Monday, July 03, 2017

នាយឧត្តមសេនីយ៍ គន់ គីម ចុះពិនិត្យការសាងសង់ផ្លូវ​ និងកាំជណ្តើរ ​ឡើងទៅលើ​ប្រាសាទខ្នារ​ ស្ថិតលើ​ខ្នងភ្នំដងរែក​ ខេត្តឧត្តរមានជ័យ​

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានធ្វើដំណើរចុះពិនិត្យការសាងសង់ផ្លូវ និងកាំជណ្តើរប្រវែងសរុបជាង២គីឡូម៉ែត្រ ឡើងទៅលើប្រាសាទខ្នារ ស្ថិតលើខ្នងភ្នំដងរែក ស្ថិតនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។
នាយឧត្តមសេនីយ៍ គន់ គីម បានឲ្យដឹងថា ផ្លូវ និងកាំជណ្តើរនេះ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចកសាងជូនដល់បងប្អូនកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតំបន់នោះ ងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនសម្ភារៈផ្សេងៗ។
នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា កងទ័ពដែលឈរជើងនៅលើប្រាសាទខ្នារ បានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានផ្តល់ផ្លូវ និងជណ្តើរឡើងប្រាសាទខ្នារ ធ្វើឲ្យបងប្អូនងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនសម្ភារៈ និងប្តេជ្ញាការពារ បូរណភាពទឹកដីឲ្យបានរឹងមាំថែមទៀត៕



រដ្ឋសភា ចេញប្រកាសផ្លូវការ អំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកមិញ

ក្រោយពេលបញ្ចប់កិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ រដ្ឋសភាបានចេញសេចក្តីប្រកាសផ្លូវការ អំពីលទ្ធផល នៃកិច្ចប្រជុំនេះ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិក គណៈកម្មាធិការ អចិន្រ្តៃយ៍មកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដោយពិភាក្សាអំពីរបៀបវារៈ​មួយចំនួន។
ខាងក្រោមនេះជាលទ្ធផលផ្លូវការនៃកិច្ចប្រជុំនេះ៖


រដ្ឋមន្ដ្រីក្រសួងសុខាភិបាល៖ សូមចូលរួមប្រយុទ្ធនឹងជំងឺគ្រុនឈាម​ទាំងអស់គ្នា ​និងបញ្ជូន​កូនៗ​របស់ខ្លួន​ទៅមន្ទីរពេទ្យ ​បើសង្ស័យថា​មានជំងឺ​គ្រុនឈាម​

ក្នុងឱកាសប្រារព្ធទិវាជាតិ ប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ «រួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាម» នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាបឋមសិក្សាក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់ សូមចូលរួមប្រយុទ្ធនឹងជំងឺគ្រុនឈាម និងបញ្ជូនកូនៗរបស់ខ្លួនទៅមន្ទីរពេទ្យ បើសង្ស័យថាមានជំងឺគ្រុនឈាមនេះ សូមកុំបញ្ជូនទៅគ្រូខ្មែរ ព្យាលបាលឲ្យសោះ ព្រោះវានឹងមានហានិភ័យខ្ពស់ ឈានដល់បាត់បង់ជីវិត។
លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា ដើម្បីកុំឲ្យជំងឺគ្រុនឈាមនេះ រីករាលនៅតាមមូលដ្ឋានរបស់យើង និងធ្វើយ៉ាងណាការពារកុមារ ដែលជាកូនចៅរបស់យើង កុំឲ្យកើតជំងឺគ្រុនឈាម ក្នុងការកាត់បន្ថយជាអតិបរមានូវអត្រាឈឺ និងស្លាប់ដោយជំងឺគ្រុនឈាម យើងត្រូវរួមគ្នាជាមួយក្រសួងពាក់ព័ន្ធទាំងអស់ ពិសេសមាតាបិតា ដែលជាអាណព្យាបាលកុមារ ត្រូវយកចិត្ដទុកដាក់ធ្វើការសម្អាតលំនៅឋាន កុំឲ្យមានទឹកដក់ ដោយធ្វើការកប់ ឬដុតចោលនូវត្រឡោកដូង សំបកកំប៉ុង កង់ឡាន និងវត្ថុដក់ទឹកផ្សេងៗទៀត ដែលអាចជាប្រភពជំរករបស់ដង្កូវ ទឹកមូសខ្លា។
លោករដ្ឋមន្ដ្រីបានបន្តទៀតថា ដើម្បីកុំឲ្យជំងឺគ្រុនឈាមនេះរីករាលដាល យើងត្រូវតែលាងសម្អាតពាងឲ្យបានស្អាតល្អ កុំឲ្យមានដង្កូវទឹក ឬចិញ្ចឹមត្រីសម្រាប់ឲ្យស៊ីដង្កូវទឹក ឬដាក់ថ្នាំសំលាប់ដង្កូវទឹកក្នុងពាង តាមការណែនាំរបស់ភ្នាក់ងារសុខាភិបាលរួមគ្នាបំផ្លាញដង្កូវទឹក ដែលជាប្រភពបង្កជំងឺគ្រុនឈាមឲ្យបានយ៉ាងសកម្ម ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម កុំឲ្យឆ្លងដាលមកដល់កូនចៅរបស់យើង។
ក្នុងឱកាសនោះផងដែរ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ បានថ្លែងផងដែរថា ក្នុងឆ្នាំ២០១៧នេះ អំឡុង២៤សប្ដាហ៍ ឆ្នាំ២០១៧នេះ គឺជំងឺគ្រុនឈាមមានចំនួន១,១៣៣ករណី និងស្លាប់១នាក់ (អត្រាស្លាប់០.១%) គឺករណីជំងឺគ្រុនឈាមមានការថយចុះជាង៥០% និងករណីស្លាប់ ថយចុះជាង ៨០%បើធ្រៀបនឹងទៅរយៈពេលដូចគ្នាក្នុងការឆ្នាំ២០១៦ ដែលមានចំនួន ២,៤៤៧ករណី និងស្លាប់៥នាក់ (អត្រាស្លាប់០.២%)។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា ជំងឺគ្រុនឈាម ក្នុងឆ្នាំ២០១៧នេះ មុខសញ្ញាដែលងាយឆ្លងជាងគេ គឺនៅតំបន់ដែលមានប្រជាជនរស់នៅច្រើនដូចជា រាជធានីភ្នំពេញ ខេត្ដកំពង់ស្ពឺ សៀមរាប កណ្ដាល និងកោះកុង៕





ក្រសួង​បរិស្ថាន និងសមាគមនារី​កម្ពុជាដើ​ម្បីសន្តិភាព នឹង​រៀបចំ​សិក្ខាសាលា​​ស្តីពី ការ​ព​ង្រឹង​តួនាទី​ស្រ្តីក្នុង​វិស័យ​នយោ​បាយ

ក្រសួងបរិស្ថាន និងសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន នឹងរៀបចំសិក្ខាសាលាស្តីពី ការពង្រឹងតួនាទីស្រ្តីក្នុងវិស័យនយោបាយ ក្រោមប្រធានបទ “ស្រ្តី និងការដឹកនាំ” នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៧ ក្នុងគោលបំណងផ្តល់ឱកាសដល់ស្រ្តី ជាមន្រ្តីរាជការ យុវជន សិស្ស និស្សិត ទទួលបានបទពិសោធ និងឱកាសក្នុងការស្វែងយល់ដឹងពីភាពនៃការដឹកនាំ គ្រប់គ្រងពីថ្នាក់ដឹកនាំជាស្រ្តីក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងចែករំលែកបទពិសោធនេះ៕


ថ្នាក់ដឹកនាំខេត្តកំពង់ធំ នាំកូនឈើប្រណិតជាង៥ពាន់ដើម ទៅដាំលើដី២ហិកតា នៅស្រុកប្រាសាទបល្ល័ង្គ ចូលរួមលើកកម្ពស់បរិស្ថាន

