Saturday, October 12, 2019

ប្រធានចលនាយុវជនរបស់ក្រុមឧទ្ទាមនៅខេត្តព្រៃវែង ភ្ញាក់រលឹក ចូលមកសារភាព និងបានលាតត្រដាងអំពីផែនការធ្វើរដ្ឋប្រហារ ដឹកនាំដោយទណ្ឌិត សម រង្ស៊ី

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈ​រដ្ឋមន្ត្រី នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៩ នេះ បានបញ្ចេញផ្សាយវីដេអូផ្លូវការមួយ ដោយបញ្ជាក់ថា អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស មានកិត្តិយសសូមជំរាបជូនសាធារណៈមតិជាតិនិងអន្តរជាតិអោយបានជ្រាបថា នៅក្នុងរយៈពេល៣ថ្ងៃកន្លងទៅនេះ មានសកម្មជននៃក្រុមឧទ្ទាមក្រៅច្បាប់បានចេញមុខជាបន្តបន្ទាប់មកសារភាពនិងបានសារភាពនៅចំពោះមុខអាជ្ញាធរមានសមត្ថកិច្ចក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួនដោយបានទទួលស្គាល់នូវកំហុសដ៍ធ្ងន់ធ្ងររបស់ខ្លួនដែលបានចាញ់បោកនូវឧបាយកលទុច្ចរិតដោយបានចូលរួមអនុវត្តផងនិងទៅទទួលយកផែនការផ្តួលរំលំរាជរដ្ឋាភិបាលពីទណ្ឌិត សម រង្ស៊ីនិងគូកនក្រោមលេស នៃការវិលត្រឡប់មកកម្ពុជានៅថ្ងៃ ៩វិច្ឆិកា។

វីដេអូក៏បានបង្ហាញឱ្យដឹងដែរថា នៅថ្ងៃទី១២ តុលាឆ្នាំ២០១៩ នេះ ប្រធានចលនា យុវជន​នៃក្រុមឧទ្ទាមក្រៅច្បាប់ប្រចាំខេត្តព្រៃវែង ឈ្មោះ ហ៊ី សុខជា ក៍បានភ្ញាក់រលឹក ដោយស្ម័គ្រចិត្តចូលមកធ្វើការ សារភាពជាមួយអាជ្ញាធរមានសមត្ថកិច្ចខេត្តព្រៃវែងដោយបានទទួលស្គាល់កំហុសដ៍ធ្ងន់ធ្ងររបស់ខ្លួនដែលបានទៅទទួលយកផែនការផ្តួលរំលំរាជរដ្ឋាភិបាលពីទណ្ឌិត សម រង្ស៊ីនិងគូកន។

នៅចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច លោកហ៊ី សុខជាដែលជាសកម្មជនមួយរូបដែលបានឡើងទៅប្រជុំនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី ១៦ -១៧ ខែសីហា ២០១៩ដើម្បីទទួលផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលពីឧក្រិដ្ឋជន សម រង្ស៊ី អេង ឆៃអ៊ាង មួរ សុខហួរ ក៏បានរាយការណ៍យ៉ាងក្បោះក្បាយប្រាប់ផងដែរអំពីឧបាយកលនិងអ្នកពាក់ព័ន្ធផ្សេងៗទៀតជាខ្សែរយៈចាត់តាំងក្នុងការអនុវត្តនូវផែនការធ្វើរដ្ឋប្រហារដែលជាទង្វើក្បត់ជាតិនេះ។
សូមទស្សនាវីដេអូ៖
 












សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយសជាអធិបតី ក្នុងពិធិពិសារអាហារសាមគ្គីជាមួយប្រជាពលរដ្ឋខ្មែរ ជាគ្រីស្ទបរិស័ទ




សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញផ្តល់កិត្តិយសជាអធិបតី ក្នុងពិធិពិសារអាហារសាមគ្គីជាមួយប្រជាពលរដ្ឋខ្មែរ ជាគ្រីស្ទបរិស័ទសរុបជាង ៣,០០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

ល្ងាចថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩

សេចក្តីជួនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការដាក់ពាក្យ នឹងទទួលពាក្យសុំចូលរួមប្រណាំងទូក ”ង”


ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបសូមជូនដំណឹងស្តីពីការដាក់ពាក្យ នឹងទទួលពាក្យសុំចូលរួមប្រណាំងទូក ”ង” ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំព្រះខែ អកអំបុកខេត្តសៀមរាប ឆ្នាំ២០១៩ សូមទំនាក់ទំនងលេខទូរស័ព្ទ លោក សន សេរីវុទ្ធី ០១២ ៨៧២ ៧៤៧ ឬលោក ឡេង ប៊ុនលាង ០៧៧ ៩៩៥ ៩៩៩។

