្រីក ក្របខ័ណ្ឌឯករាជ្យខ្មែរ។ ភ្ជាប់នឹងព្រះរាជសារនេះ មានការសិក្សាគ្រប់គ្រាន់ដោយទឡ្ហីករណ៍ សម្អាងបញ្ជាក់អំពីការទាមទារ របស់សម្តេច និងការផ្តល់យោបល់ពីបែបបទនៃការផ្ទេរអំណាចជាយថាហេតុ។ នៅណាពូល ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៥៣ បន្ទាប់មកនៅហ្វុងតែន ណាប្លូ ថ្ងៃទី០៣ ខែមេសា ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន បានសរសេរព្រះរាជសារលិខិត ចំនួន០២ ច្បាប់ បន្តទៀតផ្ញើជូន វាំងសង់ អូរីយ៉ូល និងរដ្ឋាភិបាលបារាំង ដើម្បីបំពេញបន្ថែមលើទស្សនៈរបស់ព្រះអង្គ ដែលទាក់ទងនឹងឯករាជ្យខ្មែរ និងដើម្បីស្នើឱ្យរដ្ឋាភិបាលបារាំង ប្រញាប់ប្រញាល់ដោះស្រាយបញ្ហានេះ ។
៦-នៅចំពោះមុខការលាក់លៀមរបស់រដ្ឋាភិបាលបារាំង ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ បានយាងចាកចេញ ពីប្រទេសបារាំង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៥៣ ឆ្ពោះទៅកាន់ប្រទេសកាណាដា និងសហរដ្ឋអាមេរិក ដែលនៅទីនោះព្រះអង្គបានធ្វើយុទ្ធនាការឃោសនា ដើម្បីឯករាជ្យរបស់ប្រទេសកម្ពុជា។ សេចក្តីថ្លែងការណ៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ វរ្ម័ន ត្រូវបានចុះផ្សាយដោយកាសែតដ៏ធំញីវយ៉កថែម នៅថ្ងៃ ទី១៩ ខែមេសា ឆ្នាំ១៩៥៣ លាន់ឮខ្ទរខ្ទារពេញពិភពលោកទាំងមូល ហើយបានបង្ខំឱ្យ រដ្ឋាភិបាលបារាំងទទួលយល់ព្រមធ្វើ ការចរចាជាមួយតំណាងផ្ទាល់ របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន។ តំណាងនេះគឺឯកឧត្តម ប៉ែន នុត ដោយមានការចូលរួមពី ឯកឧត្តម សម សារី ផងដែរ។
៧-ការចរចានៅប៉ារីសបានឈានទៅដល់សំណើមួយ ដែលធ្វើឡើងដោយមានប្រទេសបារាំង យល់ព្រមផ្តល់សម្បទានដ៏សំខាន់ខ្លះដល់កម្ពុជា។ ថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៥៣ ឯកឧត្តម ប៉ែន នុត បានអញ្ជើញ វិលត្រឡប់មកកាន់កម្ពុជាវិញ ដើម្បីទួលថ្វាយព្រះមហាក្សត្រអំពីលទ្ធ ផលដែលទទួលបាននៅប៉ារីស។ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន បានយាង មកកាន់រាជធានី ភ្នំពេញ វិញ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ដើម្បីជួបជាមួយសហសេវិក និងនាយករដ្ឋមន្ត្រីរបស់ព្រះអង្គ។
៨-ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ដែលបានថ្វាយព្រះកិត្តិយស ចំពោះព្រះអង្គជាអ្នកទទួលជ័យជំនះ និងជាវីរបុរសនោះ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ វរ្ម័ន ទ្រង់ បានសន្យាយ៉ាងមហោឡារិកនៅក្នុងព្រះសុន្ទរកថាមួយ ដែលទ្រង់បានថ្លែងនៅថ្ងៃទី១៧ខែ ឧសភា ឆ្នាំ១៩៥៣ ពីព្រះទីនាំងចន្ទឆាយាថា ព្រះអង្គនឹងបូជាជីវិតដើម្បីដណ្តើមយកឯករាជ្យឱ្យបាន១០០ភាគរយ។