កំពង់ធំ៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យរុក្ខទិវា៩កក្កដា នៅបញ្ជាការដ្ឋានវរសេនាតូចរៀបរយលេខ១ តំបន់ប្រតិបត្តិការសឹករងកំពង់ធំភូមិត្រឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនិងប្រជាពលរដ្ឋ ប្រមាណជាង៦០០នាក់។
លោក ធី វណ្ណធីរ ប្រធានមន្ទីរមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា កូនឈើប្រភេទឈើ គ្រញូង បេង ធ្នង់ និងអាកាស្យាសរុបចំនួន៥១០០ដើម ត្រូវបានដាក់ដាំលើផ្ទៃដីទំហំ២ហិកតា ដើម្បីបណ្ដុះទឹកចិត្តប្រជាពលរដ្ឋគ្រប់ៗរូប ឱ្យស្រឡាញ់ព្រៃឈើ និងការដាំដុះ។

នៅក្នុងឱកាសនោះលោក សុខ លូ បានថ្លែងថា បុណ្យរុក្ខទិវានេះ គឺជាការដង្ហែរតាមព្រះរាជតម្រិះរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ ដល់បញ្ហាព្រៃឈើ និងការដាំដើមឈើ ជាអាទិភាពចំបង ហើយប្រពៃណីបុណ្យរុក្ខទិវា មានអត្ថន័យសម្រាប់ចលនាបំផុសស្មារតី ប្រជាពលរដ្ឋគ្រប់រូប ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជម្រុញផលប្រយោជន៍ ដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅ ការបង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមទៀតផង។

លោកបានបញ្ជាក់ថា «ការប្រារព្ធពិធីរុក្ខទិវា គឺជាការឆ្លុះបញ្ចាំងឱ្យឃើញ នូវការខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីគ្រប់គ្រង អភិរក្សធនធានព្រៃឈើ ធនធានធម្មជាតិជីវចម្រុះ ដើម្បីជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ កាត់បន្ថយគ្រោះធម្មជាតិនានា និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស»។
លោកអភិបាលខេត្ត សង្ឃឹមថា ពលរដ្ឋទាំងអស់នឹងចាប់ផ្ដើមដោយមិនបង្អែរបង្អង់នូវផែនការសា្ដរព្រៃឈើ និងដាំឈើឡើងវិញ ដើម្បីរក្សាបាននូវលំនឹងបរិស្ថាន ធម្មជាតិ និងភោគសម្បត្ដិឱ្យកាន់តែមានសម្រស់ស្រស់បំព្រង សម្រាប់សង្គមជាតិទាំងមូល។ ជាមួយគ្នានេះ លោក បានស្នើឱ្យអាជ្ញាធរ និងសមត្ថកិច្ចប្រើ វិធានការណ៍ក្តៅដោយមិនបណ្តែតបណ្តោយ រកឱ្យឃើញនូវមុខឈ្មួញធំៗ ចាប់យកទៅដាក់ក្នុងពន្ធនាគារឱ្យអស់ហើយ ធ្វើដោយយកចិត្តទុកដាក់ ធ្វើឱ្យស្មើភាពគ្នា កុំចាប់តែប្រជាពលរដ្ឋតូចតាចតែបើជាអ្នកដឹកឈើធំៗខុសច្បាប់ ធ្វើមិនដឹងមិនលឺ តែត្រូវសហការចូលរួមជាមួយប្រជាពលរដ្ឋទាំងអស់ ក្នុងការកាប់បំផ្លាញព្រៃឈើនោះទេ។

ក្នុងនោះដែរលោកបានសំណូមពរដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវគ្រប់គ្រងសហគមន៍ព្រៃឈើឡើងវិញ ឱ្យបានម៉ត់ចត់ជាទីបំផុតគ្រប់សហគមន៍ព្រៃឈើ ព្រោះប្រជាពលរដ្ឋមួយចំនួន បានលើកឡើងថា អ្នកការពារព្រៃ សហគមន៍កាប់ឈើខ្លួនឯង ហើយយកដីទៅលក់ទៀត នេះជាបញ្ហាគ្រោះថ្នាក់បំផុត  សូមស្រង់ឈ្មោះសហគមន៍ កុំឱ្យមានតែឈ្មោះលើក្រដាសបាត់បង់ព្រៃ បាត់បង់អស់ និងសំណុមពរដល់ មន្ទីរអង្គភាពទាំងអស់ចូលរួម ដាំដើមឈើតាមអង្គភាព ទីសាធារណៈ តាមដងផ្លូវ ហើយធ្វើជាគំរូដល់ប្រជាពលរដ្ឋ ចេះសម្អាតបរិស្ថាន កុំអង្គុយតែក្នុងម៉ាស៊ីនត្រជាក់ឱ្យសោះ។

ចុងក្រោយលោកអភិបាលខេត្ត បានធ្វើការប្តេជ្ញាចូលរួមថែរក្សាការពារ និងដាក់ទណ្ឌកម្មចំពោះអ្នកដែលកាប់បំផ្លាញព្រៃឈើ។ ក្នុងកម្មវិធីមានការចែកជូននូវសម្ភារដល់សិស្ស ដែលបានចូលរួមចំនួន ៥៣ នាក់ ដោយក្នុងមួយនាក់ទទួលបានសៀវភៅ ប៊ិច និង ថវិកា៥០០០រៀលផងដែរ ៕









កាកបាទក្រហមកម្ពុជា បានប្រគល់អណ្តូងទឹកស្អាត ចំនួន១៥ ជូនប្រជាជននៅតំបន់ដាច់ស្រយាល

ខេត្តរតនគិរី ៖ កាលពីថ្ងៃទី០២ ខែ កក្កដា ឆ្នាំ ២០១៧ កាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានប្រគល់ឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកស្អាត ចំនួន១៥ (មានលេខរៀងពីទី ០៤២ដល់ទី ០៥៦) ក្រោមអធិបតីភាព លោក អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពី សមាជិក សមាជិការ គណៈកម្មាធិការសាខា ព្រមទាំងនាយក សមាជិក សមាជិកា សាខា និងអនុសាខា ជូនប្រជាជននៅតំបន់ដាច់ស្រយាល និងផ្លូវពិបាកធ្វើដំណើរ ព្រមទាំងខ្វះខាតទឹកប្រើប្រាស់ចំនួន ២៧៥ គ្រួសាស្មើនឹង ២.០២៩ នាក់ រស់នៅឃុំ ត្រពាំងក្រហម ឃុំ ស្រែ អង្រ្គង ឃុំ សេរីមង្គល ឃុំ តឺន ឃុំ តាអ៊ង ស្រុក កូនមុំ និង ឃុំ បរខាំ ស្រុកអូរយ៉ាដាវ។

នៅក្នុងពិធីប្រគល់នោះផងដែរ លោក អ៊ុយ សំអាត បានពាំនាំបណ្តាំផ្ញើរបស់លោកស្រីប្រធាន ដោយក្នុងនោះលោកបានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋជួយ រក្សាអណ្តូងអោយយូរអង្វែង និងមានអនាម័យជុំវិញអណ្តូង ព្រមទាំងបានផ្តល់សារសុខភាពរួមមាន៖
១- ស្ត្រីចាប់ពីវ័យបន្តពូជត្រូវទៅទទួលសេវា ពីមណ្ឌលសុខភាព ដើម្បីកាត់បន្ថយអត្រាឈឺស្លាប់របស់កុមារអាយុក្រោមប្រាំឆ្នាំ។
២- គោរពច្បាប់ចរាចរ និង បើកបរប្រកបដោយសុវត្ថិភាព។
៣- ជៀសវាងការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង។
ប្រជាពលរដ្ឋចំនួន ១០០ នាក់ ដែលចូលរួមក្នុងពិធីនោះ មានក្តីរីករាយឥតឧបមាក្រោយទទួលបានសមិទ្ធផលថ្មីនេះ ហើយស្ត្រីម្នាក់ៗទទួលបាន សារុង ១ ដោយឡែកចាស់ៗទទួលបានថវិកាមួយចំនួនបន្ថែមទៀត។
សូមបញ្ចាក់ថា មកទល់បច្ចុប្បន្ននេះកាកបាទក្រហមកម្ពុជា បានផ្តល់អណ្តូងទឹកស្អាតចំនួន ៥៦ អណ្តូង តាំងពីឆ្នាំ ២០១០មក៕