សូមបញ្ជាក់ថា ខេត្តសៀមរាបនឹងរៀបចំព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្តោយស្ទឹងសៀមរាបចាប់ពីចំណុចអតីតស្ពានមន្ទីរទេសចរណ៍ចាស់រហូតមកដល់ស្ពានព្រះរាជដំណាក់។

ព័ត៌មានលម្អិតសូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖



អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ ចម្លើយសារភាពរបស់ឈ្មោះ រស់ គឹមសៀង សមាសភាពដែលទៅប្រទេសម៉ាឡេស៊ី ដើម្បីទទួលផែនការពីទណ្ឌិត សម រង្ស៊ី ដើម្បីប៉ុនប៉ងធ្វើរដ្ឋប្រហារ គឺជាមុខសញ្ញារបស់សមត្ថកិច្ច

លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ផ្អែកតាមចម្លើយសារភាពរបស់ឈ្មោះ រស់ គឹមសៀង អតីតប្រធានយុវជនចលនាសង្គ្រោះជាតិខេត្តកំពង់ធំ សមាសភាពដែលទៅប្រទេសម៉ាឡេស៊ី ដើម្បីទទួលផែនការពីទណ្ឌិត សម រង្ស៉ី ដើម្បីប៉ុនប៉ងធ្វើរដ្ឋប្រហារ គឺជាមុខសញ្ញារបស់សមត្ថកិច្ច។
លោក គឹម សន្ដិភាព បានថ្លែងយ៉ាងដូច្នេះថា «យោងតាមភស្តុតាង និងសម្តីសារភាពរបស់ឈ្មោះ រស់ គឹមសៀង អតីតប្រធានយុវជនចលនាសង្គ្រោះជាតិ ខេត្តកំពង់ធំ ដែលជាជនត្រូវចោទ១រូប ក្នុងសំណុំរឿងរួមគំនិតក្បត់ ក្នុងផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម បានបញ្ជាក់អោយឃើញអំពីឧបាយកលឧក្រិដ្ឋ របស់ទណ្ឌិត សម រង្ស៊ី និងបក្សពួក ក្នុងការអនុវត្តផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម ដោយដាក់ចេញនូវវិធានអនុវត្តដល់ក្រុមសកម្មជនខ្លួន ដើម្បីឈានដល់ការធ្វើរដ្ឋប្រហារផ្តួលរំលំនៅថ្ងៃទី០៩ ខែវិច្ឆិកា បានសម្រេចឲ្យខានតែបាន។
អ្នកទាំងអស់ដែលបានចូលរួមទៅទទួលយកផែនការពីទណ្ឌិត សម រង្ស៊ី និងបក្សពួក នៅប្រទេសម៉ាឡេស៊ីកន្លងទៅនេះ គឺជាសមាសភាពពាក់ព័ន្ធ នឹងអំពើរួមគំនិតក្បត់ ក្នុងការអនុវត្តផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម។ ហេតុនេះស្ថាប័នអយ្យការ រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ មានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីចាត់វិធានការអនុវត្តច្បាប់លើមុខសញ្ញាទាំងនេះ ដើម្បីរារាំង និងបំផ្លាញចោលអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិសុខ នៃរដ្ឋមួយនេះ ធានារក្សាបានសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម»។
សូមជម្រាបថា លោក រស់ គឹមសៀង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីដើម ខែតុលា ឆ្នាំ២០១៩។ ក្រោយមក លោកបានសារភាពទោសកំហុសគ្រប់បែបយ៉ាង ព្រមទាំងបានស្ម័គ្រចិត្តធ្វើជាសាក្សី អំពីផែនការធ្វើរដ្ឋប្រហារខុសច្បាប់របស់ លោក សម រង្ស៉ី និងបក្ខពួក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចដោះលែងរូប លោក រស់ គឹមសៀង ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។
អតីតប្រធានចលនាយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ ក៏បានអំពាវនាវដល់អ្នកគាំទ្រ និងសកម្មជន នៃអតីតបក្សប្រឆាំងទាំងអស់ កុំឱ្យចាញ់ឧបាយកលទុច្ចរិតរបស់ លោក សម រង្ស៉ី និងបក្ខពួក ដែលអាចនឹងនាំពួកគេទៅរកគ្រោះថ្នាក់នៅពេលខាងមុខ។
ការអំពាវនាវរបស់ អតីតប្រធានចលនាយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ បានធ្វើឡើងបន្ទាប់ពីរូបគេបានចូលសារភាពទោសកំហុស នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ អំពីផែនការធ្វើរដ្ឋប្រហារខុសច្បាប់ដែលរៀបចំដោយ ទណ្ឌិត សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕




