Monday, July 03, 2017

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​៖ សមាជិក​ក្រុមប្រឹក្សាឃុំ​-សង្កាត់​ អាណត្តិទី៤​ នៅទូទាំង​ប្រទេសនឹងត្រូវប្រកាសចូលកាន់តំណែងចាប់ពីថ្ងៃនេះតទៅ

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅទូទាំងប្រទេសនឹងត្រូវប្រកាសចូលកាន់តំណែងចាប់ពីថ្ងៃនេះតទៅ។

បើតាមការបញ្ជាក់បន្ថែមរបស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឲ្យដឹងទៀតថា នៅតាមឃុំសង្កាត់មួយចំនួនបានធ្វើនៅថ្ងៃនេះ ហើយឃុំសង្កាត់មួយចំនួនទៀត ក៏មិនទាន់បានធ្វើនោះទេ ដោយហេតុថាការប្រកាសនេះគឺក្រសួងមហាផ្ទៃ បានប្រគល់ឲ្យខេត្តជាអ្នករៀបចំ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងបញ្ជាក់ទៀតថា ក្រសួងមហាផ្ទៃ បានចេញប្រកាសទទួលស្គាល់អស់ហើយ ក្រុមប្រឹក្សាឃុំ មេឃុំ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ហើយការប្រកាសនេះក្រសួងមហាផ្ទៃជូនឲ្យរាជធានី-ខេត្តជាអ្នកចាត់ចែង គឺចាប់ផ្ដើមប្រកាសនៅថ្ងៃនេះទូទាំងប្រទេស និយាយរួមគ្រប់រាជធានី-ខេត្តទាំងអស់ប្រកាសចាប់ពីថ្ងៃនេះ។

សូមបញ្ជាក់ថា យោងតាមលទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលប្រកាសកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅទូទាំង ១,៦៤៦ឃុំ សង្កាត់ មានចំនួន ១១,៥៧២នាក់ ក្នុងនោះមានស្រ្តី ១,៩៣៩នាក់។

លទ្ធផលក៏បានឲ្យដឹងដែរថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេសសរុប ៦,៥០៣អាសនៈ ស្រ្តី ១,៣៨៦អាសនៈ ក្នុងនោះមានមេឃុំ ចៅសង្កាត់ចំនួន ១១៥៦អាសនៈ ជំទប់ទី១ចំនួន ១១៣៩អាសនៈ ជំទប់ទី២ ចំនួន ៥១០អាសនៈ។

គណបក្សសង្រ្គោះជាតិ ទទួលបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ សរុប ៥០០៧អាសនៈ ស្រ្តី ៥៥៣អាសនៈ ក្នុងនោះមានមេឃុំ ចៅសង្កាត់ ៤៨៩អាសនៈ ជំទប់ទី១ ចំនួន ៥០៣អាសនៈ ជំទប់ទី២ ចំនួន ១០៨៧អាសនៈ។

គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សរុប ២៨អាសនៈ ក្នុងនោះជំទប់ទី១ ចំនួន ១អាសនៈ ជំទប់ទី២ ចំនួន ២៦អាសនៈ។

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សរុបចំនួន ៤អាសនៈ ដែលសុទ្ធតែជាជំទប់ទី២។

គណបក្សខ្មែររួបរួមជាតិ ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សរុប ២៤អាសនៈ ក្នុងនោះ មេឃុំចំនួន ១អាសនៈ ជំទប់ទី១ ចំនួន ២អាសនៈ និងជំទប់ទី២ចំនួន ១៦អាសនៈ។

គណបក្សសំបុកឃ្មុំ ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ១អាសនៈ ជាជំទប់ទី២។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ៥អាសនៈ ក្នុងនោះជំទប់ទី១ មាន ១អាសនៈ និងជំទប់ទី២ មាន ២អាសនៈ៕






No comments:

Post a Comment