ក្រសួងការងាររៀបចំវេទិកាជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានរៀបចំវេទិកាជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅអាគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ។ ការរៀបចំវេទិការនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ កម្មករ សហជីព សិស្ស និស្សិត ។
ថ្លែងក្នុងពេលប្រកាសបើកវេទិការនេះ លោក អ៊ិត សំហេង បានមានប្រសាសន៍ថា វេទិកាជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះត្រូវបានរៀបចំ៣លើកមកហើយ បន្ទាប់ពីលើកទី២ រៀបចំឡើងនៅឆ្នាំ២០១៦ និងលើកទី១ កាលពីឆ្នាំ២០១៥។
សូមជម្រាបផងដែរថា ការរៀបចំវេទិការនេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញការផ្លាស់ប្តូរផ្នត់គំនិតមកលើការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងត្រូវការច្រើនដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃតម្រូវការជំនាញ។ វេទិការនេះក៏ដើម្បីផ្តល់ព័តមានអំពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនិងអាហារូបករណ៍ ព្រមទំាងព័តមានទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគតដល់សិស្ស និស្សិត សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការសម្រេចចិត្តជ្រើសរើសជំនាញមកសិក្សា។ បន្ថែមពីលើនេះទៀត វេទិការនេះក៏ដើម្បីតាំងបង្ហាញស្នាដៃរបស់សិស្ស និស្សិតរបស់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្រុមហ៊ុនឯកជននានា។ វេទិការនេះក៏ដើម្បីបង្កើតទំនាក់ទំនងរវាងគ្រឹស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈផ្នែកឯកជន អង្គការជាតិ អន្តរជាតិ និងគ្រឹស្ថានសាធារណៈជាដើម។ វេទិការនេះគឺជាសកម្មភាពដ៏សំខាន់មួយ របស់ក្រសួងកាងារដែលកំពុងតែខិតខំសម្របសម្រួល សំដៅលើកម្ពស់អំពីការយល់ដឹងពីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់បច្ចុប្បន្ន និងទៅអនាគត ដើម្បីឈានចូលទីផ្សាកាងារ មានចំណូលខ្ពស់ សម្រាប់សិស្ស និស្សិតដែលបានបញ្ចប់ការសិក្សា៕







ទេសចរចិន​ ជាប់ចំណាត់​ថ្នាក់លេខ១ ​ក្នុងការមក​ទស្សនា​តំបន់​អង្គរ​ខេត្តសៀមរាប​

ក្នុងមួយរយៈចុងក្រោយ ភ្ញៀវទេសចរចិន បានជាប់លេខ១មកទស្សនានៅក្នុងប្រទេសកម្ពុជា ហើយសៀមរាបដែលមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌ច្រើននោះ ក៏សំបូរទៅដោយជនជាតិចិនដែរ។

អ្នកប្រកបអាជីវកម្មវិស័យទេសចរណ៍ នៅក្នុងខេត្តសៀមរាបបានលើកឡើងថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាក្នុងតំបន់អង្គរភាគច្រើនជាជនជាតិចិន មានប្រមាណ៧០ភាគរយទៅហើយ។

មគ្គុទ្ទេសក៍នាំភ្ញៀវទស្សនានៅតំបន់អង្គរបានឱ្យដឹងថា បច្ចុប្បន្ននេះ កំណើនភ្ញៀវទេសចរចិនមកទស្សនានៅក្នុងតំបន់អង្គរ និងតំបន់ទេសចរណ៍នានាក្នុងខេត្តសៀមរាប មានច្រើនណាស់ និងអាចនិយាយបានថា ជនជាតិចិនមកទស្សនាខេត្តនេះ ជាប់ចំណាត់ថ្នាក់លេខ១ ព្រោះក្នុងមួយថ្ងៃៗ ឬមួយខែៗ មានទេសចរចិនមកលេង និងទស្សនានៅក្នុងតំបន់អង្គរ និងតំបន់នានាក្នុងខេត្តសៀមរាបច្រើន ទាំងចាស់ទាំងក្មេង។

ការមកទស្សនានៅក្នុងតំបន់អង្គររបស់ជនជាតិចិន ត្រូវបានគេមើលឃើញថា ដោយសារតែគោលនយោបាយរបស់ប្រទេសកម្ពុជា និងប្រទេសចិន មានទំនាក់ទំនងល្អ ព្រោះកន្លងមកប្រទេសទាំងពីរនេះជាមហាមិត្តនឹងគ្នា ហើយមួយរយៈពេលចុងក្រោយនេះដែរ ក៏ឃើញថារដ្ឋាភិបាលកម្ពុជា បានផ្សព្វផ្សាយពីវប្បធម៌ និងទេសចរណ៍របស់យើងដល់ ប្រទេសចិន ដែលធ្វើឱ្យចិនបានប្រកាសប្រាប់ប្រជាជនខ្លួនមកទស្សនាតំបន់ប្រទេសប្រវត្តិសាស្ត្ររបស់កម្ពុជា ធ្វើឱ្យកំណើនជនជាតិចិនមកទស្សនានៅកម្ពុជា ជាពិសេសនៅតំបន់អង្គរវត្តមានកំនើនច្រើនយ៉ាងនេះ។

បច្ចុប្បន្ននេះ ជារដូវវិស្សមកាលរបស់សិស្សនិស្សិតចិន ហើយប្រជាជនចិនមួយចំនួនទៀត ក៏បាននាំក្រុមគ្រួសារដើរកម្សាន្ត ហើយតំបន់អង្គររបស់កម្ពុជា ក៏ជាគោលដៅទេសចរណ៍មួយ របស់ជនជាតិចិនទាំងនោះ ក៏ព្រោះតែបច្ចុប្បន្នជើងហោះហើរត្រង់ពីចិន មកកាន់កម្ពុជា ក៏ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក៏មានច្រើនជើង ក្នុងមួយថ្ងៃៗ។

ភ្ញៀវទេសចរចិនមកទស្សនានៅតំបន់អង្គរ ខេត្តសៀមរាប គឺជាគោលដៅរបស់ពួកគេតែម្ដង ព្រោះបើតាមលោកដឹង ភ្ញៀវទាំងអស់នោះ គឺហោះមកត្រង់ពីប្រទេសចិន មកកាន់ព្រលានអន្តរជាតិរបស់កម្ពុជា ហើយបន្ទាប់ពីទស្សនារយៈពេល ៤ទៅ៥ថ្ងៃហើយគឺពួកគាត់នឹងហោះត្រលប់ទៅប្រទេសចិនវិញ ដោយមិនទៅកាន់ប្រទេសទីបីទៀតនោះទេ។
តាមការបញ្ជាក់របស់តំណាងសណ្ឋាគារមួយចំនួននៅខេត្តសៀមរាប បានអោយដឹងថា នៅពេលបច្ចុប្បន្ននេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកស្នាក់នៅក្នុងសណ្ឋាគារ ភាគច្រើនជាជនជាតិចិន ដែលមានការស្នាក់នៅជាមធ្យមពី៤យប់ទៅ៥យប់។ ការមកទស្សនារបស់ភ្ញៀវទេសចរអន្តរជាតិ នៅក្នុងខេត្តសៀមរាបនេះដែរ ក៏ដោយសារប្រទេសកម្ពុជាយើងមិនមានសន្តិសុខ មិនមានស្ថេរភាព ៕



អភិបាលខេត្តកណ្ដាល អញ្ជើញ​ជាអធិបតីភាព​ក្នុងពិធី​ រុក្ខទិវា៩កក្ដដា​ ក្នុងបរិវេណ​វិទ្យាល័យ​ ហ៊ុន សែន​ តាខ្មៅ ​

លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធី រុក្ខទិវា៩កក្ដដា នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ដែលស្ថិតនៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ក្នុងពិធីនោះ ក៏មានការចូលរួមពីសំណាក់ លោក លោកស្រី ជាអភិបាលរងខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហពន្ធ័យុវជនខេត្តកណ្ដាលជាច្រើនរូបទៀតផងដែរ។