៩-នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៣ ព្រះករុណាព្រះបាទសម្តេច ព្រះបាទ នរោត្តម សីហនុ វរ្ម័ន ទ្រង់បានភៀសព្រះអង្គទៅប្រទេសថៃ ក្រោយពីមានសេចក្តីប្រកាសមួយ ដែលទាក់ទាញពិភពលោក ស្តីពី ការមិនពេញចិត្តនឹងបំណងប្រាថ្នាស្របច្បាប់របស់ប្រជាជនខ្មែរ។ ការមិនពេញចិត្តនេះ អាចនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរទាំងសម្រាប់ប្រទេសកម្ពុជា និងពិភពលោកទាំងមូល។
១០-ក្រោយពីបានដឹងថា គ្រប់ប្រជាជាតិមានការយោគយល់ចំពោះការទាមទារឯករាជ្យ និងចំពោះព្រឹត្តិការណ៍នៅប្រទេសកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ វរ្ម័ន បានយាងត្រឡប់ មកមាតុភូមិរបស់ព្រះអង្គវិញ ហើយយាងទៅគង់នៅតំបន់ស្វយ័តមួយ ដែលរួមមាន ខេត្តសៀមរាប បាត់ដំបង និងខេត្តកំពង់ធំ។ ស្វយ័តភាពផ្នែកយោធានៃខេត្តទាំងនេះ ត្រូវបានប្រគល់ ឱ្យប្រទេសកម្ពុជាដោយមានការទាមទារមួយរបស់ព្រះរាជា ដែលបានធ្វើឡើងនៅ ឆ្នាំ១៩៤៩ សម្រាប់ខេត្តសៀមរាប និងខេត្តកំពង់ធំ និងនៅឆ្នាំ១៩៥២ សម្រាប់ ខេត្តបាត់ដំបង។ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ វរ្ម័ន ទ្រង់បានប្រកាសថា ព្រះអង្គនឹងយាងចូលរាជធានីភ្នំពេញវិញ នៅពេលណាដែលបារាំងព្រមផ្ទេរមកឱ្យប្រទេសកម្ពុជាវិញ នូវកេតនភ័ណ្ឌចុងក្រោយ នៃឯករាជ្យរបស់ខ្លួន។ ដើម្បីគាំពារនូវព្រះរាជបូជនីយកិច្ចនេះ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន ទ្រង់បានបង្កើត កងកម្លាំងជីវពល និងនារីក្លាហាន ដែលក្រោយមកមានតួនាទីយ៉ាងធំធេង។ ឯកឧត្តម ប៉ែន នុត នាយករដ្ឋមន្ត្រីទទួលបន្ទុករ៉ាប់រងការពារតំបន់ស្វយ័តរបស់ព្រះរាជា។
១១-ការចរចាដែលប្រព្រឹត្តទៅនៅក្រុងភ្នំពេញ ដោយមានការណែនាំពីព្រះរាជា និងក្រោមការដឹកនាំ របស់ឯកឧត្តម ប៉ែន នុត បាន សម្រេចដោយជោគជ័យទាំងស្រុង។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរអំណាចតុលាការ។ ថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរ សមត្ថកិច្ចរបស់ប៉ូលីស នៅចុងបញ្ចប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥៣ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីអធិបតេយ្យខាងយោធារបស់ប្រជារាស្ត្រខ្មែរ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះអធិបតេយ្យទាំងមូលលើផ្នែកការទូតត្រូវបានធ្វើឡើង តាមរយៈ ការប្តូរលិខិតរវាងរដ្ឋាភិបាលបារាំង និងរាជរដ្ឋាភិបាល (ចម្លើយរបស់រដ្ឋាភិបាលបារាំង ចំពោះកំណត់មួយរបស់រាជរដ្ឋាភិបាលនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៥៣ ដែលប្រគល់ដោយអគ្គស្នងការរបស់សាធារណរដ្ឋបារាំងលេខ ៣៩៣ អ៊ែរ ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ១៩៥៣ លិខិតទទួល និងភាពត្រឹមត្រូវលើការអនុវត្តនៃកិច្ចព្រមព្រៀងមាន ចែងក្នុងកំណត់មួយសម្រាប់រាជរដ្ឋាភិបាល ដែលប្រគល់ជូនអគ្គស្នងការ នៃសាធារណរដ្ឋបារាំងនៅថ្ងៃទី២៧ខែកក្កដា ឆ្នាំ១៩៥៣ ក្រោម លេខ៦៧-ប៉េ សេ អឹម អែស អឺម)។