ចាប់ខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិម្នាក់ទៀត នៅខេត្តកំពត ពាក់ព័ន្ធរួមគំនិតក្បត់ជាតិ តាមផែនការរបស់ទណ្ឌិត សម រង្ស៉ី ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

(ភ្នំពេញ)៖ សកម្មជនដ៏សកម្មម្នាក់ទៀត នៃអតីតគណបក្សសង្គ្រោះជាតិ នៅខេត្តកំពត ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធការរួមគំនិតក្បត់ជាតិ តាមផែនការរបស់ទណ្ឌិត សម រង្ស៉ី ដែលការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ ស្ថិតនៅវត្តលង្ការ ក្នុងរាជធានីភ្នំពេញ។
ស្ដ្រីឈ្មោះ ប៉ែន មុំ ហៅស្រីមុំ ដែលគណនី Facebook ឈ្មោះ សំបូ មុំ អាយុ៣៩ឆ្នាំ រស់នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកឈូក ខេត្តកំពត ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩។
មន្ដ្រីនគរបាលជាន់ខ្ពស់ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយការចាប់ខ្លួនស្ដ្រីរូបនេះ ត្រូវបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃ មុនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់។
យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការ បានបញ្ជាក់ថា ស្ដ្រីរូបនេះបានរួមគំនិតក្បត់ជាតិ ជាមួយផែនការរបស់ទណ្ឌិត សម រង្ស៉ី ដោយរូបនាងបានប្រើគណនី Facebook សរសេរស្ទើររាល់ថ្ងៃប្រឆាំងគោលនយោបាយស្របច្បាប់ ហើយគៀងគរឲ្យមហាជនចូលរួមក្នុងផែនការផ្ដួលរំលំរាជរដ្ឋាភិបាល ក្រោមឧបាយកលផែនការ នៃការវិលត្រឡប់មកប្រទេសកម្ពុជាវិញ របស់ទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ៕



កិច្ចសម្ភាស៖ អតីតប្រធានចលនាយុវជន CNRP ដែលសារភាពទោសជូនសមត្ថកិច្ច អំពីផែនការរដ្ឋប្រហារ អំពាវនាវដល់សកម្មជនកុំឱ្យចាញ់បោក ទណ្ឌិត សម រង្ស៉ី (Video inside)