អភិបាលខេត្តកណ្ដាល បានឲ្យដឹងថា នៅក្នុងពិធីដាំកូនឈើនាពេលនេះមានសរុបចំនួន ១,១០៧ដើម ស្ថិតនៅលើផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូលលោកតាម៉ៅ រហូតដល់ព្រំប្រទល់ក្រុងតាខ្មៅ និងស្រុកស្អាង ដែលមានប្រវែង ៥១០០ម៉ែត្រ ក្នុងនោះមានដើមក្រញូង បេង ធ្នង់ ឈើទាល ចំនួន ៣០០ដើម ដែលបានដាំនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន តាខ្មៅ នឹងតាមរបងវិទ្យាល័យ។ ដើមឥន្ទនេលចំនួន ២០៧ដើម និងដាំដើមឈើព្រៃធម្មជាតិចំនួន ៦០០ដើម ដែលនឹងចាប់ដាំពីរង្វង់មូលលោកតាម៉ៅរហូតដល់បន្ទាយទួលក្រសាំង។

ក្នុងពិធីនេះដែរ ក៏បានចែកកូនឈើចំនួន ២,៥០០ដើមជូនប្រជាពលរដ្ឋ លោកគ្រួ អ្នកគ្រួ សិស្សានុសិស្ស ដែលជាឈើរយៈពេលវែង និងឈើហូបផ្លែផងដែរ៕








មន្រ្តីកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ ចុះត្រួតពិនិត្យទំនិញនៅផ្សារច្បារអំពៅ ដើម្បីរកសារធាតុគីមីហាមឃាត់

ដោយមានការយកចិត្តទុកដាក់ ទៅលើសុវត្ថិភាពចំណីអាហារ ពីប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ មន្រ្តីជំនាញ បានចុះធ្វើការត្រួតពិនិត្យទំនិញនៅផ្សារច្បារអំពៅ ខណ្ឌច្បារអំពៅ ដើម្បីរកសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារមួយចំនួន ដែលធ្វើប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ លោក ប៊ុន ចំរើន ប្រធានកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ និងមន្រ្តីមន្ទីរពិសោធន៍ អមដោយរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញ និងយកគំរូមួយចំនួន៣៥គំរូ ដូចជា៖ បន្លែស្រស់ គ្រឿងសមុទ្រស្រស់ និងផ្លែឈើមួយចំនួនទៀត សរុប៣៥គំរូ មកពិសោធន៍។

ក្នុងប្រតិបត្តិការនេះលោក ប៊ុន ចំរើន បានធ្វើការណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលឱ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ  និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។

លោកក៏បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការចុះពិនិត្យទំនិញទាំង៣៥គំរូនោះ គ្មានសារធាតិគីមីហាមឃាត់នោះទេ ប៉ុន្តែមន្ត្រីកាំកុងត្រូលបានធ្វើការពិសោធន៍ រកឃើញ ខ្ទឹមស និងខ្ទឹមក្រហម សង្ស័យមានសំណល់ ដែលមានជាតិ ថ្នាំសម្លាប់សត្វល្អិត និងបានយកទៅពិនិត្យបន្ត នៅអគ្គនាយកដ្ឋាន ដើម្បីមើលឱ្យច្បាស់ថា តើមានពិតប្រាកដដែរអត់។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារបានសម្តែងនៅ ទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗតាមបណ្តាផ្សារនឹងហាង នឹងស្តាម៉ាត នានាក្នុងរាជធានីភ្នំពេញ រកសារធាតគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ។

ជាមួយគ្នានោះ លោកសាន់ ប៊ុណ្ណា ប្រធានផ្សារបន្លែផ្សារច្បារអំពៅ ក៏បានថ្លែងអំណរគុណដល់ក្រុមការងាររបស់ អគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានចុះមកពិនិត្យ ដើម្បីរកសារធាតុគីមីនេះផងដែរ ៕





ការបែកបាក់ប្រទេស G7 គឺជាឱកាសសម្រាប់អាស៊ី និងប្រទេស G20

ប្រទេស​ G7​ កំពុង​​តែ​​បែក​ខ្ញែក។​ ប្រ​ទេស​​រុស្ស៊ីបាន​​ឯកោ។​ ចក្រ​​ភព​អង់​គ្លេស​ ​ក៏​បាន​ឯកោ​​ផង​​ដែរ។ ប្រ​ទេស​​អា​ល្លឺ​ម៉ង់​​បាន​​បន្ត​ទំនាក់​ទំនងដ៏​តាន​​តឹង​​ជា​មួយ​​នឹង​អឺ​រ៉ុប​ជា​ច្រើន​ទៀត។ ​សម្ព័ន្ធ​មិត្ត​របស់​អង្គ​ការ NATO មាន​ភាព​ចលាចល ហើយ​អនាគត​នៃ​សហ​ភាព​អឺ​រ៉ុប​នៅ​តែ​មិន​ប្រាកដ​ប្រជា។ សហ​រដ្ឋ​អា​មេ​រិក​ហាក់​ដូច​ជា​បានប្តេជ្ញាចិត្ត​ប្រ​ឆាំង​នឹង​សម្ព័ន្ធ​មិត្ត​ចាស់ៗ​លើ​បញ្ហា​អាកាស​ធាតុ ពាណិជ្ជ​កម្ម និង​អន្តោ​ប្រ​វេសន៍ និង​ប្រ​ហែល​ជា​លើ​ប្រ​ទេស​រុស្ស៊ី​ផង​ដែរ។

ឱកាស​ដែល​កើត​ចេញ​ពី​ភាព​វឹក​វរ​​នេះ គឺ​មាន​ឱកាស​សម្រាប់ប្រ​ទេស​ G20 ជា​ពិសេស​សេដ្ឋ​កិច្ច​អា​ស៊ី​ដែល​កំពុង​តែ​ងើបឡើង ដើម្បី​ទទួល​ផល​ប្រ​យោជន៍​ពី​ការ​បែក​បាក់​ទាំង​នេះ បង្ហាញពី​ការ​ដឹក​នាំ វាយ​បំបែក​ភាព​ទ័ល​ច្រក និង​កែ​សម្រួលប្រ​ទេស​ G20 មក​វិញ។ សំខាន់​បំផុត​នោះ គឺ​មាន​ឱកាស​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​គ្រប់​គ្រង​ចេញ​ពី​អំណាច​កណ្តាល​តិច​តួច​ ហើយ​សម្រប​សម្រួល​ទៅ​តាម​ស្ថាន​ការណ៍នៃ​ទី​ផ្សារ​ដែល​កំពុង​តែ​ងើប​នៅ​ក្នុង​អភិបាល​កិច្ច​សកល។

ប្រ​ទេស​អា​ល្លឺ​ម៉ង់​ចាំ​បាច់​ត្រូវ​តែ​ស្វែង​រក​មូល​ដ្ឋា​ន​រួមគ្នា​​ជា​មួយ​នឹង​រដ្ឋ​ការ​របស់​លោក Trump ប្រ​សិន​បើ​ខ្លួន​ចង់​​បាន​​កិច្ច​ប្រ​ជុំ​កំពូល​ G20 ឱ្យ​មាន​ប្រ​សិទ្ធិ​ភាព​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា។ ហេដ្ឋា​រច​នា​សម្ព័ន្ធ ការ​វិ​និយោគ​ទុន ការ​ចៀស​វាង​យក​ពន្ធ​ជា​ច្រើន​ដង ការ​​ផ្តល់​ហិរញ្ញ​ប្ប​ទានដល់ពួក​​ភេរ​វ​កម្ម និង​មាន​ផល​ប៉ះពាល់​ដែល​ទទួល​បាន​លទ្ធ​ផល​ជា​ផ្លែ​ផ្កា។ ប៉ុន្តែ​នៅ​ពេល​ដែល​កិច្ច​ប្រ​ជុំ​កំពូល​កំពុង​តែ​ដំ​ណើរ​ការនោះ ប្រ​ទេស​អា​ល្លឺ​ម៉ង់​ហាក់​បី​ដូច​ជា​ទទួល​បរា​ជ័យ។ ជំនួស​ឱ្យ​ការ​ស្វែង​រក​មូល​ដ្ឋាន​រួម​គ្នា អធិការ​ប​តី​អា​ល្លឺ​ម៉ង់ លោក​ស្រី Angela Merkel បាន​ធ្វើ​ការ​វាយ​បក​។ ​មិន​អាច​លាក់​បាំង​នូវ​គោល​បំណង​​របស់​លោក​ស្រីបានទេ​​ លោក​ស្រី​បាន​ចំអក​សុន្ទ​រ​កថា​របស់​លោក Trump ថា​ គួរ​ឱ្យ​ចាប់​អារម្មណ៍បែប​វប្ប​ធម៌។ លោក​ស្រី​បាន​និយាយ​កំប្លែង​លេង​ថា វា​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ដែល​មើល​ឃើញ​លោក​ Trump ប្រកាន់​ឥរិយា​ថបែប​នេះ​ទៅ​លើ​បរិ​ស្ថាន។ លោក​ស្រី​បាន​ព្រ​មាន​ថា សហ​ភាព​អឺរ៉ុប​ប្រ​ហែល​ជា​មិន​អាច​ពឹង​ពាក់​លើ​​សហ​រដ្ឋ​អា​មេ​រិក​ត​ទៅ​ទៀត​ទេ​នា​ពេល​អនា​គត។

