Monday, July 03, 2017

រដ្ឋា​ភិបាល​ថៃ​ សម្រេចព្យួរ​ការ​អនុវត្តច្បាប់​ថ្មី​របស់ខ្លួន​ដែលរឹត​បន្តឹង​ពលករបរទេស​ ហើយ​ផ្តល់ការ​អនុគ្រោះ​ជាងគេ​ចំពោះ​ពលករ​កម្ពុជា

រាជ​រដ្ឋាភិបាល​ថៃ បាន​សម្រេចព្យួរ​ការ​អនុវត្តច្បាប់​ដ៏តឹងរឹង​ចំពោះពលករបរទេស​របស់ខ្លួនមួយ​រយៈពេល​ ហើយច្បាប់​រឹតបន្តឹងនេះ​ធ្វើឡើងមិន​មែនសម្រាប់​កម្ពុជា​នោះទេ គឺ​សម្រាប់ប្រទេសទាំងអស់​ដែល​មានពលករធ្វើការនៅប្រទេសថៃ។ ដើម្បីជួយសម្រួលដល់ពលករ ពលការិនីកម្ពុជា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រ​សួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងដឹកនាំប្រតិភូកម្ពុជាទៅជួបជាមួយសមភាគី​ថៃ។ ​នេះ​​បើតាមការបញ្ជាក់របស់ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា​ជីវៈ ដែលបានថ្លែង នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ។

លោក ហេង សួរ បានបញ្ជាក់ថា ដោយឡែកសម្រាប់ពលករកម្ពុជាវិញ បន្ទាប់ពីមានការស​ម្របសម្រួលពីភាគីកម្ពុជា រដ្ឋាភិបាលថៃបានសម្រេចថា នឹងអនុគ្រោះដល់ពលករខ្មែរ ដែលមានប័ណ្ណពណ៌ស៊ីជម្ពូ (កាតអនុញ្ញាតឱ្យធ្វើការដល់ពលករ​ ដែលមិនទាន់ស្របច្បាប់) ឱ្យអាចបន្តស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសខ្លួនបាន ប៉ុន្តែមិនអនុញ្ញាតឱ្យដូរថៅកែនោះទេ។ ភាគីថៃបានផ្តល់ការអនុគ្រោះដល់កម្ពុជាច្រើនជាងគេ ដោយថៃអនុញ្ញាតឱ្យពលករដែលមានប័ណ្ណស៊ីជម្ពូអាចស្នាក់នៅ និងធ្វើការបន្តដោយ ស្របច្បាប់នៅទីនោះ។

លោក ហេង សួរ ក៏បានបញ្ជាក់ថា ភាគីថៃ បានកោតសរសើរដល់សមត្ថភាពពលករកម្ពុជា ហើយប្តេជ្ញាសហការជាមួយ កម្ពុជា ជំរុញការផ្តល់ភាពស្របច្បាប់ដល់​ ពលករកម្ពុជា ដែលមានកាន់ប័ណ្ណពណ៌ស៊ីជម្ពូរឱ្យកាន់តែលឿន។ ប៉ុន្តែភាគីថៃ សំណូមពរសូមឱ្យបងប្អូនពលករកុំផ្លាស់ប្តូរថៅកែ និងកុំឈប់សម្រាកញឹកញាប់។

សូមបញ្ជាក់ថា នាថ្មីៗនេះ រាជរដ្ឋាភិបាលថៃ បានចេញច្បាប់ថ្មីមួយ ដោយធ្វើការរឹតបន្តឹងខ្លាំងក្លាទៅលើពលករបរទេស ដែលទៅធ្វើការងារនៅប្រទេស។ ច្បាប់នេះ មានការដាក់ទោសធ្ងន់ធ្ងរ ដល់ពលករបរទេស និងថៅកែថៃ ទាំងឡាយណា ដែលធ្វើការខុសច្បាប់ ឬទទួលយកពលករបរទេសធ្វើការដោយមិនមានច្បាប់អនុញ្ញាត។ ច្បាប់ថ្មីៗនេះ កំពុងធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ដល់ពលករបរទេសរាប់លាននាក់ ដែលកំពុងធ្វើការ នៅប្រទេសថៃ ក្នុងនោះមាន កម្ពុជា ភូមា ឡាវ វៀតណាម និងបង់ក្លាដេសជាដើម៕


No comments:

Post a Comment