Monday, July 03, 2017

កឹម សុខា នឹងរៀបចំក្រុមការងារបក្សតាមខេត្តជាថ្មីដើម្បីពង្រឹងឥទ្ធិពលក្រុមខ្លួននៅផ្ទៃក្នុងបក្ស

កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧  ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទមួយសម្រាប់ជាការពិចារណាក្រោមចំណងជើងថា «កឹម សុខា នឹងរៀបចំក្រុមការងារបក្សតាមខេត្ត ជាថ្មីដើម្បីពង្រឹងឥទ្ធិពលក្រុមខ្លួននៅផ្ទៃក្នុងបក្ស» ដែលមានខ្លឹមសារដូចខាងក្រោម៖

ក្រោយពីបានឡើងកាន់តំណែងជាប្រធានគណបក្សសង្គ្រោះជាតិស្របច្បាប់តាមការរៀបចំរបស់មេទ័ពនគរទេវតា លេបបក្សសង្គ្រោះជាតិទាំងមូល កឹម សុខា ចាប់ផ្តើមខំប្រឹងពង្រឹងឥទ្ធិពលនៅផ្ទៃក្នុងបក្សរបស់ខ្លួនដោយពង្រឹងមន្ត្រីជើងក្រោមនៅតាមមូលដ្ឋាននានា។ គោលបំ​ណងសំខាន់របស់ កឹម សុខា គឺចង់សម្រេចក្តីស្រម៉ៃរបស់ខ្លួនធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី ហើយបើចៃដន្យបក្សសង្គ្រោះជាតិឈ្នះឆ្នោត នឹងត្រៀមធ្វើជានាយករដ្ឋមន្ត្រី។ កឹម សុខា បាននិងកំ​ពុងប្រើយុទ្ធសាស្ត្រទឹកកកជាមួយដៃគូចាស់របស់ខ្លួនគឺ សម រង្ស៊ី តាមរយៈ «ការប្រើខ្មោច ឱ្យកិនម្ស៉ៅធ្វើនំឱ្យស៊ី» ហើយចុងក្រោយអ្វីដែលសម រង្ស៊ី ខំប្រឹងធ្វើសកម្មភាព សហការជាមួយកឹម សុខា បានត្រឹមចាញ់បោសគូថខោ ហើយអាចនឹងត្រូវបានច្បាប់ហាមឃាត់កាន់តែតឹងរឹងថែមមួយកម្រិតទៀតក្នុងការហក់ចូលក្នុងឆាកនយោបាយកម្ពុជា។

យុទ្ធសាស្ត្រទឹកកកដែល កឹម សុខា បានរៀបចំជាសម្ងាត់នោះគឺចាប់ផ្តើមបែកបណ្តើរៗតាមព័ត៌មានដែលទម្លាយឱ្យដឹងពីទីស្នាក់ការបក្សនៅចាក់អង្រែ កឹម សុខា ដែលមិនទាន់មានមូលដ្ឋានរឹងមាំក្នុងការកាន់កាប់តំណែងបក្សសង្គ្រោះជាតិនៅឡើយ ហើយបាននិងកំពុងអនុវត្តផែនការរៀបចំក្រុមការងារគណបក្សសង្គ្រោះជាតិថ្មីនៅតាមខេត្តមួយចំនួនឡើងវិញ។ ក្រុមការងារថ្មីនេះនឹងស្ថិតក្រោមការតែងតាំងដោយផ្ទាល់ដៃពី កឹម សុខា ខណៈក្រុមការងារចាស់បង្កើតឡើង និងទទួលស្គាល់ដោយ សម រង្ស៊ី នាពេលកន្លងទៅនឹងអស់សុពលភាព ហើយនឹងគ្មានសិទ្ធិចាត់ចែងការងារបក្សបន្តទៀតទេ។ នេះគឺជាការចាប់ផ្តើមពង្រឹងឥទ្ធិលផ្ទៃក្នុងបក្សរបស់ កឹម សុខា និងក្រុមរបស់គាត់។