ដូច​ដែល​យើង​បាន​មើល​ឃើញ​នាពេល​ឥឡូវ​នេះ ភាព​រីក​ចម្រើន​ជាវិជ្ជ​មាន​នៅ​ឯ​កិច្ច​ប្រ​ជុំកំពូល G20 នា​ពេល​ខាង​មុខ​ មិន​ត្រូវបាន​គេលើក​យក​មក​ពិ​ភាក្សា​ទេ។ ក្តី​សង្ឃឹម​ដ៏​ល្អ​បំផុត​ គឺ​ត្រូវ​កំណត់​ថា​តើ​ទំហំ​ប៉ុណ្ណាជា​ការ​ធាក់​ថយ​ក្រោយ​របស់​ប្រ​ទេស G20 ទៅលើ​កម្រិត​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​សកល។ ការ​ដែល​លើក​ឡើង​ដ៏​សំខាន់​នៃ​ប្រ​ទេស G20 សម្រាប់​បណ្តា​មេ​ដឹក​នាំ ​គឺ​​ជា​ការ​ផ្តល់​ឱ្យ​ពួក​គេ​នូវ​នយោ​បាយ​ឈ្នះ។ តាម​រយៈ​ការ​ប្រើ​ប្រាស់​ឱ្យ​បាន​ជា​លទ្ធ​ផល​ ដែល​វា​អាច​ជួយ​ពួក​គេ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈមជា​​សកល​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​របស់​ពួក​គេ។ វា​អាច​ជួយ​ពួក​គេ​ផង​ដែរ​ដើម្បី​ដាក់​ចេញនូវ​​គោល​នយោ​បាយ​ក្នុង​ស្រុក ផ្តល់គំនិត​ដែល​ជា​គោលនយោ​បាយ​ថ្មី​ដល់ពួក​គេ​ ផ្តល់ទស្សនៈ​អន្តរ​ជាតិ​ចំពោះ​បញ្ហា​របស់​ពួកគេ និង​ជំរុញ​ភាព​ជឿ​ទុក​ចិត្ត​របស់​ពួក​គេ​ ក្នុង​នាម​ជា​បុរស​រដ្ឋ​នៅ​លើ​ឆាក​អន្តរ​ជាតិ៕

​​​​(​ប្រភព: East Asia Forum ចុះថ្ងៃទី០២ ខែ​​​​​កក្កដា​​​ ឆ្នាំ២០១៧)


ចិន​ និងរុស្ស៊ី​ បាន​ចុះហត្ថ​លេខា​លើផែនទី​បង្ហាញ​ផ្លូវស្តីពី​កិច្ចសហប្រតិបត្តិការ​យោធា

ឯក​អគ្គ​រដ្ឋ​ទូត​ចិន​បាន​និយាយ​ថា ទំនាក់​ទំនងស៊ី​ជម្រៅ​​រវាង​ចិន និង​រុស្ស៊ី​ គឺ​ជា​ជម្រើស​យុទ្ធ​សាស្រ្ត​សម្រាប់​ប្រ​ទេស​ទាំង​ពីរ។ ប្រ​ទេស​ចិន និង​រុស្ស៊ី​មាន​បំណង​ចង់​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​លើ​វិស័យ​ជា​ច្រើន។ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិ​ថុ​នា​ ក្រ​សួង​ការ​បរ​ទេស​ចិន​បាន​បញ្ជាក់​ថា ចិន​ និង​រុស្ស៊ី​​បាន​ចុះ​ហត្ថ​លេ​ខា​លើ​ផែន​ទី​បង្ហាញ​ផ្លូវ ស្តី​ពី​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​សម្រាប់​ឆ្នាំ​២០១៧-២០​២០។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុ​នា រដ្ឋ​មន្រ្តី​ការ​ពារ​ជាតិ​ចិន លោក Chang Wanquan បាន​ជួប​ជា​មួយ​នឹង​សម​ភាគី​រុស្ស៊ី​របស់​គាត់ លោក Sergei Shoigu នៅ​ទី​ក្រុង Astana នៃ​ប្រ​ទេស Kazakhstan ក្នុង​អំឡុង​កិច្ច​ប្រ​ជុំ​កំពូល​នៃ​អង្គ​ការ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ Shanghai។ បើ​យោង​តាម​ទី​ភ្នាក់​ងារសារ​ព័ត៌​មាន​រុស្ស៊ី​ TASS បាន​ឱ្យ​ដឹង​ថា លោក Shoigu បាន​លើក​ឡើង​ថា ការ​ចុះ​ហត្ថ​លេ​ខា​លើ​ផែន​ទី​បង្ហាញ​ផ្លូវ ​ស្តី​ពី​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​យោ​ធា​នៅ​ថ្ងៃ​ជា​មួយ​គ្នា​ដែល​រដ្ឋ​មន្រ្តី​ទាំង​ពីរ​រូប​បាន​ជួប​គ្នា។

នៅ​ឯ​សន្និ​សីទ​សារ​ព័ត៌​មានប្រ​ចាំ​ថ្ងៃ​​កាល​ពីទី​២៩ ខែ​មិថុ​នា អ្នក​នាំពាក្យ​ក្រ​សួង​ការ​បរ​ទេស​ចិន លោក Wu Quian បាន​បញ្ជាក់​ថា លោក Chang Wanquan បាន​ចុះ​ហត្ថ​លេ​ខា​លើ​ផែន​ទី​បង្ហាញ​ផ្លូវ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុ​នា​ក្នុង​ពេល​ជួប​ជា​មួយ​នឹង​លោក Shoigu។ គាត់​បាន​បង្ហាញ​ពី​ផែន​ទី​បង្ហាញ​ផ្លូវ​ និង​ផែន​ការ​សម្រាប់​ជំហាន​បន្ទាប់៖ ផែន​ទី​បង្ហាញ​ផ្លូវ​នេះ​បង្កើត​គម្រោង​ការ​កម្រិត​ខ្ពស់​បំផុត និង​ផែន​ការ​ទូ​ទៅ​សម្រាប់​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​យោ​ធា​រវាង​ចិន និង​រុស្ស៊ី​នៅ​ឆ្នាំ​២០១៧-២០២០។ វាបង្ហាញ​នូវ​ការ​ទុក​ចិត្ត​គ្នាទៅ​វិញ​ទៅ​មក​ក្នុង​​កម្រិត​ខ្ពស់ និង​កិច្ច​សហ​ប្រ​តិបត្តិ​ការ​ផ្នែក​យុទ្ធ​សាស្រ្ត ​ដែល​វាអនុ​គ្រោះ​សម្រាប់​ភាគី​ទាំង​ពីរ​ដើម្បី​ប្រ​ឈម​នូវ​ការ​គំរាមកំហែង និង​បញ្ហា​ប្រ​ឈម​​ថ្មី​​​​ផ្នែក​សន្តិ​សុខ​ និង​ការ​ពារ​សន្តិ​ភាព និង​ស្ថិរ​ភាព​ថ្នាក់​តំបន់​រួម​គ្នា​។ ក្នុង​ជំហាន​បន្ទាប់​ទៀត ភាគី​ទាំង​ពីរ​នឹង​បង្កើត​ផែន​ការ​ជាក់​លាក់​មួយ​ដើម្បី​លើក​កម្ពស់​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​យោ​ធា។

