Tuesday, May 12, 2020

អ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជា ជាសះស្បើយ១នាក់ទៀតហើយ មិនមានករណីវិជ្ជមានជំងឺកូវីដ១៩ថ្មី អ្នកជំងឺជាសះស្បើយកើនឡើង១២១នាក់ហើយ គឺនៅសល់តែម្នាក់ទៀតប៉ុណ្ណោះ កំពុងបន្តព្យាបាល

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានជូនព័ត៌មានអំពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា ដោយបានបញ្ជាក់ឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩ បានព្យាបាលជាសះស្បើយ១នាក់បន្ថែមទៀត ដែលធ្វើឱ្យមានការកើនឡើងចំនួនអ្នកព្យាបាលជាសះស្បើយរហូតដល់១២១នាក់ ។

ដូចនេះ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩នៅទូទាំងប្រទេសកម្ពុជាគិតពីពេលចាប់ផ្តើមដំបូងមកដល់ពេលនេះមានចំនួន១២២នាក់ បន្ទាប់ពីបានព្យាបាលជាសះស្បើយសរុបកើនឡើងរហូតដល់១២១នាក់នោះ គឺអ្នកជំងឺដែលកំពុងនៅបន្តព្យាបាល បានថយចុះមកនៅត្រឹមតែ១នាក់ទៀតប៉ុណ្ណោះ ហើ់យសង្ឃឹមថា ក្នុងពេលដ៏ខ្លីខាងមុខតាមរយៈការប្រឹងប្រែងរបស់ក្រសួងសុខាភិបាល និងក្រុមគ្រួពេទ្យ អ្នកជំងឺដែលកំពុងបន្តព្យាបាល នឹងត្រូវបានព្យាបាលជាសះស្បើយជាបន្តបន្ទាប់ទៀត។

ក្រសួងសុខាភិបាលនៅតែបន្តជូនដំណឹងដល់សាធារណជនឱ្យចូលរួមប្រយុទ្ធប្រឆាំងជាមួយជងឺដ៏កាចសាហាវនេះ និងចូលរួមអនុវត្តបទបញ្ជា និងវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជងឺកូវីដ១៩នេះ ហើយនឹងបន្តជម្រាបជូនអំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមរយៈទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh និងបានបញ្ជាក់ថា គេហទំព័រនេះមានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកប្រើប្រាស់បាន និងសម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលលេខ ១១៥ ដោយឥតគិតថ្លៃ៕