(ភ្នំពេញ)៖ លោក រស់ គឹមសៀង អតីតប្រធានចលនាយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់អ្នកគាំទ្រ និងសកម្មជន នៃអតីតបក្សប្រឆាំងទាំងអស់ កុំឱ្យចាញ់ឧបាយកលទុច្ចរិតរបស់ លោក សម រង្ស៉ី និងបក្ខពួក ដែលអាចនឹងនាំពួកគេទៅរកគ្រោះថ្នាក់នៅពេលខាងមុខ។
ការអំពាវនាវរបស់ អតីតប្រធានចលនាយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ បានធ្វើឡើងបន្ទាប់ពីរូបគេបានចូលសារភាពទោសកំហុសនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ អំពីផែនការធ្វើរដ្ឋប្រហារខុសច្បាប់ដែលរៀបចំដោយ ទណ្ឌិត សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
នៅក្នុងបទសម្ភាសផ្តាច់មុខជាមួយសារព័ត៌មាន Fresh News លោក រស់ គឹមសៀង បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សកម្មជន និងអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិទាំងអស់ទូទាំងប្រទេសកម្ពុជា ជាពិសេសមិត្តដែលធ្លាប់ធ្វើការជាមួយខ្ញុំកន្លងមក ហើយស្គាល់ ជាពិសេសកម្លាំងយុវជន សូមបងប្អូនទាំងអស់ កុំស្តាប់តាមការបំផុសបំផុល អំពាវនាវរបស់ លោក សម រង្ស៉ី កាលណាសមត្ថកិច្ចចាប់ខ្លួនដូចជារូបខ្ញុំ អស់លោកប្រាកដជា មានសេចក្តីវេទនាជាក់ជាមិនខាន»។
លោក រស់ គឹមសៀង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីដើម ខែតុលា ឆ្នាំ២០១៩។ ក្រោយមក លោកបានសារភាពទោសកំហុសគ្រប់បែបយ៉ាង ព្រមទាំងបានស្ម័គ្រចិត្តធ្វើជាសាក្សី អំពីផែនការធ្វើរដ្ឋប្រហារខុសច្បាប់របស់ លោក សម រង្ស៉ី និងបក្ខពួក ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចដោះលែងរូប លោក រស់ គឹមសៀង ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។
ក្នុងបទសម្ភាសជាមួយ Fresh News អតីតប្រធានចលនាយុវជន បានសម្តែងការសោកស្តាយ ដែលបានធ្លាយចូលក្នុងឧបាយរបស់ លោក សម រង្ស៉ី ហើយអះអាងថា តាំងពីត្រូវបានចាប់ខ្លួន មិនមានថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិណាម្នាក់ បានចូលមកជួយលោកទេ។
លោកបញ្ជាក់ថា៖ «ជាក់ស្តែងសម្រាប់រូបខ្ញុំផ្ទាល់ ពេលដែលត្រូវបានចាប់ខ្លួន មិនមាននរណាទាំងអស់ ដែលជាអតីតគណបក្សសង្រ្គោះជាតិចេញមុខមកជួយខ្ញុំទេ មានតែខ្លួនខ្ញុំផ្ទាល់ ដែលជាអ្នកជួយខ្លួ នឯង ដើម្បីឱ្យរួចពីកំហុសក្រោយពេលសមត្ថកិច្ចឃាត់ខ្លួន ជាពិសេសបញ្ហាជីវភាពគ្រួសារក៏កាន់តែប្រឈមមុខយ៉ាងខ្លាំង ព្រោះអត់មាននរណាគេមើលឃើញថា ព្រោះខ្ញុំជាបង្គោលក្នុងគ្រួសារ»។
លោក រស់ គឹមសៀង បានទៅទទួលយកផែនការក្បត់ពី លោក សម រង្ស៉ី , លោក អេង ឆៃអ៊ាង និងលោកស្រី មូ សុខហួរ នៅប្រទេសម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៩។ លោកត្រូវបាន លោក សម រង្ស៉ី ដាក់ផែនការ៣ចំណុចដូចជា ឱ្យលោកផ្សព្វផ្សាយកាលបរិច្ឆេទត្រឡប់ចូលប្រទេសកម្ពុជាវិញរបស់ លោក សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឱ្យលោកប្រមូលថវិកាគ្រប់មជ្ឈដ្ឋាន ដើម្បីរៀបចំដឹកជញ្ជូនប្រជាពលរដ្ឋ និងឱ្យកៀរគរកម្លាំងឱ្យបានច្រើន ដោយត្រូវប្រមូលយុវជនឱ្យបាន១០០នាក់ ហើយឱ្យម្នាក់ពួកគេម្នាក់ៗកៀរគរយុវជនឱ្យ១០នាក់ថែមទៀត ដើម្បីជាកម្លាំងសម្រាប់ លោក សម រង្ស៉ី។
លោកមានការភ្ញាក់ផ្អើល និងហួសចិត្ត នៅពេលដែល លោក សម រង្ស៉ី ចាប់ផ្តើមអំពាវនាវឱ្យកងទ័ព និងធ្វើយុទ្ធនាការប្រមាថព្រះមហាក្សត្រជាបន្តបន្ទាប់ ព្រមទាំងអំពាវនាវឱ្យព្រះមហាក្សត្រដាក់រាជថែមទៀត។ លោកបញ្ជាក់ថា «ទង្វើទាំងអស់នេះ គឺជាទង្វើមួយដែលមិនត្រឹមត្រូវទេ ដែលមិនមែនជាប្រជាធិបតេយ្យពិតប្រាកដទេ គឺជាអំពើក្បត់ជាតិ»។ លោកបន្តថា៖ «ព្រោះគាត់អំពាវនាវឱ្យប្រជាពលរដ្ឋងើបបះបោរ លើសពីនេះទៀតចង់ផ្តួលរំលំ ហើយមានការប្រមាថដល់អង្គព្រះមហាក្សត្រជាដើម»។
លោកជឿជាក់ថា ទង្វើទាំងនេះ បានធ្វើឱ្យអ្នកស្មោះស្ម័គ្រនឹងលោក សម រង្ស៉ី រួមទាំងក្រុមគ្រួសារបស់គេ ជួបផលលំបាក ប្រសិនបើត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយសារជាទង្វើខុសច្បាប់។
ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ដែលតុលាការបង្គាប់ឱ្យចាប់ខ្លួន បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងធ្វើរដ្ឋប្រហារខុសច្បាប់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ទន្ទឹមនឹងការប្រកាសវិលចូលប្រទេសកម្ពុជានេះ លោក សម រង្ស៉ី បានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ទៅចុះចូលជាមួយខ្លួនប្រើថវិកាលើកទឹកចិត្តមួយចំនួន ព្រមទាំងអំពាវនាវឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។
ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ព បានចាប់ផ្តើមតនីតិវិធីរបស់ខ្លួនជាបន្តបន្ទាប់តាមតួនាទី ដើម្បីបំបែកផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី ផងដែរ៕
ប្រភព Freshnews