ជា​ការ​ពិត ប្រ​ទេស​ចិន និង​រុស្ស៊ី​កំពុង​តែ​ពង្រឹង​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​យ៉ាង​ទូលំទូ​លាយ។ ប្រ​ធានា​ធិប​តី​ចិន លោក Xi Jinping នឹង​ធ្វើ​ដំណើរ​ទស្ស​ន​កិច្ច​ទៅ​កាន់​ប្រ​ទេស​រុស្ស៊ី និង​ជួប​ជា​មួយ​នឹង​សម​ភាគី​របស់​គាត់​ លោក Vladimir Putin នៅ​ថ្ងៃ​ទី​៣-៤ ខែ​កក្ក​ដា។ បើយោង​តាម​វិ​មានក្រឹមឡាំង​បាន​ឱ្យ​ដឹង​ថា «​ការ​​ចរ​ចា​ថ្នាក់​កំពូល​​នេះ​នឹង​ផ្តោត​លើ​ភាព​ជា​ដៃ​គូរួម និង​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ផ្នែក​យុទ្ធ​សាស្រ្ត។ ហើយ​ឯក​សារ​ទ្វេ​ភាគី​មួយ​ចំនួន​នឹងត្រូវ​​បាន​ចុះ​ហត្ថ​លេ​ខា​» ក្នុង​អំឡុង​កិច្ច​ប្រ​ជុំ​ថ្នាក់​កំពូល។ ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រ​ចាំ​ប្រ​ទេស​រុស្ស៊ី លោក Li hui បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​នឹង​សារ​ព័ត៌​មាន​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុ​នា​ថា «​នេះ​គឺ​ពិត​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​បំផុត​ក្នុង​ទំនាក់​ទំនង​ទ្វេ​ភាគី​នៅ​ឆ្នាំ​នេះ។ ដំណើរ​ទស្ស​ន​កិច្ច​នេះ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ ហើយ​វាពិត​ជា​​នឹងជួយ​ជំរុញ​នូវ​កម្លាំង​ចលករ​ថ្មី​ចំពោះ​ទំនាក់​ទំនង​ ចិន-រុស្ស៊ី ដែល​​ទំនាក់​ទំនង​ទ្វេ​ភាគីស៊ី​ជម្រៅ​នេះគឺ​ជា​ជម្រើស​យុទ្ធ​សាស្រ្ត​សម្រាប់​ប្រ​ទេស​ទាំង​ពីរ។

ក្រៅ​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​យោ​ធា ក៏​នៅ​មាន​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ថ្នាក់តំបន់​​ដែល​ចែង​យ៉ាង​ពិស្តារ​ស្ថិត​នៅ​ក្រោម​កិច្ច​ពិ​ភាក្សា​ផង​ដែរ។ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុ​នា​​ ឧ​ប​នាយក​រដ្ឋមន្រ្តី​​រុស្ស៊ី លោក Yury Trutnev បាន​ជួប​ជា​មួយ​នឹង​ឧ​ប​នាយក​រដ្ឋ​មន្រ្តី​ចិន លោក Wang Yang ក្នុង​ទី​ក្រុង​ប៉េ​កាំង​ ហើយ​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​លើ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​បន្ថែម​ទៀតរវាងប្រ​ទេស​ចិន​​ភាគ​ឦសាន​ ប្រ​ទេស​រុស្ស៊ី​ចុង​​បូព៌ា និង​តំបន់ ​Baikal។ ទោះ​បី​ជា​ទំនាក់​ទំនង ​ចិន-រុស្ស៊ី​ ហាក់​បី​ដូច​ជាត្រូវ​បាន​គេ​មើល​ឃើញ​ថា ឈានដល់​កម្រិត​ខ្ពស់​​មិន​ធ្លាប់​កើត​ឡើង​ពី​មុន​មកក៏​ដោយ​ ក៏​​លោក Putin បាន​​និយាយ​ថា រុស្ស៊ី​នៅ​តែ​ខិត​ខំ​ឱ្យ​អស់​ពី​សមត្ថ​ភាព​របស់​ខ្លួន។

គ្រាន់​តែ​រយៈពេល​ពីរ​សប្តាហ៍ បន្ទាប់​ពី​ចិន និង​រុស្ស៊ី​បាន​ចុះ​ហត្ថ​លេ​ខា​លើ​ផែន​ទី​បង្ហាញ​ផ្លូវ​ស្តី​ពី​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​យោ​ធា រុស្ស៊ី​បាន​ចុះ​ហត្ថ​លេ​ខា​លើផែន​ទី​បង្ហាញ​ផ្លូវ​ស្តី​ពី​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​យោ​ធាមួយ​ផ្សេង​ទៀត​ជា​មួយ​នឹង​ឥណ្ឌា​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុ​នា ខុស​ពី​អតីត​កាល​ដែល​ថា ភាព​តាន​តឹ​ង​រវាង​ចិន​ និង​ឥណ្ឌា​នៅ​តាម​បណ្តោយ​ព្រំ​ដែន​កំពុង​តែ​កើន​ឡើង។ ទាក់​ទិន​ទៅ​នឹងផែន​ទី​បង្ហាញ​ផ្លូវ​ស្តី​ពី​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​យោ​ធារវាង​រុស្ស៊ី និង​ឥណ្ឌា​នោះ លោក Shoigu បាន​និយាយ​ថា ប្រ​ទេស​ទាំង​ពីរ​បាន​ប្តេ​ជ្ញាចិត្ត​បន្ត​​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ក្នុង​គោល​បំណង​ដើម្បីបង្កើន​ការ​​ត្រៀមខ្លួន​ប្រយុទ្ធ​នៃ​កង​កម្លាំង​ប្រ​ដាប់​អាវុធ​របស់​ប្រ​ទេស​ទាំង​ពីរ នេះ​បើ​យោង​តាម​សារ​ព័ត៌​មាន ​TASS៕

(ប្រភព: The Diplomat ចុះថ្ងៃទី០២ ខែកក្កដា​​​ ឆ្នាំ២០១៧)


ធ្វើច្បាប់ដើម្បីការពារសន្តិភាពនិងការអភិវឌ្ឍជូនជាតិនិងប្រជាជនកម្ពុជា

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទមួយសម្រាប់សាធា​រណជនធ្វើការពិចារណាដោយដាក់ចំណងជើងថា «ធ្វើច្បាប់ដើម្បីការពារសន្តិភាពនិងការអភិវឌ្ឍជូនជាតិ និងប្រជាជនកម្ពុជា » ដែលមានខ្លឹមសារដូចខាងក្រោម៖

ធ្វើច្បាប់ដើម្បីអ្វី ឬដើម្បីនរណា? នេះជាសំណួរដែលទណ្ឌិត សម រង្ស៊ី បានចោទសួរឡើងនៅលើហ្វេសប៊ុករបស់ខ្លួន សំដៅទៅលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលក្រុមតំណាងរាស្ត្របាននិងកំពុងពិនិត្យ និងធ្វើវិសោធនកម្មជាលើកទី២ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែង ដែលទណ្ឌិតម្នាក់ដែលមានមាត់អត់គម្របកំពុងដើរញុះញង់ បញ្ឆេះកំហឹង និងប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាតាមរយៈការបង្កសង្គ្រាមពាក្យសម្តីឥតឈប់ឈរ។ ចម្លើយយ៉ាងខ្លីទៅនឹងសំណួររបស់ទណ្ឌិត សម រង្ស៊ី គឺគេធ្វើ ច្បាប់ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាន និងដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋមិនឱ្យមារសត្រូវដូចជាទណ្ឌិត សម រង្ស៊ី យកកម្ពុជាទៅធ្វើជាកន្លែងជះកំហឹង ឬគំនុំសងសឹកឈាមឪពុកដែលគេចោទថាជាជនក្បត់ជាតិនោះឡើយ។ ម្យ៉ាងទៀត ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវការពារសន្តិភាព និងការអភិវឌ្ឍឱ្យបានព្រោះវាពិត ជារកមកបានដោយពិបាកណាស់។