១២-នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ស្តេចបានយាង ចូលមកក្នុងរាជធានីភ្នំពេញវិញ។ លើចម្ងាយផ្លូវ៣០០គីឡូម៉ែត្រដែលព្រះអង្គធ្វើដំណើរ ប្រជារាស្ត្រខ្មែរ ក្នុងក្តីរំជួលចិត្ត បានធ្វើឱ្យព្រះអង្គទទួលបាននូវជោគជ័យមួយដែលមិនធ្លាប់មានពីមុនមក។ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺ៨ខែមុនសន្និសីទក្រុងហ្សឺណែវ មានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែលឧទ្ទិសចំពោះការដកថយ នៃអំណាចរបស់បារាំងពីប្រទេសកម្ពុជា។ លោកឧត្តមសេនីយ៍ ឡង់ ក្លាត បានប្រគល់យ៉ាងមហោឡារិកនូវអំណាចបញ្ជាការរបស់ខ្លួនថ្វាយព្រះរាជា។ កងទ័ព និងអគ្គសេនាធិការរបស់បារាំង បានដកថយ ពីព្រះរាជាណាចក្រកម្ពុជា។ ឯករាជ្យរបស់ខ្មែរបានក្លាយទៅជាឯករាជ្យអចិន្ត្រៃយ៍ និងទាំងស្រុង។ វិបត្តិរវាងខ្មែរ និងបារាំងត្រូវបានបញ្ចប់។ ពពកខ្មៅចុងក្រោយ ដែលបិទបាំង មិត្តភាពខ្មែរ-បារាំងបានរលាយសាបសូន្យទាំងស្រុង បន្ទាប់ពីការទទួលស្គាល់ទាំងស្រុង ពីប្រទេសបារាំង នៅខែធ្នូ ឆ្នាំ១៩៥៤ លើអធិបតេយ្យទាំងមូលរបស់កម្ពុជាលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គណៈប្រតិភូខ្មែរដែលបញ្ជូនទៅក្រុងប៉ារីស ដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន ដើម្បីស្នើឱ្យរដ្ឋាភិបាល បារាំងទទួលស្គាល់ជាផ្លូវការគឺ ត្រូវដឹកនាំដោយឯកឧត្តម ចាន់ ណាក បន្ទាប់ពីឯកឧត្តមបានទទួល មរណភាពនៅទីក្រុងប៉ារីសនោះ គណៈប្រតិភូខ្មែរត្រូវដឹកនាំដោយ ឯកឧត្តម ញឹក ជូឡុង និងនៅចុងក្រោយបង្អស់ដឹកនាំដោយឯកឧត្តម អូ ឈីន ដែលនៅពេលនោះជា ឧបនាយករដ្ឋមន្ត្រី និងចូលរួមដោយ ឯកឧត្តម សឺន សាន។
១៣-នៅខែកក្កដា ឆ្នាំ១៩៥៤ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៅហ្សឺណែវបានប្រព្រឹត្តទៅ ដោយរួមបញ្ចូលគូបដិបក្សដែលមាន វិវាទនៅឥណ្ឌូចិន។ នៅសន្និសីទក្រុងហ្សឺណែវ ព្រះមហាក្សត្រ បានបញ្ជូនគណៈប្រតិភូមួយក្រុមដឹកនាំដោយឯកឧត្តម ទេព ផន នៅពេល នោះជារដ្ឋមន្ត្រីការបរទេស និងមានឯកឧត្តម ញឹក ជូឡុង ឯកឧត្តម សម សារី ឯកឧត្តម នង គឹមនី ឯកឧត្តម សឺន សាន៘ ក្រោមការណែនាំពីព្រះមហាក្សត្របានឱ្យដឹងថា សន្និសីទប្រកាសដកទ័ពរបស់ប្រទេសជិតខាងមួយ ចេញពីព្រះរាជាណាចក្រកម្ពុជា។ ប្រទេសកម្ពុជាចេញពីសន្និសីទហ្សឺណែវនេះ«កក្កដា-១៩៥៤» ដោយគ្មានការខូចខាតអ្វីទាំងអស់។ ផ្ទុយពីប្រទេសឡាវ និងវៀតណាមព្រះរាជាណាចក្រកម្ពុជាអាចចៀសវាងការបែងចែកទឹកដី។
១៤-ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន យ៉ាងតិច៣ឆ្នាំ ទើបអាចបំពេញនូវកិច្ចសន្យា របស់ព្រះអង្គចំពោះប្រជារាស្ត្រ។ ប្រជារាស្ត្រខ្មែរបានថ្វាយព្រះឋានៈចំពោះព្រះអង្គថា ជា«ព្រះបិតា ឯករាជ្យជាតិ» ហើយតាមសំណូមពររបស់តំណាងរាស្ត្រក្នុងក្របខ័ណ្ឌ ក្រុមប្រឹក្សាពិគ្រោះជាតិ រដ្ឋាភិបាលបានលើកព្រះអង្គជាវីរបុរសជាតិ ស្របតាមព្រះមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តមរបស់ព្រះអង្គ៕
ដោយ៖ (AKP) សាយ សុន