រដ្ឋមន្ត្រីទេសចរណ៍បង្ហាញឱកាសវិនិយោគជាច្រើនដល់ធុរជនក្នុងវិស័យទេសចរណ៍មកពីជុំវិញពិភពលោក


(ភ្នំពេញ)៖ នាឱកាសអញ្ជើញបើកសម្ពោធពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ លើកទី៣ (CTM-2019) នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១១ ខែតុលា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញប្រាប់ធុរជនក្នុងវិស័យទេសចរណ៍ដែលមកពីជុំវិញពិភពលោក នូវឱកាសវិនិយោគជាច្រើននៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងលើកទឹកចិត្តយ៉ាងខ្លាំងចំពោះអ្នកវិនិយោគ ដែលចង់មកបណ្ដាក់ទុកវិនិយោគនៅកម្ពុជា ពិសេសគឺការវិនិយោគក្នុងវិស័យទេសចរណ៍។

លោករដ្ឋមន្ត្រី ថោង ខុន បានប្រកាសអំពាវនាវដល់វិនិយោគិន ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនសណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ជាតិ-អន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធទាំងអស់មកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជាឱ្យបានច្រើនថែមទៀត ព្រោះកម្ពុជាមានបរិយាកាសវិនិយោគដ៏ទាក់ទាញបំផុតក្នុងតំបន់ និងមានសក្តានុពលដ៏សម្បូរបែប។
លោកថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតឱ្យមានតំបន់ទេសចរណ៍ពិសិដ្ឋ ដែលក្នុងនោះរួមមានទេសចរណ៍ផ្ទះទីពីរ ស្របពេលដែលការសម្រួលការធ្វើដំណើរ គឺជាកត្តាគន្លឹះសម្រាប់ជំរុញកំណើនភ្ញៀវទេសចរ និងវិនិយោគិន។ បច្ចប្បន្ន កម្ពុជាមានការផ្តល់ទិដ្ឋាការអេឡិចត្រូនិក ទិដ្ឋាការពេលមកដល់ និងទិដ្ឋាការចេញចូលច្រើនដងសម្រាប់រយៈពេល ១ឆ្នាំ, ២ឆ្នាំ និង៣ឆ្នាំ ដែលផ្តល់ភាពងាយស្រួលដល់ទេសចរ អ្នកវិនិយោគទាំងអស់ក្នុងការមកទស្សនា និងវិនិយោគនៅកម្ពុជា។
ឆ្លើយតបនឹងស្ថានភាពទេសចរណ៍បច្ចុប្បន្ន ក្រសួងទេសចរណ៍ បាននិងកំពុងអនុវត្តនូវទស្សនវិស័យដូចខាងក្រោម៖
* ជំរុញ និងពង្រីកការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាឲ្យបានកាន់តែទូលំទូលាយថែមទៀត ពិសេសតំបន់សៀមរាបអង្គរ និងតំបន់អេកូទេសចរណ៍។
* បន្តជំរុញបង្កើតផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត ដូចជាទេសចរណ៍ម្ហូបអាហារ វិថីលក់ម្ហូបអាហារ និងផលិតផលម្ហូបអាហារតាមដងផ្លូវ ក្រោមកិច្ចសហការភាពជាដៃគូរដ្ឋ-ឯកជន ដើម្បីទាក់ទាញទេសចរ និងបង្កើនរយៈពេលស្នាក់នៅរបស់ទេសចរ។
* ជំរុញចលនាទេសចរណ៍ក្នុងស្រុកឲ្យកាន់តែផុសផុល ក៏ដូចជាជំរុញចលនាទេសចរណ៍សហគមន៍ អេកូទេសចរណ៍ និងទេសចរណ៍ជនបទ ដោយជំរុញសកម្មភាពទេសចរណ៍ដល់ជនបទដាច់ស្រយាល ដើម្បីលើកកម្ពស់សេដ្ឋកិច្ចតាមតំបន់ ចូលរួមកាត់បន្ថយភាពក្រីក្រតាមមូលដ្ឋាន។