ទោះបីជារាស្ត្រមួយនគរបានដឹងថា សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុង និងជាជនកំសាក​ញី ក៏ សម រង្ស៊ី នៅតែបញ្ចេញាឫកពារខែងរែងក្រអឺតក្រទមដោយបានសរសេរតាមហ្វេសប៊ុក និងនិយាយតាមរលកវិទ្យុថា «…..មិនចាំបាច់កែច្បាប់ចុះឡើង ហើយមិនចាំបាច់ខ្លាចរូបខ្ញុំ ឈ្មោះ​ខ្ញុំ សម្លេងខ្ញុំ និងស្រមោលខ្ញុំ ដល់ថ្នាក់ហ្នឹងទេ…..»។ តើនរណាខ្លាចនរណា? ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសហើយថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយមិនមែនដោយសារតែខ្លាចនរណាម្នាក់នោះទេ។ ប៉ុន្តែចាំបាច់ត្រូវបែងចែកឱ្យបានច្បាស់លាស់ មិនអាចឱ្យទណ្ឌិតមកពាក់ព័ន្ធនឹងគណបក្សនយោបាយ ហើយ ដើរបង្កបញ្ហា អន្តរាយដល់សមិទ្ធផលជាតិដោយសារតែពាក្យសម្តីបង្កសង្គ្រាមឡើយ។

គេមិនខ្លាច សម រង្ស៊ី ឡើយ ហើយក៏គេដឹងចរិតរបស់បុគ្គល សម រង្ស៊ី ច្បាស់ដែរ។ អ្នកដែលគួរនិយាយពាក្យថាខ្លាច គួរតែទណ្ឌិត សម រង្ស៊ី ផ្ទាល់វិញទេ ដែលត្រូវនិយាយថា «ខ្លាចគុក»។

សន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាបានទទួលក្នុងរយៈពេលជាង ២០ ឆ្នាំមកនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង ការលះបង់របស់ប្រជាពលរដ្ឋខ្មែរ ក្រោយមការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីការវាយផ្តួលរំលំរបបខ្មែរក្រហមនៅឆ្នាំ ១៩៧៩ ការកសាងប្រទេសផង និងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក៏ដូចជាបញ្ចប់សង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍ដោយនយោបាយ ឈ្នះ-ឈ្នះ ដាក់ចុះអនុវត្តដោយ សម្តេចតេជោ ហ៊ុន សែន នាំយកសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ខណៈបេ​សកកម្មរបស់កងកម្លាំងថែរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិនៅកម្ពុជាបរាជ័យ មិនអាចនាំយកសន្តិភាព និងការបង្រួមបង្រួមជាតិបានជោគជ័យឡើយដោយបន្សល់ទុកនូវ   រដ្ឋាភិបាល ២ និងដែនដីកម្ពុជាត្រូវបានបែងចែកជាពីរតំបន់។

វិធានការ ច្បាប់នានាគួរត្រូវបានអនុវត្តរាប់ទាំងការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សន​យោបាយបន្ថែមទៀតដើម្បីការពារសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាន ហើយរាស្ត្រខ្មែរនឹងមិនអនុញ្ញាតឱ្យទណ្ឌិតដែលជាប់សែស្រឡាយអ្នកក្បត់ជាតិមកបង្កការរស់នៅដ៏សុខសាន្ត និងការរីកចម្រើនក្នុងភាពសុខដុមរមនារបស់ប្រជាជនកម្ពុជាឡើយ! ដូច្នេះ ទណ្ឌិត សម រង្ស៊ី គួរដឹងខ្លួន និងយល់ថាដោយសារតែចរិតធម្មជាតិដ៏ពិសពុល និងមាត់អត់គម្របរបស់លោក ទើប លោកក្លាយជាទណ្ឌិតមានសម្ពាយទោសជាប់ខ្លួនដូចពេលនេះ!

ដោយ៖ ចៅចាក់ ស្មុក


លោក សុខ ឥសាន ៖ តំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា ជាង៣០នាក់ ចុះហត្ថលេខាស្នើធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា  ក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ច្រើនជាង៣០នាក់ បានចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយរួចហើយ ហើយសេចក្តីស្នើច្បាប់នេះ ត្រូវបានប្រគល់ជូន គណៈកម្មការជំនាញទី៦របស់រដ្ឋសភា ត្រួតពិនិត្យ។

លោក សុខ ឥសាន បានបញ្ជាក់បែបនេះ ប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន នៅឯវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ដែលពិភាក្សាអំពីរបៀបវារៈចំនួន២ ផ្សេងទៀត។

លោក សុខ បាន ថ្លែងថា៖ «យើងបានចុះហត្ថលេខាជាង៣០នាក់ លើសេចក្តីស្នើច្បាប់នេះ ដែលចាត់ទុកជាបានការណ៍ហើយ ជូនទៅគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ដើម្បីចាត់តាំងឱ្យគណៈកម្មការជំនាញធ្វើកិច្ចការហ្នឹង»។ លោកបន្តថា គណៈកម្មការអចិន្រ្តៃយ៍ ប្រគល់ជូនគណៈកម្មការទី៦ ត្រួតពិនិត្យ។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ដែលបានចូលរួមប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា នៅព្រឹកនេះ បានបញ្ជាក់ថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នឹងចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សា និងត្រួតពិនិត្យលើសេចក្តីស្នើ វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ នាពេលខាងមុខនេះ។
សូមបញ្ជាក់ថា ការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បានធ្វើឡើង បន្ទាប់ពី មេដឹកនាំកំពូលរបស់ គណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលពីថ្ងៃពុធ សប្តាហ៍មុន បានព្រមានជាថ្មីថា តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា នឹងស្នើឱ្យរដ្ឋសភាធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ជាថ្មីម្តងទៀត ដើម្បីធ្វើយ៉ាងណាកុំឱ្យទណ្ឌិត ឬអ្នកទោស អាចធ្វើសកម្មភាព នយោបាយតាមតែចិត្ត។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «បើវាមិនច្បាស់ យើងត្រូវធ្វើឱ្យច្បាស់ តើអ្នកទោសមានសិទ្ធិភ្ជាប់ខ្លួនទៅនឹងគណបក្សនយោបាយដែរឬទេ? ប្រសិនបើវាមិនគ្រប់គ្រាន់ យើងត្រូវធ្វើវិសោធនកម្មច្បាប់បន្ថែមទៀត អំពីបក្សនយោបាយ ដែលមុននេះមិនតម្រូវឱ្យអ្នកទោស ទទួលតួនាទីជាមួយនឹងឋានៈណាមួយ នៅក្នុងគណៈកម្មាធិការនាយក ឬប្រធានបក្សនោះទេ ប៉ុន្តែឥឡូវនេះការចេញមុខរបស់មនុស្សដែលគ្មានការអៀនខ្មាស់ តើចំណោទខាងផ្លូវច្បាប់វាយ៉ាងម៉េច?»
លោកបានរិះគន់បន្ថែមថា «អ្នកទោស វាតែងតែបាត់បង់សិទ្ធិបោះឆ្នោត ចុះហេតុអ្វីអ្នកទោស បែរក្លាយទៅជាអ្នកបង្កសង្រ្គាមដែលបង្កសង្រ្គាមអត់ចេះឈប់។ ខ្ញុំសូមស្នើឱ្យសមាជិក សមាជិការសភានៃគណបក្សប្រជាជនកម្ពុជា ពិនិត្យមើល អាចស្នើសុំធ្វើវិសោធនកម្ម នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលកុំឱ្យអ្នកទោស ធ្វើសកម្មភាពតាមរបៀបនេះ ព្រោះរឿងនេះគឺជារឿងផ្លូវច្បាប់ មិនអាចលេងសើចបានទេ នៅក្នុងដំណើរការប្រជាធិបតេយ្យ»។

ទោះជាមិនបញ្ចេញឈ្មោះអំពីទណ្ឌិតដែលធ្វើសកម្មភាពនយោបាយខុសច្បាប់នោះក៏ដោយ ប៉ុន្តែលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទំនងជាសម្តៅទៅលើទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលនិរទេសខ្លួនឯងទៅក្រៅប្រទេស ដែលទើបនឹងបានបង្កើតវីដេអូមួយ កាលពីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីវាយប្រហារ នឹងលាបពណ៌យ៉ាងធ្ងន់ធ្ងរ ទៅលើគណបក្សប្រជាជនកម្ពុជា ដោយមិនខ្លាចមានទោស។

