Monday, July 03, 2017

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល៖ សូមចូលរួមប្រយុទ្ធនឹងជំងឺគ្រុនឈាម​ទាំងអស់គ្នា ​និងបញ្ជូន​កូនៗ​របស់ខ្លួន​ទៅមន្ទីរពេទ្យ ​បើសង្ស័យថា​មានជំងឺ​គ្រុនឈាម​

ក្នុងឱកាសប្រារព្ធទិវាជាតិ ប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ «រួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាម» នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាបឋមសិក្សាក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់ សូមចូលរួមប្រយុទ្ធនឹងជំងឺគ្រុនឈាម និងបញ្ជូនកូនៗរបស់ខ្លួនទៅមន្ទីរពេទ្យ បើសង្ស័យថាមានជំងឺគ្រុនឈាមនេះ សូមកុំបញ្ជូនទៅគ្រូខ្មែរ ព្យាលបាលឲ្យសោះ ព្រោះវានឹងមានហានិភ័យខ្ពស់ ឈានដល់បាត់បង់ជីវិត។
លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា ដើម្បីកុំឲ្យជំងឺគ្រុនឈាមនេះ រីករាលនៅតាមមូលដ្ឋានរបស់យើង និងធ្វើយ៉ាងណាការពារកុមារ ដែលជាកូនចៅរបស់យើង កុំឲ្យកើតជំងឺគ្រុនឈាម ក្នុងការកាត់បន្ថយជាអតិបរមានូវអត្រាឈឺ និងស្លាប់ដោយជំងឺគ្រុនឈាម យើងត្រូវរួមគ្នាជាមួយក្រសួងពាក់ព័ន្ធទាំងអស់ ពិសេសមាតាបិតា ដែលជាអាណព្យាបាលកុមារ ត្រូវយកចិត្ដទុកដាក់ធ្វើការសម្អាតលំនៅឋាន កុំឲ្យមានទឹកដក់ ដោយធ្វើការកប់ ឬដុតចោលនូវត្រឡោកដូង សំបកកំប៉ុង កង់ឡាន និងវត្ថុដក់ទឹកផ្សេងៗទៀត ដែលអាចជាប្រភពជំរករបស់ដង្កូវ ទឹកមូសខ្លា។
លោករដ្ឋមន្ដ្រីបានបន្តទៀតថា ដើម្បីកុំឲ្យជំងឺគ្រុនឈាមនេះរីករាលដាល យើងត្រូវតែលាងសម្អាតពាងឲ្យបានស្អាតល្អ កុំឲ្យមានដង្កូវទឹក ឬចិញ្ចឹមត្រីសម្រាប់ឲ្យស៊ីដង្កូវទឹក ឬដាក់ថ្នាំសំលាប់ដង្កូវទឹកក្នុងពាង តាមការណែនាំរបស់ភ្នាក់ងារសុខាភិបាលរួមគ្នាបំផ្លាញដង្កូវទឹក ដែលជាប្រភពបង្កជំងឺគ្រុនឈាមឲ្យបានយ៉ាងសកម្ម ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម កុំឲ្យឆ្លងដាលមកដល់កូនចៅរបស់យើង។
ក្នុងឱកាសនោះផងដែរ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ បានថ្លែងផងដែរថា ក្នុងឆ្នាំ២០១៧នេះ អំឡុង២៤សប្ដាហ៍ ឆ្នាំ២០១៧នេះ គឺជំងឺគ្រុនឈាមមានចំនួន១,១៣៣ករណី និងស្លាប់១នាក់ (អត្រាស្លាប់០.១%) គឺករណីជំងឺគ្រុនឈាមមានការថយចុះជាង៥០% និងករណីស្លាប់ ថយចុះជាង ៨០%បើធ្រៀបនឹងទៅរយៈពេលដូចគ្នាក្នុងការឆ្នាំ២០១៦ ដែលមានចំនួន ២,៤៤៧ករណី និងស្លាប់៥នាក់ (អត្រាស្លាប់០.២%)។
លោកវេជ្ជបណ្ឌិត បានបន្ថែមថា ជំងឺគ្រុនឈាម ក្នុងឆ្នាំ២០១៧នេះ មុខសញ្ញាដែលងាយឆ្លងជាងគេ គឺនៅតំបន់ដែលមានប្រជាជនរស់នៅច្រើនដូចជា រាជធានីភ្នំពេញ ខេត្ដកំពង់ស្ពឺ សៀមរាប កណ្ដាល និងកោះកុង៕





No comments:

Post a Comment