* រៀបចំផែនការមេសម្រាប់ការអភិវឌ្ឍខេត្តសៀមរាប និងតំបន់ជុំវិញដ៏មានសារៈសំខាន់ ដូចជាការសិក្សាលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ លើសពីអ្វីមានស្រាប់នៅតំបន់អង្គរ ការសិក្សាលើការអភិវឌ្ឍ និងពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ការសិក្សាអំពីការរៀបចំ និងគ្រប់គ្រងបរិស្ថានស្អាត និងបៃតងនៅក្រុងសៀមរាប និងតំបន់ប្រាសាទអង្គរ ការរៀបចំកែលម្អផ្លូវក្នុងទីក្រុង ការសម្អាតតាមដងស្ទឹងសៀមរាប និងផ្លូវទៅកាន់សហគមន៍នានា។
* រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការគ្រប់គ្រងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ពិសេសលើហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងសំណល់ និងបរិស្ថានស្អាតនៅឆ្នេរ និងទឹកសមុទ្រ ព្រមទាំងសោភ័ណភាពរបស់ខេត្ត ដើម្បីផាសុខភាពរបស់ទេសចរ និងប្រជាពលរដ្ឋ។
* ក្រសួងទេសចរណ៍កំពុងសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តកែប និងមណ្ឌលគិរី។
* ក្រសួងទេសចរណ៍បានធ្វើកំណែទម្រង់ដ៏សំខាន់មួយ តាមរយៈការបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយ ដោយផ្តល់តម្លៃដល់វិស័យឯកជន ក្នុងការបន្តចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យកាន់តែខ្លាំងក្លាថែមទៀត។
* ផ្សារភ្ជាប់វិស័យទេសចរណ៍កម្ពុជាទៅនឹងបដិវត្តឧស្សាហកម្ម ៤.០ ដែលផ្តោតខ្លាំងទៅលើឌីជីថលបនីយកម្ម ក្នុងការចាប់យកការអភិវឌ្ឍជាវិជ្ជមាន កាត់បន្ថយកង្វល់ និងធានាឱ្យបាននូវទស្សនទាន «បច្ចេកវិទ្យាទំនើបសម្រាប់វិស័យទេសចរណ៍ វិស័យទេសចរណ៍សម្រាប់បច្ចេកវិទ្យាទំនើប» ឬអាចហៅបានថា «ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយភាពវៃឆ្លាត»។
សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាវេទិការធុរកិច្ចទេសចរណ៍ដ៏មានសារៈសំខាន់ក្នុងការជំរុញផ្សព្វផ្សាយលក់ផលិតផលទេសចរណ៍ ក៏ដូចជាការជួបជុំគ្នារវាងអ្នកទិញ-អ្នកលក់ និងអ្នកជំនាញទេសចរណ៍ធ្វើការរួមគ្នាដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានទេសចរណ៍ ចែករំលែកបទពិសោធន៍នានាក្នុងអាជីវកម្មទេសចរណ៍ និងស្វែងរកវិធានការថ្មីៗរួមគ្នាដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងតំបន់ឲ្យកាន់តែរីកចំរើនខ្លាំងឡើងបន្ថែមទៀត។ យោងតាមរបាយការណ៍ ឆ្នាំនេះ មានក្រុមហ៊ុនចូលរួមតាំងពិព័រណ៍សរុបចំនួន ១៥៧ស្តង់ ក្នុងនោះក្រុមហ៊ុនក្នុងស្រុកចំនួន ៩០ស្តង់ និងក្រុមហ៊ុនអន្តរជាតិចំនួន ៦៧ស្តង់។
វាជាឱកាសផ្សព្វផ្សាយនូវផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជាដែលមានគុណភាពខ្ពស់បានយ៉ាងទូលំទូលាយ ដែលអាចធ្វើឲ្យប្រទេសកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ សម្រាប់ប្រទេសជិតខាង និងជុំវិញពិភពលោក ពិសេសបង្ហាញថាកម្ពុជា អាចជាគោលដៅសម្រាប់ទទួលរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗកម្រិតអន្តរជាតិផងដែរ៕