Monday, July 03, 2017

ទំព័រ Facebook ចៅចាក់ស្មុក៖ សម្រាប់បក្សប្រឆាំង ខ្យល់បក់ ដីហុយ ក៏ដោយសារឥទ្ធិពលបរទេស និងជារឿងនយោបាយដែរ

បន្ទាប់ពីអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែលទំព័រ Facebook ចៅចាក់ស្មុកហៅថាជាស្តេចល្បែង បាន​អត្ថាធិប្បាយ​កេងចំណេញនយោបាយទៅលើការដោះលែងបន្តោះអាសន្នមន្ត្រីអាដហុក និងគជប ទាំង៥នាក់ឱ្យនៅក្រៅឃុំ​ តាមការសម្រេចរបស់តុលាការនោះ ភ្លាមៗទំព័រហ្វេសប៊ុក​ចៅចាក់ស្មុក​ បាន​បង្ហោះផ្សាយនូវអត្ថបទ​​មួយជុំវិញការបង្ហោះនោះដោយដាក់ចំណងជើងថា​ «សម្រាប់បក្សប្រឆាំង ខ្យល់បក់ ដីហុយ ក៏ដោយសារឥទ្ធិពលបរទេស និងជារឿងនយោបាយដែរ» ​ដែល​មានខ្លឹម​សារដូច​ខាងក្រោម៖​

ដោយមិនខ្វល់ខ្វាយ ឈឺឆ្អាល និងអបអរសាទរស្វាគមន៍លើជោគជ័យផ្នែកកីឡា ឬក៏ចូលរួមសោកស្តាយការពលីជីវិតរបស់កងទ័ពកម្ពុជា និងបញ្ហាជាអាយុជីវិតជាតិផ្សេងៗទៀតដោយសារតែខ្លួនមិនអាចកេងចំណេញនយោបាយបាន បក្សប្រឆាំងធ្វើគថ្លង់ និងធ្វើមិនឃើញនូវសមិទ្ធផល និងបញ្ហាទាំងអស់នេះ។ ប៉ុន្តែប្រសិនបើរឿងរ៉ាវអ្វីដែលខ្លួនយល់ថាអាចទាញចំណេញផ្នែកនយោបាយ និងប្រជាប្រិយភាពបាន បក្សប្រឆាំងមិនបង្អង់យូរឡើយ ពិតជាចេញសេចក្តីថ្លែងការណ៍ដើម្បីស្វាគមន៍ក្នុងន័យនយោបាយមួយដើម្បីទាញផលប្រយោជន៍ក្នុងនោះរាប់តាំងពីការកេងចំណេញពីសាកសព ឬអ្នកជាប់ឃុំ។ ជាក់ស្តែងបក្សសង្គ្រោះជាតិក្នុងនោះ មានសេ្តចល្បែង និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ អេង ឆៃអ៊ាង បានចេញមកធ្វើជា តួអ្នកសង្គ្រោះក្លែងក្លាយដោយនិយាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ថា ការដោះលែងមន្រ្តីអាដហុក និងគ.ជ.ប ទាំង ៥ នាក់ ឱ្យនៅក្រៅឃុំ គឺមានអ្នកមានអំណាចជាអ្នកចាត់ចែងនៅខាងក្រោយ ហើយថា វាជាចលនានយោបាយជំរុញច្រើ​នជាងការអនុវត្តតាមច្បាប់។

ឱ! អនិច្ចា ក្នុងក្រសែភ្នែករបស់បក្សប្រឆាំងមានតែរឿងនយោបាយប៉ុណ្ណោះ ទោះជាអ្វីៗប្រព្រឹត្តស្របតាមច្បាប់ ឬរឿងដែលកើតឡើងតាមធម្មជាតិក៏ដោយ។ ពេល ខ្លះ ឆ្កែសកម្មជនខ្លួនងាប់ ក៏បក្សប្រឆាំងយកទៅធ្វើជារឿងនយោបាយដែរ។ ក្រោយ​ពី​តុលាការ​កម្ពុជា​បាន​សម្រេច​ដោះ​លែង​មន្ត្រី​អាដហុក​ទាំង​៤​នាក់ និង​មន្ត្រី​គ.ជ.ប ​ម្នាក់ បក្សប្រឆាំងថាមានអ្នកជួយជំរុញឱ្យមានការដោះលែង ចំណែកមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ និងមន្ត្រីក្រសួងយុត្តិធម៌ បាន​គូសបញ្ជាក់ថា ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នេះ​ធ្វើ​ឡើង​ទៅ​តាម​នីតិវិធី​របស់​តុលាការ មិន​មាន​ការ​ជំរុញ​ពី​ខាង​ណា​នោះ​ទេ ហើយការដោះលែងនេះគឺគ្រាន់តែជាការដោះលែងនៅក្រៅឃុំបណ្តោះ
អាសន្ន មិនមានន័យថាទម្លាក់ ការចោទប្រកាន់ប្រឆាំងនឹងជនសង្ស័យទាំង ៥ នាក់នេះឡើយ។ ដំណើរការនីតិ វិធីទៅលើពួកគេនៅដដែល ហើយមន្ត្រីអង្គការអាដហុក និងគ.ជ.បទាំង ៥ រូបនេះត្រូវបង្ហាញខ្លួននៅចំពោះ
មុខតុលាការ នៅពេលដែលមានការកោះហៅ។ ដូច្នេះ សូមស្តេចល្បែង អេង ឆៃអ៊ាង យល់ឱ្យច្បាស់ ហើយមនុស្សម្នាមិនចាញ់បោក ឬលង់នឹងសម្តីក្រអឺតក្រទមរបស់ម្សៀរទេ ព្រោះគេដឹងថា បក្សប្រឆាំងលោកទាញចំណេញផលប្រយោជន៍ដោយមិនរើសមុខឡើយ និងសូម្បីធ្វើអាជីវកម្មលើទុក្ខសោករបស់អ្នកដទៃ ឬពេលខ្លះយកឈាមរាស្ត្រស្លូតត្រង់មកធ្វើជាស្ពានដើម្បីអំណាច ក៏បក្សអស់លោកមិនញញើតឡើយ។

