Monday, July 03, 2017

ក្រសួងការងាររៀបចំវេទិកាជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានរៀបចំវេទិកាជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅអាគារពិព័រណ៍ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ។ ការរៀបចំវេទិការនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ កម្មករ សហជីព សិស្ស និស្សិត ។
ថ្លែងក្នុងពេលប្រកាសបើកវេទិការនេះ លោក អ៊ិត សំហេង បានមានប្រសាសន៍ថា វេទិកាជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះត្រូវបានរៀបចំ៣លើកមកហើយ បន្ទាប់ពីលើកទី២ រៀបចំឡើងនៅឆ្នាំ២០១៦ និងលើកទី១ កាលពីឆ្នាំ២០១៥។
សូមជម្រាបផងដែរថា ការរៀបចំវេទិការនេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញការផ្លាស់ប្តូរផ្នត់គំនិតមកលើការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងត្រូវការច្រើនដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃតម្រូវការជំនាញ។ វេទិការនេះក៏ដើម្បីផ្តល់ព័តមានអំពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនិងអាហារូបករណ៍ ព្រមទំាងព័តមានទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគតដល់សិស្ស និស្សិត សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការសម្រេចចិត្តជ្រើសរើសជំនាញមកសិក្សា។ បន្ថែមពីលើនេះទៀត វេទិការនេះក៏ដើម្បីតាំងបង្ហាញស្នាដៃរបស់សិស្ស និស្សិតរបស់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្រុមហ៊ុនឯកជននានា។ វេទិការនេះក៏ដើម្បីបង្កើតទំនាក់ទំនងរវាងគ្រឹស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈផ្នែកឯកជន អង្គការជាតិ អន្តរជាតិ និងគ្រឹស្ថានសាធារណៈជាដើម។ វេទិការនេះគឺជាសកម្មភាពដ៏សំខាន់មួយ របស់ក្រសួងកាងារដែលកំពុងតែខិតខំសម្របសម្រួល សំដៅលើកម្ពស់អំពីការយល់ដឹងពីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់បច្ចុប្បន្ន និងទៅអនាគត ដើម្បីឈានចូលទីផ្សាកាងារ មានចំណូលខ្ពស់ សម្រាប់សិស្ស និស្សិតដែលបានបញ្ចប់ការសិក្សា៕







No comments:

Post a Comment