តាមរយៈវីដេអូដែលបង្ហោះនៅលើទំព័រ Facebook នោះ លោក សម រង្ស៊ី បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរំដោះប្រជាពលរដ្ឋខ្មែរ ឱ្យរួមផុតពីរបបប៉ុលពតថា ជាគណបក្សដែលបង្កើតឡើងដោយវៀតណាម ហើយធ្វើអ្វីៗតាមការបង្គាប់បញ្ជារបស់វៀតណាម។លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រតិកម្មចំពោះការវាយប្រហារនេះ។ លោកចាត់ទុកថា ការវាយប្រហាររបស់ លោក សម រង្ស៊ី គឺជាការជេរប្រមាថលាបពណ៌ ដែលគណបក្សប្រជាជនកម្ពុជា មិនអាចអត់ធ្មត់ និងទទួលយកបានឡើយ ៕


រដ្ឋា​ភិបាល​ថៃ​ សម្រេចព្យួរ​ការ​អនុវត្តច្បាប់​ថ្មី​របស់ខ្លួន​ដែលរឹត​បន្តឹង​ពលករបរទេស​ ហើយ​ផ្តល់ការ​អនុគ្រោះ​ជាងគេ​ចំពោះ​ពលករ​កម្ពុជា

រាជ​រដ្ឋាភិបាល​ថៃ បាន​សម្រេចព្យួរ​ការ​អនុវត្តច្បាប់​ដ៏តឹងរឹង​ចំពោះពលករបរទេស​របស់ខ្លួនមួយ​រយៈពេល​ ហើយច្បាប់​រឹតបន្តឹងនេះ​ធ្វើឡើងមិន​មែនសម្រាប់​កម្ពុជា​នោះទេ គឺ​សម្រាប់ប្រទេសទាំងអស់​ដែល​មានពលករធ្វើការនៅប្រទេសថៃ។ ដើម្បីជួយសម្រួលដល់ពលករ ពលការិនីកម្ពុជា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រ​សួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងដឹកនាំប្រតិភូកម្ពុជាទៅជួបជាមួយសមភាគី​ថៃ។ ​នេះ​​បើតាមការបញ្ជាក់របស់ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា​ជីវៈ ដែលបានថ្លែង នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ។

លោក ហេង សួរ បានបញ្ជាក់ថា ដោយឡែកសម្រាប់ពលករកម្ពុជាវិញ បន្ទាប់ពីមានការស​ម្របសម្រួលពីភាគីកម្ពុជា រដ្ឋាភិបាលថៃបានសម្រេចថា នឹងអនុគ្រោះដល់ពលករខ្មែរ ដែលមានប័ណ្ណពណ៌ស៊ីជម្ពូ (កាតអនុញ្ញាតឱ្យធ្វើការដល់ពលករ​ ដែលមិនទាន់ស្របច្បាប់) ឱ្យអាចបន្តស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសខ្លួនបាន ប៉ុន្តែមិនអនុញ្ញាតឱ្យដូរថៅកែនោះទេ។ ភាគីថៃបានផ្តល់ការអនុគ្រោះដល់កម្ពុជាច្រើនជាងគេ ដោយថៃអនុញ្ញាតឱ្យពលករដែលមានប័ណ្ណស៊ីជម្ពូអាចស្នាក់នៅ និងធ្វើការបន្តដោយ ស្របច្បាប់នៅទីនោះ។

លោក ហេង សួរ ក៏បានបញ្ជាក់ថា ភាគីថៃ បានកោតសរសើរដល់សមត្ថភាពពលករកម្ពុជា ហើយប្តេជ្ញាសហការជាមួយ កម្ពុជា ជំរុញការផ្តល់ភាពស្របច្បាប់ដល់​ ពលករកម្ពុជា ដែលមានកាន់ប័ណ្ណពណ៌ស៊ីជម្ពូរឱ្យកាន់តែលឿន។ ប៉ុន្តែភាគីថៃ សំណូមពរសូមឱ្យបងប្អូនពលករកុំផ្លាស់ប្តូរថៅកែ និងកុំឈប់សម្រាកញឹកញាប់។

សូមបញ្ជាក់ថា នាថ្មីៗនេះ រាជរដ្ឋាភិបាលថៃ បានចេញច្បាប់ថ្មីមួយ ដោយធ្វើការរឹតបន្តឹងខ្លាំងក្លាទៅលើពលករបរទេស ដែលទៅធ្វើការងារនៅប្រទេស។ ច្បាប់នេះ មានការដាក់ទោសធ្ងន់ធ្ងរ ដល់ពលករបរទេស និងថៅកែថៃ ទាំងឡាយណា ដែលធ្វើការខុសច្បាប់ ឬទទួលយកពលករបរទេសធ្វើការដោយមិនមានច្បាប់អនុញ្ញាត។ ច្បាប់ថ្មីៗនេះ កំពុងធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ដល់ពលករបរទេសរាប់លាននាក់ ដែលកំពុងធ្វើការ នៅប្រទេសថៃ ក្នុងនោះមាន កម្ពុជា ភូមា ឡាវ វៀតណាម និងបង់ក្លាដេសជាដើម៕


គណៈប្រតិភូចិន ក្រុងសៀងហៃ ចូលជួបសម្តែងការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​អាជ្ញាធរជាតិ​អប្សរា​ ដើម្បីស្វែង​យល់ពី​តំបន់រមណីយ​ដ្ឋានអង្គរ​

កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ គណៈប្រតិភូចិនចំនួន២៧នាក់ អតីតនិស្សិតសាកលវិទ្យាល័យ FUDAN ក្រុងសៀងហៃ បានមកទស្សនកិច្ចតំបន់អង្គរ ព្រមទាំងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងយល់បន្ថែមពីតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញនេះ។

ជំនួបនេះធ្វើឡើងនៅទីស្នាក់ការរបស់អាជ្ញាធរជាតិអប្សរា ទទួលស្វាគមន៍ដោយលោក ហង់ ពៅ អគ្គនាយករងតំណាងលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំផ្សេងទៀត ដើម្បីធ្វើបទបង្ហាញពីកិច្ចការគ្រប់គ្រង និងរៀបចំតំបន់អង្គររបស់អាជ្ញាធរជាតិអប្សរា ពិសេសទាក់ទងនឹងវប្បធម៌ និងវិស័យទេសចរណ៍។

តាមការបញ្ជាក់ពីថ្នាក់ដឹកនាំគណៈប្រតិភូចិនបានបញ្ជាក់ថា គណៈប្រតិភូទាំង២៧នាក់ភាគច្រើន គឺទើបមកកាន់កម្ពុជា ជាលើកដំបូង ដែលអ្នកខ្លះជាសាស្ត្រាចារ្យសាកលវិទ្យាល័យ និងអគ្គនាយកក្រុមហ៊ុន ដែលមានជំនួញលើវិស័យអប់រំ អចលនទ្រព្យ ទេសចរណ៍ រចនាម៉ូតអលង្ការ សំណង់ជាដើម។

ប្រធានដឹកនាំក៏បានបន្តទៀតថា ពួកយើងមកទស្សនកិច្ចម្តងនេះ ក្រៅពីដើរកម្សាន្ត គឺមកដើម្បីស្វែងយល់ពីតំបន់អង្គរ និងស្វែងរកលទ្ធភាពវិនិយោគទៅលើផ្នែកណាមួយ នៅទីនេះ ថាមានអ្វីជាអាទិភាព។ លោកក៏បានសម្តែងការអរគុណចំពោះការទទួលរាក់ទាក់យ៉ាងកក់ក្តៅ ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដែលបានធ្វើនូវបទបង្ហាញពីតំបន់អង្គរ ព្រមទាំងឆ្លើយតបរាល់សំណួរ និងផ្តល់យោបល់ជាច្រើនទាក់ទងនឹងជំនួញអាទិភាពក្នុងតំបន់អង្គរ។

លោក ហង់ ពៅ ក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូទាំងអស់ ដែលមានបំណងចង់ស្វែងយល់ពីអង្គរ ហើយមានបំណងចង់វិនិយោគនៅទីនេះ ដែលជាកត្តារួមចំណែកក្នុងការជួយសេដ្ឋកិច្ចកម្ពុជា។ ចំពោះការវិនិយោគនៅក្នុងតំបន់រមណីយដ្ឋានសៀមរាប-អង្គរ អាជ្ញាធរជាតិអប្សរា ត្រៀមនឹងចូលរួមជួយផ្តល់យោបល់រាល់គម្រោងទាំងអស់ មុននឹងដាក់ឆ្លងគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ (ICC-Angkor) ដើម្បីឱ្យគម្រោងទាំងនោះអនុវត្តបាន៕