សម្តីរបស់អេង ឆៃអ៊ាង ត្រូវបានមន្ត្រីក្រសួងយុត្តិធម៌ចាត់ទុកថាជាការលាបពណ៌ លើការអនុវត្តច្បាប់របស់ស្ថាប័នតុលាការ។ ការសម្រេចឃុំខ្លួន ការសម្រេចមិនឃុំខ្លួន ការសម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្ន គឺជាអំណាចឯករាជ្យ របស់តុលាការក្នុងការអនុវត្តច្បាប់។ អេង ឆៃអ៊ាង គួរស្វែងយល់ក្រមនីតិវិធីព្រហ្មទណ្ឌ ឲ្យបានច្បាស់មុននឹងនិយាយ កុំចេះតែនិយាយលាបពណ៌ លើការអនុវត្តច្បាប់ ដោយតុលាការ ដែលជាស្ថាប័នឯករាជ្យបែបនេះ។

ថាកេងចំណេញ ឬមិនកេងចំណេញនយោបាយ មើលសម្តីរបស់អេង ឆៃអ៊ាង និងបក្សប្រឆាំងលើកឡើងដឹងហើយ! បក្សសង្គ្រោះជាតិតាមសំឡេងរបស់ អេង ឆៃអ៊ាង បាននិយាយថា ការដោះលែងនេះនឹងជំរុញឱ្យស្ថានការណ៍នយោបាយមានលក្ខណៈធូស្រាលជាងមុន ដោយសារតែការឃាត់ខ្លួនមន្រ្តីសង្គមស៊ីវិល និងគ.ជ.ប ធ្វើឡើងស្របពេលដែល គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ មានការប្រឈមដាក់គ្នាផ្នែកនយោបាយ ហើយការដោះលែងនេះនឹងធ្វើឱ្យបរិយាកាសនយោបាយល្អឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ ២០១៨។

ទៅឯណាឆ្កុយទៅវិញទៅ! ថាភ្លាវ ពិតជាភ្លាវមែន! បើក្រឡេកមើល សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅកម្ពុជា ទន្ទឹមនឹងស្វាគមន៍ចំពោះ ការដោះលែងមន្រ្តីអង្គការអាដហុក និងគ.ជ.ប ទាំង៥នាក់ នៅក្រៅឃុំជាបណ្តោះអាសន្ន ស្ថានទូតបានចាត់ទុកថា ការសម្រេចនេះ នឹងកាត់បន្ថយបន្ទុកទៅលើពួកគាត់។ ជារឿងបុគ្គលសុទ្ធសាធ ហេតុអ្វីក៏បក្សប្រឆាំងបែរជាផ្សាភ្ជាប់រឿងនេះទៅនឹងរឿងនយោបាយ? កម្ពុជាគ្មានអ្នកទោសនយោបាយ ឬអ្នកទោសមនសិការឡើយ មានតែអ្នកនយោបាយប្រព្រឹត្តបទល្មើសជាប់ទោស។ ម្យ៉ាងទៀត អ្នកនយោបាយមួយចំនួនគួរខ្មាសអៀនខ្លួនឯង ដែលពេលណាក៏និយាយ ពីស្រឡាញ់ជាតិ តែមួយម៉ាត់ណាក៏ពឹង និងជឿលើឥទ្ធិពលបរទេសដែរ។ ជឿរហូតដល់ ខ្យល់បក់ ដីហុយក៏ជាឥទ្ធិពលបរទេស ហើយទាញជារឿងនយោបាយដែរ៕


No comments:

Post a Comment