Monday, July 03, 2017

ថ្នាក់ដឹកនាំខេត្តកំពង់ធំ នាំកូនឈើប្រណិតជាង៥ពាន់ដើម ទៅដាំលើដី២ហិកតា នៅស្រុកប្រាសាទបល្ល័ង្គ ចូលរួមលើកកម្ពស់បរិស្ថាន

កំពង់ធំ៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យរុក្ខទិវា៩កក្កដា នៅបញ្ជាការដ្ឋានវរសេនាតូចរៀបរយលេខ១ តំបន់ប្រតិបត្តិការសឹករងកំពង់ធំភូមិត្រឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនិងប្រជាពលរដ្ឋ ប្រមាណជាង៦០០នាក់។
លោក ធី វណ្ណធីរ ប្រធានមន្ទីរមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា កូនឈើប្រភេទឈើ គ្រញូង បេង ធ្នង់ និងអាកាស្យាសរុបចំនួន៥១០០ដើម ត្រូវបានដាក់ដាំលើផ្ទៃដីទំហំ២ហិកតា ដើម្បីបណ្ដុះទឹកចិត្តប្រជាពលរដ្ឋគ្រប់ៗរូប ឱ្យស្រឡាញ់ព្រៃឈើ និងការដាំដុះ។

នៅក្នុងឱកាសនោះលោក សុខ លូ បានថ្លែងថា បុណ្យរុក្ខទិវានេះ គឺជាការដង្ហែរតាមព្រះរាជតម្រិះរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ ដល់បញ្ហាព្រៃឈើ និងការដាំដើមឈើ ជាអាទិភាពចំបង ហើយប្រពៃណីបុណ្យរុក្ខទិវា មានអត្ថន័យសម្រាប់ចលនាបំផុសស្មារតី ប្រជាពលរដ្ឋគ្រប់រូប ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជម្រុញផលប្រយោជន៍ ដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅ ការបង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមទៀតផង។

លោកបានបញ្ជាក់ថា «ការប្រារព្ធពិធីរុក្ខទិវា គឺជាការឆ្លុះបញ្ចាំងឱ្យឃើញ នូវការខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីគ្រប់គ្រង អភិរក្សធនធានព្រៃឈើ ធនធានធម្មជាតិជីវចម្រុះ ដើម្បីជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ កាត់បន្ថយគ្រោះធម្មជាតិនានា និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស»។
លោកអភិបាលខេត្ត សង្ឃឹមថា ពលរដ្ឋទាំងអស់នឹងចាប់ផ្ដើមដោយមិនបង្អែរបង្អង់នូវផែនការសា្ដរព្រៃឈើ និងដាំឈើឡើងវិញ ដើម្បីរក្សាបាននូវលំនឹងបរិស្ថាន ធម្មជាតិ និងភោគសម្បត្ដិឱ្យកាន់តែមានសម្រស់ស្រស់បំព្រង សម្រាប់សង្គមជាតិទាំងមូល។ ជាមួយគ្នានេះ លោក បានស្នើឱ្យអាជ្ញាធរ និងសមត្ថកិច្ចប្រើ វិធានការណ៍ក្តៅដោយមិនបណ្តែតបណ្តោយ រកឱ្យឃើញនូវមុខឈ្មួញធំៗ ចាប់យកទៅដាក់ក្នុងពន្ធនាគារឱ្យអស់ហើយ ធ្វើដោយយកចិត្តទុកដាក់ ធ្វើឱ្យស្មើភាពគ្នា កុំចាប់តែប្រជាពលរដ្ឋតូចតាចតែបើជាអ្នកដឹកឈើធំៗខុសច្បាប់ ធ្វើមិនដឹងមិនលឺ តែត្រូវសហការចូលរួមជាមួយប្រជាពលរដ្ឋទាំងអស់ ក្នុងការកាប់បំផ្លាញព្រៃឈើនោះទេ។

ក្នុងនោះដែរលោកបានសំណូមពរដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវគ្រប់គ្រងសហគមន៍ព្រៃឈើឡើងវិញ ឱ្យបានម៉ត់ចត់ជាទីបំផុតគ្រប់សហគមន៍ព្រៃឈើ ព្រោះប្រជាពលរដ្ឋមួយចំនួន បានលើកឡើងថា អ្នកការពារព្រៃ សហគមន៍កាប់ឈើខ្លួនឯង ហើយយកដីទៅលក់ទៀត នេះជាបញ្ហាគ្រោះថ្នាក់បំផុត  សូមស្រង់ឈ្មោះសហគមន៍ កុំឱ្យមានតែឈ្មោះលើក្រដាសបាត់បង់ព្រៃ បាត់បង់អស់ និងសំណុមពរដល់ មន្ទីរអង្គភាពទាំងអស់ចូលរួម ដាំដើមឈើតាមអង្គភាព ទីសាធារណៈ តាមដងផ្លូវ ហើយធ្វើជាគំរូដល់ប្រជាពលរដ្ឋ ចេះសម្អាតបរិស្ថាន កុំអង្គុយតែក្នុងម៉ាស៊ីនត្រជាក់ឱ្យសោះ។

ចុងក្រោយលោកអភិបាលខេត្ត បានធ្វើការប្តេជ្ញាចូលរួមថែរក្សាការពារ និងដាក់ទណ្ឌកម្មចំពោះអ្នកដែលកាប់បំផ្លាញព្រៃឈើ។ ក្នុងកម្មវិធីមានការចែកជូននូវសម្ភារដល់សិស្ស ដែលបានចូលរួមចំនួន ៥៣ នាក់ ដោយក្នុងមួយនាក់ទទួលបានសៀវភៅ ប៊ិច និង ថវិកា៥០០០រៀលផងដែរ ៕









No comments:

Post a Comment