ខេត្តតាកែវ ត្រៀមទូកអុំចំនួន៧ ដើម្បីចូលរួមក្នុង​ព្រះរាជពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ និងបណ្តែត​ប្រទីប ឆ្នាំ២០១៦នេះ

នៅក្នុងព្រះរាជពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលនឹងប្រារព្ធធ្វើឡើង នៅមុខព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ខេត្តតាកែវ បានត្រៀមទូកអុំចំនួ៦ និងទូករបស់ទីស្ដីការគណៈរដ្ឋមន្រ្ដីចំនួន១ទូក ដើម្បីមកចូលរួមក្នុងព្រះរាជពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ឆ្នាំ២០១៦នេះ។ ទូកខេត្តតាកែវទាំង០៧ ដែលត្រូវមកចូលរួមប្រកួតនៅក្នុងព្រះរាជពិធីរួមមាន៖១- គីរីវង់សុខសែនជ័យ ២-អង្គរបុរីវណ្ណៈមុន្នីច័ន្ទសុខសែនជ័យ ៣-បាទីសុខសែនជ័យ ៤-ដូនកែវស៊ូសុខសែនជ័យ ៥-បុរីជលសារសួសសុខសែនជ័យ ៦-កោះអណ្ដែតសុខសែនជ័យ និង៧-ទូកទីស្ដីការគណៈរដ្ឋមន្រ្ដីមួយទៀតគឺទូកស្រីសសុខសែនជ័យ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយចំណុះទូកដែលកំពុងហ្វឹកហាត់នៅ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦  លោកបណ្ឌិត ស៊ូ ភារិន្ទ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្ដី តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ សភាចារ្យ សុខ អាន បានមានប្រសាសន៍ថា ពីធីបុណ្យ អំទូក សំពះព្រះខែ អកអំបុកនិង បណ្ដែតប្រទីប រៀបចំឡើងក្នុងគោលបំណង ដើម្បីថែរក្សាទំនៀមទំលាប់ វប្បធម៌ខ្មែរឲ្យនៅគង់វង្ស ក៏ដូចជាការរំលឹកឡើងវិញ អំពីវិរៈភាពរបស់បុព្វរសខ្មែរ ដែលបានប្រើប្រាស់មធ្យោបាយទូក ក្នុងការការពារបូរណភាពទឹកដីឲ្យបានគង់វង្ស រហូតមកដល់បច្ចុប្បន្ន។
លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់ទៀតថា បញ្ហាសំខាន់មួយទៀតដែលរាជរដ្ឋាភិបាល ប្រារព្ធធ្វើពិធីបុណ្យនេះ គឺចង់បង្ហាញឲ្យមតិមហាជនបានដឹងថា  ប្រទេសកម្ពុជាយើង រក្សាបាននូវសុខសន្ដិភាព ស្ថេរភាពដ៏ល្អ ហើយរាល់កិច្ចការលើគ្រប់វិស័យរបស់ជាតិនៅតែដំណើរការជាប្រក្រតីពុំមានហេតុផលអ្វីកើតឡើងនោះឡើយ។
លោកបណ្ឌិត ស៊ូ ភារិន្ទ ក៏បានថ្លែងអំណរគុណចំពោះគណៈកម្មការរៀបចំ គ្រូបង្វឹក ព្រមទាំង លោក លោកស្រី និងសប្បុរសជន ទាំងអស់ដែលបានជួយឧបត្ថម្ភ សម្លៀក បំពាក់ថវិកា និងគ្រឿងឧបភោគ បរិភោគ ដើម្បីផ្គត់ផ្គង់ក្នុងការហ្វឹកហាត់ បំប៉នបច្ចេកទេស ដល់កីឡាករអុំទូកឲ្យទទួលបានជ័យជំនះរៀងរាល់ឆ្នាំជាបន្តបន្ទាប់ ហើយលោក ក៏បានសំណូមពរដល់កីឡាករ ទាំងអស់ឲ្យប្រឹងប្រែងហ្វឹកហាត់និងត្រូវចេះរក្សាសុខភាពឲ្យបានល្អគ្រប់គ្នាដើម្បីដណ្ដើមយកជោគជ័យពីការប្រកួតនៅក្នុងព្រះរាជពិធីបុណ្យនាំមកនូវកិត្តិយសសម្រាប់ ភូមិស្រុកក៏ដូចជាកិត្តិយសសម្រាប់ខេត្តតាកែវទាំងមូលផងដែរ ។