មិនតែប៉ុណ្ណោះ គេចាប់ផ្តើមបំភ្លេចឱ្យបានកាន់តែច្រើនតាមតែអាចធ្វើទៅបាន នូវស្នាដៃ និងកេរ្តិ៍ឈ្មោះរបស់ សម រង្ស៊ី ដោយមិនរំឭកពីឈ្មោះ សម រង្ស៊ី ឡើយនៅតាមអង្គពិធីនានា ប៉ុន្តែផ្តោតតែទៅលើប្រធានបក្ស កឹម សុខា។ ម្យ៉ាងទៀត រាល់ការសម្រេចទាំងឡាយដែលមានពីមុនពេល សម រង្ស៊ី លាលែងពីតំណែងនឹងត្រូវបានចាត់ទុកថាអត់បានការ ដោយសារតែ សម រង្ស៊ី ឥឡូវនេះអស់តួនាទី និងឋានៈ អ្វីនៅក្នុងបក្សសង្គ្រោះជាតិទៀតទេ ព្រោះបានលះបង់អស់ហើយចាប់តាំងពីការលាលែងពីតំណែងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៧។ រាល់កិច្ចការ និងការសម្រេចថ្មីៗដើម្បីជាការចងកម្លាំង គ្មានសិទ្ធិ និងការចូលរួមរបស់ សម រង្ស៊ី ទៀតឡើយ។ បញ្ហានេះត្រូវបានគេទម្លាយឱ្យដឹងថា បានធ្វើឱ្យក្រុម សម រង្ស៊ី និយមរួមមាន យឹម សុវណ្ណ អេង ឆៃអ៊ាង មានការអាក់អន់ចិត្តយ៉ាងខ្លាំង។ ហេតុដូច្នេះហើយបានជា ក្រុម សម រង្ស៊ី និយមព្យាយាមរំលេចឈ្មោះ សម រង្ស៊ី ឱ្យឮនៅពេលខ្លួនចូលរួមកម្មវិធីជំនួននានាដោយស្រែកថា «ជយោ! លោកប្រធាន សម រង្ស៊ី នៅក្នុងបេះដូងខ្ញុំ»។ គិតៗទៅ មានប្រធានបក្សនៅក្រៅបេះដូង និងប្រធានបក្សនៅក្នុងបេះដូងទៀត! អីចឹងមានតែបក្សសង្គ្រោះជាតិមានប្រធានពីរ!?

ជាមួយគ្នានេះ កឹម សុខា បានចាត់ទុកខេត្តចំនួន ២២ ដែលគណបក្សសង្គ្រោះជាតិចាញ់ឆ្នោតនៅអំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅគឺដើមចមផ្តើមឡើងដោយជម្លោះផ្ទៃក្នុង រវាងក្រុមការងារដែលមកពីក្រុមសម រង្ស៊ី និយម និងក្រុមការងារមកពីក្រុម កឹម សុខា និយម ដែលជម្លោះនេះមានរហូតដល់ថ្នាក់ខេត្ត ស្រុក និងឃុំ។ ចំណុចនេះ កាលពីសមាជខុសច្បាប់ជ្រើសរើសរចនាសម្ព័ន្ធបក្សថ្មីកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ ២០១៧ យឹម សុវណ្ណ ក៏បានថ្លែងទទួលស្គាល់ពីជម្លោះផ្ទៃក្នុងបក្ស និងការដណ្តើម ឈរលេខរៀងល្អរវាងសមាជិកមកពីគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី។ ការណ៍នេះបានបង្កបញ្ហាចម្រូងចម្រាស និងការអាក់អន់ស្រពន់ចិត្តជាច្រើនពីសំណាក់សមាជិកទាំងសងខាង និងមានសមាជិកខ្លះបានដើរចេញពីបក្សមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។

តាមផែនការ កឹម សុខា នឹងគ្រោងរៀបចំប្រធាន និងអនុប្រធានក្រុមការងារថ្នាក់ខេត្តថ្មី ហើយ ៧០ ភាគរយនិងត្រូវប្តូរពីខេត្តខ្លួនកាន់ពេលបច្ចុប្បន្នទៅកាន់ខេត្តផ្សេងទៀត។ ជាមួយគ្នានេះ ប្រភពបានបង្ហើបឱ្យដឹងថា ភាគច្រើនអតីតមន្ត្រីសកម្មជនមកពីគណបក្សសិទ្ធិមនុស្សនឹងធ្វើជាប្រធានក្រុមការងារដឹកនាំតាមខេត្ត ព្រោះ កឹម សុខា មិនទុកចិត្តក្រុមមេដឹកនាំអតីតបក្ស សម រង្ស៊ីឡើយរហូតដល់សព្វថ្ងៃ។ ហេតុដូច្នេះហើយបានជា ខេត្តមួយចំនួនដែលមានក្រុមសកម្មជនអតីតបក្សសិទ្ធិមនុស្សដឹកនាំ ចាប់ផ្តើមប្រើពណ៌សម្គាល់ពណ៌លឿងដែលជាពណ៌សម្គាល់របស់គណបក្សសិទ្ធិមនុស្ស ហើយអ្នកគាំទ្របក្សនេះមួយចំនួនបានធ្វើការរិះគន់តាមបណ្តាញទំនាក់ទំនងសង្គមអំពីការបែងចែលពណ៌សម្បុរ និងប្រភពបក្សនេះ។