គួររំលឹកផងដែរថា ពិធីអុំទូក អកអំបុក  បណ្ដែតប្រទីបនិងសំពះព្រះខែ គឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយ ដែល តែងប្រារព្ធ ធ្វើឡើងជារៀងរាល់ឆ្នាំ។ បុណ្យនេះមានដើមកំណើតតាំងពីបុរាណកាលមក មានការចែងទុកក្នុងឯកសារជាតិ និង អន្តរជាតិ ឬនៅតាមសិលាចារឹក នៅតាមបណ្ដាប្រាសាទនានា ដើម្បីរំលឹកអំពីវិរៈភាព កងទ័ពជើងទឹក  ដែលចេញធ្វើសឹកសង្គ្រាមបង្ក្រាបជាតិបរទេសដោយប្រើកងទ័ពទូក ក្នុងការរំដោះក្រុងកម្ពុជា ឲ្យរួចផុតពីកណ្ដាប់ដៃខ្មាំងសត្រូវ៕

អត្ថបទ៖ សាវឿន










សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន Tan Choung Group (រថយន្ត Nissan) ចូលជួបសំដែង​ការគួរសម និងពិភាក្សា​ការងារនៅ​វិមានសន្តិភាព

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀល​​ថ្ងៃទី០៧ ខែវិច្ចិកា  ឆ្នាំ២០១៦ បានអនុញ្ញាតឲ្យលោក តាន ហេងឈួ (Tan Heng Cheu) ប្រធានក្រុមហ៊ុន Tan Choung Group (Nissan) នៅវិមានសន្តិភាព។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយ ជំនួបថា លោក តាន ហេងឈួ បានគោរពរាយការណ៍ជូនសម្តេចតេជោថា ក្រុមហ៊ុនរបស់លោក មានបំណងចង់មក វិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយក្រុមហ៊ុនរបស់លោក មានប្រវត្តិក្នុងការតម្លើងរថយន្ត រយៈ ពេល៦០ឆ្នាំមកហើយ ហើយក៏មានបទពិសោធន៍ ក្នុងការផលិតបំណែក របស់រថយន្តអស់រយៈពេល៤៥ឆ្នាំ មកហើយដែរ។ ហើយសព្វថ្ងៃនេះ គឺមានរោងចក្រនៅប្រទេស វៀតណាម, ម៉ាឡេស៊ី និងមីយ៉ាន់ម៉ាហើយចង់ ឲ្យមានរោងចក្រនៅកម្ពុជានេះដែរ ដើម្បីធ្វើយ៉ាងណា បម្រើទីផ្សារអាស៊ានទាំងមូល ប្រកបដោយសុខដុម នីយកម្ម។
លោក តាន ហេងឈួ បានគោរពស្នើសុំ សម្តេចតេជោ ឲ្យមានការគាំទ្រដើម្បីធ្វើយ៉ាងណាឲ្យមាន ការបង្កើត រោងចក្រ តម្លើងរថយន្តផង និងផលិតបំណែករថយន្តផង នៅក្នុងប្រទេសកម្ពុជា។ ជាការ ឆ្លើយតប សម្តេច តេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ ចំពោះបំណងក្នុងការវិនិយោគ នៃការតម្លើង រថយន្ត និងផលិតបំណែក រថយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានមានប្រសាន៍ថា បើសិនជារោងចក្រនេះ អាចផលិត ឬអាចបង្កើតបាន នៅក្នុងព្រះរាជាណាចក្រកម្ពុជាមែនោះ វាជាជោគជ័យមួយទៀតក្នុងគោលនយោបាយ ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥។
សម្តេចបានមានប្រសាសន៍ទៅកាន់លោក តាន ហេងឈួ ថាការតម្លើងរថយន្ត ម៉ាក នីសាន់ (Nissan) នៅ កម្ពុជានេះ គឺមិនត្រឹមតែបម្រើក្នុងការទីផ្សារប្រទេសកម្ពុជានោះទេ គួរណាតែពិនិត្យ​​មើលនៅក្នុងទីផ្សារតំបន់ អាស៊ានទាំងមូលតែម្តង ព្រោះថាបច្ចុប្បន្ននេះ យើងបានរួមគ្នាជាសហគមន៍ហើយ ដោយមានទីផ្សាររហូតទៅដល់៧០០លាននាក់ ដូច្នេះមានន័យថា គប្បីពិចារណាថា ការដាក់រោងចក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺបម្រើឲ្យទីផ្សារកម្ពុជាផង និងទីផ្សារអាស៊ានផង ព្រមទាំងទីផ្សារដទៃទៀត នៅលើពិភពលោក។

សម្តេចបានបញ្ជាក់ថា សម្តេចសូមលើកទឹកចិត្ត ឲ្យមានការរៀបចំដើម្បីឲ្យមានការតម្លើងរោងចក្រនេះឡើង នៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលឆាប់ៗនេះ៕