ដើម្បីសម្រេចក្តីស្រម៉ៃរបស់ខ្លួន កឹម សុខា កំពុងគិតជាមួយមេធាវីជំនិតរបស់ខ្លួនដើម្បីចងយ៉ាង​​ណា មិនឱ្យ សម រង្ស៊ី ចូលស្រុកបាន និងឈរជាបេក្ខភាពនាយករដ្ឋមន្រ្តី ព្រោះកៅអីនេះ កឹម សុខា ចង់បានស្ទើរឆ្កួតទៅហើយ។

តាមពិត កឹម សុខា បានអរគុណ សម រង្ស៊ី ដែលបានប្រកាសជាមួយវិទ្យុអាស៊ីសេរីថាខ្លួន នឹងជាបេក្ខជនតែម្នាក់គត់ដែលអាចប្រកួតប្រជែងជាមួយបេក្ខជនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០​១៨ ខាងមុខបាន។ ការប្រកាសនេះបានផ្តល់នូវទឡ្ហីករណ៍នៃការចង់វិលត្រឡប់របស់ សម រង្ស៊ី មកដឹកនាំគណបក្សឡើងវិញ ហើយចៅចាក់ស្មុក ផ្តល់ឱកាស ឱ្យ កឹម សុខា អាចរៀបចំផែនការផ្សេងៗដើម្បីទប់ទល់នឹង សម រង្ស៊ី ហើយបានទះ កំផ្លៀងសម រង្ស៊ី ថា បេក្ខភាពនាយករដ្ឋមន្ត្រីគ្មាននរណាអាចមកប្រកាស មុនការសម្រេចរបស់សមាជបក្សដែលត្រៀមធ្វើនៅខែមេសា ឆ្នាំ ២០១៨ ឡើយ។ ហេតុដូច្នេះហើយបានជា កឹម សុខា ត្រូវរៀបជើងក្រោមឱ្យបានរឹងមាំមុន ព្រោះ ពេលសមាជ នឹងត្រូវការសំឡេងពីថ្នាក់ក្រោម ហើយបើ កឹម សុខា មិនធ្វើការងារនេះទេ នោះអាចនឹងពិបាកប្រជែងជាមួយ សម រង្ស៊ី ព្រោះក្រុមការងារថ្នាក់ខេត្ត និងស្រុកមួយចំនួនធំជាមនុស្សរបស់ សម រង្ស៊ី។ តែ កឹម សុខា ក៏កុំភ្លេចថានៅក្នុងនាមជានាយកប្រតិបត្តិ យឹម សុវណ្ណ បានបោះមួយជំហានលើការងារនេះដែរ រៀបចំជើងក្រោមរឹងមាំដើម្បីការពារប្រធានបក្សក្នុងបេះដូងរបស់ខ្លួន។

ជារួម មេបក្ស កឹម សុខា កំពុងរៀបចំក្រឡាព័ទ្ធស៊ីលោក សម រង្ស៊ី និងយកបក្សសង្គ្រោះជាតិជាកម្មសិទ្ធិរបស់ខ្លួនតែម្តងហើយទប់ការប៉ុនប៉ងដណ្តើមបេក្ខភាពជានាយករដ្ឋមន្ត្រី។ បន្ថែមពីលើនេះ ប្រភពព័ត៌មានបានទម្លាយឱ្យដឹងថា កឹម សុខា ក៏បានចាត់មនុស្សជំនិតៗរបស់ខ្លួនប៉ុន្មាននាក់ រកទីតាំងដីល្អ ធំទូលាយ ដើម្បីទិញនិងសាងសង់ស្នាក់ការបក្សសង្គ្រោះជាតិថ្មី រើចេញពីដីផ្ទះលោក សម រង្ស៊ី ដើម្បីកុំឱ្យពាក់ព័ន្ធរវាងបក្សសង្គ្រោះជាតិ និង សម រង្ស៊ី និងស្ថិតក្រោមឥទ្ធិពល សម រង្ស៊ីទៀត។ ចុងក្រោយ សម រង្ស៊ី នឹងក្លាយជាស្លឹកចេកដែលខ្ចប់នំ ហើយអ្នកដែលបានប្រើខ្មោចឱ្យកិនម៉្សៅធ្វើនំ និងបាននំហូបដោយមិនបាច់ចំណាយកម្លាំងច្រើន គឺ កឹម សុខា៕

ដោយ៖ ចៅ ចាក់ស្មុក


No comments:

Post a Comment